សហរដ្ឋអាមេរិក ៖ បណ្ដាសមាជិកសភានៃគណបក្សប្រជាធិបតេយ្យក្នុងសភា ដែលជាអ្នកមានសិទ្ធិប្រកាសសង្គ្រាម មានបំណងចង់កម្រិតអំណាចយោធារបស់លោកដូណាល់ត្រាំ ដែលដូចបណ្ដាប្រធានាធិបតីមុនៗភាគច្រើនដែរ បានបញ្ជាឲ្យធ្វើអន្តរាគមន៍នៅបរទេស ដោយមិនឆ្លងកាត់ការយល់ព្រមរបស់សភាជាមុន។
ការជជែកដេញដោលគ្នាពីរឿងនោះត្រូវបានធ្វើជាថ្មី ក្រោយការផ្តាច់ជីវិតឧត្ដមសេនីយអ៊ីរ៉ង់កាសេមសូឡីម៉ានី ក្នុងការវាយប្រហារតាមអាកាសមួយ របស់អាមេរិកកាលពីថ្ងៃទី៣មករានៅជិតក្រុងបាដាដ ដែលនាំឲ្យមានការភ័យខ្លាចដល់ជម្លោះបើកចំហមួយរវាងក្រុងតេហេរ៉ង់និងក្រុងវ៉ាស៊ិនតោន។
ចំណុចទី៨នៃមាត្រាទី១របស់រដ្ឋធម្មនុញ្ញអាមេរិក ផ្ដល់ដល់សភានូវអំណាចប្រកាសសង្គ្រាម ពិសេសការប្រកាសសង្គ្រាមលោកលើកទី២។ ក្រោយសង្គ្រាមវៀតណាមហើយក៏ទោះជាមានវេតូរបស់លោករីឆាដនិកសុន បណ្ដាសមាជិកសភាបានបោះឆ្នោតក្នុងឆ្នាំ១៩៧៣អនុម័តលើអំណាចប្រកាសសង្គ្រាម(WAR POWERS RESOLUTION) ដើម្បីបង្ខំប្រធានាធិបតីឲ្យទទួលការអនុម័តរបស់សភា សម្រាប់រាល់អន្តរាគមន៍យោធាដែលមានលើសពី៦០ថ្ងៃទៅ ក្នុងករណីមានការប្រទូស្ត្រ៉ាយគ្នា។
ប្រធានាធិបតីលោកចចដាប់ប៊លយូប៊ូសបានទទួលការអនុញ្ញាតដោយសំឡេងភាគច្រើនបំផុតរបស់សភា ឲ្យប្រើកម្លាំងយោធាក្រោយការវាយប្រហារភេរវកម្មថ្ងៃទី១១កញ្ញាឆ្នាំ២០០១និងការអនុញ្ញាតមួយទៀតរបស់សភា ឲ្យធ្វើអន្តរាគមន៍នៅអ៊ីរ៉ាក់ក្នុងឆ្នាំ២០០២។
លោកត្រាំបានប្រាប់ដល់សភា ពីការវាយប្រហារប្រឆាំងឧត្ដមសេនីយសូឡីម៉ានី ៤៨ម៉ោងក្រោយការវាយប្រហារនេះដូចមានចែងក្នុងរដ្ឋធម្មនុញ្ញ។ យោងតាមទីប្រឹក្សាសន្តិជាតិអាមេរិកលោកROBERT O’BRIENថា ការវាយប្រហារមានការអនុញ្ញាតពេញលេញ ដោយសេចក្ដីសម្រេចដែលអនុម័តក្នុងឆ្នាំ២០០២។ ប៉ុន្តែប្រមុខមន្ទីរប៉ង់តាហ្គោនលោកMARK ESPERគូសបញ្ជាក់កាលពីឆ្នាំទៅមិញថា សេចក្ដីសម្រេចនោះមិនអាចឲ្យប្រធានាធិបតីធ្វើសង្គ្រាមមួយប្រឆាំងអ៊ីរ៉ង់ឡើយ៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