ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

KOICA បង្ហាញ​គម្រោង​អភិវឌ្ឍន៍​សហគមន៍​ជនបទ​តាម​រយៈ​វិស័យ​កសិកម្ម

6 ឆ្នាំ មុន
  • តាកែវ

ខេត្តតាកែវ ៖ ទីភ្នាក់ងារ​សហប្រតិបត្តិការ​អន្តរជាតិ​កូរ៉េ ហៅ​កាត់​ថា KOICA សហការ​ជាមួយ​ក្រសួង​អភិវឌ្ឍន៍ជនបទ បាន​រៀបចំ​ទស្សនកិច្ច​សិក្សា​ស្តី​ពី​គម្រោង​គាំទ្រ​ការងារ​អភិវឌ្ឍន៍ជនបទ ដោយ​ប្រើប្រាស់​វិធីសាស្ត្រ «​ចលនា​ភូមិ​ថ្មី​» ដើម្បី​បង្ហាញ​ពី​ការ​អភិវឌ្ឍ​សហគមន៍​តាម​រយៈ​ការ​ចិញ្ចឹម​ត្រី…

ខេត្តតាកែវ ៖ ទីភ្នាក់ងារ​សហប្រតិបត្តិការ​អន្តរជាតិ​កូរ៉េ ហៅ​កាត់​ថា KOICA សហការ​ជាមួយ​ក្រសួង​អភិវឌ្ឍន៍ជនបទ បាន​រៀបចំ​ទស្សនកិច្ច​សិក្សា​ស្តី​ពី​គម្រោង​គាំទ្រ​ការងារ​អភិវឌ្ឍន៍ជនបទ ដោយ​ប្រើប្រាស់​វិធីសាស្ត្រ «​ចលនា​ភូមិ​ថ្មី​» ដើម្បី​បង្ហាញ​ពី​ការ​អភិវឌ្ឍ​សហគមន៍​តាម​រយៈ​ការ​ចិញ្ចឹម​ត្រី ជ្រូក មាន់ ការ​ដាំ​បន ផ្សេង​ៗ និង​ការ​ណែនាំ​ដល់​សហគមន៍​ពី​នីតិវិធី​នៃ​ការ​រៀបចំ​ស្នើ​សុំ​គម្រោង។

លោក​បណ្ឌិត Dongwon Anh សាស្ត្រាចារ្យ​នៃ​សាកលវិទ្យាល័យ YONSEI សាធារណរដ្ឋ​កូរ៉េ និង​ជា​អ្នកសម្របសម្រួល​គម្រោង បាន​មាន​ប្រសាសន៍​ថា គម្រោង​នេះ​នឹង​ត្រូវ​ចំណាយ​ទឹកប្រាក់​អស់​៨​លាន​ដុល្លារ មាន​រយៈពេល​៤​ឆ្នាំ ដោយ​បាន​រៀបចំ​ពី​ឆ្នាំ​២០១៤ ដល់​ឆ្នាំ​២០១៨ ក្រោម​ជំនួយ​របស់​រដ្ឋាភិបាល​កូរ៉េ តាម​រយៈ​ទីភ្នាក់ងារ​សហប្រតិបត្តិការ​អន្តរជាតិ​កូរ៉េ (KOICA) និង​អនុវត្ត​ដោយ​ក្រសួង​​អភិវឌ្ឍន៍ជនបទ ទៅ​លើ​ខេត្ត​គោលដៅ​ចំនួន​៣​រួម​មាន ខេត្តតាកែវ កំពង់ស្ពឺ និង​ខេត្ត​ត្បូងឃ្មុំ ដោយ​សាកល្បង​ទៅ​លើ​ភូមិ​ចំនួន​៣០​នៅ​ក្នុង​ខេត្ត​គោលដៅ​ទាំង​៣​នេះ ។

