សហរដ្ឋអាមេរិកបានពិចារណាលើដំណោះស្រាយជាច្រើនដើម្បីធ្វើឱ្យលោកកាដាហ្វី សុខចិត្តចុះញ៉ម ។ ការហាមហោះហើរលើប្រទេសលីប៊ី នឹងជាលទ្ធភាពមួយ ។ សហភាពអឺរ៉ុបសម្រាប់ពេលនេះ នៅរារែកចំពោះអន្តរាគមន៍យោធាមួយ ។ ការប្រយុទ្ធគ្នាយ៉ាងសាហាវនានាកើតមាននៅទីក្រុង BREGA ដែលមានទីតាំងប្រេងកាតដ៏សំខាន់មួយស្ថិតនៅចម្ងាយ២០០គីឡូម៉ែត្រ ពីក្រុងបេនហ្គាហ្ស៊ី ។ សភាពការណ៍មនុស្សធម៌កាន់តែពិបាកខ្លាំងឡើងដោយយោងតាមប្រទេសអ៊ីតាលីថា ពួកអន្តោប្រវេសន៍ដល់ទៅ១,៥លាននាក់ ប៉ុនប៉ងរត់ភៀសខ្លួនចេញពីលីប៊ី។
យោងតាមអ្នកនាំពាក្យម្នាក់របស់សម្ព័ន្ធសិទ្ធិមនុស្សលីប៊ី លោក ALI ZEIDAN ថា អំពើហិង្សាតាំងពីចាប់ផ្តើមការបះបោរនៅលីប៊ីមក បណ្តាលឱ្យមនុស្សស្លាប់៦.០០០នាក់ ហើយក្នុងនោះ៣.០០០នាក់ក្នុងទីក្រុងទ្រីប៉ូលីតែមួយគត់។ នាវាចម្បាំងអាមេរិក២គ្រឿងក្នុងនោះមាននាវាផ្ទុកឧទ្ធម្ភាគចក្រ USS KEARSARGE បានឆ្លងកាត់ព្រែកជីកស៊ុយអេ ទៅកាន់សមុទ្រមេឌីទែរ៉ាណេ ដើម្បីទៅបោះទីតាំងនៅក្នុងដែនទឹកលីប៊ី ។ ប្រទេសបារាំងបានបញ្ជូននាវាផ្ទុកឧទ្ធម្ភាគចក្រមួយគ្រឿងធុន MISTRAL ដើម្បីចូលរួមក្នុងការជម្លៀសពលករអេហ្ស៊ីបទាំងឡាយ ដែលជាប់គាំងឱ្យមកកាន់អេហ្ស៊ីបក្នុងក្របខណ្ឌនៃវិធានការដែលសម្រេចដោយសហភាពអឺរ៉ុប ។
ចំណែកតុលាការឧក្រិដ្ឋកម្មអន្តរជាតិប្រកាសពីការបើកការស៊ើបអង្កេតផ្លូវការមួយលើលទ្ធ ភាពនៃឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិនៅលីប៊ី ។ រដ្ឋអាជ្ញា លោក LUIS MORENO OCAMPO នឹងប្រកាសនាថ្ងៃទី៤ មីនា ពីឈ្មោះរបស់មនុស្សទាំងឡាយដែលជាប់ក្នុងការស៊ើបអង្កេតនេះ ៕
ចែករំលែកព័តមាននេះ