ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

កម្មវិធី «​មគ្គុទេសក៍​ស្តារ​អាជីវកម្ម​ក្នុង​បរិបទ​កូ​វី​ដ​-១៩» មក​ដល់​កិច្ច​ពិភាក្សា​ភាគ​ទី​៧ ហើយ ​ក្រោម​ប្រធានបទ​៖ « វិស័យ​ដឹក​ជញ្ជូន និង​ភស្តុ​ភារ​កម្ម​-Logistics »

2 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​៖ សមាគម​សហគ្រិន​វ័យក្មេង​កម្ពុជា បាន​បន្ត​កិច្ច​ពិភាក្សា​ភាគ​ទី​៧ ក្នុង​ក្រប​ខណ្ឌ​នៃ​«​កម្មវិធី​មគ្គុទេសក៍​ស្តារ​អាជីវកម្ម​ក្នុង​បរិបទ​កូ​វី​ដ​-១៩» ក្រោម​ប្រធានបទ ​« វិស័យ​ដឹក​ជញ្ជូន និង​ភស្តុ​ភារ​កម្ម​-Logistics » នៅ​ថ្ងៃ​ព្រហស្បតិ៍…

រាជធានី​ភ្នំពេញ​៖ សមាគម​សហគ្រិន​វ័យក្មេង​កម្ពុជា បាន​បន្ត​កិច្ច​ពិភាក្សា​ភាគ​ទី​៧ ក្នុង​ក្រប​ខណ្ឌ​នៃ​«​កម្មវិធី​មគ្គុទេសក៍​ស្តារ​អាជីវកម្ម​ក្នុង​បរិបទ​កូ​វី​ដ​-១៩» ក្រោម​ប្រធានបទ ​« វិស័យ​ដឹក​ជញ្ជូន និង​ភស្តុ​ភារ​កម្ម​-Logistics » នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​២១ តុលា ឆ្នាំ​២០២១​នេះ ពី​ម៉ោង ​១:៣០ ​រសៀល​ដល់​ម៉ោង​ ៤:០០​ ល្ងាច តាម​ប្រព័ន្ធ​ហ្សូ​ម​ដោយ​មាន​អ្នកចូលរួម​ចំនួន ៧៧ ​នាក់ និង​អ្នក​ទស្សនា​ចំនួន ១៧៧ ​នាក់ លើ​ការ​ផ្សាយ​បន្ត​ផ្ទាល់​តាម​គេហទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​សមាគម ​។

កិច្ច​ពិភាក្សា​បាន​ប្រព្រឹត្ត​ទៅ ដោយ​មាន​វត្តមាន​ចូលរួម​ពី​ចម្ងាយ​របស់​សមាជិកសមាគម​សហគ្រិន​វ័យក្មេង​នៅ​ថ្នាក់​ជាតិ និង​គ្រប់​សាខា​តាម​បណ្តា​ខេត្ត​ទាំងអស់ ពិសេស​ភ្ញៀវ​កិត្តិយស និង​វាគ្មិន​ពី​ស្ថាប័ន​ពាក់ព័ន្ធ​ដូច​ខាងក្រោម​៖

១. លោក ចាន់ វាសនា អនុប្រធាន​សមាគម​សហគ្រិន​វ័យក្មេង​កម្ពុជា និង​ជា​អគ្គនាយក​ក្រុមហ៊ុន APV
២. ឧកញ៉ា គួ​ច ផេង ប្រធាន​ក្រុមប្រឹក្សា​យោបល់​សមាគម​សហគ្រិន​វ័យក្មេង​កម្ពុជា និង​អគ្គនាយក​ក្រុមហ៊ុន Advance Glory Logistics (Cambodia) Co.,Ltd
៣. ឧកញ៉ា ស៊ិ​ន ច​ន្ធី ប្រធាន​សមាគម​ភស្តុ​ភារ​កម្ម​កម្ពុជា CLA
៤. កញ្ញា ថូ​ង ធីតា សមាជិក​ក្រុមប្រឹក្សាភិបាល​សមាគម​សហគ្រិន​វ័យក្មេង​កម្ពុជា និង​នាយិកា​សហគ្រាស ថូ​ង អិន​ធ័​រ​ប្រា​យស៍
៥. លោក នី វណ្ណ​ធឿ​ន អ្នកគ្រប់គ្រង​ការ​អភិវឌ្ឍន៍​ធុរកិច្ច រ៉ូ​ដ​អ៊ិ​ច​ប្រេស ឡូ​ជី​ស្ទីក