គោលបំណង​សំខាន់​នៃ​គម្រោង​នេះ គឺ​កំណត់​ពី​តម្រូវការ​អភិវឌ្ឍ និង​បង្កើត​គម្រោង​សាកល្បង​ដែល​ពាក់ព័ន្ធ​នៅ​ថ្នាក់​ភូមិ ដើម្បី​បង្កើន​​ប្រាក់​ចំណូល​ប្រជា​សហគមន៍ ក៏​ដូច​ជា​ជួយ​កាត់​បន្ថយ​ភាព​ក្រីក្រ​របស់​ប្រជាពលរដ្ឋ និង​បង្កើន​បរិស្ថាន​បៃតង​នៅ​តាម​សហ​គមន៍​នីមួយ​ៗ ។ តាម​រយៈ​គម្រោង​នេះ កាលពី​ថ្ងៃ​ទី​២២ កក្កដា មន្ត្រី​សម្របសម្រួល​គម្រោង​របស់ KOICA និង​មន្ត្រី​មន្ទីរ​អភិ​វឌ្ឍន៍​ជនបទ​តាម​ខេត្ត​គោលដៅ នីមួយ​ៗ​បាន​ដឹកនាំ​ប្រជា​សហគមន៍​ប្រមាណ​ជាង​១០០​នាក់​ទៅ​ចូលរួម​ស្ដាប់ ក៏​ដូច​ជា​សិក្សា​ឈ្វេងយល់​ដោយ​ផ្ទាល់​ពី​កសិករ​ឆ្នើម​ចំនួន​៣​រូប​ធ្វើ​បទ​បង្ហាញ​លើ​វិធីសាស្ត្រ​នៃ​ការ​ចិញ្ចឹម​ត្រី ចិញ្ចឹម​ជ្រូក មាន់ និង​ការ​ដាំ​បន្លែផ្សេង​ៗ​។

លោក​វ៉ា​ន់ ប៉ូ ជា​កសិករ​គំរូ​នៅ​ភូមិ​អូរ​ផុត ឃុំ​អង្គតាសោម ស្រុក​ត្រាំកក់ ដែល​មានបទពិសោធន៍​ផលិត​កូន​ត្រី ការ​ចិញ្ចឹម​ត្រី​រយៈ​ពេល​១១​ឆ្នាំ និង​ជា​មន្ត្រី​បច្ចេកទេស​នៅ​ក្នុង​សហគមន៍​ដែល​បាន​ទទួល​ការ​បណ្ដុះបណ្ដាល​ពី​អង្គការ CEDAC , JICA និង MAFF បាន​ធ្វើ​បទ​បង្ហាញ​លើ​ប្រធានបទ​ចំនួន​៣ គឺ​បច្ចេកទេស​នៃ​ការ​ចិញ្ចឹម​ត្រី ការ​បង្កាត់​ពូជ​ត្រី និង​ការ​ចងក្រង​ជា​សហគមន៍​ដើម្បី​ងាយ​ស្រួល​រក​ទីផ្សារ ក្នុង​គោលបំណង​កាត់​បន្ថយ​ការ​ទិញ​ត្រី​ដែល​នាំ​ចូល​ពី​ប្រទេស​ជិតខាង ។

ចំណែក​លោក​រស់ ម៉ៅ នៅ​ភូមិ​បន្ទាយ​ចោម​ពល ឃុំ​ពពេល ស្រុក​ត្រាំកក់ ដែល​ទទួល​បាន​ជ័យ​លា​ភី​លេខ​២ ជា​កសិករ​ឆ្នើម​លើ​ការ​ច្នៃប្រឌិត ជា​ពិសេស​លើ​ដំណាំ​ស្រូវ និង​ផលិតផល​កសិកម្ម និង​ជ័យ​លា​ភី​លេខ​១​ខាង​ផ្នែក​ដាំ​ដំណាំ​ល្ហុង ក៏​បាន​ធ្វើ​បទ​បង្ហាញ​ពី​វិធី​សាស្ត្រ​នៃ​ការ​ដាំ​បន្លែ​ធ្វើ​យ៉ាងណា​ឲ្យ​ទទួល​បាន​ទិន្នផល​ច្រើន ចំណាយ​តិច និង​ការ​ចងក្រង​ជា​ក្រុម​សម្រាប់​ទ្រទ្រង់​សហគមន៍ ។
ដោយឡែក​លោក​ឡា​ច ឃ្លី នៅ​ភូមិ​ត្រពាំង​ព្រីង ឃុំ​ពពេល ស្រុក​ត្រាំកក់ ជា​កសិករ​គំរូ​របស់ CEDAC លើ​បច្ចេកទេស​ផលិតផល​កសិកម្ម និង​ការ​ចិញ្ចឹមសត្វ បាន​ធ្វើ​បទ​បង្ហាញ​ពី​ការ​ចិញ្ចឹម​មាន់ ជ្រូក និង​ការ​ផលិត​ចំណី​សត្វ​តាម​ធម្មជាតិ​ផង​ដែរ ។

