ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

TI ៖ ពលរដ្ឋបានសម្ភាសថា តុលាការប៉ូលិស និងរដ្ឋាភិបាល មានអំពើពុករលួយនាំមុខគេ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ៖ អង្គការតម្លាភាពកម្ពុជាហៅកាត់ថា TI បានចេញរបាយណ៍មួយស្តីពីការវាស់អំពើពុករលួយជាសកលឆ្នាំ២០២០ ។ របាយការណ៍នោះបាននិយាយពីស្ថានភាពអំពើពុករលួយជាសកល និងនៅអាស៊ី ។ សម្រាប់នៅកម្ពុជា តាមរយៈការសម្ភាសពលរដ្ឋតាមទូរស័ព្ទចន្លោះពីខែមិថុនា…

រាជធានីភ្នំពេញ៖ អង្គការតម្លាភាពកម្ពុជាហៅកាត់ថា TI បានចេញរបាយណ៍មួយស្តីពីការវាស់អំពើពុករលួយជាសកលឆ្នាំ២០២០ ។ របាយការណ៍នោះបាននិយាយពីស្ថានភាពអំពើពុករលួយជាសកល និងនៅអាស៊ី ។ សម្រាប់នៅកម្ពុជា តាមរយៈការសម្ភាសពលរដ្ឋតាមទូរស័ព្ទចន្លោះពីខែមិថុនា ដល់ខែកក្កដា ឆ្នាំ២០២០ តម្លាភាពកម្ពុជារកឃើញថា ការយល់ឃើញរបស់សាធារណជនទាក់ទងទៅនឹងអំពើពុករលួយមានភាពប្រសើរឡើង បើធៀបទៅនឹងលទ្ធផលរបាយការណ៍កាលពីឆ្នាំ២០១៦ ។ ប៉ុន្តែTI បានវាយតម្លៃថា បទពិសោធន៍របស់ប្រជាពលរដ្ឋទៅនឹងអំពើពុករលួយ នៅតែមានកម្រិតខ្ពស់នៅឡើយ។

របាយការណ៍ដែលចេញកាលពីថ្ងៃទី២៤ វិចិ្ឆកាថា ​កាលពីឆ្នាំ២០១៦ មានប្រជាពលរដ្ឋខ្មែរត្រឹមតែ២៨% យល់ថា អំពើពុករលួយមានការថយចុះ ហើយប្រមាណ៦៦% យល់ថាអំពើពុករលួយ នៅតែមាន និងបន្តកើនឡើង ។ ចំណែកនៅឆ្នាំ២០២០នេះវិញ លទ្ធផលបង្ហាញថា ប្រជាពលរដ្ឋ៥៥% យល់ឃើញថា អំពើពុករលួយនៅកម្ពុជាមានការថយចុះ ហើយ៤១%ផ្សេងទៀតយល់ថា អំពើពុករលួយនៅតែមាន និងបន្តកើនឡើង ។

បើតាមការស្រាវជ្រាវរបស់អង្គការតម្លាភាពកម្ពុជា ពលរដ្ឋបានលើកឡើងថា ស្ថាប័នតុលាការ ប៉ូលិស និងរដ្ឋាភិបាលនៅតែជាស្ថាប័នដែលពលរដ្ឋជឿថា ពុករលួយជាងគេ ។ «៨៩%អ្នកផ្តល់សម្ភាសគិតថា អំពើពុករលួយមាននៅក្នុងចំណោមមន្រ្តីប៉ូលិស ។ ៧២%យល់ថា មានអំពើពុករលួយនៅក្នុងចំណោមមន្រ្តីរដ្ឋាភិបាល ហើយ៧២%គិតថាមានអំពើពុករលួយនៅក្នុងវិស័យតុលាការ» ។ នេះបើតាមការបញ្ជាក់រស់អង្គការតម្លាភាពកម្ពុជា។

IT នៅបានបញ្ជាក់ថា ប្រជាពលរដ្ឋនៅតែប្រឈមនឹងអំពើពុករលួយនៅក្នុងការប្រើប្រាស់សេវាសាធារណៈមួយចំនួន ។ ពលរដ្ឋដែលបានសម្ភាស បានឆ្លើយថា ធ្លាប់បានសូកប៉ាន់ដើម្បីទទួលសេវាសាធារណៈ ហើយពលរដ្ឋក៍បានភ័យខ្លាចជាមួយបញ្ហាអំពើពុករលួយនេះដែរ។

លោកប៉ិច ពិធី នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា មានលើកឡើងថា​ «អំពើពុករលួយ នៅតែបន្តយាយីដល់នីតិរដ្ឋ ការទទួលបានយុត្តិធម៌ និងជាឧបករណ៍ចំបងក្នុងការធ្វើអាជីវកម្មនៅកម្ពុជា» ។ លោកបានបន្ថែមថា នៅអំឡុងពេលដែលកម្ពុជាកំពុងប្រឈមមុខនឹងវិបត្តិផ្ទួនៗដែលកើតចេញពីផលប៉ះពាល់ជាអវិជ្ជមាន ដែលបង្កដោយការរីករាលដាលពីជំងឺកូវីដ១៩ ការដកប្រព័ន្ធអនុគ្រោះពន្ធ« អ្វីៗគ្រប់យ៉ាងលើកលែងតែអាវុធ » ហៅកាត់ថា EBA និងការធ្លាក់ចុះនៃសេដ្ឋកិច្ច ការកាត់បន្ថយអំពើពុករលួយនៅក្នុងវិស័យសាធារណៈ គឺជាការចំាបាច់បំផុតដើម្បីឲ្យកម្ពុជាអាចបង្កើនប្រសិទ្ធភាពនៃការផ្តល់សេវាដល់ពលរដ្ឋ វិស័យឯកជន និងរក្សាស្ថេរភាពសេដ្ឋកិច្ច និងការទទួលបានយុត្តិធម៌សង្គម។

ក្រៅពីកម្ពុជាអង្គការតម្លាភាពកម្ពុជាបានបញ្ជាក់ថា តាមការរយៈការសម្ភាសពលរដ្ឋជិតពីរម៉ឺននាក់ នៅក្នុងប្រទេស១៧បានបង្ហាញថា ពលរដ្ឋប្រមាណ៣៨%យល់ឃើញថាអំពើពុករលួយមានការកើនឡើងក្នុងរយៈពេល១២ ខែចុងក្រោយនេះ ដែលធ្វើឲ្យប៉ះពាល់ដល់ការទទួលសេវាសាធារណៈប្រកបដោយប្រសិទ្ធភាព និងការជឿទុកចិត្តលើរដ្ឋាភិបាល ។

ការកត់សម្គាល់ការប្រយុទ្ធប្រឆំាងអំពើពុករលួយរដ្ឋាភិបាលបានបង្កើតច្បាប់និងយន្តការជាច្រើនជាពិសេសកម្ពុជាមានអង្គភាពប្រឆំាងអំពើពុករលួយ។ រដ្ឋាភិបាលបានប្តេជ្ញាចិត្តយ៉ាងមុះមុតក្នុងការសម្រេចឱ្យបាននូវគោលដៅ និងវិធានការរបស់ខ្លួននឹងបានដាក់ចេញអភិ​ក្រម​ការងារ៥ យ៉ាង គឺ «ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