ជំងឺ​រាតត្បាត កូ​វី​ដ​-១៩ បាន​វិ​វត្ត​យ៉ាង​ឆាប់រហ័ស​ពី​វិបត្តិ​សង្គ្រោះ​បន្ទាន់​ផ្នែក​សុខភាព ទៅ​ជា​វិបត្តិ​សេដ្ឋកិច្ច​សាកល ដែល​បាន​ជះ​ឥទ្ធិពល​លើ​វិស័យ​ផ្សេង​ៗ ពិសេស​ប្រព័ន្ធ​ហិរញ្ញវត្ថុ​និង​ប៉ះពាល់​ដល់​គ្រប់​វិស័យ ទាំង​វិស័យ​សាធារណៈ វិស័យ​ធុរកិច្ច​ឯកជន និង​សង្គម​ទាំងមូល​។ ជា​ស្វ័យប្រវត្តិ​តម្រូវការ​នៃ​ការ​បរិភោគ និង​សេវាកម្ម​ជុំវិញ​វិស័យ​នានា​ដូច​ជា​ការ​កំសាន្ត បដិសណ្ឋារកិច្ច ការ​ធ្វើ​ដំណើរ ការ​ដឹក​ជញ្ជូន កិច្ចប្រជុំ និង​សន្និសីទ ត្រូវ​បាន​ស្រុត​ចុះ​។ ក្រុមហ៊ុន​ដែល​ពឹងផ្អែក​លើ​ការ​ផ្គត់ផ្គង់​អន្តរជាតិ ដូច​ជា រថយន្ត អគ្គី​ស​នី ក​សិ​-​ពាណិជ្ជកម្ម រោងចក្រ​កាត់ដេរ ជួប​ប្រទះ​នឹង​ភាព​រអាក់រអួល​នៃ​ដំណើរ​ប្រតិបត្តិការ​របស់​ខ្លួន​ ។

