រាជធានីភ្នំពេញ ៖ រហូតមកដល់ពេលនេះ សហគ្រាសក្នុងស្រុកដែលផលិតនូវទំនិញប្រើប្រាស់និងចំណីអាហារសម្រាប់ផ្គត់ផ្គង់ទីផ្សារកម្ពុជា នៅតែជួបបញ្ហាប្រឈមជាមួយនឹងផលិតផលដែលនាំចូលពីប្រទេសជិតខាង ដែលធ្វើអោយមានការរារាំងដល់ដំណើរការពង្រីកអាជីវកម្មរបស់សហគ្រិន ដើម្បីប្រកួតប្រជែងជាមួយទំនិញបរទេសដែលកំពុងចរាចរយ៉ាងសន្ធឹកក្នុងទីផ្សារកម្ពុជា ។
បើយោងតាមលោកស្រី សុខ ឃីម ម្ចាស់សហគ្រាសផលិតចំណីអាហារមួយក្នុងប្រទេសកម្ពុជា និងសម្រាប់ផ្គត់ផ្គង់តែក្នុងស្រុកនោះបានអោយដឹងថា បញ្ហាប្រឈមរបស់សហគ្រាសលោកស្រីនាពេលបច្ចុប្បន្ននេះ គឺការប្រកួតប្រជែងទីផ្សារជាមួយទំនិញនាំចូលពីបរទេស ព្រោះអីទំនិញគេលើទីផ្សារមានតម្លៃទាបជាងទំនិញរបស់អ្នកផលិតក្នុងស្រុក អញ្ចឹងហើយអ្នកប្រើប្រាស់ចង់បានទំនិញណាដែលមានតម្លៃទាបចំពោះអាទិភាពមុនគេ ព្រោះពលរដ្ឋខ្មែរភាគច្រើនគាត់មើលទៅលើតម្លៃ បើសិនជាតម្លៃទាប គាត់ត្រូវជ្រើសរើសយកទំនិញណាដែលមានតម្លៃទាបជាមុនសិន ។ តែចំពោះអ្នកដែលគិតគូរពីគុណភាព សុខភាពខ្លួនឯងទើបគេត្រូវពិនិត្យទៅមើលគុណភាព ។
លោកស្រីបាននិយាយថា « ទំនិញដែលនាំចូលគឺមានតម្លៃទាបជាងទំនិញក្នុងស្រុក ព្រោះការផលិតរបស់គេចំណាយថ្លៃដើមតិចជាងផលិតផលក្នុងស្រុក ដូច្នេះគេអាចលក់លើទីផ្សារក្នុងតម្លៃទាបជាងផលិតផលយើងបាន តែបើសិនជាយើងលក់ទាបដូចគេដែរនោះអាជីវកម្មយើងនឹងដួលរលំ »។ លោកស្រី បានស្នើរអោយអាជ្ញាធរ ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា ជួយពិនិត្យមើលនិងជួយទប់ស្កាត់នូវទំនិញណាដែលសហគ្រិនក្នុងស្រុកអាចផលិតបាន ដើម្បីជួយលើកស្ទួយដល់អ្នកផលិតអោយពង្រីកការផលិតដើម្បីផ្គត់ផ្គង់ក្នុងស្រុកបន្ថែមទៀត ។
លោកស្រីឡឹង ម៉ានុត ម្ចាស់សិប្បកម្មគ្រាប់ស្វាយចន្ទី ចំការលើបានអោយដឹងថាទីផ្សារជារឿងសំខាន់ហើយ ក្នុងការប្រកួតប្រជែងជាមួយផលិតផលនាំចូលពីបរទេស ព្រោះការនាំចូលពីបរទេសមានតម្លៃទាបជាងផលិតផលដែលផលិតក្នុងស្រុក ។ ការនាំចូលពីបរទេសមានតម្លៃទាបដោយសារតែការផលិតរបស់គេមានការចំណាយទាបជាងការផលិតក្នុងស្រុក ។ ការផលិតរបស់គេគឺប្រើប្រាស់ប្រព័ន្ធស្វ័យប្រវត្តិច្រើនជាងការប្រើកំលាំងមនុស្សដូច្នេះការចំណាយប្រចាំថ្ងៃ មានតិចតួចជាងក្នុងប្រទេសកម្ពុជា ។ លោកស្រីឡឹង ម៉ានុត បានឲ្យដឹងបន្ថែមទៀតថា « សិប្បកម្មយើងមានការប្រើប្រាស់កំលាំងមនុស្សច្រើន ក្នុងខ្សែចង្វាក់ផលិតកម្ម ពោលគឺត្រូវធ្វើដោយដៃ អញ្ចឹងហើយត្រូវការចំណាយប្រាក់ខែទៅគេជាប្រចាំថ្ងៃ មិនដូចខាងផលិតផលនាំចូល គឺប្រើម៉ាស៊ីន ដូច្នេះគេមិនចាំបាច់ចំណាយប្រាក់ខែបុគ្គលិកច្រើន » ។
