ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

​ធនាគារ​ ឈីហ្វ ​បាន​បន្ត​រក្សា​នូវការ​ប្រកួត​ប្រជែង​ដ៏ខ្លាំងក្លានៅកម្ពុជា

2 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ នៅ​ពេល​ដែល​ធនាគារ​ ឈីហ្វ ឈាន​ចូល​ទីផ្សារ​ប្រទេស​កម្ពុជា​ជាលើក​ដំបូង​នៅ​ចុង​ឆ្នាំ ២០១៣​ ធនាគារ​ ឈីហ្វ ទទួលបាន​សិទ្ធិ​សម្រាប់​បម្រើការ​ជា​ធនាគារ​ឯកទេស​ដែល​មាន​បុគ្គលិក​តិច​ជាង​ ៣០​…

រាជធានីភ្នំពេញ ៖ នៅ​ពេល​ដែល​ធនាគារ​ ឈីហ្វ ឈាន​ចូល​ទីផ្សារ​ប្រទេស​កម្ពុជា​ជាលើក​ដំបូង​នៅ​ចុង​ឆ្នាំ ២០១៣​ ធនាគារ​ ឈីហ្វ ទទួលបាន​សិទ្ធិ​សម្រាប់​បម្រើការ​ជា​ធនាគារ​ឯកទេស​ដែល​មាន​បុគ្គលិក​តិច​ជាង​ ៣០​ នាក់​ប៉ុណ្ណោះ ។  ទោះយ៉ាង​ណា ធនាគារ​បាន​រីក​ចម្រើន​ក្នុង​ល្បឿន​មិន​គួរឲ្យ​ជឿដែល​បាន​ក្លាយ​ជាធនាគារ​ដ៏ធំមួយ​នាពេល​បច្ចុប្បន្ន ។ យ៉ាង​ណា​មិញ ធនាគារ​ក៏បាន​ប្រឈម​នឹង​ការ​ប្រកួត​ប្រជែងយ៉ាងខ្លាំង​នៅក្នុង​វិស័យ​ធនាគារ​នៅ​កម្ពុជា​ ផងដែរ ​។ លោក ​កៃ គឹមសុង​ ចាង​ហ្វាងការ​ផ្សាយ​របស់ AMAZADIA ​(អាម៉ាហ្សាឌៀ) ដែល​ជា​បណ្ដាញ​ផ្សព្វផ្សាយ​អបរំ​តាម​ប្រព័ន្ធ​ឌីជីថល​ បាន​ជួប​ពិភាក្សា​ជាមួយ ​បណ្ឌិត ​សឿង ​ម៉ូរ៉ារិទ្ធ ប្រធាន​នាយក​ប្រតិបត្តិ​ ​ធនាគារ ​ឈីហ្វ ​អំពី​វិធីសាស្ត្រក្នុង​ការ​រក្សាការ​ប្រកួត​ប្រជែង ខណៈ​ពេល​ដែល​មាន​ការ​ពង្រីក​ខ្លួន​នៅ​ក្នុង​ប្រទេស ។

អាម៉ាហ្សាឌៀ ៖ ​យោង​តាមធនាគារជាតិនៃកម្ពុជា (NBC) ​កម្ពុជា​មាន​ធនាគារ​ពាណិជ្ជ​ ចំនួន​ ៤៧ ធនាគារ​ឯកទេស​ចំនួន​ ១៥ ​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ​ចំនួន​ ៧៦​ ដែល​ចំនួន ៧ ​មាន​សិទ្ធិ​ប្រមូល​ប្រាក់​កម្ចី​របស់​អតិថិជន ។ តើ​លោក​អាច​និយាយ​យ៉ាង​ម៉េច ​អំពីទីផ្សារ​ដែល​មាន​ទំហំតូច​បែប​នេះ ជាមួយ​នឹង​ចំនួន​ប្រជាជន​តែប្រមាណ ​១៦ ​លាន​នាក់​ប៉ុណ្ណោះ ?