ដោយឡែក លើ​វិស័យ​ដឹក​ជញ្ជូន និង​ភស្តុ​ភារ​កម្ម​-Logistics ដែល​ជា​វិស័យ​ដ៏​សំខាន់ និង​ជា​សរសៃឈាម​សេដ្ឋកិច្ចជាតិ និង​ជា​វ័យ​ចំបង​ដែល​មិន​អាច​ខ្វះ​បាន សម្រាប់​បម្រើ​ដល់​មធ្យោបាយ​សេវា​ដឹក​ជញ្ជូន និង​ការ​ធ្វើ​ដំណើរ​របស់​ប្រជាពលរដ្ឋ បាន​ទ​ទទួល​រង​នូវ​រង​ផល​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ពី​វិបត្តិ​សកល​មួយ​នេះ​។ ដោយសារ​តែ កូ​វី​ដ​-១៩ បន្ត​ជះ​ឥទ្ធិពល​ជុំវិញ​សាកលលោក វា​ជា​ការ​សំខាន់​ណាស់​ដែល​ត្រូវ​ពិភាក្សា​លើ​ផល​ប៉ះពាល់​ដែល​កំពុង​មាន និង​ចំបង​ៗ​លើ​វិស័យ​ដឹក​ជញ្ជូន និង​ភស្តុ​ភារ​កម្ម​-Logistics ជា​ពិសេស​ព្រឹត្តិការណ៍​សហគមន៍ ២០ កុម្ភៈ កំពុង​តែ​ជះ​ឥទ្ធិពល​អវិជ្ជមាន​បន្ថែម​ទៀត​ក្នុង​លើ​វិស័យ​ដឹក​ជញ្ជូន និង​ភស្តុ​ភារ​កម្ម​-Logistics នៅ កម្ពុជា ខណៈ​វិស័យ​នេះ​ទទួល​រង​ផល​ប៉ះពាល់​រួច​ហើយពី​វិបត្តិ​សុខភាព​មួយ​នេះ​។ ការ​បិទ​នូវ​ច្រក​អន្តរជាតិ វិធានការ​បិទ​ខ្ទប់​ជា​បន្តបន្ទាប់​ដែល​បាន​ដាក់​ចេញ​ដើម្បី​ទប់ស្កាត់​ការ​រីក​រាលដាល​ជំងឺ​កូ​វី​ដ​១៩ ការ​កាត់​ផ្តាច់​សង្វា​ក់​ចែកចាយ ការ​បិទ​ទីផ្សារ ជា​កត្តា​រាំងស្ទះ​និង​មាន​ឥទ្ធិពល​អវិជ្ជមាន​ទៅ​លើ វិស័យ​គមនាគមន៍ ការ​ដឹក​ជ​ញ្ចូ​ន និង​ភស្តុ​ភារ​កម្ម​-Logistics និង​ប៉ះពាល់​ដល់​ការ​ចែកចាយ​នូវ​ផលិតផល​នៅ​លើ​ទីផ្សារ​សម្រាប់​តម្រូវការ​ប្រើប្រាស់​ក្នុង​ខ្សែ​សង្វា​ក់​អាជីវកម្ម ​។

លោក ចាន់ វាសនា អនុប្រធាន​សមាគម​សហគ្រិន​វ័យក្មេង​កម្ពុជា​បាន​គូសបញ្ជាក់​ថា​កិច្ច​ពិ​ក្សា​ស្តី​ពី​មគ្គុទេសក៍​ស្តារ​អាជីវកម្ម​ក្នុង​បរិបទ​កូ​វី​ដ​-១៩ លើ​វិស័យ​ដឹក​ជញ្ជូន និង​ភស្តុ​ភារ​កម្ម​-Logistics ជា​ព្រឹត្តិការណ៍​ដ៏​មាន​សារៈសំខាន់​នៃ​ការ​ផ្លាស់​ប្តូរ​បទ​ពិសោធន៍​ពី​អ្នកជំនាញ និង​វាគ្មិន​ដែល​ពាក់ព័ន្ធ​។ វាគ្មិន​នឹង​ចែករំលែក​បញ្ហា​ប្រឈម​ដែល​បាន​ឆ្លងកាត់ មេរៀន​ដែល​ទទួល​បាន ដំណោះស្រាយ​បន្ទាន់ ដើម្បី​អោយ​អាជីវកម្ម​ដំណើរការ​បាន​ល្អ​ក្នុង​ស្ថានភាព​ដ៏​លំបាក​នេះ​។ លោក​បាន​បន្ថែម​ថា​នៅ​ក្នុង​ចំណោម​សមាជិក និង​សមាជិកា​ទាំង​៤០០​នាក់​ដែល​កំពុង​ប្រតិបត្តិការ​អាជីវកម្ម​សហគ្រាស​ខ្នាត​មីក្រូ តូច និង​មធ្យម ជាង​៧០០SMEs របស់​សមាគម មួយ​ភាគ​ធំ​ស្ថិត​ក្នុង​លើ​វិស័យ​ដឹក​ជ​ញ្ចូ​ន និង​ភស្តុ​ភារ​កម្ម​-Logistics​។ លោក​បាន​បន្ថែម​ទៀត​ថា វិស័យ​ដឹក​ជ​ញ្ចូ​ន និង​ភស្តុ​ភារ​កម្ម​-Logistic ជា​សរសៃឈាម​នៃ​ការ​អ​ភ​វឌ្ឍន​សេដ្ឋកិច្ច​និង​សង្គម ព្រោះ​សហគ្រាស​ខ្នាត​មីក្រូ តូច និង​មធ្យម​ទាំងនោះ​ត្រូវការ​ការ​គាំពារ​និង​ផ្គត់ផ្គង់​ចាំបាច់​បំផុត​ពី​វិស័យ​ដឹក​ជញ្ជូន និង​ភស្តុ​ភារ​កម្ម​-Logistics ដើម្បី​ដំណើរការ​អាជីវកម្ម​របស់​ពួក​គេ​ ។

