ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ធនាគារជាតិ បើកសន្និបាត​បូក​សរុប​លទ្ធផល​ការងារ​ប្រចាំឆមាស​ទី​ ១ និង​ទិស​ដៅ​ការងារ​ឆមាស​ទី ​២ ឆ្នាំ ​២០២១

2 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​ ៖ នៅ​​ថ្ងៃ​ទី ​២២ ខែកក្កដា ឆ្នាំ​ ២០២១ ធនាគារជាតិ​នៃ​កម្ពុជា​ បាន​រៀបចំ​សន្និបាត​បូក​សរុប​លទ្ធផល​ការងារ​ប្រចាំឆមាស​ទី ​១…

រាជធានី​ភ្នំពេញ​ ៖ នៅ​​ថ្ងៃ​ទី ​២២ ខែកក្កដា ឆ្នាំ​ ២០២១ ធនាគារជាតិ​នៃ​កម្ពុជា​ បាន​រៀបចំ​សន្និបាត​បូក​សរុប​លទ្ធផល​ការងារ​ប្រចាំឆមាស​ទី ​១ និង​ទិស​ដៅ​ការងារ​ឆមាស​ ទី​២ ឆ្នាំ​ ២០២១ ក្រោម​អធិបតីភាព​ឯកឧត្តម ជា ចាន់​តូ ទេសាភិបាល​ធនាគារជាតិ​នៃ​កម្ពុជា តាម​រយៈ​ប្រព័ន្ធ​អន​ឡាញ​ ។

នៅ​ឆមាស​ទី ​១ ឆ្នាំ​ ២០២១ នេះ សេដ្ឋកិច្ច​កម្ពុជា​បន្ត​ទទួល​រង​ឥទ្ធិពល​ពី​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-១៩ ទាំង​ក្នុងស្រុក​និង​តំបន់ ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​វិស័យ​ចម្បង​ៗ​ដូច​ជា វិស័យ​ទេសចរណ៍ កម្មន្តសាល និង​សំណង់ លើកលែង​វិស័យ​កសិកម្ម​ដែល​បន្ត​មាន​វឌ្ឍន​ភាពល្អ​ ។ ក្រោម​ការ​ដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា រាជរដ្ឋាភិបាល​បាន​ដាក់​ចេញ​វិធានការ​ម៉ឺងម៉ាត់​ក្នុង​ការ​គ្រប់គ្រង​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-១៩ ជាមួយនឹង​ការ​បង្កើន​ការ​ចាក់​វ៉ាក់សាំង​យ៉ាង​ទូលំទូលាយ​និង​ឆាប់រហ័ស​ ។ រាជរដ្ឋាភិបាល​ក៏​បាន​ដាក់​ចេញ​នូវ​វិធានការ​ជា​កញ្ចប់ តាម​ដំណាក់កាល​ជា​បន្តបន្ទាប់ ដើម្បី​ទ្រទ្រង់​និង​ស្តារ​សកម្មភាព​សេដ្ឋកិច្ច និង​ជួយ​ដល់​ប្រជាជន​ក្រីក្រ ប្រកបដោយ​ប្រសិទ្ធភាព​ផង​ដែរ ​។

