ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ប្រទេស​ប្រ៊ុ​យ​ណេ ផ្ទេរសិទ្ធិ​ភារៈ មក​ប្រទេស​កម្ពុជា ធ្វើ​ជា​ម្ចាស់ផ្ទះ និង​ដឹកនាំ​ក្រុមប្រឹក្សាសមាគមសហគ្រិន​វ័យក្មេង​អាស៊ាន (AYEC) ក្នុង​ការរៀបចំ​ព្រឹត្តិការណ៍​នានា នៅ​ឆ្នាំ​២០២២

2 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​៖ ប្រទេស​ប្រ៊ុ​យ​ណេ នា​ម៉ោង ៤៖៣០​រសៀល ថ្ងៃ​ទី​20 ខែវិច្ឆិកា ឆ្នាំ​២០២១ – លោក ស៊ា​ង…

រាជធានី​ភ្នំពេញ​៖ ប្រទេស​ប្រ៊ុ​យ​ណេ នា​ម៉ោង ៤៖៣០​រសៀល ថ្ងៃ​ទី​20 ខែវិច្ឆិកា ឆ្នាំ​២០២១ – លោក ស៊ា​ង សុ​បញ្ញា ប្រធាន​សមាគម​សហគ្រិន​វ័យក្មេង​កម្ពុជា (President of YEAC) បាន​ទទួល​ទង់​ជា​ប្រធាន​ក្រុមប្រឹក្សា​សមាគម​សហគ្រិន​វ័យក្មេង​អាស៊ាន (ASEAN Young Entrepreneurs Council-AYEC) ពី​ប្រទេស​ប្រ៊ុ​យ​ណេ មក​កម្ពុជា​ ។

សមាគម​សហគ្រិន​វ័យក្មេង​កម្ពុជា​នឹង​ទទួលភារៈ​ជា​ម្ចាស់ផ្ទះ និង​ដឹកនាំ​ក្រុមប្រឹក្សា​សមាគម​សហគ្រិន​វ័យក្មេង​អាស៊ាន (AYEC) ក្នុង​ការ​រៀបចំ​ព្រឹត្តិការណ៍​នានា រួម​មាន កិច្ច​ពិភាក្សា​គោលនយោបាយ​លើ​កិច្ចការ​ធុរកិច្ច​តំបន់​អាស៊ាន ធុរកិច្ច​បង្កើត​ថ្មី បរិវត្ត​កម្ម​ឌី​ជី​ថ​ល​សម្រាប់ SMEs, សេដ្ឋកិច្ច​ច្នៃប្រឌិត ក្លឹ​ប​សហគ្រិន​ស្ត្រី​អា​-​ស៊ា​ន ជា​ពិសេស​កិច្ចប្រជុំ​ធំ​ប្រចាំឆ្នាំ និង​មហោស្រព​សហគ្រិន​វ័យក្មេង​អាស៊ាន​ឆ្នាំ​២០២២ (Young Entrepreneurs Carnival 2022) ដែល​មានការ​ចូលរួម​ពី​ប្រទេស​សមាជិក​អាស៊ាន សហគ្រិន​អាស៊ាន និង​ដៃគូ​ពាក់ព័ន្ធ ។

ការ​ទទួលភារៈ​ជា​ម្ចាស់ផ្ទះ​និង​ដឹកនាំ​ក្រុមប្រឹក្សា​សមាគម​សហគ្រិន​វ័យក្មេង​អាស៊ាន (AYEC) ធ្វើ​ឡើង តំណាលគ្នា​នឹង​រាជ​-​រដ្ឋាភិបាល​កម្ពុជា​ដែល​ជា​ប្រធាន​អាស៊ាន ឆ្នាំ​២០២២​។

ក្នុង​ពិធី​ផ្ទេរសិទ្ធិ​ភារៈ​ដឹកនាំ​ក្រុមប្រឹក្សា​សមាគម​សហគ្រិន​វ័យក្មេង​អាស៊ាន លោក ស៊ា​ង សុ​បញ្ញា ប្រធាន​សមាគម​សហគ្រិន​វ័យក្មេង​កម្ពុជា បាន​មាន​ប្រសា​ស​ន៏​ថា​÷ ការ​ទទួល​សិទ្ធ​និង​ភារៈ​ក្នុង​ការ​ដឹកនាំ​ក្រុមប្រឹក្សា​សមាគម​សហគ្រិន​វ័យក្មេង​អាស៊ាន​ឆ្នាំ​២០២២ និង​ជា​ម្ចាស់ផ្ទះ​សម្រាប់​រៀបចំ​មហោស្រព​សហគ្រិន​វ័យក្មេង​អាស៊ាន​ឆ្នាំ​២០២២ (AYE Carnival 2022) គឺជា​ការ​ដឹកនាំ​ដ៏​សំខាន់​ពី​វិស័យ​ឯកជន​ក្នុង​ការ​រួម​គ្នា​ជា​សម្លេង​តែ​មួយ​ក្នុង​តំបន់ និង​ប្រមូលផ្តុំ​សកម្មភាព​សំខាន់​ៗ​ដែល​បាន​ព្រមព្រៀង​គ្នា​សម្រាប់​ពង្រឹង​វិស័យ​ធុរកិច្ច​និង​សន្ទនា​ជាមួយ​វិស័យ​សាធារណៈ​ស្តី​ពី​ការ​អនុវត្ត​ក្របខ័ណ្ឌ​គោលនយោបាយ​ដើម្បី​អោយ​សេដ្ឋកិច្ច​ដើរ​កាន់តែ​ល្អ​ប្រសើ ព្រោះថា​សហគ្រាស​ធុន​តូច​និង​មធ្យម​ជា​ឆ្អឹងខ្នង​នៃ​សេដ្ឋកិច្ច ម្យ៉ាងទៀត គឺ​គាំទ្រ​ដល់​ប្រទេស​សមាជិក AYEC ទាំងអស់​ដើម្បី​បំពេញ​សកម្មភាព​យុទ្ធសាស្ត្រ​ឆ្នាំ 2025 ដែល​ទើប​អនុម័ត​ថ្មី​របស់​ក្រុមប្រឹក្សា​សមាគម​សហគ្រិន​វ័យក្មេង​អាស៊ាន​៖