ដោយឡែក​សហគ្រាស​ធុន​មីក្រូ តូច និង​មធ្យម (MSMEs ) ជា​រឿយ​ៗ​រង​ផល​ប៉ះពាល់ ជាង​ក្រុមហ៊ុន​ធំ​ៗ​ពី វិបត្តិ​កូ​វី​ដ​-១៩ នេះ ដែល​បង្ហាញ​ពី​ភាព​ងាយ​រង​គ្រោះ​របស់​ពួក​គេ​។ MSMEs ជា​ច្រើន​នៅ​ក្នុង​វិស័យ​ចម្រុះ​ផ្សេង​ៗ បាន​រង​ផល​ប៉ះពាល់ ដូច​ជា​អាជីវកម្ម​លក់ដុំ លក់រាយ ការ​ដឹក​ជញ្ជូន​និង​ភស្តុ​ភារ​កម្ម​-Logistic សេវាកម្ម​ស្នាក់​នៅ ម្ហូបអាហារ អចលនទ្រព្យ សេវាកម្ម​វិជ្ជាជីវៈ និង​សេវាកម្ម​លក្ខណៈ​បុគ្គល​ដទៃ​ទៀត​។ ជា​ទូទៅ​ក្រុមហ៊ុន​ខ្នាត​តូច​មាន​ភាព​ផុយ​ស្រួយ​ផ្នែក​ហិរញ្ញវត្ថុ និង មាន​សាច់ប្រាក់​បម្រុង​តិច​ជាង​ក្រុមហ៊ុន​ខ្នាត​ធំ ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​ពួក​គេ​មិនសូវ​មាន​ភាព​ធន់​នឹង​វិបត្តិ​។ ក្រុមហ៊ុន​ទាំងនេះ​មាន​សមត្ថភាព​សង្វា​ក់​ផ្គត់ផ្គង់​ទន់ខ្សោយ​ជាង​ដៃគូ​ធំ​ៗ និង​មាន​អំណាច​ចរចា​តិចតួច ដើម្បី​អនុវត្ត​លក្ខខណ្ឌ​ទូទាត់​ដ៏​ទាក់ទាញ​។ ពួក​គាត់​មាន​ភាព​យឺតយ៉ាវ​ទៅ​នឹង​ការ​ទទួលយក ឬ​សម្រប​ខ្លួន​តាម​ពាណិជ្ជកម្ម​បែប​បច្ចេកវិទ្យា​ឌី​ជី​ថ​ល​ ។

ឆ្លើយ​តប​នឹង​បញ្ហា​ប្រឈម​នេះ សមាគម​សហគ្រិន​វ័យក្មេង​កម្ពុជា សម្រេច​ផ្តួចផ្តើម​កិច្ច​ពិភាក្សា​ស្តី​ពី “​មគ្គុទេសក៍​ស្តារ​អាជីវកម្ម​ក្នុង​បរិបទ​កូ​វី​ដ​-១៩” ចេញពី​ទស្សនៈ​របស់​វិស័យ​ឯកជន ក្នុង​គោលបំណង​វិភាគ​រក​មូលហេតុ ផល​ប៉ះពាល់ និង​ដំណោះស្រាយ​ដែល​នឹង​រួមចំណែក​គាំទ្រ​សហគ្រិន​ទាំងអស់ ក្នុង​ការ​ពិនិត្យ​ឡើង​វិញ​នូវ​ផែនការអាជីវកម្ម និង​ឱកាស​នានា ដើម្បី​ជម្រុញ​ការ​ងើបឡើង​វិញ​ប្រកបដោយ​ចីរភាព ​។

