ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកស្រី កែ ឡេ​ង ប្រកាស​ថា កាន់តែ​ភ័យ​​ក្រោយ​លេចដំណឹង​ឡើង​ផ្កាយ​2

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​គេ​ដឹង​ថា បាន​ឡើង​ឋានន្តរស័ក្តិ​ផ្កាយ​១​មួយរ​យៈមក​ហើយ ការ​ទម្លាយ​​កាន់តែ​ច្បាស់ ​កាន់តែ​អះអាង​ថា លោក ស្រី កែ ឡេ​ង…

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​គេ​ដឹង​ថា បាន​ឡើង​ឋានន្តរស័ក្តិ​ផ្កាយ​១​មួយរ​យៈមក​ហើយ ការ​ទម្លាយ​​កាន់តែ​ច្បាស់ ​កាន់តែ​អះអាង​ថា លោក ស្រី កែ ឡេ​ង ដែល​គេ​ចាត់ទុកជា​វីរនារី​នៅ​ក្នុង​កីឡា​​ប៉េតង់ ពិតជា​ត្រៀម​ឡើង​ឋានន្តរស័ក្តិ​ផ្កាយ​២ ដោយនៅ​រង់​ចាំតែ​ការ​ប្រកាស​ផ្លូវការ​ប៉ុណ្ណោះ។ ទោះជា​យ៉ាងណា លោកស្រី​និយាយ​ថា ឡើង​កាន់ តែ​ខ្ពស់​កាន់តែ​បារម្ភ គឺ​មិនមែន​សប្បាយ​ដល់​ថ្នាក់​រំភើប​នឹង​ឋានន្តរស័ក្តិ​ដែល​ត្រូវ​ផ្ដល់​ជូន​នោះ​ទេ​។

គួរ​រំឭក​ថា កន្លង​មក​កីឡាការិនី កែ ឡេ​ង បាន​ត្រូវ​រាជរដ្ឋាភិបាល​កម្ពុជា​ដំឡើង​ឋានន្តរស័ក្តិជា​បន្តបន្ទាប់ ចាប់តាំងពី​លោកស្រី​បាន​សាង​ភាព​ល្បីល្បាញ​ជូន​ជាតិ​នៅ​លើ​ឆាក​អន្តរជាតិ នៅ​ក្នុង​កីឡា​ប៉េតង់ ។ តាម​រយៈ​ការ​ផ្សព្វផ្សាយ​ជា​ហូរហែ គឺ​ក្រោយ​ពី​ឈ្នះ​មេដាយមាស​ពិភពលោក​នៅ​ប្រទេស​បារាំង​កាលពី​ឆ្នាំ​២០១៣ រាជ រដ្ឋាភិបាល​បាន​ដំឡើង​ឋានន្តរស័ក្តិ​លោកស្រី​ពី អនុ​សេនីយ៍​ទោ​ទៅ​ជា​អនុសេនីយ៍ឯក នៅ​ក្នុង​ក្របខណ្ឌ​ក្រសួងការពារជាតិ ។ កាលពី​ឆ្នាំ​២០១៥ លោកស្រី កែ ឡេ​ង ក៏​ត្រូវ​បាន​ដំឡើង​ឋាន ន្ត​រ​ស័ក្តិ​ពី​អនុសេនីយ៍ឯក​ទៅ​វរសេនីយ៍ត្រី បន្ទាប់
ពី​​លោកស្រី​ដណ្តើម​បាន​មេដាយមាស​ពិភព លោក​នៅ​ប្រទេស​ថៃ ។

