ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្វែង​រក​ទី​ផ្សារ​​ការ​ងារ​ជូនយោធិន​​រំសាយ​និង​ប្រគល់​​ថវិកា​មរណៈ​សង្គ្រោះ

15 ឆ្នាំ មុន

ខេត្ត​ពោធិ៍សាត់ ៖ ​កាល​ពីព្រឹក​ថ្ងៃទី៩ មីនា ២០១១ ក្រុមប្រឹក្សា​​រំសាយ​​កង​កម្លាំង​ប្រដាប់​អាវុធ​​សហការ​ជាមួយ​អង្គ​ការ​ JICA បាន​​បើក​សិក្ខា​សាលា​​ស្តីពីការ​ស្វែងរក​ទីផ្សារ​ការ​ងារ និង​​ដៃ​គូ​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ​ជូនយោ​ធិន​រំសាយ​​ទ្រង់​ទ្រាយ​​ធំជំហាន​​១ ។ ​ពិធីនេះ​បាន​ប្រារព្ធ​ធ្វើ​នៅ​​មន្ទីរ​សង្គម​​កិច្ច​អតីត​យុទ្ធជន​ និងយុវ​នីតិ​សម្ប​ទា​ ក្រោម​អធីបតីភាព​លោកខូយ សុខា អភិ​បាល​ខេត្ត​ និង​លោក​អ៊ុក រិន អគ្គ​លេខាធិការ​​​រង​នៃ​អគ្គ​​លេខា​ធិការ​​ដ្ឋាន​ក្រុម​ប្រឹក្សា​រំសាយ​កង​កម្លាំង​​ប្រដាប់អាវុធ តំណាង​អង្គការ អភិបាល​ស្រុក និងមេ​ឃុំ ។​

លោកញ៉ឹក ​សារ៉េត ​ប្រធាន​មន្ទីរ​​សង្គម​កិច្ច​​អតីត​យុទ្ធ​ជន​ និងយុវ​នី​តិ​សម្បទា​ខេត្ត​បាន​ជម្រាប​ជូន​​ថា យោ​ធិន​រំសាយ​ទ្រង់​ទ្រាយ​​ធំ​ជំហានមួយ​ដែល​បាន​កាត់​រំសាយ​​នៅ​ឆ្នាំ២០០១ ​កំពុង​រស់នៅ​ក្នុង​ខេត្តពោធិ៍​សាត់ចំនួន​៤៦៥
​នាក់ ក្នុង​នោះ​យោ​ធិន​ប្រ​ភេទ១ចំនួន​២១២​នាក់ ប្រភេទ ២​ ចំនួន​២៥៣នាក់ ។ ការ​បណ្តុះ បណ្តាល​នេះនឹង​ធ្វើ​ទៅតាមតម្រូវ​​ការ​របស់យោ​ធិន​រំសាយ និងគ្រួសារ​ ព្រម​ទាំង​​ពិភា​ក្សា​​អំពី​ទីផ្សារ​ការ​ងារ​នៅ​តាម​ជនបទ​ ទី​ប្រជុំ​ជន​ និង​នៅទី​ក្រុង ។ លទ្ធ​ផល​សមត្ថភាព​​របស់យោ​ធិន​រំសាយ​ និងគ្រួសារ​ដែល​​ទាក់ទង​នឹង​មុខ​ជំនាញ​ត្រូវបណ្តុះ​បណ្តាល​ស្វែង​រក​​ដៃគូ​ ដើម្បី​សហ​ការ​​បណ្តុះ​បណ្តាលលើ​មុខ​វិជ្ជា​ជីវៈ ។ ​សិក្សា​​ ផ្តោត​​សំខាន់​ទៅ​លើ​ការង​ារ​កសិកម្ម​ សិប្ប​កម្ម ​ឥណ​ទាន​ខ្នាត​តូច ជំនួញ​ខ្នាត​តូច​ ជួស​ជុល​គ្រឿង​​យន្ត អគ្គិសនី និង​អេ​ឡិចត្រូនិក ។