លោក ​បណ្ឌិត​ ម៉ូរ៉ារិទ្ធ ៖ វាពិតជា​លំបាក​ណាស់​នៅក្នុង​បរិបទ​នៃការ​ប្រកួត​ប្រជែង​ក្នុង ​ទីផ្សារ​របស់​យើង ​។ ឧទាហរណ៍ និន្នាការ​ដែល​កំណត់​ភាព​ជោគជ័យ​នៃ​ផលិតផល ឬសេវាកម្ម​ហិរញ្ញវត្ថុ​របស់​យើង ​គឺអត្រា​ការ​ប្រាក់ ។ ហើយ​នៅពេលដែល​មានគូ​ប្រកួត​ប្រជែង​កាន់តែ​ច្រើន​នៅក្នុង​ទីផ្សារ​ នោះនឹង​មាន​អ្វីកើត​ឡើង​ចំពោះ​តម្លៃ​នៃ​ផលិតផល ? ប្រាកដ​ណាស់​តម្លៃ​នឹង​ត្រូវមានការ​ទម្លាក់​ចុះ ។ នោះ​ហើយ​ជាគោល​ការណ៍​នៃ​សេដ្ឋកិច្ច ។ ហើយ​វាក៏​ជាបញ្ហា​ប្រឈម​សម្រាប់​យើង​ក្នុងនាម​ជាអ្នក​ប្រឡូក​នៅក្នុង​ទីផ្សារ​ និង​ជាស្ថាប័ន​ហិរញ្ញវត្ថុ​ដែរ ។​ ទី ២ គឺមិន​អាចមាន​អត្រានៃ​កំណើន​ឥណទាន​ខ្ពស់​នោះ​ទេ ពីព្រោះ​ទំហំនៃ​ឥណទាន​ដែល​ត្រូវបាន​ផ្តល់​ឲ្យទៅ​អតិថិជន គឺអាស្រ័យ​ទៅលើ​ប្រភេទ​អាជ្ញាប័ណ្ណ​ដែល​យើង​បាន​លើក​ឡើងមុន​នេះ ហើយវាក៏​ជាកត្តា​មួយដែល​ផ្តល់ឲ្យ​យើងនូវ​សិទ្ធិខុសៗ​គ្នាក្នុង​ការធ្វើ​ប្រតិបត្តិការ​នៅ​លើទីផ្សារ ។ កំណើន​ឥណទាន​មិនមាន​ការកើន​ឡើង​លឿន​នោះទេ ពីព្រោះប្រាក់​ចំណេញ​របស់​ធនាគារ​ភាគ​ច្រើន​បាន​មក​ពីការ​ផ្តល់​ឥណទាន ។ នៅ​ពេលដែល​កំណើន​ឥណទាន​របស់​យើង​មាន​កម្រិត វាប៉ះពាល់​ដល់​សមត្ថភាព​ក្នុងការ​រក្សាឲ្យ​នៅ​កម្រិត​ជាក់​លាក់​មួយ​ ។ ទីបី ​វារឹតបន្តឹង​កម្រិត​ប្រាក់​ចំណេញ ។​ ដូច្នេះ សរុប​មកបញ្ហា​ប្រឈម ​គឺអត្រាការ​ប្រាក់ទាប កំណើន​ឥណទាន​មាន​កម្រិត និង​ការរឹត​បន្តឹង​កំរិត​ប្រាក់​ចំណេញ ។

អាម៉ាហ្សាឌៀ ៖ ខណៈពេលដែល​អតិថិជន​អាចទទួល​បាន​អត្ថប្រយោជន៍​ពី​អត្រាការ​ប្រាក់​ទាប​ តើ​ធនាគារ​ ឈីហ្វ បានធ្វើអ្វីខ្លះ​ដើម្បីចៀស​ពីដំណាក់​កាល​លំបាក​នេះ ?