លោកស្រី កែ ឡេ​ង កីឡាការិនី​អាយុ​៥៧​ឆ្នាំ​រូប​នេះ​និយាយ​ថា ក្នុង​ពេល​ឡើង​កាន់តែ​ខ្ពស់ គឺ​គាត់​កាន់តែ​ភ័យ ដោយ​ត្រូវ​ប្រយ័ត្ន​ទាំង​ឥរិយាបថ និង​គិត​ទាំង​ស្នាដៃ ដើម្បី​ឲ្យ​ប្រាកដ​ក្នុង​ចិត្ត​ថា តើ​ត្រូវ​មាន​ស្នាដៃ​បែប​ណា​បន្ត​ទៀត ដើម្បី​ជួយ​ដល់​វិស័យ​កីឡា ។ ក្រៅពី​ប្រឹងប្រែង​ក្នុង​ការ​ហ្វឹក​ហាត់ ក្នុង​ពេល​ដែល​គាត់​មិន​ទាន់​ចូល​និវត្តន៍​ផ្នែក​កីឡា​ប៉េតង់ គាត់​ក៏​នឹង​ពុះពារ​បណ្ដុះបណ្ដាល​ក្មេង​ៗ​ជំនាន់​ក្រោយ​ឲ្យ​បាន​ល្អ​ដែរ ដើម្បី​ជួយ​ដល់វិស័យ​កីឡា ។ ក្នុង​នោះ ក៏​មាន​ទាំង​ការ​រៀបចំ​ឥរិយាបថ​ក្នុង​នាម​ជា​មនុស្ស​របស់​មហាជន​ផង ដែរ ដើម្បី​កុំ​ឲ្យ​មាន​ពាក្យ​ថា ក្រោយ​ពេល​មាន
យសស័ក្តិ លោកស្រី​ប្រែប្រួល ។

ជាមួយនឹង​ការ​តាំងចិត្ត អ្នកគាំទ្រ​យល់​ថា លោកស្រី កែ ឡេ​ង គឺជា​កីឡាការិនី​ឆ្នើម​ដែល មាន​ជំហរ​ល្អ​គួរ​ឲ្យ​សរសើរ បើ​ទោះជា​លោកស្រីបាន​ឡើង​ឋានន្តរស័ក្តិ​ជា​បន្តបន្ទាប់ ផ្ទុយ​ពី​ប្រវត្តិ
សិក្សា​ដែល​លោកស្រី​គ្មាន​ឱកាស​សិក្សា​បាន​ខ្ពស់ កាលពី​អតីតកាល ។

លោកស្រី កែ ឡេ​ង ត្រូវ​បាន​ដំឡើង​ឋានន្ត​រ​ស័ក្តិ​ជា​វរសេនីយ៍ឯក ក្រោយ​ពី​ឈ្នះ​មេដាយមាស​ពិភពលោក​លើក​ទី​៣​នៅ​ប្រទេស​ចិន និង​ក្រោយ​ពី​ឈ្នះ​មេដាយមាស​ក្នុង​ការ​ប្រកួត​កីឡាស៊ី​ហ្គេ​ម​នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី​កាលពី​ឆ្នាំ​២០១៧ ។

អ្វី​ដែល​គួរ​ឲ្យ​កត់សម្គាល់ គឺ​កាលពី​អំឡុង​ខែតុលា ឆ្នាំ​២០១៨ ព្រះករុណា​ព្រះមហាក្សត្រ បាន​ចេញ ព្រះរាជក្រឹត្យ​ដំឡើង​ឋានន្តរស័ក្តិ​កីឡាការិនី កែ ឡេ​ង ពី​វរសេនីយ៍ឯក​ទៅ​ជា​ឧត្តម​សេនីយ៍​ត្រី (​ផ្កាយ​១) ។

ប្រភព​ផ្លូវការ​បង្ហើប​ថា ប្រសិនបើ​ពុំ​មានការ​ប្រែប្រួល​ទេ លោកស្រី​ដែល​ទើប​ឈ្នះ​មេដាយមាស​លើ​វិញ្ញាសា​វាយ​យក​ពិន្ទុ (Shooting) ក្នុង​ការ​ប្រកួត​ជើងឯក​ពិភពលោក​យុវជន​និង​ស្ត្រី​នៅ កម្ពុជា​កាលពី​ថ្ងៃ​ទី​២២ ខែវិច្ឆិកា ឆ្នាំ​២០១៩ មុន ទំនងជា​អាច​ត្រូវ​រាជរដ្ឋាភិបាល ពិសេស ក្រសួង​ការពារជាតិ​ដំឡើង​ឋានន្តរស័ក្តិ​ពី​ឧត្តម សេនីយ៍​ត្រី​(​ផ្កាយ​១) ទៅ​ជា​ឧត្តមសេនីយ៍ទោ (​ផ្កាយ​២) ។ ការ​បង្ហើប​ដែល​អាច​ទុកចិត្ត​បាន​បន្ត​ថា លោកស្រី​ត្រូវ​បាន​ថ្នាក់ដឹកនាំ​ឯកភាព​ស្នើ​ដំឡើង​សម្រាប់​ឋានន្តរស័ក្តិ​នេះ​រួចរាល់​ហើយ តែរាជរដ្ឋាភិបាល​ជា​ពុំ​ទាន់​ចេញ​លិខិត​ជា​ផ្លូវការ​នៅឡើយ​ទេ ទើប​ព័ត៌មាន​នេះ​នៅ​មិន​ទាន់​មានការ​ភ្ញាក់ផ្អើល ។

