ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

គ្រឹះស្ថាន​អប់រំ​ឯកជន​លើកទឹកចិត្ត​អ្នក​អាណាព្យាបាល​បញ្ជូនកូន​ៗ​មក​សិក្សា​នៅ​សាលារៀន​ផ្ទាល់

2 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ​៖ ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ចេញ​សេចក្តីជូនដំណឹង​ប្រកាស​បើក​ដំណើរការ គ្រឹះស្ថានសិក្សា​ឡើង​វិញ សម្រាប់​កម្រិត​មធ្យមសិក្សា ដោយ​អនុវត្ត​គោលការណ៍​ស្តង់ដារ​សុវត្ថិភាព ។…

រាជធានី​ភ្នំពេញ ​៖ ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ចេញ​សេចក្តីជូនដំណឹង​ប្រកាស​បើក​ដំណើរការ គ្រឹះស្ថានសិក្សា​ឡើង​វិញ សម្រាប់​កម្រិត​មធ្យមសិក្សា ដោយ​អនុវត្ត​គោលការណ៍​ស្តង់ដារ​សុវត្ថិភាព ។ ប៉ុន្តែ​គ្រឹះស្ថាន​អប់រំ​ឯកជន​មួយ​លើក​ឡើ​ថា ចំនួន​សិស្សានុសិស្ស ដែល​មក​សិក្សា​នៅ​ថ្នាក់រៀន​ផ្ទាល់ហាក់ដូចជា​នៅ​មាន​ចំនួន​តិចតួច​នៅឡើយ និង​ជំរុញ​ឱ្យ​អ្នក​អាណាព្យាបាល​បញ្ចូល​កូន​ៗ​មក​រៀន នៅ​សាលា​ផ្ទាល់​តាម​កាលវិភាគ​សិក្សា ដើម្បី​ធានា​គុណភាព​អប់រំ​ឱ្យ​កាន់តែ​ប្រសើរ​ឡើង ។

លោក គង់ សំនៀង ប្រធាន​នាយក​ប្រតិបត្តិការ​នៃ​ក្រុមហ៊ុន វេស​ឡាញ អេ​ឌ្យ​ខេ​សិន បានឱ្យ​ដឹង​ថា ​៖ «​បន្ទាប់​ពី​ក្រសួង​បាន​ចេញ​ប្រកាស បើក​សាលារៀន​ឡើង​វិញ ដោយ​អនុវត្ត​វិធីសាស្ត្រ​បង្រៀន​បែប​បណ្តុំ ឆ្លាស់​វេន​សិក្សា និង​សិក្សា​តាម​ប្រព័ន្ធ​អន​ឡាញ (Zoom) ចាប់តាំងពី​ពាក់កណ្តាល​ខែកញ្ញា​មក ចំនួន​សិស្ស​មក​សិក្សា​នៅ​ថ្នាក់រៀន ជាក់ស្តែង​មាន​ចំនួន​តិច មិន​ដូច​ការ​រំពឹង​ទុក​» ។

លោក គង់ សំនៀង ប្រធាន​នាយក​ប្រតិបត្តិការ​នៃ​ក្រុមហ៊ុន វេស​ឡាញ អេ​ឌ្យ​ខេ​សិន

ពាក់ព័ន្ធ​នឹង​មូលហេតុ​ចំនួនសិស្ស​មក​រៀន​ក្នុង​ថ្នាក់​នៅ​មាន​កម្រិត លោក​ប្រធាន​បាន​បន្ត​ថា ​៖ «​មូលហេតុ​ទី​ ១ ដោយសារ​អ្នក​អាណាព្យាបាល​មិន​ទាន់​មាន​ទំនុកចិត្ត​ខ្ពស់ លើ​ការ​អនុវត្ត​គោលការណ៍​ស្តង់ដារ​សុវត្ថិភាព​របស់​សាលារៀន និង​មូលហេតុ​ទី​ ២ ដោយសារ​អ្នក​អាណាព្យាបាល​នៅ​រង់ចាំ​មើល​អ្នក​ជិតខាង ឬ​សាច់ញាតិ​បញ្ចូល​កូន​ៗ​មក​ថ្នាក់រៀន មិន​មាន​បញ្ហា​អ្វី​កើតឡើង គាត់​ក៏​នឹង​ប​ញ្ចូ​ន​កូន​ៗ​មក​រៀន​ផង​ដែរ​» ​។