លោក បណ្ឌិត ម៉ូរ៉ារិទ្ធ ៖ ចាប់​តាំងពី​យើងបាន​វិវឌ្ឍខ្លួន​ពី​ធនាគារ​ឯកទេស​ទៅជា​ធនាគារ​ពាណិជ្ជ ​មក យើង​អាចផ្តល់​សេវាហិរញ្ញវត្ថុ​ពេញ​លេញ​បាន​ រួម​ទាំង​ការ​ទទួល​ប្រាក់​បញ្ញើពី​សាធារណ​ជន ជា​ពិសេស​អតិថិជន​ដែល​មាន​ប្រភព​ចំណូល​សមរម្យ ​និង​ស្រប​ច្បាប់ ។ សេវាកម្ម​ឥណទាន ​គឺជាជំនាញ​បឋម​របស់​យើង​ សេវាកម្ម​ហិរញ្ញវត្ថុ​ពាណិជ្ជកម្ម ផ្តោត​លើ​ការ​ផ្តល់​ហិរញ្ញប្បទាន​ដល់​ប្រតិបត្តិ​ការ​ពាណិជ្ជ​កម្ម​អន្តរជាតិ ការប្តូរ​រូបិយប័ណ្ណ​បរទេស ដែល​និយាយ​​ឲ្យ​សាមញ្ញ​មាន​ន័យ​ថា ការ​ប្តូររូបិយ​ប័ណ្ណ​របស់​ប្រទេស​មួយ​ ទៅ​ប្រទេស​មួយ​ទៀត​ ការ​ផ្ទេរ​ប្រាក់ ឬការ​ទូទាត់​ប្រាក់ ​និង​សេវាធនាគារ​ចល័ត​ ។ ទន្ទឹម​នឹង​នេះដែរ​ សេវាកម្ម ATM ​របស់​ធនាគារ​ គឺមាន​លក្ខណ​ពិសេស​ ដោយ​សាយើង ​ជា​សមាជិក Cambodian ​Shared ​Switch ​(CSS)​ ដូច្នេះ​អ្នកដែល​កាន់​កាត​ ATM ​របស់ធនាគារ ឈីហ្វ អាច​ដកប្រាក់​ និង​ផ្ទេរប្រាក់​នៅ​ទូទាំង​ប្រទេស​ពី​ម៉ាស៊ីន​ ATM របស់​ធនាគារ​ផ្សេងៗ​ដែល​ជាសមាជិក​របស់​ CSS​ ផង​ដែរ ។​ CSS គឺជាប្រព័ន្ធ​ប្រតិបត្តិការណ៍​ហិរញ្ញវត្ថុ​អន្តរធនាគារ​ ដែល​ត្រូវបាន​ដាក់​អោយ​ប្រើប្រាស់ ដោយ​ធនាគារ​ជាតិ​នៃកម្ពុជា ។

ដូច្នេះ ​វាពិត​ជាមាន​ភាពងាយ​ស្រួល​ណាស់​ ។ អ្នក​អាច​ប្រើប្រាស់ទូរ ​ATM របស់​ធនាគារ​ ឈីហ្វ ដើម្បី​ដក​ប្រាក់​ពីធនាគារ​ណាមួយ​នៅ​ខេត្ត​ព្រះសីហនុ​ បាន​ដរាប​ណាធនាគារ​នោះ ​មាន​ទូរ ​ATM និង​ជា​សមាជិក​ភាព CSS ។​ គ្រឹះស្ថានមី​ក្រូហិរញ្ញវ​ត្ថុធំៗ​ ក៏​ជាស​មាជិក ​CSS ដែរ​ ។ ធនាគារ ឈីហ្វ កំពុង​ដំណើរការ​នូវ​គម្រោង​ដើម្បីធ្វើឲ្យ​ការប្រើប្រាស់​មាន​ភាព​កាន់តែ​ងាយ​ស្រួលសម្រាប់​អតិថិជន ​។ នៅចុង​ឆ្នាំនេះ យើង​នឹងមាន​សេវាកម្ម​មួយ​ផ្សេង​ទៀត​ដែល អនុញ្ញាត​ឲ្យមាន​ការផ្ទេរ​ប្រាក់​តាម​រយៈ​ប្រព័ន្ធ​បាគង​ ដែល​ជា​គម្រោង​ដ៏ល្អមួយ​ត្រូវបាន​ផ្តួចផ្តើម​ដោយ​ធនាគារ​ជាតិ ។​ ទន្ទឹម​នឹងនេះ ​យើង​នឹង​ខិតខំឲ្យ​អស់​ពី​សមត្ថភាព ដើម្បី​បង្កើន​ភាពងាយ​ស្រួលក្នុង​ការ​ផ្ទេរប្រាក់ ​និង​ដាក់​ប្រាក់​ជា​ដើម ។

