ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

មូលនិធិ​រក្សា​កុមារ បរិច្ចាគ​ថេ​ប្លេ​ត ៤០ ​គ្រឿង ដល់​អង្គការ ៤ ក្នុង​វិស័យ​អប់រំ

2 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​ ៖ កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​ ២៩ ខែកក្កដា ឆ្នាំ​ ២០២១ កន្លង​ទៅ មូលនិធិ​រក្សា​កុមារ…

រាជធានី​ភ្នំពេញ​ ៖ កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​ ២៩ ខែកក្កដា ឆ្នាំ​ ២០២១ កន្លង​ទៅ មូលនិធិ​រក្សា​កុមារ បាន​បរិច្ចាគ​ថេ​ប្លេ​ត Huawei MatePad ចំនួន ៤០​គ្រឿង ដល់​អង្គការក្រៅរដ្ឋាភិបាល​ចំនួន ៤ ដែល​ធ្វើការ​ជា​ចម្បង​ក្នុង​វិស័យ​អប់រំ​ ។ អង្គការ​ទាំង​បួន​នោះ​ គឺ អង្គការ​លើក​ស្ទួយ​ប្រជាពលរដ្ឋ (PIO), អង្គការ​ដើម្បី​ភាព​ញញឹម​នៃ​កុមារ (PSE), អង្គការ​គ្រួសារ​ថ្មី និង​អង្គការ​ក្តី​សង្ឃឹម​ថ្មី​នៃ​កម្ពុជា ​។

លោក​ជំទាវ ជា សិរី ស្ថាបនិក​មូលនិធិ​រក្សា​កុមារ បាន​ផ្តួចផ្តើម​អោយ​មានការ​បរិច្ចាគ​នេះ​ឡើង ដោយ​លោក​ជំទាវ​យល់​ឃើញ​ថា កង្វះ​ឧបករណ៍​ថេ​បេ្ល​ត​នេះ​គឺជា​ឧបសគ្គ​ចម្បង​មួយ​សម្រាប់​សិស្សានុសិស្ស ជា​ពិសេស​សិស្សានុសិស្ស​ក្រីក្រ​ដែល​កំពុង​សិក្សា​រៀនសូត្រ​នៅ​តាម​សាលា​អង្គការ ដែល​គាត់​ត្រូវការ​រៀន​ពី​ចម្ងាយ តែ​មិន​មាន​លទ្ធភាព​ទិញ​ឧបករណ៍​ ។ លោក​ជំទាវ ជា សិរី បាន​មាន​ប្រសាសន៍​ថា «​ជំងឺ​កូ​វី​ដ​-១៩ បាន​ធ្វើ​ឱ្យ​ការ​សិក្សា​នៅ​សាលារៀន​មានការ​លំបាក​សម្រាប់​កុមារ​ទូទៅ ជា​ពិសេស​នោះ ​គឺ​កុមារ​ដែល​មាន​ជីវភាព​ខ្វះខាត ​។ ខ្ញុំ​សង្ឃឹមថា ​ការ​បរិច្ចាគ​ថេ​ប្លេ​ត​នា​ថ្ងៃនេះ នឹង​ជួយ​ដោះស្រាយ​បញ្ហា​មួយ​ចំនួន​ដែល​អង្គការ​ទាំង​បួន​កំពុង​ជួប​ប្រទះ ហើយ​សិស្សានុសិស្ស​កាន់តែ​ច្រើន​អាច​បន្ត​ការ​សិក្សា​ពី​ចម្ងាយ ជា​ពិសេស​សិស្ស​ដែល​ត្រូវ​ឆ្នាំ​ប្រលង» ​។​

ក្នុង​កិច្ចប្រជុំ​តាម​អន​ឡាញរ​វាង​លោក​ជំទាវ ជា សេរី និង​តំណាង​អង្គការ​ទទួលផល លោក​ជំទាវ នួន ភី​មាន ជា​ស្ថាបនិក និង​នាយក​ប្រតិបត្តិ​អង្គការ​លើក​ស្ទួយ​ប្រជាពលរដ្ឋ (PIO) បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​លោក​ជំទាវ ជា សិរី និង​បាន​ចែករំលែក​អំពី​គុណប្រយោជន៍​នៃ​ថេ​ប្លេ​ត​ទាំងនេះ ចំពោះ​សិស្សានុសិស្ស​ដែល​កំពុង​រៀន​នៅ​អង្គការ PIO​ ។