លោក​ប៉ិច ចំរើន អាយុ​៤៤​ឆ្នាំ ជា​មន្ត្រី​សម្របសម្រួល​ក្រុមការងារ​ចលនា​ភូមិ​ថ្មី នៅ​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្តកំពង់ស្ពឺ ដែល​បាន​ដឹក​នាំ​ប្រធាន​ភូមិ និង​កសិករ​ទៅ​ចូលរួម​ចំនួន​២០​នាក់ បាន​មាន​ប្រសាសន៍​ថា គោលបំណង​ដែល​លោក​ដឹកនាំ​ពួក​គាត់​មកនេះ​គឺ​ដើម្បី​ស្ដាប់ និង​ឃើញជាក់ស្តែង​ពី​វិធីសាស្ត្រ​ក្នុង​ការ​បង្កបង្កើន​ផល​តាម​រយៈ​វិស័យ​កសិកម្ម ដើម្បី​យកចំណេះ​ដឹង​ទាំងនេះ​ទៅ​អនុវត្ត ក៏​ដូច​ជា​ផ្សព្វផ្សាយ​នៅ​ក្នុង​សហគមន៍​របស់​ពួក​លោក ។ នេះ​ជា​គម្រោង​សាកល្បង​ដំបូង​សម្រាប់​ខេត្តកំពង់ស្ពឺ ដែល​ត្រូវ​រៀបចំ​ទៅ​លើ​ភូមិ​ចំនួន​១០​ក្នុងស្រុក​/​ក្រុង ទូ​ទាំង​ខេត្ត គឺ​ស្រុក​ថ្ពង ស្រុក​ឧដុង្គ សំរោង​ទង និង​ក្រុង​ច្បា​មន ។

លោក​សៅ លី​ម មក​ពី​សហគមន៍​ស្រុក​បាទី មាន​ចំណាប់អារម្មណ៍​ថា លោក​មក​ចូលរួម​ស្តាប់​ការ​ធ្វើ​បទ​បង្ហាញ​ពី​អ្នកឯកទេស​កសិ​កម្ម​នា​ថ្ងៃនេះ គឺ​ទទួល​បាន​សារ​ប្រយោជន៍​យ៉ាងច្រើន​ពី​ការងារ​កសិកម្ម ពិសេស​លើ​បច្ចេកទេស​នៃ​ការ​ចិញ្ចឹម​ត្រី និង​ការ​ដាំ​បន្លែ ផ្សេង​ៗ ។ លោក​យល់​ថា គម្រោង​នេះ​នឹង​ជួយ​ទ្រទ្រង់​ជីវភាព​របស់​ប្រជា​សហគមន៍​ឲ្យ​កាន់តែ​ប្រសើរ​ឡើង ព្រោះ​ជា​ផ្នែក​មួយ​ឲ្យ​កសិ​ករ​មានការ​ងារ​ធ្វើ ក្រៅពី​ការងារ​ធ្វើ ស្រែ​ចម្ការ និង​ជួយ​កាត់​បន្ថយ​ភាព​ក្រីក្រ ស្រប​តាម​យុទ្ធសាស្ត្រ​ចតុកោណ​របស់​រាជរដ្ឋា​ភិ​បាល​កម្ពុជា ។

លោកតា​ឱម ផុស អាយុ​៧៤ មេ​ភូមិ​សូ វង្ស ឃុំ​វាល​ពង់ ស្រុក​ឧដុង្គ ខេត្តកំពង់់ស្ពឺ ក្នុង​គោលបំណង​ចង់​ឈ្វេងយល់​លើ​វិស័យ​កសិ​កម្ម ដើម្បី​យក​ទៅ​ផ្សព្វផ្សាយ​ដល់​កូន ចៅ និង​ប្រជា​សហគមន៍​ក្នុង​មូលដ្ឋាន បាន​មាន​ប្រសាសន៍​ថា លោកតា​រីករាយ​ណាស់​ដែល​បាន​ចូលរួម​ស្តាប់​ការ​ធ្វើ​បទ​បង្ហាញ​ពី​អ្នកជំនាញ​ទាំង​បី​រូប​។ ពេល​ត្រឡប់​ទៅ​មូលដ្ឋាន​វិញ លោកតា​នឹង​យកចំណេះ​ដឹង​ទាំងនេះ​ទៅ​ផ្សព្វផ្សាយ​នៅ​ក្នុង​សហគមន៍​ដើម្បី​ពិភាក្សា​រៀបចំ​ស្នើ​សុំ​អនុវត្ត​គម្រោង​នេះ ៕