លោកបានស្រីបានបន្តថា ចំពោះគុណភាពផលិតផលនៃចូលពីបរទេស និងផលិតក្នុងស្រុក កម្ពុជា បើប្រៀបធៀបគ្នាក៏មិនឈ្នះក្នុងស្រុកដែរ ក៏ប៉ុន្តែពលរដ្ឋនៅតែគាំទ្រលើការនាំចូលដដែល ។ យ៉ាងណាក៏ដោយ ក៏មានពលរដ្ឋមួយចំនួនដែលគាត់មានការយល់ដឹងជ្រៅជ្រះ ងាកមកប្រើប្រាស់ផលិតផលក្នុងស្រុកច្រើនជាង ព្រោះរបស់ក្នុងស្រុកមានគុណភាព និងសុវត្ថិភាពជាងការនាំចូល ។ លោកស្រី ចង់អោយពលរដ្ឋងាកមកប្រើរបស់ក្នុងស្រុកវិញ ដើម្បីជួយជំរុញចលនាផលិតទំនិញក្នុងស្រុក និងជួយបង្កើតការងារដល់ពលរដ្ឋក្នុងស្រុកធ្វើកាន់តែច្រើន ។ លោកស្រី ក៏ចង់អោយរដ្ឋាភិបាលជួយជាបច្ចេកទេស ដើម្បីបង្កើនការផលិត និងកាត់បន្ថយការចំណាយថ្លៃដើម ដើម្បីធ្វើការប្រកួតប្រជែងជាមួយផលិតផលដែលនាំចូលពីខាងក្រៅប្រទេស ។
លោកស្រីឡឹង ម៉ានុត បាននិយាយថា «សព្វថ្ងៃនេះ មានមន្ត្រីមកពីស្ថាប័នពាណិជ្ជកម្មមួយចំនួន បានចុះមកដល់សិប្បកម្ម តែមិនមែនដើម្បីជួយយើងទេ បើទោះបីជាយើង បានចុះបញ្ជីត្រឹមត្រូវ ក្នុងក្រសួងហើយក្ដី តែពួកគាត់មកសួរយើងវិញ ថាត្រូវធ្វើដូចម្ដេច ធ្វើយ៉ាងណាខ្លះទៅវិញ ។អ្វីដែលយើងចង់បាននោះ គឺចង់មានការបណ្ដុះបណ្ដាលបច្ចេកទេស ដើម្បីពង្រីកខ្សែចង្វាក់ផលិតកម្មទំនិញក្នុងស្រុក »។
បើតាមលោកចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងឧស្សាហកម្មនិងសិប្បកម្មបានមានប្រសាសន៍ថាក្រសួងនឹងជួយដល់សិប្បកម្មសហគ្រាស ទូទាំងប្រទេសដែលមានការចុះបញ្ជីត្រឹមត្រូវក្នុងក្រសួងដើម្បីកាត់បន្ថយការចំណាយថ្លៃដើម និងកាត់បន្ថយការបំពុលបរិស្ថានផងដែរ ។ លោករដ្ឋមន្ត្រីបានបន្តថា បច្ចុប្បន្ននេះ សហគ្រាសទាំងអស់ក្នុងប្រទេសកម្ពុជា មានជាង៥០ម៉ឺនសហគ្រាស ក្នុងនោះមានតែប្រមាណ៥ភាគរយប៉ុណ្ណោះដែលចុះបញ្ជីត្រឹមត្រូវ ក្នុងក្រសួងឧស្សហកម្ម និងសិប្បកម្ម ។ ក្រសួងនឹងជំរុញអប់រំ ណែនាំអោយម្ចាស់សហគ្រាសទាំងនោះ មកចុះបញ្ជីត្រឹមត្រូវ អោយក្លាយជាសហគ្រាសស្របច្បាប់ ៕ កែសម្រួលដោយ ៖ សុឃាក់
ចែករំលែកព័តមាននេះ