ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តំណាងរាស្ត្រ​គណបក្ស​សម រង្ស៊ី ហែកកកាយផ្ទៃក្នុង បង្ហាញពី​ស្ថានភាពធ្ងន់ធ្ងរនិងអាចឈានទៅបែកបាក់

15 ឆ្នាំ មុន

រាជ​ធានីភ្នំពេញ ៖ ​លោក​ម៉ៅ មុនីវណ្ណ ​អតីត​តំណាង​រាស្ត្រ​មណ្ឌល​កំពង់ចាម ​និង​បច្ចុប្បន្ន​ជា​​ប្រធាន​ក្រុម​ការងារ​គណបក្ស​សម រង្ស៊ី ​ប្រចាំ​ខេត្ត​តាកែវ ​បាន​ប្រកាស​លា​ឈប់​ពី​តំណាង​រាស្ត្រ​គណ​​​បក្សសម រង្ស៊ី ជា​ផ្លូវការ​និង​​សុំ​ឱ្យ​មាន​ការកែ​ទម្រង់​គណបក្ស​នេះ​ជា​បន្ទាន់។ ​លោក​អះអាង​ថា ​គណបក្ស​សម រង្ស៊ី ​ស្ថិត​នៅ​ក្នុង​គំនាប​គ្រួសារ​លោក​ យឹម សុវណ្ណ ​​និង​លោក​អេង ឆៃអ៊ាង ។ ​ការ​ប្រកាស​បែប​នេះ​​ក្នុង​​សន្និសីទ​កាសែតមួយនៅឯ មន្ទីរដ្ឋសភានាព្រឹកថ្ងៃទី២២ មីនា ឆ្នាំ២០១១។

លោកម៉ៅ មុនីវណ្ណ ថ្លែងថា លោកសម រង្ស៊ី កំពុងស្ថិតនៅក្នុង​គំនាប​គ្រួសាររបស់លោកយឹម សុវណ្ណ និងលោកអេង ឆៃអ៊ាង ។ លោក​អំពាវ​នាវឱ្យថ្នាក់ដឹក​នាំ​គណបក្សសម រង្ស៊ី ទាំង​អស់​ជួយ​រំដោះលោកសម រង្ស៊ី ចេញពីគំនាបនេះ។ បើគ្មានការកែទម្រង់ទេ លោកម៉ៅ មុនីវណ្ណ អំពាវនាវឱ្យសមា​ជិកគណបក្សសម រង្ស៊ី ទៅ​ចូលរួមជាមួយគណបក្សណាដែលមានប្រជា​ធិបតេយ្យពិត​ប្រាកដ ។

លោកម៉ៅ មុនីវណ្ណ បន្តថា គោលការណ៍ សំខាន់ដែលលោកធ្វើ​សន្និសីទនេះចង់​បញ្ជាក់​ប្រាប់សកម្មជនទាំងអស់ឱ្យដឹងថា ថ្នាក់ដឹកនាំ​ត្រូវ​តែអនុវត្តគោលការណ៍ពាក់កណ្តាល​អាណត្តិ​នៅ​ពេល​ខ្លួនបាននិយាយ​ជាសាធាណៈ។ លោក​ចង់​ឱ្យ​គណបក្សមានគោលការណ៍ប្រជាធិប​តេយ្យ​ពិត​ប្រាកដ កុំឲ្យអំណាចធ្លាក់ទៅលើតែពីរ​គ្រួសារ​នេះ ។​លោកអំពាវនាវឲ្យគណៈកម្មាធិការនាយកគណបក្សរួម​ជាមួយលោក​ទម្លាក់​មេដឹក​នាំណាដែល​​គ្មានសីលធម៌ដែលប្រព្រឹត្តល្បែងស៊ី​សង និងចង់​រំដោះលោកសម រង្ស៊ី ចេញពី​គ្រួសារ​ពីរនេះ។