អាម៉ាហ្សាឌៀ ៖ សេវាធនាគារ​ចល័ត​ គឺជា​យុទ្ធសាស្ត្រមួយដែល​ធនាគារ​បាន​ប្រើប្រាស់​ ដើម្បី​តាម​ឲ្យទាន់​ក្នុង​វិស័យ​ឌីជីថល ។​ តើលោក បណ្ឌិត អាចប្រាប់អំពី​ការ​អភិវឌ្ឍនៃសេវាធនាគារ​ចល័ត​របស់ ធនាគារ​ឈីហ្វ​ បាន​ដែរ ឬទេ ?

លោក ​បណ្ឌិត ម៉ូរ៉ារិទ្ធ​ ៖ សេវាធនាគារ​ចល័ត​របស់​ធនាគារ ​ឈីហ្វ មាន​មុខងារ​ច្រើន​ណាស់ ។ អតិថិជន​អាច​ពិនិត្យ​មើល​សមតុល្យ​នៅក្នុង​គណនី​ដោយ​មិនចាំ​បាច់​មក​ធនាគារ​ផ្ទាល់ ។​ ទីពីរ គឺពួក​គេអាច​ប្រើ​សេវា​កម្មបញ្ចូល​ទឹក​ប្រាក់​ ដូច​ជា​ការ​ទិញ​កាត​ទូរស័ព្ទ ការ​បង់​ប្រាក់តាម​អ៊ិន​ធើរ​ណេត​ និងកា​រទូទាត់​ផ្សេងៗ​ ។ អតិថិជន​ក៏អាច​ផ្ទេរប្រាក់​ទៅគណនី​ដទៃ ​ទៀត​របស់​ធនាគារ ឈីហ្វ​បាន​ដែរ ។ ពួក​គេក៏អាច​ពិនិត្យ​មើល​សេវាកម្ម​ឥណទាន​ដែល​ធនាគារ​ ឈីហ្វ មាននិង​អាច​ទទួល​បាន​ព័ត៌មាន​ និង​សារផ្សេងៗ​ទៀត​នៅ​លើ​ទូរស័ព្ទ​ដៃ ។ ក្នុង​នោះ​ក៏មាន​មុខ​ងារ នៃ​ផលិត​ផល​ផ្សេងទៀត​ដែល​ផ្តល់​នូវភាព​ងាយ​ស្រួល​បំផុត នៅពេលត្រូវ​បាន​ដាក់​ឲ្យ​ដំណើរ​ការ ។

អាម៉ាហ្សាឌៀ ៖ តើ​នរណា​ជាអតិថិជន​គោល​ដៅ​របស់​ធនាគារ​ ​ឈីហ្វ ?

