ខេត្តបាត់ដំបង ៖ បុរសម្នាក់រត់ចោលស្រុកក្រោយពីវាយសម្លាប់បុរសវ័យ៦៦ឆ្នាំម្នាក់កាលពីវេលាម៉ោង៩ និង៣០នាទីយប់ថ្ងៃទី១៣ មីនា នៅក្នុងហាងកាហ្វេមួយក្នុងភូមិអូរ ឃុំពេជចិន្តា ស្រុកភ្នំព្រឹក ។ ការសម្លាប់នេះដោយសាររឿងជំពាក់ប្រាក់ ។ នៅក្នុងរបាយការណ៍របស់សមត្ថកិច្ចនគរបាលស្រុកភ្នំព្រឹកឱ្យដឹងថា ជនដៃដល់ឈ្មោះរ៉ែម ឆាន អាយុ៤៥ឆ្នាំ រស់នៅភូមិភ្នំតូច ឃុំពេជចិន្តា បានប្រើកណ្តាប់ដៃវាយកញ្ចឹងកជនរងគ្រោះទុយ ព្រំ អាយុ៦៦ឆ្នាំ ចំនួន៣ដៃ បណ្តាលឱ្យដួលស្លាប់ក្បែរតុកាហ្វេ ។ ការវាយសម្លាប់នេះ ដោយសារតែជនដៃដល់ក្តៅក្រហាយនឹងជនរងគ្រោះតាមទារប្រាក់ដែលគេជំពាក់១៥ម៉ឺនរៀល មិនឈប់ឈរ ។
សាក្សីរាយការណ៍ប្រាប់សមត្ថកិច្ចថា ជនដៃដល់ឈ្មោះរ៉ែម ឆាន បានព្យាយាមគេចវេះមិនសងប្រាក់ជំពាក់ទៅឱ្យជនរងគ្រោះចំនួន១៥ម៉ឺនរៀល ហើយជនរងគ្រោះតែងតែតាមទាមទារបំណុលនេះរហូត ។ ពេលឈ្មោះរ៉ែម ឆាន ចូលហាងកាហ្វេនាយប់នោះម្ចាស់បំណុលតាមទារប្រាក់ទៀត ។ ពេលនោះឈ្មោះឆាន បានដកប្រាក់ចំនួន៥០ដុល្លារឱ្យទៅឈ្មោះព្រំ ហើយទាមទារអាប់លុយ៥ម៉ឺនរៀលមកវិញ ។ ពេលឈ្មោះព្រំកំពុងដកលុយអាប់ ស្រាប់តែឈ្មោះឆាន វាយកញ្ចឹងក៣កណ្តាប់ដៃបណ្តាលឱ្យដួលផ្កាប់មុខស្លាប់ក្បែរតុកាហ្វេ ។ ភ្លាមនោះឈ្មោះឆាន គេចខ្លួនបាត់ស្រមោល ។
លោកសារ៉េត វិសេដ្ឋ អធិការរងស្រុកភ្នំព្រឹក និយាយថា មុនពេលវាយសម្លាប់គ្នាជនទាំង២នាក់នោះបានផឹកស៊ីជុំគ្នានៅខាងក្រោយហាងកាហ្វេ ហើយគ្រានោះជនរងគ្រោះ ក៏ទារប្រាក់ជំពាក់ដែរ ។ ពេលងើបទៅ អង្គុយនៅតុកាហ្វេឈ្មោះព្រំ តាមទាមទារប្រាក់ជំពាក់នោះទៀត ធ្វើឱ្យឈ្មោះឆាន ទ្រាំមិនបានវាយសម្លាប់តែម្តងទៅ ។ បើតាមសាក្សីមួយចំនួនប្រាប់កោះសន្តិភាពតាមទូរស័ព្ទកាលពីព្រឹកថ្ងៃទី១៤ មីនា ថា ឈ្មោះឆាន ជំពាក់ប្រាក់ឈ្មោះព្រំ ពេលលេងល្បែងស៊ីសងនៅក្រោយហាងកាហ្វេ ដែលមានម្ចាស់ឈ្មោះទូ នោះ ។ សាក្សីនិយាយថា ល្បែងស៊ីសងជាច្រើនប្រភេទកំពុងលេងយ៉ាងអនាធិបតេយ្យនៅខាងក្រោយហាងកាហ្វេរបស់ឈ្មោះទូ ដោយគ្មានការបង្ក្រាបពីសមត្ថកិច្ចទេ ៕
ចែករំលែកព័តមាននេះ