លោកម៉ៅ មុនីវណ្ណ ថ្លែងថា «ខ្ញុំគ្រាន់តែចង់​ឲ្យ​មានការកែប្រែផ្ទៃក្នុងរបស់គណ​បក្ស តើខ្ញុំ ខុសអី ឬខ្ញុំចង់កែទម្រង់​ទៅ​វា​មាន​ការ​ប៉ះ​ពាល់​ដល់គ្រួសារទាំងពីរនោះ តែបែរកំចាត់ខ្ញុំ​ចេញ​វាមានន័យថាអំណាច​គណបក្សនេះ​ ស្ថិត នៅ​លើដៃពីរគ្រួសារនេះហើយ។  សូមសកម្ម​ជន​ទាំង​អស់គិតមើលទៅ តើពួកយើងគួរបំរើគ្រួសារ ពីរនោះឬបំរើជាតិ។ ខ្ញុំចាប់តាំង​ពី​ធ្វើ​នយោ​បាយ​មកមិនដែលមានសាច់ញាតិ ឬគ្រួសារនៅ​គណ​បក្សទេ» ។

លោកបន្តថា បើគ្រាន់តែលោកតវ៉ាក្នុងការ​កែទម្រង់បក្ស ហើយបែរជាគេដេញចេញពី​បក្ស ​គឺសកម្មជនរបស់លោកនៅកំពង់ចាមពិតជានៅ​មិនស្ងៀមទេ ពីព្រោះលោកបានជាប់ឆ្នោត​ដោយ​សារមានការ​បោះ​ឆ្នោតឲ្យ មិនមែន​បាន​មក​ដោយសារគណបក្សសម រង្ស៊ី ឲ្យនោះ​ទេ»។

លោកម៉ៅ មុនីវណ្ណ អះអាងថា លោក មិន​ទាន់បានសំរេចចិត្តទៅចូលរួមជាមួយគណ​បក្ស​ប្រជាជនកម្ពុជានៅឡើយទេ ដែលពេល​នេះ​លោក​នៅតែជាមន្រ្តីជាន់ខ្ពស់របស់គណ​បក្ស​សម រង្ស៊ីដដែល។ លោក​ឱ្យ​ដឹងថា មានអ្នកមិន សប្បាយចិត្តជា​ច្រើននៅក្នុងគណបក្សសម រង្ស៊ី ដោយ​បញ្ជាក់ថា បើមានការបោះ​ឆ្នោត​ជ្រើស​រើសអគ្គលេខាបក្សថ្មីនឹងមានបេក្ខ​ជន​ថ្មី​ឈរ​ឈ្មោះ ។ មានការអះអាងថា លោកបានទៅ​ចូលរួមជាមួយគណបក្សប្រជាជនកម្ពុជាវាគ្រាន់​តែជាការលាបពណ៌របស់ក្រុមមួយវាជារឿងដដែលៗទេ។

លោកម៉ៅ មុនីវណ្ណ បានបន្តថា កន្លងមក មានការងើបឈរឡើងរបស់សមាជិកមួយចំនួន​ដែរអំពីបញ្ហានេះ តែក្រោយមកត្រូវបានគេ ហៅទៅបង្រ្កាបជាបន្តបន្ទាប់ជាការសម្របសម្រួលទេ នៅពេល​មាន​ការស្នើឲ្យអនុវត្តគោល​ការណ៍ពាក់កណ្តាលអាណត្តិកន្លងមក ។ ប៉ុន្តែ មានការសន្យារបស់ថ្នាក់ដឹកនាំគ្រាន់តែកុហក​ហើយតាមពិតវាត្រូវតែគោរពសេចក្តី​សំរេច​​របស់ខ្លួនដែលបានចុះហត្ថលេខាទាំងអស់គ្នា នោះដែលគ្រោងធ្វើនៅក្នុងថ្ងៃទី២៤មីនា ២០១១ ខាងមុខនេះ ដើម្បីអនុវត្តគោលការណ៍​ពាក់កណ្តាលអាណត្តិនេះហើយ។

