ក្រុងប៉ោយប៉ែត ៖ ជនអនាថាមួយចំនួននៅក្នុងក្រុងប៉ោយប៉ែតគេតែងសង្កេតឃើញខ្លះដើរហិតកាវខ្លះដើរសុំលុយពីភ្ញៀវទេសចរជាតិនិងអន្តរជាតិដែលធ្វើដំណើរឆ្លងកាត់ច្រកទ្វារប៉ោយប៉ែត និងខ្លះទៀតបានយកសំយាបផ្ទះឬខឿនរង្វង់មូលធ្វើជាកន្លែងស្នាក់នៅរបស់ពួកគេ។
ជាក់ស្តែងកាលពីពេលថ្មីៗនេះគេឃើញជនអនាថាម្នាក់បានដេកលើខឿនរង្វង់មូលយ៉ាងស្តូកស្តឹងហាក់់បីដូចជាសាកសពដែលស្លាប់ហើយពុំឃើញអាជ្ញាធរឬមន្ត្រីជំនាញណាម្នាក់មកដាស់ឱ្យរូបគេចាកចេញពីទីនោះទេគឺបានត្រឹមដើរហួសប៉ុណ្ណោះ ។ ករណីនេះធ្វើឱ្យមានមតិរិះគន់ចំពោះចំណាត់ការរបស់អាជ្ញាធរឬសមត្ថកិច្ចថា គួរតែមានវិធានការចំពោះពួកគេឱ្យបានល្អប្រសើរផង កុំឱ្យភ្ញៀវទេសចរជាតិនិងអន្តរជាតិដែលគេធ្វើដំណើរឆ្លងកាត់មានការភ័យខ្លាចនិងរង្កៀសចិត្តបណ្តាលមកពីភាពអនាធិបតេយ្យរបស់ជនអនាថាទាំងនោះ ។
តាមប្រភពព័ត៌មានឱ្យដឹងថា នៅច្រកទ្វារប៉ោយប៉ែតនេះបើគិតពីចំនួនភ្ញៀវទេសចរបរទេសដែលធ្វើដំណើរឆ្លងកាត់គឺក្នុង១ថ្ងៃមិនក្រោម៥០០នាក់នោះទេ ពួកគេចូលមកនិងបន្តទៅទស្សនាប្រាសាទអង្គរវត្តនិងប្រាសាទផ្សេងៗទៀតដែលមាននៅក្នុងប្រទេសកម្ពុជាយើង ។ ជុំវិញបញ្ហាជនអនាថាដេករបៀបអនាធិបតេយ្យនេះ ជារឿយៗកន្លងមកលោកទ្រី ណារិន អភិបាលក្រុងប៉ោយប៉ែត បានយកចិត្តទុកដាក់និងដាក់បទបញ្ជាដល់សមត្ថកិច្ចជំនាញឱ្យជួយការពារសណ្តាប់ធ្នាប់សាធារណៈជូនដល់ភ្ញៀវទេសចរជាតិនិងអន្តរជាតិដែលគេឆ្លងកាត់តំបន់នេះដែរ ។ ប៉ុន្តែអ្វីដែលជាអនុសាសន៍របស់លោកអភិបាលក្រុងប៉ោយប៉ែតដាក់ចេញ ហាក់បីដូចជាការវែកចកនៅក្នុងទឹកគឺមានឥទ្ធិពលតែមួយរយៈពេលខ្លីប៉ុណ្ណោះ ក្រោយមកគេឃើញសកម្មភាពនិងទិដ្ឋភាពបែបនោះកើតមានជាដដែល ។ បញ្ហាទាំងអស់នេះគួរតែលោកអភិបាលក្រុងប៉ោយប៉ែតចាត់វិធានការឱ្យបានតឹងរ៉ឹងផង ៕
ចែករំលែកព័តមាននេះ