រាជធានីភ្នំពេញ ៖ នៅក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ ២០២២ និងទិស ដៅ ការងារឆ្នាំ ២០២៣ របស់ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី ១៩ ខែមករា ឆ្នាំ ២០២៣ នេះឯកឧត្តម ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានមានប្រសាសន៍ថា នៅកម្ពុជា សេដ្ឋកិច្ចត្រូវបានប៉ាន់ស្មានថា បន្តងើបឡើងក្នុងអត្រា ៥,១% ខ្ពស់ជាងឆ្នាំ ២០២១ ដែលគាំទ្រដោយការនាំចេញ ជាពិសេស វិស័យវាយនភណ្ឌ ភាពប្រសើរឡើងជាលំដាប់នៃវិស័យសេវាកម្ម និងប្រក្រតីភាពនៃសកម្មភាពសេដ្ឋកិច្ចក្នុងស្រុក បើទោះបីជាវិស័យកសិកម្ម សំណង់ និងអចលនទ្រព្យកើនទាបក៏ដោយ ។
ឯកឧត្តមបន្តថា ការងើបឡើងនៃកំណើន បន្តសម្រេចបានគឺដោយសារការគ្រប់គ្រងការរាលដាលជំងឺកូវីដ-១៩ ប្រកបដោយប្រសិទ្ធភាពខ្ពស់របស់រាជរដ្ឋាភិបាលនិងភាពរឹងមាំនៃទំនុកចិត្តរបស់វិនិយោគិន ។ ជាមួយគ្នានេះ វិធានការសេដ្ឋកិច្ច និងហិរញ្ញវត្ថុដែលត្រូវបានដាក់ចេញជាបន្តបន្ទាប់ គួបផ្សំនឹងការបន្ធូរបន្ថយបទប្បញ្ញត្តិក្នុងវិស័យធនាគារ បានជួយគាំទ្របន្ថែមទៀតដល់សន្ទុះកំណើន និងកាត់បន្ថយប៉ះពាល់រយៈពេលមធ្យម និងវែងនៃវិបត្តិ ។
ឯកឧត្តមបន្ថែមទៀតថា ក្រោមឥទ្ធិពលនៃការឡើងថ្លៃប្រេងឥន្ធនៈនៅលើពិភពលោក អតិផរណាកម្ពុជាក៏បានកើនឡើងផងដែរ ជាពិសេសចាប់ពីខែមីនា ដល់ខែមិថុនា ដល់ ៧,៨% ប៉ុន្តែបានថយចុះមកវិញជាបន្តបន្ទាប់នៅឆមាសទី ២ ហើយគិតត្រឹមខែធ្នូនេះ អតិផរណាមានកម្រិតត្រឹមតែ ២,៩% ប៉ុណ្ណោះ ។ អត្រាអតិផរណាមធ្យមប្រចាំឆ្នាំ ២០២២ មានកម្រិត ៥,៤% ដែលជាកម្រិតមធ្យមនិងមិនប៉ះពាល់ខ្លាំងដល់ការវិនិយោគ ផលិតកម្ម និងការប្រើប្រាស់ ក៏ដូចជាជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា ។ ស្ថិរភាពអត្រាប្តូរប្រាក់រៀលធៀបនឹងដុល្លារអាមេរិកបានរួមចំណែកយ៉ាងសំខាន់ ក្នុងការកាត់បន្ថយការកើនឡើងនៃអតិផរណា តាមរយៈការការពារអំណាចទិញនៃប្រាក់រៀល និងការថយចុះអតិផរណានាំចូលនាពេលដែលប្រាក់ដុល្លារអាមេរិកឡើងថ្លៃ ។
ការសម្រេចបានស្ថិរភាពអត្រាប្តូរប្រាក់ គឺអាស្រ័យដោយការអនុវត្តនយោបាយរូបិយវត្ថុនិងអត្រាប្តូរប្រាក់ប្រកបដោយភាពប្រុងប្រយ័ត្ន ជាមួយនឹងការថ្លឹងថ្លែងពីការផ្គត់ផ្គង់រូបិយវត្ថុក្នុងកម្រិតសមស្រប ដើម្បីរួមចំណែកគាំទ្រការងើបឡើងនៃសេដ្ឋកិច្ច ។ ការស្រូបយកនិងការចាក់បញ្ចូលសន្ទនីយភាពនៅក្នុងប្រព័ន្ធធនាគារ តាមរយៈឧបករណ៍នយោបាយរូបិយវត្ថុ ដូចជា មូលបត្រអាចជួញដូរបាន (NCD) និង ប្រតិបត្តិការផ្តល់សន្ទនីយភាពដោយមានការធានា (LPCO) ត្រូវបានធ្វើឡើងដោយសកម្ម និងកាន់តែមានប្រសិទ្ធភាព ។
ឯកឧត្តម បញ្ជាក់ថា ប្រព័ន្ធធនាគារកម្ពុជារក្សាបានស្ថិរភាពរឹងមាំ និងបានដើរតួនាទីយ៉ាងសកម្មក្នុងការគាំទ្រការងើបឡើងនៃសេដ្ឋកិច្ចនិងការរក្សាស្ថិរភាពហិរញ្ញវត្ថុ ។ អត្រាប្រាក់បម្រុងកាតព្វកិច្ចត្រូវបានរក្សាក្នុងកម្រិតទាប ដើម្បីផ្តល់សន្ទនីយភាពដល់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ សម្រាប់ការផ្តល់ឥណទាន និងគ្រប់គ្រងសន្ទនីយភាព ។ លើសពីនេះ គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់ទ្រនាប់ដើមទុនខនស៊ើវេសិនទាំងស្រុង សម្រាប់ធ្វើសំវិធានធនលើឥណទានរៀបចំឡើងវិញ ។ ដោយសារសេដ្ឋកិច្ចកម្ពុជាបានងើបឡើងជាលំដាប់ បទប្បញ្ញត្តិម៉ាក្រូនិងមីក្រូប្រុងប្រយ័ត្នដែលបានបន្ធូរបន្ថយចាប់តាំងពីឆ្នាំ ២០២០ មក ត្រូវបានពង្រឹងឡើងវិញស្របតាមស្ថានភាពទីផ្សារ ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