​លោក​ខូយ  សុខា មានប្រសាសន៍ថា ​ការ​កាត់រំសាយ​​ទ័ព​ឆ្នាំ២០១១ គឺជា​ការ​អនុវត្ត​​គោល​​នយោ​បាយ​​កំណែ​ទម្រង់​កង​កម្លាំង​ប្រដាប់​អាវុធ​​​របស់​រាជរដ្ឋាភិបាល​ ហើយ​មក​ទល់​ពេលនេះ​ស្ថាន​ភាព​របស់​យោធិនរំសាយ​អាចមានការ​​កែ​ប្រែ​​ដោយ​អ្នកខ្លះ​ចាស់​ជរា អ្នក​ខ្លះទុព្វល​ភាព​ និង​មានអ្នកខ្លះ​ផ្លាស់​ប្តូរ​ទីលំនៅ​ទៀត​ផង ។ ការ​យក​ចិត្ត​ទុក​ដាក់​ដោះ​ស្រាយ​​មុខ​របរ​ផ្តល់​ការ​ងារ​ដោយ​ផ្តើម​ចេញ​ពីការ​បណ្តុះ​បណ្តាល​មុខ​ជំនាញ ​វិជ្ជា​ជីវៈ​ច្បាស់​លាស់​បង្ក​លក្ខណៈ​ជាមធ្យោ​បាយ ​សំភារ​ផ្តល់​ឥណ​ទាន​ដល់ពួក​គាត់​ គឺ​ជា​មធ្យោ​បាយ​​អា​ចជួយ​ឱ្យ​បង​ប្អូនយោធិន​រំសាយ និង​គ្រួសារ​មានឱកាស​ចូល​រួម​ចំណែក​លើក​ស្ទួយ​​ស្ថាន​ភាព​សេដ្ឋ​កិច្ច​គ្រួសារ​កាន់​តែ​ប្រសើរឡើង រួម​ចំណែក​​កាត់បន្ថយ​​ភាព​ក្រីក្រ ។ ​​នៅ​ពេល​​​មាន​មុខ​របរ​​ដែលមាន​ចំណូល​សមរម្យ​ ​​ពួក​គាត់​​រស់​នៅ​​​ជួបជុំ​ក្រុមគ្រួសារ​មិន​ធ្វើ​ចំណាក​ស្រុក​ដែល​កាត់​បន្ថយ​ការ​ប្រឈម​មុខនឹង​ភាពងាយ​រងគ្រោះ​​​ផ្សេងៗ​ ។ លោក​អភិបាល​ខេត្ត​សង្ឃឹម​ថា អង្គ​សិក្ខា​​សាលានេះនឹង​បញ្ចេញ​មតិយោ​បល់ពិភា​ក្សា ​​តាម​កម្ម​វិធី​​ដែលបានគ្រោង​ទុក​ទៅលើ​លទ្ធ​ភាព ជាក់​ស្តែង​​របស់យោ​ធិន​រំសាយ និង​ក្រុម​គ្រួសារ ​ស្រប​នឹង​ស្ថានភាព​ទីផ្សា​រ​បច្ចុប្បន្ន​​​ ដើម្បី ជ្រើស​រើស​​នូវមុខ​ជំនាញ​វិជ្ជា​ជីវៈ​សម្រាប់​ធ្វើ​ការ​បណ្តុះ​បណ្តាល​ ដើម្បី​បង្កើត ឬ​ពង្រីក​មុខរបរ​នា​ពេល​អនាគត ។

នៅក្នុងឱកាសនោះ​គណៈ​អធិបតី​បាន​ធ្វើ​ពិធី​ប្រគល់​ថវិកា​មរណៈសង្គ្រោះ​​ថ្នាក់​កណ្តាល​ចំនួន​១២.០០០​.០០០​រៀល ជូន​ដល់គ្រួសារ​សព​​ដែល​សមា​ជិក​របស់សមាគម​អតីត​យុទ្ធ​ជន​កម្ពុជា​ខេត្ត​ពោធិ៍​សាត់​ចំនួន​៣នាក់​ម្នាក់​៤.០០០.០០០​រៀល គឺ ១-គ្រួសារ​ជន​ពលីឈ្មោះញ៉ាំង វ៉ែន ​រស់នៅ​ឃុំ​បឹង​ខ្នារ ស្រុក​បាកាន ត្រូវ​​ប្រគល់​ឱ្យ​ទៅ​ឈ្មោះ​​ឆាយ សាវន ភេទស្រី ត្រូវ​ជាកូន ។  ២-​ជន​ពិការ​ឈ្មោះ​ម៉ៃ ចាន់ថា នៅឃុំត្នោត​​ជុំ ស្រុក​ក្រគរ ប្រគល់​ឱ្យទៅ​ឈ្មោះ​មឿង សួស ភេទស្រី ​ត្រូវ​ជា​ប្រពន្ធ ។ ៣-គ្រួសារ​ជនពលីឈ្មោះ​ជុក ណុត នៅ​ឃុំ​​អន្លង់ត្នោត​ ស្រុកក្រគរ ប្រគល់ឱ្យ​ទៅ​ឈ្មោះ​ទួត ហុង ភេទស្រី ត្រូវ​ជាកូន​៕