ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

សហគ្រិនខ្មែរ សហការជាមួយផ្សារទំនើបអុីអនម៉ល ផ្សព្វផ្សាយផលិតផលក្នុងស្រុក

2 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ សហគ្រិនខ្មែរ ដែលជាអង្គភាពក្រោមចំណុះក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចូលរួមសហការជាមួយផ្សារទំនើប អ៊ីអន ម៉ល ដែលជា ប្រតិបត្តិករផ្សារទំនើបផ្គត់ផ្គង់សម្ភារៈជាច្រើនមុខនៅក្នុងប្រទេសកម្ពុជា…

រាជធានីភ្នំពេញ ៖ សហគ្រិនខ្មែរ ដែលជាអង្គភាពក្រោមចំណុះក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចូលរួមសហការជាមួយផ្សារទំនើប អ៊ីអន ម៉ល ដែលជា ប្រតិបត្តិករផ្សារទំនើបផ្គត់ផ្គង់សម្ភារៈជាច្រើនមុខនៅក្នុងប្រទេសកម្ពុជា ក្នុងការផ្សព្វផ្សាយផលិតផលក្នុងស្រុកនៅក្នុងផ្សារទំនើប អ៊ីអន ម៉ល ។ ភាគីទាំងពីរបានឯកភាពគ្នាក្នុងសហការជាមួយអ្នកផលិត និងអ្នកផ្គត់ផ្គង់ផលិតផលនៅក្នុងស្រុក ដើម្បីលើកកម្ពស់ និងលើកស្ទួយការយល់ដឹងអំពីផលិតផលក្នុងស្រុក នៅតាមហាង និងផ្សារទំនើបនានានៅក្នុងប្រទេសកម្ពុជា ។

សហគ្រិនខ្មែរ និងផ្សារទំនើប អ៊ីអន ម៉ល កំពុងរៀបចំពិព័រណ៍ផលិតផលក្នុងស្រុកចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី ៣០ ខែឧសភាឆ្នាំ ២០២១ នៅផ្សារទំនើប អ៊ីអន ម៉ល ភ្នំពេញ និងផ្សារទំនើប អ៊ីអន ម៉ល សែនសុខ ។ ការតាំងពិព័រណ៍រយៈពេល ៣ សប្តាហ៍នេះមានគោលបំណងក្នុងការតាំងបង្ហាញប្រភេទផលិតផលក្នុងស្រុកជាច្រើនប្រភេទដូចជា ៖ បន្លែ ផ្លែឈើ​ ស៊ុត ទឹកដោះគោស្រស់ អង្ករ និងផលិតផលប្រើប្រាស់ប្រចាំថ្ងៃនៅក្នុងផ្ទះជាច្រើនទៀត ។ ក្នុងអំឡុងពេលនៃព្រឹត្តិការណ៍នេះ ផលិតផលក្នុងស្រុកទាំងអស់ដែលបានដាក់បង្ហាញ នឹងត្រូវបានដាក់លក់បញ្ចុះតំលៃជាពិសេសរហូតដល់ ​៥០% ដើម្បី
ទាក់ទាញអតិថិជនក្នុងស្រុកឱ្យសាកល្បង និងទិញផលិតផលទាំងនោះ ។

លោកបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ នាយកប្រតិបត្ដិនៃសហគ្រិនខ្មែរ បានមានប្រសាសន៍ថា «ផលិតផលក្នុងស្រុកពុំទាន់ទទួលបានការគាំទ្រច្រើន ពីអ្នកប្រើប្រាស់ទូទៅនៅឡើយទេ ដោយសារការយល់ដឹង និងការស្គាល់ ផលិតផលក្នុងស្រុកនៅមានកម្រិតទាប បើប្រៀបធៀបទៅនឹងផលិតផលនាំចូល ខណៈពេលដែលផលិតផលក្នុងស្រុកមានគុណភាពល្អ និងការប្រកួតប្រជែងតម្លៃស្មើគ្នា ទៅនឹងផលិតផលនាំចូល។ ការសហការជាមួយផ្សារទំនើប អ៊ីអន ម៉ល ក្នុងការផ្សព្វផ្សាយផលិតផលក្នុងស្រុក គឺស្របទៅនឹងគោលការណ៍ របស់សហគ្រិនខ្មែរដើម្បីធានា និងពង្រីកទីផ្សារសម្រាប់ផលិតករកម្ពុជា» ។

ផ្សារទំនើប អ៊ីអន ម៉ល បានផ្សព្វផ្សាយផលិតផលក្នុងស្រុកចាប់តាំងពីផ្សារទំនើប អ៊ីអន ម៉ល ភ្នំពេញ បើកដំណើរការនៅឆ្នាំ ២០១៤ ។ សហគ្រិនខ្មែរ និងផ្សារទំនើប អ៊ីអន ម៉ល សង្ឃឹមថា ពិព័រណ៍ក្នុងស្រុកនេះនឹងរួមចំណែកលើកកម្ពស់ និងលើកស្ទួយការយល់ដឹងអំពីផលិតផលក្នុងស្រុក ដល់អតិថិជនក៏ដូចជាលើកទឹកចិត្តដល់ផលិតករក្នុងស្រុកផងដែរ ។

ទន្ទឹមនឹងនេះ ផ្សារទំនើប អ៊ីអន ម៉ល ក៏ជំរុញ ឱ្យអ្នកផលិតរក្សាគុណភាពនៃផលិតផល ការវេចខ្ចប់ឱ្យមានភាពទាក់ទាញ និងការចុះឈ្មោះផលិតផលរបស់ខ្លួនអោយបានត្រឹមត្រូវ ។ គោលបំណងទាំងនេះ គឺដើម្បីការពារសុវត្ថិភាពរបស់អតិថិជន ។ ហេតុដូច្នេះហើយ សហគ្រិនខ្មែរ និងផ្សារទំនើប អ៊ីអន ម៉ល សង្ឃឹមថា អ្នកផលិត មិនត្រឹមតែលក់នៅក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែពួកគេក៏នឹងមានឱកាសនាំចេញកាន់តែច្រើនទៀតផងដែរ ៕ ដោយសហការ