ប្រភព​ដដែល​បន្ត​ថា លោកស្រី​ស័​កិ្ត​សម​នឹង​ទទួល​បានការ​លើកទឹកចិត្ត​នេះ បើ​ទោះជា​លោកស្រី​បាន​និយាយ​ដោយ​ត្រង់​ថា មិនសូវ​បាន​រៀនសូត្រ​ជ្រៅជ្រះ ដោយសារ​តែ​ធំធាត់​ក្នុង​ជីវភាព​ក្រីក្រ ហើយ​មិន​បាន​សិក្សា​ខ្ពង់ខ្ពស់ ។

សម្រាប់​ចំណេះដឹង លោកស្រី​មិន​សម​នឹង​ឋានន្ត​រ​ស័ក្តិ​ផ្កាយ​២​ទេ ប៉ុន្តែ​អ្វី​ដែល​លោកស្រី​បាន​ធ្វើ​ឲ្យ​កម្ពុជា​មានមុខមាត់ គឺ​ស័ក្តិសម​បំផុត​នឹង​ការ​ដំឡើង​ឋានន្តរស័ក្តិ​នេះ ក្រោយ​ពី​លោកស្រី​នៅ​តែ​បន្ត​ដណ្ដើម​បាន​មេដាយ​លើ​ឆាក​អន្តរជាតិ​។

លោកស្រី កែ ឡេ​ង សុំ​មិន​ធ្វើការ​បកស្រាយពី​ដំណឹង​ខាងលើ​នេះ​ទេ ដោយ​និយាយ​ថា នេះ​ជា​​ការ​ងារ​របស់​ថ្នាក់លើ ប៉ុន្តែ​លោកស្រី​អារម្មណ៍​រំភើប ប្រសិនបើ​ត្រូវ​បាន​ដំឡើង​ឋានន្តរស័ក្តិ​ដូ​វ​នោះ​មែន ។ លោកស្រី​នឹង​បន្ត​តស៊ូ​ក្នុង​កីឡា​បេ​៉តង់​នេះ ដោយ​មិន​ផ្លាស់​ប្ដូរ​ទេ ទោះបីជា​លោកស្រី​មាន​វ័យ​ជ្រេ​បន្តិច​ក្តី ។

គួរ​បញ្ជាក់​ថា ភ្លាម​ៗ​ក្រោយ​កីឡាការិនី កែ ឡេ​ង ឈ្នះ​មេដាយមាស សម្តេច​តេ​ជោ​នាយក រដ្ឋមន្ត្រី​ហ៊ុន សែន បាន​សរសេរ​សារ​លើ​ទំព័រហ្វេ​ស​ប៊ុ​ក ពី​ការ​អបអរ​ជាមួយ​ជ័យជម្នះ​ដែលសម្តេច​ចាត់​ទុក​ថា​ជា​មោទនភាព​ជាតិ និង ជា​ប្រវ​ត្តិ​សាស្ត្រ​ដ៏​កម្រ​នេះ ។ ការ​ចាត់​ទុក​បែប​នេះ ដោយសារ​សម្តេច​យល់​ថា សមិទ្ធផល​នេះ​កើតឡើង​ក្នុង​ព្រឹត្តិការណ៍​ដែល​កម្ពុជា​ធ្វើ​ម្ចាស់ផ្ទះ​លើក​ដំបូង និង​ម្យ៉ាងទៀត កែ ឡេ​ង ជា​កីឡាការិនីដំបូង​គេ​បង្អស់​ក្នុង​ពិភពលោក​ដែល​បាន​ឈ្នះ​មេដាយ​មាស​ពិភពលោក​៤​ជំនាន់​ជាប់​ៗ​គ្នា ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