លោក​ជំទាវ នួន ភី​មាន បាន​មាន​ប្រសាសន៍​ដូចនេះ​ថា «​ខ្ញុំ​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​មូលនិធិ​រក្សា​កុមារ និង​លោក​ជំទាវ ដែល​បាន​បរិច្ចាគ​ថេ​ប្លេ​ត​ដ៏​ល្អ​ទាំងនេះ​មក​អោយ​យើងខ្ញុំ​ ។ មាន​សិស្ស​ជា​ច្រើន​ដែល​ខ្វះខាត​ឧបករណ៍​សម្រាប់​ការ​សិ​ស្សា​ពី​ចម្ងាយ ​។ យើង​នឹង​ប្រើប្រាស់​ថេ​ប្លេត​ទាំងនេះ​អោយ​បានជា​ប្រយោជន៍​ដល់​សិស្ស​ច្រើន​គ្នា ដោយ​អោយ​អាទិភាព​ដល់​សិស្ស​ថ្នាក់​ទី ​៩ និង​ទី ​១២ ដែល​ជា​ឆ្នាំ​ប្រឡង» ​។​

លោក ប៊​ន សុខហេង នាយក​ប្រតិបត្ដិ​នៃ​អង្គការ​ក្ដី​សង្ឃឹម​ថ្មី​នៃ​កម្ពុជា លោក សា​មុ​អេ​ល ចូ​សេ​ប អេ កេ​ប (Samuel Joseph A. Cappe) នាយក​ផ្នែក​ទំនាក់ទំនង​នៃ​អង្គការ​ដើម្បី​ភាព​ញញឹម​នៃ​កុមារ (PSE) និង​លោកស្រី មា​ច សុខ​ជា មន្ត្រី​ត្រួតពិនិត្យ​ និង​វាយតម្លៃ នៃ​អង្គការ​គ្រួសារ​ថ្មី ដែល​មាន​វត្តមាន​ក្នុង​ការ​ប្រជុំ​តាម​អន​ឡាញ​នោះ បាន​សម្តែង​នូវ​អារម្មណ៍​ និង​ការ​ថ្លែងអំណរគុណ​ដូច​គ្នា ព្រមទាំង​បាន​ចែករំលែក​ពី​បញ្ហា​ប្រឈម​ផ្សេង​ៗ​ដែល​អង្គការ​របស់​ពួក​គាត់​កំពុង​ជួប​ប្រទះ​ ។

លោក​ជំទាវ ជា សិរី បាន​ឆ្លើយ​តប​ដោយ​បញ្ជាក់​ចេតនា​គាំទ្រ និង​សហការ​ជាមួយ​អង្គការ​ទាំងអស់​ក្រោម​ទម្រង់ និង​តាម​មធ្យោបាយ​ដ៏​ទៃ​ទៀត​នា​ពេល​អនាគត ​។ លោក​ជំទាវ​បាន​ស្នើ​ឱ្យ​អង្គការ​ទាំង​បួន​ផ្តល់​មតិយោបល់​ត្រឡប់​វិញ​អំពី​អត្ថប្រយោជន៍​នៃ​ថេ​ប្លេ​ត និង​លើកទឹកចិត្ត​អោយ​ពួក​គាត់​រក្សា​ទំនាក់ទំនង​ជិត​ស្និទ្ធ​ជាមួយ​មូលនិធិ​រក្សា​កុមារ​បន្ត​ទៅ​ទៀត ​។ លោក​ជំទាវ​ក៏​បាន​បង្ហោះ​សារ​នៅ​លើ​បណ្តាញ​សង្គម​ផ្ទាល់​របស់​ខ្លួន និង​អំពាវនាវ​អោយ​សប្បុរសជន​ចូលរួម​បរិច្ចាគ និង​ធ្វើការ​រួម​គ្នា​ដើម្បី​ជ្រោមជ្រែង​សិស្សានុសិស្ស និង​អង្គការ​ដែល​កំពុង​ជួប​ការ​លំបាក ​។