កម្មវិធី​មគ្គុទេសក៍​ស្តារ​អាជីវកម្ម​ក្នុង​បរិបទ​កូ​វី​ដ​-១៩ នឹង​ប្រព្រឹត្ត​ទៅ​ក្រោម​ទម្រង់​ជា​កិច្ច​ពិភាក្សា​ពិសេស និង​តាម​វិស័យ​ចំនួន​១2 ចាប់ពី​ខែសីហា​ដល់​ខែធ្នូ ឆ្នាំ​២០២១ ដោយ​មានការ​បោះពុម្ព​ជា​សៀវភៅ និង​ផ្សាយ​ជា​សេ​រ៊ី​នៃ​សម្លេង​បន្តបន្ទាប់ ដែល​សាធារណៈជន​អាច​ដកស្រង់​ជា​បទ​ពិសោធន៍ និង​ការ​ណែនាំ​។ ប្រធានបទ​ទាំង​១២ មាន​ជា​អាទិ៍​ដូច​ខាងក្រោម ​៖
កិច្ច​ពិភាក្សា​ទី​១៖ កូ​វី​ដ​-១៩ និង ផល​ប៉ះពាល់​ទៅ​លើ​ភូមិសាស្ត្រ​នយោបាយ ការ​អភិវឌ្ឍ​សេដ្ឋកិច្ច និង​លើ​សហគ្រាស​ធុន​មីក្រូ តូច និង​មធ្យម​នៅ​កម្ពុជា​។
កិច្ច​ពិភាក្សា​ទី​២៖ យុទ្ធសាស្ត្រ​វិនិយោគ​សម្រាប់​សហគ្រិន
កិច្ច​ពិភាក្សា​ទី​៣៖ មគ្គុទេសក៍​ស្តារ​អាជីវកម្ម​សម្រាប់​វិស័យ​អប់រំ​ឯកជន
កិច្ច​ពិភាក្សា​ទី​៤៖ ទស្សនៈ​ពី​គ្រឹះស្ថាន​ហិរញ្ញវត្ថុ
កិច្ច​ពិភាក្សា​ទី​៥៖ មគ្គុទេសក៍​ស្តារ​អាជីវកម្ម​សម្រាប់​វិស័យ​កសិកម្ម និង​កសិពាណិជ្ជកម្ម
កិច្ច​ពិភាក្សា​ទី​៦៖ មគ្គុទេសក៍​ស្តារ​អាជីវកម្ម​សម្រាប់​វិស័យ​ពាណិជ្ជកម្ម និង​អាជីវកម្ម​លក់រាយ
កិច្ច​ពិភាក្សា​ទី​៧៖ មគ្គុទេសក៍​ស្តារ​អាជីវកម្ម​សម្រាប់​វិស័យ​ឡូ​ជី​ស្ទីក និង​ដឹក​ជញ្ជូន
កិច្ច​ពិភាក្សា​ទី​៨៖ មគ្គុទេសក៍​ស្តារ​អាជីវកម្ម​សម្រាប់​វិស័យ​ផលិតកម្ម
កិច្ច​ពិភាក្សា​ទី​៩៖ មគ្គុទេសក៍​ស្តារ​អាជីវកម្ម​សម្រាប់​វិស័យ​ពាណិជ្ជកម្ម​អេ​ឡិ​ក​ត្រូ​និក ពាណិជ្ជកម្ម​អន​ឡាន និង​ពាណិជ្ជកម្ម​បែប​ឌី​ជី​ថ​ល
កិច្ច​ពិភាក្សា​ទី​១០៖ មគ្គុទេសក៍​ស្តារ​អាជីវកម្ម​សម្រាប់​វិស័យ​បដិសណ្ឋារកិច្ច
កិច្ច​ពិភាក្សា​ទី​១១៖ មគ្គុទេសក៍​ស្តារ​អាជីវកម្ម​សម្រាប់​វិស័យ​អចលនទ្រព្យ និង​សំណង់
កិច្ច​ពិភាក្សា​ទី​១២៖ មគ្គុទេសក៍​ស្តារ​អាជីវកម្ម​ពី​សភាពាណិជ្ជកម្ម​អន្តរជាតិ