លោកសុន ឆ័យ ប្រធានក្រុមតំណាងរាស្រ្ត​របស់គណបក្សសមរង្ស៊ីបានថ្លែងប្រាប់អ្នក​កាសែតនៅឯរដ្ឋសភាថា លោកម៉ៅ ម៉ុនីវណ្ណ ធ្វើដោយការសំរេចចិត្តដោយបុគ្គល​ខ្លួនឯង ។ ក្រោយពីមានការសំរេច​របស់​គណបក្សសម រង្ស៊ី នៅឆ្នាំ២០០៨ ក្នុងការ​ចែកអាណត្តិគ្នា មក​មាន​ការប្រែប្រួលទៅលើសេចក្តីសំរេចចាស់នោះ។ កាលពីកិច្ចប្រជុំនៅទីក្រុងម៉ានីលបាន​សំរេច​ថា អ្នកដែលជាប់ជាតំណាងរាស្រ្តអាណត្តិ​២០០៨ និង២០១១នេះត្រូវបន្ត​អាណត្តិទៅ​ទៀត ពេល​នោះមានការយល់ព្រមគ្នាទាំងស្រុងរួច​ហើយ​ពីគណៈកម្មាធិការ​អចិន្ត្រៃយ៍​ដែលពេលនោះ​​លោកម៉ៅ ម៉ុនីវណ្ណ ក៏បានចូលរួមចុះ​ហត្ថ​លេខា​យល់ព្រមដែរ។

លោកសុន ឆ័យបន្តថា វាជាការសំរេចចិត្ត​ផ្ទាល់ខ្លួនរបស់គាត់ ហើយគណបក្សបានសំរេច​រួចហើយបើទោះបីជាការសំរេចនេះមានការខុស​ពីមុនក្តីក៏គ្មានអ្វីអាចទប់ស្កាត់ឬឃាត់ឃាំងបាន​ទេ។ ប៉ុន្តែយើង​សង្ឃឹមថា បញ្ហាផ្ទៃក្នុងរបស់ គណបក្សនេះត្រូវដោះស្រាយដោយគណបក្សខ្លួនឯង ហើយលោកម៉ៅ មុនីវណ្ណ ជាសមាជិក គណៈកម្មាធិការអចិន្ត្រៃយ៍មានសិទិ្ធចូលរួមកែលម្អគណបក្ស​ផង​ដែរ ។ គាត់មិនគួរ យក​បញ្ហា​នេះមកធ្វើសន្និសីទកាសែតទេ ព្រោះ​យើង​យល់​ថា គណបក្សនីមួយៗវាមិនមានភាពល្អ ទាំង​អស់​នោះទេ វាតែងតែមានការខ្វះខាត។

លោកសុន ឆ័យ បន្តថា យើងនឹងណែនាំគាត់ អំពីបញ្ហានេះ ព្រោះគាត់ជាមនុស្សសំខាន់ នៅ​ក្នុងគណបក្ស ។ ​នៅពេលអ្នកនយោបាយយល់​ពីកាតព្វកិច្ចរបស់ខ្លួនប្រហែលជាមិនមកធ្វើសន្និសីទ​កា​សែត​​ដូចនេះទេ។ការដោះស្រាយគួរ​ធ្វើនៅផ្ទៃក្នុង យើងមិនដឹងថាគាត់កំពុងមានបំណងអ្វីផ្សេងពីនេះ បើសិនជាត្រឹមតែការងារ​គណបក្សលោកគិតថា គាត់មិនគួរមកធ្វើដូច នេះទេ ។ វាជាការបរិហារផ្ទៃក្នុងរបស់គាត់
ចំពោះគណបក្ស។តែរឿងបុគ្គលយើងមិនបានយកចិត្តទុកដាក់ទេ ហើយយើងមានការសោក ស្តាយដែលគាត់បានធ្វើការងារជាយូរមកហើយ​មិនគួរគាត់យកបញ្ហាបក្សក៏ដូចជាគ្រួសារទៅ​លាតត្រដាង​ជាសាធារណៈបែបនេះទេ ​៕