លោក​ប្រធាន​ក៏​បាន​លើ​ទឹកចិត្ត ដល់​អ្នក​អាណាព្យាបាល​ប​ញ្ចូ​ន​កូន​ៗ​មក​សាលារៀន ដោយសារ​បណ្តាញ​សាលារៀន​វ៉េ​ស្ទ​ឡាញ​ន៍ និង​សាលារៀន​ណ​ត្ស​ឡាញ​ន៍​ទាំង ១១ សាខា បាន​ត្រៀមលក្ខណៈ​សម្បត្តិ​រួចរាល់ ដើម្បី​ធានា​សុវត្ថិភាព និង​គុណភាព​សិក្សា​របស់​សិស្សានុសិស្ស ។ ទន្ទឹម​នឹង​នេះ សាលារៀន​នឹង​អនុវត្ត​ខ្ជាប់ខ្ជួន នូវ​គោលការណ៍​ប្រតិបត្តិ​ស្តង់ដារ​សុវត្ថិភាព រក្សា​ចំនួន​សិស្ស​មិន​លើស​ពី ១៥ នាក់ ក្នុង​មួយ​ថ្នាក់ ចំណែក​សិស្ស​មួយ​ក្រុម​ទៀត​រៀន​តាម​ប្រព័ន្ធ​អន​ឡាញ សម្រាប់​សិស្ស​កម្មវិធី​ផ្សេង​ទៀត ត្រូវ​រក្សា​ការ​សិក្សា​តាម​ប្រព័ន្ធ​អន​ឡាញ​ដដែល រហូត​ដល់​មានការ​ជូនដំណឹង​ជា​ថ្មី ។

លោក​ក៏​បន្ត​ទៀត​ថា សាលារៀន​បាន​បង្កើត​គណៈកម្មការ​រក្សា​បរិស្ថាន​អនាម័យ តម្រូវ​ឱ្យ​សិស្ស​វាស់​កំ​ដៅ និង​សម្អាត​ដៃ​ជាមួយ​ទឹក​អាល់កុល​ជា​ប្រចាំ ផ្តល់​ទីកន្លែង​លាងដៃ ធ្វើ Rapid Test ក្នុង​ករណី​សង្ស័យ ។ ចំពោះ​បុគ្គលិក គ្រូបង្រៀន ត្រូវ​បង្ហាញ​ប័ណ្ណ​ចាក់​វ៉ាក់សាំង មុន​ចូល​បម្រើ​ការងារ ហើយ​ត្រូវ​ប្រជុំ​តាម​ប្រព័ន្ធ​អន​ឡាញ បើ​មាន​ចំនួន​អ្នកចូលរួម​ច្រើន តាមដាន​ព័ត៌មាន​ជាក់លាក់ ចៀសវាង​ព័ត៌មាន​ក្លែងក្លាយ និង​មិន​អនុញ្ញាត​ឱ្យ​លក់​ចំណីអាហារ ក្នុង​បរិវេណ​អគារសិក្សា​ឡើយ ។

សូម​ជម្រាប​ផង​ដែរ​ថា កាលពី​ពេល​ថ្មី​ៗ​កន្លង​ទៅ​នេះ ក្រសួង​អប់រំ យុវជន​និង​កីឡា បាន​ចេញ​សេចក្តីណែនាំ​ស្តី​ពី​ការ​បង្រៀន និង​រៀន​តាម​បណ្តុំ សម្រាប់​គ្រឹះស្ថានសិក្សា​ចំណេះ​ទូទៅ គ្រប់​កម្រិត គ្រឹះស្ថានឧត្តមសិក្សា ទាំង​សាធារណៈ និង​ឯកជន និង​គ្រឹះស្ថាន​បណ្តុះបណ្តាល​គ្រូ ដើម្បី​ឈាន​ឆ្ពោះទៅ​ដំណើរការ​អប់រំ តាម​គន្លង​ប្រក្រតី​ថ្មី ក្នុង​បរិបទ​កូ​វី​ដ​-១៩ ចាប់ពី​ថ្ងៃ​ទី​ ១ ខែវិច្ឆិកា ឆ្នាំ​ ២០២១ ៕ ដោយ​សហការ