ស្រប​តាម​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល​នេះ ធនាគារជាតិ​នៃ​កម្ពុជា​បាន​រួមចំណែក​រក្សា​ស្ថិរភាព​ថ្លៃ​និង​ជំនឿ​ទុកចិត្ត​មក​លើ​សេដ្ឋកិច្ច ព្រមទាំង​អនុវត្ត​នយោបាយ​រូបិយ​វត្ថុ​វិត្ថារ​កម្ម ដោយ​ថ្លឹងថ្លែង​យ៉ាង​ប្រុង​ប្រយ័ត្ន ដើម្បី​គាំទ្រ​សកម្មភាព​សេដ្ឋកិច្ច​ ។ ជាក់ស្តែង អត្រា​ប្តូរ​ប្រាក់​បន្ត​មាន​ស្ថិរភាព​ក្នុង​រង្វង់ ៤.០៨៥ រៀល​ក្នុង​មួយ​ដុល្លារ​អា​មេ​រិ​ក និង​បាន​រួមចំណែក​យ៉ាង​សំខាន់​ដល់​ការ​រក្សា​អតិផរណា​មាន​កម្រិត​ទាប​អាច​គ្រប់គ្រង​បាន ២,៥%​ ។ ទន្ទឹម​នេះ ទុន បម្រុង​អន្តរជាតិ​បន្ត​ស្ថិត​ក្នុង​កម្រិត​ខ្ពស់ ២០,៨ ប៊ី​លាន​ដុល្លារ​អា​មេ​រិ​ក ដែល​អាច​ធានា​ការ​នាំ​ចូល​ទំនិញ​និង​សេវា​សម្រាប់​គ្រា​បន្ទាប់​បាន​ប្រមាណ​ជាង ១០ ​ខែ និង​បាន​ពង្រឹង​ជំនឿ​ទុកចិត្ត​របស់​សាធារណជន​មក​លើ​ប្រាក់​រៀល​ផង​ដែរ​ ។

ចំពោះ​ប្រព័ន្ធ​ធនាគារ គ្រឹះស្ថាន​ធនាគារ​ និង​ហិរញ្ញវត្ថុ​បន្ត​មាន​ភាព​ធន់​ និង​បាន​ផ្តល់​សេវា​ហិរញ្ញវត្ថុ​ប្រកបដោយ​និរន្តរភាព​ ។ ទ្រព្យសកម្ម​ប្រព័ន្ធ​ធនាគារ​បាន​កើនឡើង ១៨%, ឥណទាន​អតិថិជន​មាន កំណើន ២៣,៤%, និង​ប្រាក់​បញ្ញើ​អតិថិជន​កើន ២០,៧% ​។ ស្ថានភាព​ដើមទុន​ក៏​មាន​ភាពរឹងមាំ ដោយ​អនុ​បាត​សាធន​ភាព​មាន​កម្រិត ២៤,៤% សម្រាប់​វិស័យ​ធនាគារ និង ២២,៧% សម្រាប់​វិស័យ​មីក្រូហិរញ្ញវត្ថុ​, សន្ទនីយ​ភាព​មាន​កម្រិត​ខ្ពស់ ១៥៩,៨% សម្រាប់​គ្រឹះស្ថាន​ធនាគារ និង ១៧២,៦% សម្រាប់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទទួល​ប្រាក់​បញ្ញើ​ ។ ទន្ទឹម​នេះ អនុ​បាត​ឥណទាន​មិន​ដំណើរការ​មាន​កម្រិត​ទាប ២,៤% សម្រាប់​វិស័យ​ធនាគារ និង ២% សម្រាប់​វិស័យ​មីក្រូហិរញ្ញវត្ថុ ស្រប​ពេល​ដែល​គ្រឹះស្ថាន​ធនាគារ​និង​ហិរញ្ញវត្ថុ​ក៏​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​រៀបចំ​ឥណទាន​ឡើង​វិញ ដើម្បី​សម្រាល​បន្ទុក​ប្រជាពលរដ្ឋ​ដែល​រង​ផល​ប៉ះពាល់​ ។