អំពី សមាគម​សហគ្រិន​វ័យក្មេង​កម្ពុជា

សមាគម​សហគ្រិន​វ័យក្មេង​កម្ពុជា (YEAC វ៉ា​យ​អ៊ី​អេ​ស៊ី​) ត្រូវ​បាន​បង្កើត​ឡើង​នៅ ខែកញ្ញា ឆ្នាំ​២០០៩ ដោយ​ក្រុម​សហគ្រិន​វ័យក្មេង ដែល​មក​ពី​វិស័យ​អាជីវកម្ម​ផ្សេង​ៗ​គ្នា នៅ​ក្នុង​ប្រទេស​កម្ពុជា​។ សមាគម​សហគ្រិន​វ័យក្មេង​កម្ពុជា បង្កើត​ឡើងជា​សមាគម មិន​រក​ប្រាក់​ចំណេញ ដែល​ផ្តល់​អំណាច​ដល់​សហគ្រិន​វ័យក្មេង ជា​ពិសេស​សហគ្រិន​ស្ត្រី​ដើម្បី​លើកកម្ពស់​សហគ្រិន និង យុវជន តាម​រយៈ ការ​បង្កើត​វេទិកា ចង.ក្រង និង​ពង្រឹង​បណ្តាញ​សហគ្រិន ការ​ចែករំលែក​ការ​រៀនសូត្រ​ពី​ធុរកិច្ច និង​បង្កើត​នូវ​ឱកាស​អាជីវកម្ម​នានា ដើម្បី​បង្កើន​ផលិតភាព ការ​បង្កើត​ការងារ ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​និង​ការ​កសាង​សមត្ថភាព​អ្នក​ជំនាន់​ក្រោយ​សម្រាប់​សេដ្ឋកិច្ច​កម្ពុជា​ ។

សមាគម​សហគ្រិន​វ័យក្មេង​កម្ពុជា មាន​បេសកកម្ម​ធ្វើការ​ក្នុង​ភាព​ជា​ដៃគូ​សហការ​ជាមួយ​អ្នក​ពាក់ព័ន្ធ​នានា ដើម្បី​ធានា​អោយ​មានការ​ប្រកួតប្រជែង​ថ្នាក់​តំបន់ លើ​ធុរកិច្ច​បែប​បច្ចេកវិទ្យា​ឌី​ជី​ថ​ល អាជីវកម្ម​បែប​ពេញលេញ ការ​ច្នៃប្រឌិត និង​ការ​បង្កើត​ថ្មី​របស់​សហគ្រាស​ធុន​មីក្រូ តូច និង​មធ្យម (MSME) នៅ​ក្នុង​ប្រទេស​កម្ពុជា​។ បច្ចុប្បន្ន​សមាគម​សហគ្រិន​វ័យក្មេង មាន​សមាជិក​ចំនួន​៤០០ ដែល​ជា​ម្ចាស់​អាជីវកម្ម​ធុន​មីក្រូ តូច និង​មធ្យម ដែល​មាន​សាខា​តាម​ខេត្ត​ចំនួន​៤ កំពង់ចាម សៀមរាប បាត់ដំបង និង​បន្ទាយ​មាន​ជ័យ នឹង​គ្រោង​ពង្រីក​ទៅ​កាន់​ខេត្ត​ផ្សេង​ទៀត​ជា​ពិសេស​ខេត្ត​តាម​បណ្តា​មាត់សមុទ្រ និង​ខេត្ត​មួយ​ចំនួន​ដែល​មាន​សក្តានុពល​ខ្ពស់ និង​មាន​ធុរកិច្ច​ច្រើន​៕ ដោយ​សហការ