រាជធានីភ្នំពេញ ៖ សំណុំរឿងបំផ្លាញតម្រុយបង្គោលព្រំដែនកម្ពុជា-វៀតណាម លេខ១៨៥ ក្នុងខេត្តស្វាយរៀង ត្រូវបានប្រធានចៅក្រមតុលាការកំពូលលោកខឹម ប៉ុន ក្នុងចំណោមចៅក្រម៥នាក់ ប្រកាសសម្រេចតម្កល់សាលដីកាសាលាឧទ្ធរណ៍ និងសាលក្រមសាលាដំបូងខេត្តស្វាយរៀង ដែលបានផ្តន្ទាទោសលោកសម រង្ស៊ី ដាក់គុក២ឆ្នាំ ឯកសិករ២នាក់រួចទោស តែរួមគ្នាចេញសំណងការខូចខាត និងជំងឺចិត្តសរុប៦៣លានរៀល កាលពីព្រឹកថ្ងៃទី១ មីនា ២០១១ ។
គួរបញ្ជាក់ថា តុលាការកំពូលកាលពីថ្ងៃទី២៣ កុម្ភៈ ២០១១ កន្លងមកនេះ បានធ្វើការជំនុំជម្រះលើបណ្តឹងឧទ្ធរណ៍របស់លោកសម រង្ស៊ី និងកសិករ២នាក់ប្រឆាំងទៅនឹងការកាត់ទោសពួកគាត់ឱ្យជាប់ពន្ធនាគារពី១ឆ្នាំរហូតដល់២ឆ្នាំ និងពិន័យជាប្រាក់រួមគ្នាសរុប៦៣លានរៀល ដែលសម្រេចដោយតុលាការខេត្តស្វាយរៀងកាលពីថ្ងៃទី២៧ មករា ២០១០ កន្លងទៅនេះ ។
ក្នុងសវនាការប្រកាសសាលដីកានេះ ប្រធានចៅក្រមជំនុំជម្រះមានលោកខឹម ប៉ុន, ព្រះរាជអាជ្ញាលោកឈួន ចន្ថា ក្រឡាបញ្ជី លោកឈាន វ៉ាន់ថា មេធាវីការពារក្តីជនជាប់ចោទសម រង្ស៊ី អ្នកស្រីមាស ស្រី និងលោកព្រំ ជា គឺលោកមេធាវីជូ ជួងងី មេធាវីការពារក្តីរដ្ឋាភិបាលគឺលោកចាន់ សុខយៀង ព្រមទាំងមានការចូលរួមពីជនជាប់ចោទមាស ស្រី និងព្រំ ជា ផងដែរ ។ បន្ទាប់ពីបើកសវនាការអស់រយៈពេលជាង២ម៉ោង កាលពីថ្ងៃទី២៣ កុម្ភៈ កន្លងមកនេះ តុលាការកំពូលបានពន្យារពេលប្រកាសសាលដីការហូតដល់ថ្ងៃទី១ មីនា ២០១១ នេះ ទើបនៅវេលាម៉ោង៨ព្រឹកខណៈសវនាការចាប់ផ្តើមបើកឡើងជាថ្មី គឺសម្រេចតម្កល់ទោសលោកសម រង្ស៊ី និងកសិករ២នាក់នោះឱ្យនៅដដែល ៕
ចែករំលែកព័តមាននេះ