១) លើកកម្ពស់​កិច្ច​សហប្រតិបត្តិការ និង​ការ​ចែករំលែក​ការ​អនុវត្ត​ក្នុង​ចំណោម​សមាគម​សមាជិក និង​ការ​ភ្ជាប់​ពួក​គេ​ទៅ​កាន់​បណ្តាញ​អន្តរជាតិ​។
២) គាំទ្រ​ដល់​សហគ្រិន​វ័យក្មេង​តាម​រយៈ​ការ​ចែករំលែក​ចំណេះដឹង ជំនាញ និង​ការ​អនុវត្ត​ល្អ​ៗ​។
៣) ធានា​ភាព​ជា​តំណាង​យ៉ាង​ពេញ​សិទ្ធិ​និង​ស្មើមុខ​របស់​សហគ្រិន​វ័យក្មេង នៅ​ក្នុង​ស្ថាប័ន​ធ្វើ​សេចក្តីសម្រេច​របស់​អាស៊ាន និង​អង្គការ​នានា​។
៤) បន្ត​ការ​សិក្សា​ស្រាវជ្រាវ បោះ​ពុ​ម្ភ​ឯកសារ និង​ការ​បង្ហាញ​លទ្ធផល​នៅ​ក្នុង​សន្និសីទ​ឆ្ពោះទៅ​រក​បរិយាកាស​នីតិប្បញ្ញត្តិ ហិរញ្ញវត្ថុ និង​ការ​អប់រំ​ដែល​ងាយស្រួល​សម្រាប់​សហគ្រិនភាព​នៅ​ក្នុង​អាស៊ាន​។

ក្នុង​នោះ​ផង​ដែរ​លោក​ប្រធាន​បាន​ធ្វើការ​ប្តេជ្ញា​នឹង​បន្ត​គាំទ្រ​ដល់​ផែនការ​សកម្មភាព​យុទ្ធសាស្ត្រ​ឆ្នាំ 2025​រួម​មាន​៖
​. វេទិកា​សន្ទនា​គោលនយោបាយ ABAC- AYEC – APPDF ក្នុង​ការ​ផ្តល់​សម្លេង​ដល់​សហគ្រិន​វ័យក្មេង​របស់​អាស៊ាន និង​ការ​បង្រួបបង្រួម​ភាគី​ពាក់ព័ន្ធ​សំខាន់​ៗ​របស់ AYEC នៅ​ពីក្រោយ​របៀបវារៈ​រួម​មួយ​សម្រាប់​ភាព​ប្រសើរ​ឡើង​នៃ​សហគ្រិន​វ័យក្មេង​ដែល​ជា​ក្បាលម៉ាស៊ីន​សំខាន់​នៃ​កំណើនសេដ្ឋកិច្ច​អាស៊ាន​។

​. ក្លឹ​ប​សហគ្រិន​ស្ត្រី​វ័យក្មេង​អាស៊ាន – AYWEC (​បង្កើត​ឡើង​ក្នុង​ខែកក្កដា ឆ្នាំ 2021) ដើរតួ​ជា​វេទិកា​មួយ​ក្នុង​ការ​ប្រមូលផ្តុំ និង​អភិវឌ្ឍ​សហគ្រិន​ស្ត្រី​វ័យក្មេង​ដ៏​រឹង​មាំ និង​សហគមន៍​អាជីវកម្ម​ដែល​គ្រប់គ្រង​ដោយ​ស្ត្រី​នៅ​ក្នុង​អាស៊ាន ក្នុង​គោលបំណង​ចូលរួម​ចំណែក​ឆ្ពោះទៅ​រក​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​សង្គម​អាស៊ាន​។

