ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តារាចម្រៀង​ល្បី​ៗ២៦​នាក់ ត្រូវ​បាន​រលត់​សង្ខារ​ក្នុង​របប​ខ្មែរក្រហម

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តារាចម្រៀង​ល្បី​ៗ​ចំនួន​២៦​នាក់ ត្រូវ​បាន​បាត់បង់​ជីវិត​នា​សម័យ​ខ្មែរក្រហម​ចាប់ពី​ថ្ងៃ​ទី​១៧ មេ​សា ឆ្នាំ​១៩៧៥ ដោយនៅ​ក្នុង​នោះ​ពួក​គេ ក៏​ដូច​ជា​អ្នក​រដ្ឋការ ពាណិជ្ជករ អាជីវកម្ម…

រាជធានី​ភ្នំពេញ ៖ តារាចម្រៀង​ល្បី​ៗ​ចំនួន​២៦​នាក់ ត្រូវ​បាន​បាត់បង់​ជីវិត​នា​សម័យ​ខ្មែរក្រហម​ចាប់ពី​ថ្ងៃ​ទី​១៧ មេ​សា ឆ្នាំ​១៩៧៥ ដោយនៅ​ក្នុង​នោះ​ពួក​គេ ក៏​ដូច​ជា​អ្នក​រដ្ឋការ ពាណិជ្ជករ អាជីវកម្ម បណ្ឌិត និស្សិត បញ្ញវ័ន្ត និង​ប្រជាជន​ខ្មែរ​ដទៃ​ទៀត​នៅ​ទូ​ទាំង​ប្រទេស​ត្រូវ​ផ្លាស់​មុខងារ​រៀង​ៗ​ខ្លួន​ក្លាយជា​ទាសករ​ដាច់​ថ្លៃ​ក្រោម​នឹម​ផ្តាច់​ការ​នៃ​ពួក​អាវ​ខ្មៅ​។

បើ​យោង​តាម​វី​ដេ​អូ​ឃ្លី​ប​ដែល​មាន​ចំណងជើង​ថា «​ដំណឹង​ចុង​ក្រោយ​» ដែល​រៀបរៀង​ដោយ​ក្រុមព្រះ​សុរិយា​បាន​ឲ្យ​ដឹង​ថា តារាចម្រៀង​ទាំង​២៦​រូប​នោះ​រួម​មាន ៖ អ​ធិ​រា​សម្លេង​មាស​លោក ស៊ី​ន ស៊ី​សា​មុត ដែល​ត្រូវ​បាន​ពួក​ខ្មែរក្រហម​ផ្តាច់ជីវិត​លោក​នៅ​ថ្ងៃ​ទី​១៨ ខែឧសភា ឆ្នាំ​១៩៧៦ ក្នុង​មន្ទីរ​១៥ ស្រុក​កោះធំ ខេត្តកណ្តាល​។

ចំណែក​រាជ​នី​សម្លេង​មាស រស់ សេរី​សុទ្ធា ត្រូវ​បាន​ខ្មែរក្រហម​ផ្តាច់​យក​ជីវិត​នាង​នៅ​ស្រុក​ភ្នំ​ស្ទួ​ច ខេត្តកំពង់ស្ពឺ ពាក់កណ្តាល​ឆ្នាំ​១៩៧៧ ហើយ​លោក សុះ ម៉ាត់ បាន​បាត់​ខ្លួន​នៅ​តំបន់​ព្រែក​ព្នៅ ក្រោយ​ថ្ងៃ​១៧ ខែមេសា ឆ្នាំ​១៩៧៥​។ ដោយឡែក​លោកស្រី ប៉ែន រ៉​ន ត្រូវ​ខ្មែរក្រហម​ផ្តាច់​យក​ជីវិត​លោក​នៅ​ក្នុង​វត្ត​ត្រាប់​ផ្គរ ភូមិ​ត្រពាំង​ទឹក ស្រុក​បាទី ខេត្តតាកែវ ក្នុង​ខែឧសភា ឆ្នាំ​១៩៧៥ ក្រោយ​ថ្ងៃ​ដែល​ជម្លៀស​ចេញពី​រាជធានី​ភ្នំពេញ រយៈពេល​ប្រមាណ​៣​ទៅ​៤​ស​ប្តា​ហ៍​ប៉ុណ្ណោះ​។