លោក​ជំទាវ​បាន​បង្ហោះ​សារ​យ៉ាងនេះ​ថា ៖ «អង្គការក្រៅរដ្ឋាភិបាល​នីមួយ​ៗ​មាន​សិស្ស​ចំនួន ៣០០-៦០០០ នាក់ ដូច្នេះ​ថេ​ប្លេត ចំនួន​ ១០ គ្រឿង​សម្រាប់​អង្គការ​នីមួយ​ៗ​នេះ ប្រៀប​ដូច​ជា​ទឹក​មួយ​តំណក់​នៅ​មហាសមុទ្រ​អ៊ី ប៉ុន្តែ​យ៉ាងណា​ក្តី យើង​សង្ឃឹមថា​ យើង​អាច​ធ្វើ​បាន​ច្រើន​ជាង​នេះ​នា​ពេល​អនាគត តាម​រយៈ​ការ​ទទួល​បាន​ជំនួយ​ពី​អ្នក​ទាំងអស់​គ្នា»​ ។​

យើង​សង្ឃឹមថា សារ​ចែករំលែក​របស់​លោក​ជំទាវ​នឹង​ជំរុញអោយ​មាន​សកម្មភាព​ចូលរួម និង​ការ​បរិច្ចាគ​ពី​សប្បុរសជន​ក្នុង និង​ក្រៅប្រទេស​កាន់តែ​ផុសផុល​ឡើង ដើម្បី​ជួយ​ដល់​ឧបត្ថម្ភ​ដល់​សិស្សានុសិស្ស​ខ្វះខាត និង​អង្គការ​ក្នុង​វិស័យ​អប់រំ​ ។

អំពី​មូលនិធិ​រក្សា​កុមារ
ផ្តួចផ្តើម​ឡើង​ដោយ​ស្ថាបនិក​ខ្មែរ និង​ដឹកនាំ​ដោយ លោក​ជំទាវ ជា សិរី មូលនិធិ​រក្សា​កុមារ មាន​បេសកកម្ម​លើកកម្ពស់​សុខភាព សុខមាលភាព និង​ផលប្រយោជន៍​កុមារ​កម្ពុជា​ពី​គ្រប់​ស្រទាប់វណ្ណៈ​ ។ ជា​រៀង​រាល់​ឆ្នាំ តាម​រយៈ​ថវិកា​របស់​លោក​ជំទាវ​ផ្ទាល់ ក៏​ដូច​ជា​ថវិកា​ដែល​រៃ​អង្គាស​បាន​ពី​សប្បុរសជន​នានា មូលនិធិ​រក្សា​កុមារ​បាន​ចូលរួម​ឧបត្ថម្ភ​ក្នុង​គម្រោង និង​សកម្មភាព​របស់​អង្គការ​ដៃគូ​ជា​ច្រើន ជា​ពិសេស​ក្នុង​វិស័យ​សុខាភិបាល ដើម្បី​ជួយ​ផ្លាស់​ប្តូរជីវិត​របស់​ប្រជាជន​កម្ពុជា​ឱ្យ​កាន់តែ​ប្រសើរ​ឡើង ​។ សូម​បញ្ជាក់​ថា មូលនិធិ​រក្សា​កុមារ មិន​អនុវត្ត​គម្រោង ដោយ​ខ្លួនឯង​ផ្ទាល់​ទេ​ ។ យើង​សហ​ការណ៍​ជាមួយ​ដៃគូ​ដែល​មានបទពិសោធន៍ ដោយ​ផ្តល់​ថវិកា​និង​ជំនួយ​ទំនាក់ទំនង​ផ្សេង​ទៀត​ ៕ ដោយ​សហការ

សម្រាប់​ព័ត៌មាន​បន្ថែម សូម​ចូល​ទៅ ​៖ http://www.raksakoma.org/