​. បង្កើត​ឲ្យ​មាន​លេខាធិការដ្ឋាន AYEC ដែល​អនុញ្ញាត​ឱ្យ​មាន​លំហូរ​ព័ត៌មាន​ដោយ​សេរី និង​ធ្វើការ​សម្រេចចិត្ត​រហ័ស​នៅ​ពេល​ចាំបាច់​និង ដើរតួ​ជា​ក្រុមប្រឹក្សាភិបាល​នៃ​សមាគម​ ។

ឃ​. រៀបចំ​ព្រឹត្តិការណ៍​មហោស្រព​សហគ្រិន​វ័យក្មេង​អាស៊ាន​ឆ្នាំ​២០២២ (AYEC – 2022) ដែល​គ្រោង​កិច្ចប្រជុំ​ចំនួន​៣​សំខាន់​ៗ មុន​នឹង​ដល់​មហោស្រព​សហគ្រិន​វ័យក្មេង​អាស៊ាន​ឆ្នាំ​២០២២ (AYEC – 2022)​ដែល​គ្រោង​ប្រារព្ធ​ថ្ងៃ​ទី​២៥​ដល់​ថ្ងៃ​២៦ ខែ វិច្ឆិកា ឆ្នាំ 2022 ក្រោម​ប្រធានបទ​៖ “​ការ​ងើបឡើង​វិញ​និង​អភិវឌ្ឍ​ខ្លួន​ឲ្យ​កាន់តែ​ខ្លាំង​ជាមួយ​គ្នា​”​ ។

អំពី សមាគម​សហគ្រិន​វ័យក្មេង​កម្ពុជា
សមាគម​សហគ្រិន​វ័យក្មេង​កម្ពុជា (YEAC វ៉ា​យ​អ៊ី​អេ​ស៊ី​) ត្រូវ​បាន​បង្កើត​ឡើង​នៅ ខែកញ្ញា ឆ្នាំ​២០០៩ ដោយ​ក្រុម​សហគ្រិន​វ័យក្មេង ដែល​មក​ពី​វិស័យ​អាជីវកម្ម​ផ្សេង​ៗ​គ្នា នៅ​ក្នុង​ប្រទេស​កម្ពុជា​។ សមាគម​សហគ្រិន​វ័យក្មេង​កម្ពុជា បង្កើត​ឡើងជា​សមាគម មិន​រក​ប្រាក់​ចំណេញ ដែល​ផ្តល់​អំណាច​ដល់​សហគ្រិន​វ័យក្មេង ជា​ពិសេស​សហគ្រិន​ស្ត្រី​ដើម្បី​លើកកម្ពស់​សហគ្រិន និង យុវជន តាម​រយៈ ការ​បង្កើត​វេទិកា ចង.ក្រង និង​ពង្រឹង​បណ្តាញ​សហគ្រិន ការ​ចែករំលែក​ការ​រៀនសូត្រ​ពី​ធុរកិច្ច និង​បង្កើត​នូវ​ឱកាស​អាជីវកម្ម​នានា ដើម្បី​បង្កើន​ផលិតភាព ការ​បង្កើត​ការងារ ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​និង​ការ​កសាង​សមត្ថភាព​អ្នក​ជំនាន់​ក្រោយ​សម្រាប់​សេដ្ឋកិច្ច​កម្ពុជា​។

សមាគម​សហគ្រិន​វ័យក្មេង​កម្ពុជា មាន​បេសកកម្ម​ធ្វើការ​ក្នុង​ភាព​ជា​ដៃគូ​សហការ​ជាមួយ​អ្នក​ពាក់ព័ន្ធ​នានា ដើម្បី​ធានា​អោយ​មានការ​ប្រកួតប្រជែង​ថ្នាក់​តំបន់ លើ​ធុរកិច្ច​បែប​បច្ចេកវិទ្យា​ឌី​ជី​ថ​ល អាជីវកម្ម​បែប​ពេញលេញ ការ​ច្នៃប្រឌិត និង​កា​រត​បង្កើត​ថ្មី​របស់​សហគ្រាស​ធុន​មីក្រូ តូច និង​មធ្យម (MSME) នៅ​ក្នុង​ប្រទេស​កម្ពុជា​។ បច្ចុប្បន្ន​សមាគម​សហគ្រិន​វ័យក្មេង មាន​សមាជិក​ចំនួន​៤០០ ដែល​ជា​ម្ចាស់​អាជីវកម្ម​ធុន​មីក្រូ តូច និង​មធ្យម ដែល​មាន​សាខា​តាម​ខេត្ត​ចំនួន​៤ កំពង់ចាម សៀមរាប បាត់ដំបង និង​បន្ទាយ​មាន​ជ័យ នឹង​គ្រោង​ពង្រីក​ទៅ​កាន់​ខេត្ត​ផ្សេង​ទៀត​ជា​ពិសេស​ខេត្ត​តាម​បណ្តា​មាត់សមុទ្រ និង​ខេត្ត​មួយ​ចំនួន​ដែល​មាន​សក្តានុពល​ខ្ពស់ និង​មាន​ធុរកិច្ច​ច្រើន​៕ ដោយ​សហការ