លោក មាស ហុ​ក​សេង ត្រូវ​ខ្មែរក្រហម​ផ្តាច់ជីវិត​នៅ​ស្រុក​គាស់​ក្រឡ ខេត្តបាត់ដំបង នា​ចុងឆ្នាំ​១៩៧៦ ខណៈ​លោកស្រី ហួយ មាស ត្រូវ​បាន​ផ្តាច់ជីវិត​នា​ថ្ងៃ​ទី​១៧ ខែមេសា ឆ្នាំ​១៩៧៧ ក្នុង​វត្ត​ធម្ម​យុទ្ធ ស្រុក​មោង​ឬ​ស្សី ខេត្តបាត់ដំបង​។ លោក អ៊ឹ​ង ណា​រី ត្រូវ​ខ្មែរក្រហម​ផ្តាច់​យក​ជីវិត​លោក​នៅ​ស្រុក​បៃ​លី​ន ខេត្ត​បៃ​លី​ន ក្នុង​ឆ្នាំ​១៩៧៦ ហើយ​លោកស្រី ម៉ៅ សា​រ៉េ​ត ត្រូវ​បាន​បាត់បង់​ជីវិត​នៅ​តំបន់​បាក់​ត្រា ខេត្តពោធិ៍សាត់ នា​ឆ្នាំ​១៩៧៦ ខណៈ​ពេល​លោក មាស សា​ម៉​ន ត្រូវ​បាត់បង់​ជីវិត នា​តំបន់​កោះគរ ស្រុក​កៀនស្វាយ ខេត្តកណ្តាល ក្នុង​ឆ្នាំ​១៩៧៦​។

លោកស្រី​តារា ចោម ច័ន្ទ ត្រូវ​បាន​ខ្មែរក្រហម​ផ្តាច់​យក​ជីវិត​ប្រហារជីវិត​នៅ​ទឹកដី​ខេត្ត​ពោ​ធិ័​សាត់ នា​ឆ្នាំ​១៩៧៦ និង​លោក អាប់​ឌុ​ល សារី ត្រូវ​បាន​ផ្តាច់ជីវិត​នៅ​ឆ្នាំ​១៩៧៧ នា​ភូមិ​ឈើទាល ស្រុក​កៀនស្វាយ ខេត្តកណ្តាល​។ លោកស្រី ហៃ សុខុម ត្រូវ​ខ្មែរក្រហម​ច្រាន​ទម្លាក់​ពីលើ​កប៉ាល់​នៅ​ទន្លេមេគង្គ​នា​ថ្ងៃ​១៧ មេ​សា ឆ្នាំ​១៩៧៥ ក្នុង​ព្រឹត្តិការណ៍​ជម្លៀស​ប្រជាជន​ចេញពី​រាជធានី​ភ្នំពេញ និង​លោក ថេ​ត សម្បត្តិ ក៏​ត្រូវ​បាន​ផ្តាច់ជីវិត នៅ​ឆ្នាំ​១៩៧៧ នា​ខេត្តបាត់ដំបង​។

លោកស្រី ឃៀ​ម សោភ័ណ ត្រូវ​បាន​បាត់បង់​ជីវិត ដោយសារ​តែ​ជំងឺ​ទាស់សរសៃ​ខ្ចី​នៅ​ឆ្នាំ​១៩៧៦ ក្នុង​ខេត្តបាត់ដំបង ហើយ​លោក ពេជ្រ សា​មឿ​ន ក៏​ត្រូវ​បាន​ផ្តាច់​យក​ជីវិត​លោក​នៅ​ឆ្នាំ​១៩៧៥ ក្នុង​ព្រឹ​ត្ត​ការណ៍​ជម្លៀស​ប្រជាជន​ចេញពី​រាជធានី​ភ្នំពេញ​។ លោកស្រី ពៅ វ​ណ្ណា​រី ត្រូវ​ខ្មែរក្រហម​ផ្តាច់ជីវិត​នា​ឆ្នាំ​១៩៧៦ ក្នុង​ទឹកដី​ខេត្តព្រៃវែង ចំណែក​លោក សំ សុ​ខន ត្រូវ​ក៏​បាន​ផ្តាច់ជីវិត​នៅ​ក្នុង​ទឹកដី​ខេត្តកោះកុង នា​ឆ្នាំ​១៩៧៧ ខណ​៖​លោកស្រី តាំង សៀវ​ឡេ​ង ត្រូវ​បាន​ផ្តាច់​យក​ជីវិត​នៅ​គុក​ទួល​ស្លែង នា​ឆ្នាំ​១៩៧៧​។

ជាមួយនឹង​តារាចម្រៀង​ទាំងអស់​ខាងលើ​នេះ ក៏​នៅ​មាន​សិល្បករ​ជា​ច្រើន​ទៀត ដែល​ត្រូវ​បាន​ផ្តាច់​យក​ជីវិត​នៅ​ក្នុង​របប​កាន់កាប់​ដោយ​ខ្មែរក្រហម ក្នុង​ពេល​ដែល​ពួក​គេ​ទាំង​អស់នោះ នៅ​មិន​ទាន់​មានការ​ស្រាវជ្រាវ​ដឹង​ថា ត្រូវ​បាន​គេ​ផ្តាច់​យក​ជីវិត​នៅ​ឆ្នាំ​ណា និង​នៅឯណា​នោះ​ឡើយ​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