លើស​ពី​នេះ ដើម្បី​សម្រាល​បន្ទុក​ប្រជាពលរដ្ឋ​ដែល​រង​ផល​ប៉ះពាល់ គ្រឹះស្ថាន​ធនាគារ​ និង​ហិរញ្ញវត្ថុ​បាន​រៀបចំ​ឥណទាន​ឡើង​វិញ តាម​រយៈ​ការ​ពន្យារពេល​ទូទាត់​សង​ប្រាក់​ដើម​ឬ​ការ​ប្រាក់​, ការ​ពន្យារ​ឥណប្រតិទាន​, ការ​កាត់​បន្ថយ​ចំនួន​ប្រាក់​ដើម​ឥណទាន និង​ការ​ផ្តល់​រយៈពេល​អនុគ្រោះ​ដោយ​គ្មាន​ការ​ទូទាត់​សង ជាដើម ដោយ​បច្ចុប្បន្ន​មាន​ចំនួន ៣៦៧.២៣៩ គណនី ស្មើនឹង ២២,២ ទ្រី​លាន​រៀល (៥,៥ ប៊ី​លាន​ដុល្លារ​អា​មេ​រិ​ក​)​ ។ ស្រប​តាម​ការ​រីក​ចម្រើន​នៃ​បច្ចេកវិទ្យា ធនាគារជាតិ​នៃ​កម្ពុជា​បាន​ពង្រឹង​ការ​អភិវឌ្ឍ​ប្រព័ន្ធ​ទូទាត់ ដែល​ផ្អែក​លើ​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​ថ្មី​ៗ ដូច​ជា​ការ​ទូទាត់​ដោយ​ប្រើ QR កូត ការ​ផ្ទេរ​ប្រាក់​និង​ការ​ទូទាត់​តាម​ទូរស័ព្ទ​ដៃ ជាដើម ដែល​ក្នុង​នោះ​ប្រព័ន្ធ​បាគង ដែល​ប្រើប្រាស់​បច្ចេកវិទ្យា​ប្លុក​ឆេ​ន​ត្រូវ​បាន​ដាក់​ឱ្យ​ប្រើប្រាស់ និង​ជា​ប្រព័ន្ធ​ទូទាត់​កន្លោង​សម្រាប់​ការ​ទូទាត់​ឆ្លង​គ្រឹះស្ថាន​ធនាគារ​និង​ហិរញ្ញវត្ថុ ក៏​ដូច​ជា​ការ​ទូទាត់​នានា ​។ ប្រព័ន្ធ​ទូទាត់​ទាំង​អស់នេះ​បាន​ចូលរួម​យ៉ាង​សកម្ម​ក្នុង​ការ​គាំទ្រ​សកម្មភាព​អាជីវកម្ម ពាណិជ្ជកម្ម និង​ការ​វិនិយោគ​ ។

ដើម្បី​បន្ត​គាំទ្រ​ដល់​ការ​រក្សា​លំនឹង​សេដ្ឋកិច្ច​-​សង្គម និង​ការ​ស្តារ​ឡើង​វិញ​នៃ​សេដ្ឋកិច្ច ធនាគារជាតិ​នៃ​កម្ពុជា​នឹង​បន្ត​អនុវត្ត​វិធានការ​គាំទ្រ​កំណើន និង​រួមចំណែក​រក្សា​ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ឱ្យ​បាន​រឹង​មាំ​ស្រប​តាម​ការ​ដាក់​ចេញ​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល​ ។ សន្និបាត​បាន​ប្រព្រឹត្តិ​ទៅ​ដោយ​ពិលាស​ ។ ជាទី​បញ្ចប់ ឯកឧត្តម ទេសាភិបាល ស្នើ​ឱ្យ​មន្ត្រី​-​បុគ្គលិក​នៅ​តាម​នាយកដ្ឋាន​និង​អង្គភាព​ប្រកាន់ខ្ជាប់​នូវ​គោលការណ៍​រក្សា​គម្លាត​សង្គម​និង​អនាម័យ ដើម្បី​រួមចំណែក​បង្ការ​ការ​ឆ្លង​ជំងឺ​កូ​វី​ដ​-១៩ តាម​ការ​ណែនាំ​របស់​ក្រសួងសុខាភិបាល​ ៕ ដោយ​សហការ

ទំនាក់ទំនង​៖ ផ្នែក​ទំនាក់ទំនង​ធនាគារជាតិ​នៃ​កម្ពុជា
លេខ​ទូរស័ព្ទ​៖ (៨៥៥) ២៣ ៩៩០ ១៩៦
អ៊ី​ម៉ែ​ល​៖ nbccommunication@nbc.org.kh