ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Facebook រក​ឃើញ​ច្រកចូល​​ហើយ

6 ឆ្នាំ មុន
  • ភ្នំពេញ

Facebook ត្រូវ​បាន​ហាមឃាត់​មិន​ឲ្យ​ប្រើប្រាស់​ក្នុង​ប្រទេស​ចិន​អស់​ជា​ច្រើន​ឆ្នាំ​មក​ហើយ ប៉ុន្តែ​កម្មវិធី​ទូរស័ព្ទ​ថ្មី​មួយ​អាច​នឹង​ជា​ផ្លូវ​ចូល​ក្នុង​ទីផ្សារ​នេះ ។ កម្មវិធី​នេះ​មានឈ្មោះ​ថា Colorful Balloons ហើយ​របៀប​ដំណើរការ​របស់​វា គឺ​ស្រ​ដៀង​នឹង​កម្មវិធី Moments…

Facebook ត្រូវ​បាន​ហាមឃាត់​មិន​ឲ្យ​ប្រើប្រាស់​ក្នុង​ប្រទេស​ចិន​អស់​ជា​ច្រើន​ឆ្នាំ​មក​ហើយ ប៉ុន្តែ​កម្មវិធី​ទូរស័ព្ទ​ថ្មី​មួយ​អាច​នឹង​ជា​ផ្លូវ​ចូល​ក្នុង​ទីផ្សារ​នេះ ។ កម្មវិធី​នេះ​មានឈ្មោះ​ថា Colorful Balloons ហើយ​របៀប​ដំណើរការ​របស់​វា គឺ​ស្រ​ដៀង​នឹង​កម្មវិធី Moments របស់ Facebook ។

កម្មវិធី​នេះ​មានការ​បកស្រាយ​ក្នុង​គេហទំព័រ​ទាញ​កម្មវិធី​របស់​ប្រទេស​ចិន​ថា Colorful Balloons អាច​រៀបចំ​រូបភាព និង​វី​ដេ​អូ​ក្នុង​ទូរស័ព្ទ​របស់​អ្នក​ប្រើប្រាស់​ជា​ក្រុម ដោយ​យោង​តាម​ពេលវេលា​, ទីកន្លែង និង​តួអង្គ​ដែល​មាន​ក្នុង​រូបភាព ឬ​វី​ដេ​អូ​នោះ ។ វា​អាច​ជួយ​ឲ្យ​អ្នក​បង្កើត​ជា​អាល់​ប៊ុ​ម និង​ចែករំលែក​ជាមួយ​មិត្តភក្តិ និង​គ្រួសារ ។

មនុស្ស​ម្នាក់​ដែល​យល់​ច្បាស់​ពី​រឿង​នេះ​បញ្ជាក់​ថា វា​ពិតជា​កម្មវិធី​របស់ Facebook​។ ប៉ុន្តែ​ឈ្មោះ​របស់ Facebook មិន​ត្រូវ​បាន​បញ្ចេញ​ឡើង​ទេ ។ ក្រុមហ៊ុន​ជា​អ្នក​បង្កើត​កម្មវិធី​នេះ គឺ Youge LLC ទៅ​វិញ ។

កម្មវិធី​នេះ​មាន​ចំណុច​ពិសេស​សម្រប​ទៅ​តាម​ទីផ្សារ​ប្រទេស​ចិន ហើយ​ដើម្បី​ចុះ​ឈ្មោះ អ្នក​ប្រើប្រាស់​ត្រូវ​តែ​ចុះ​ឈ្មោះ​ដោយ​ប្រើប្រាស់​លេខ​ទូរស័ព្ទ​ក្នុង​ប្រទេស​នេះ ។
ចិន​បាន​ហាមឃាត់ Facebook និង​ក្រុមហ៊ុន​បច្ចេកវិទ្យា​ធំ​ៗ​ដទៃ មិន​ឲ្យ​ចូល​ក្នុង​ប្រទេស​របស់​ខ្លួន អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ ព្រោះតែ​ច្បាប់​ត្រួតពិនិត្យ​ការ​បោះពុម្ពផ្សាយ​ដ៏​តឹងរ៉ឹង ។

លើស​ពី​នេះ កម្មវិធី​ផ្សេង​ៗ​ដូច​ជា Snapchat, Pinterest, Twitter និង Instagram ក៏​មានការ​ហាមឃាត់​មិន​ឲ្យ​ប្រើប្រាស់​ក្នុង​ប្រទេស​នេះ​ទាំងស្រុង ។

ប៉ុន្តែ​ការ​ធ្វើ​ដូចនេះ​មិន​អាច​បញ្ឈប់​ក្រុមហ៊ុន​បច្ចេកវិទ្យា​ធំ​ៗ​របស់​សហរដ្ឋអាមេរិក ក្នុង​ការ​មាន​ចំណាប់អារម្មណ៍​ដណ្តើម​ចំណែក​មួយ​នៃ​ទីផ្សារ​ដ៏​ធំ​របស់​ប្រទេស​ចិន​ទេ ។

Facebook បាន​និយាយ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​កាលពី​ថ្ងៃ​សៅរ៍​ថា ៖« ពួក​យើង​បាន​និយាយ​ជា​យូរ​មក​ហើយ​ថា យើង​មាន​ចំណាប់អារម្មណ៍​លើ​ប្រទេស​ចិន ។ យើង​កំពុង​តែ​ចំណាយពេល​ឈ្វេងយល់ និង​សិក្សា​បន្ថែម​ពី​ប្រទេស​នេះ​ក្នុង​វិធី​ខុស​ៗ​គ្នា ។ គោល​គំនិត​របស់​យើង​ក្នុង​ពេល​នេះ គឺ​ជួយ​ឲ្យ​អាជីវកម្ម និង​ក្រុមហ៊ុន​ចិន​អាច​ពង្រីក​ទៅ​កាន់​ទីផ្សារ​ដទៃ តាម​រយៈ​ការ​ប្រើប្រាស់​សេវាកម្ម​ផ្សាយពាណិជ្ជកម្ម​របស់​យើង » ៕