លោក​ បណ្ឌិត ម៉ូរ៉ារិទ្ធ​ ៖ យើងមាន​ផ្នែកអាជីវ​កម្ម​សំខាន់ៗ​ចំនួន​បីទាក់​ទងនឹង​អតិថិជន​របស់​យើង ​។ ដំបូង​ជា ​សហគ្រាស​ខ្នាត​តូច​បំផុត ខ្នាតតូច​ និង​ខ្នាត​មធ្យម ​(MSMEs) ។ ទីពីរ​ ជា​អតិថិជន​ទូទៅ​ ។ ទីបី អតិថិជន​ ជាក្រុមហ៊ុន​ ។ អតិថិជន​ទាំង​ ៣ នេះគឺជា​ផ្នែក​ដ៏សំខាន់​សម្រាប់​អាជីវកម្ម​ធនាគារ​ ។ MSMEs សំដៅ​ទៅលើស​ហគ្រាស​ខ្នាតតូច​បំផុត ​តូច និង​មធ្យម ។ ផ្នែកទី​ ២ ផ្តោត​សំខាន់​ទៅ​លើ​អតិថិជន​ទូទៅ (អតិថិជន​ដែល​ត្រូវការ​ប្រាក់​កម្ចី​) ។ ផ្នែកទី ៣​ គឺ​អតិថិជន​ ជាសាជីវកម្ម រួមទាំង​ក្រុមហ៊ុន​ផងដែ​រ ។ ទាំង​នេះគឺជា​អតិថិជនគោល​ដៅ ​ទាំងបី​ដែល យើង​បាន​បម្រើការ ។ យើងផ្តោត​ទៅលើ​អតិថិជន​ដែល​ជាដៃគូ​រយៈ​ពេលវែង ហើយ​យើងបាន​ប្រឹងប្រែង​ឲ្យអស់​ពីសមត្ថភាព ដើម្បី​ទទួល​បាន​នូវការជឿទុក​ចិត្តគ្នា​ទៅ​វិញទៅ​មក ។ នៅពេល​យើងមាន​ការទុក​ចិត្តគ្នា យើង​នឹងក្លាយ​ជា​ដៃគូយូរ​អង្វែង ហើយត​ម្លាភាព​នឹង​មាន ​ដោយ​ឯកឯង​។ ទី ៤​យើង​បាន​បង្កើត​នូវ​យីហោ តាម​ការ​សន្យា ដែល​យើង​សន្យា​ថា​ធនាគារ ​ឈីហ្វ ត្រូវបាន​បង្កើតឡើង​ដោយ​ប្រជាជន​កម្ពុជា​សម្រាប់​ប្រជាជន​កម្ពុជា ។ ធនាគារ​ត្រូវបាន​បង្កើត​ឡើង​ដោយ​ប្រជាជន​កម្ពុជា​រួមទាំង​ខ្ញុំផង​ដែរ ខណៈ​បុគ្គលិក​ភាគ​ច្រើន ក៏ជាជន​ជាតិខ្មែរដែរ​ ។ មាន​ជន​បរទេស​មកពី​ប្រទេស​ឥណ្ឌា ​ហុង​កុង និង​ម៉ាឡេស៊ី​ដែល​ធ្វើការ ​នៅក្នុង​ធនាគារ​ ឈីហ្វ ប៉ុន្តែ​បុគ្គលិក​ភាគ​ច្រើន​ជាប្រជាជន​ក្នុងស្រុក​ ។ លោក​បណ្ឌិត ​និយាយ​ថា ៖ «បង្កើត​ឡើង​ដោយ​ប្រជាជន​កម្ពុជា​សម្រាប់​ប្រជាជន​កម្ពុជា គឺបង្ហាញ​ពីការ​ប្តេជ្ញា​ចិត្ត​របស់​យើង​ចំពោះ​ប្រជាជន​កម្ពុជា ។ យើង​ជា​គ្រួសារ​ ឈីហ្វ ។ ហើយ​នេះគឺជា​ទស្សនវិជ្ជា​ដែល​យើង​បាន​អនុវត្ត ៕ ដោយសហការ