ខេត្តកំពង់ឆ្នាំង ៖ ក្រោយពីបំលាស់ទីប្រជាពលរដ្ឋរស់នៅក្នុងទឹកឲ្យឡើងលើគោក រូចមក ពេលនេះអាជ្ញាធរ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ បានឈានចូលដល់ការរុះរើដំបូល និងជញ្ជាំងបែចិញ្ចឹមត្រីជាបន្តទៀតហើយ បន្ទាប់ពីការបន្លាស់ទីផ្ទះបណ្ដែតទឹកនៅឃុំឆ្នុកទ្រូបានប្រមាណមួយរយភាគរយ ។ ករណីរុះរើដំបូលនិងជញ្ជាំងបែចញ្ចឹមត្រីនេះចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៦ ខែមករា បានចំនួន១៧បែត្រី ។
មេឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ លោក សាំង គីមស៊ន បានបញ្ជាក់នៅព្រឹកថ្ងៃទី៦ ខែមករា ឆ្នាំ២០២០ ខណៈ ដែលលោកកំពុងដឹកនាំកម្លាំង រុះរើជញ្ជាំង និងដំបូលបែចិញ្ចឹមត្រី នៅចំណុចកោះមនោ ស្ថិតក្នុងភូមិឆ្នុកទ្រូ ឃុំឆ្នូកទ្រូ ឱ្យដឹងថា ផ្ទះបណ្តែតទឹករបស់ប្រជាពលរដ្ឋនៅឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ មកដល់ពេលនេះបានបន្លាស់ទីឡើងគោក១០០% ពេលនេះ យើងចាប់ផ្តើមធ្វើរឿងបែចិញ្ចឹមត្រីពីក្រោម មានផ្ទះនៅពីលើវិញម្តង ។ ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងទៅនេះគឺចាប់ពីថ្ងៃទី២ដល់ថ្ងៃទី៦ ខែមករា ឆ្នាំ២០២០ អាជ្ញាធរឃុំឆ្នុកទ្រូ សហការជាមួយសមត្ថកិច្ចចម្រុះ បានចុះរុះរើដំបូល និងជញ្ជាំងបែចិញ្ចឹមត្រីរបស់ប្រជាពលរដ្ឋ បានចំនួន១៧បែត្រីហើយ ក្នុងចំណោមបែចិញ្ចឹមត្រីចំនូន៧៩បែត្រី ។
លោកមេឃុំឆ្នុកទ្រូបានបញ្ជាក់ថា បែត្រីក្នុងភូមិឆ្នុកទ្រូ មានចំនួន៧៩បែ ក្នុងនោះ បែមានត្រី៧១ និងបែគ្មានត្រីចំនួន៨ ពេលនេះកំពុងរុះរើជាបណ្តើរៗនិងធ្វើ រហូតដល់អស់ទាំងស្រុងតែម្តង គឺតាមការណែនាំរបស់អាជ្ញាធរខេត្ត មិនអនុញ្ញាតឲ្យប្រជាពលរដ្ឋរស់នៅលើបែចិញ្ចឹមត្រី ដែលមានដំបូល ធ្វើ និងជញ្ជាំង ដូចជាលំនៅដ្ឋានរស់នៅឡើយ តែអាចឱ្យពួកគាត់ចិញ្ចឹមត្រីក្នុងបែរជាបន្តបាន។
ដោយឡែក អភិបាលរង ស្រុកបរិបូណ៌ លោក ផល ភាព បានបញ្ជាក់ថាកន្លងមកទាំងអាជ្ញាធរ និងសមត្ថកិច្ចចុះណែនាំអប់រំ ពួកគាត់ច្រើនដងហើយ ប៉ុន្តែប្រហែលដោយសារតែពួកគាត់ ខ្លះជាប់រវល់ទើបពេលនេះ កម្លាំងសមត្ថកិច្ចចម្រុះបានចុះមកជួយរុះរើ ហើយប្រជាពលរដ្ឋ ខ្លះទៀត ក៏រុះរើដោយខ្លួនឯង ។ ក្នុងនាមលោកជាអាជ្ញាធរ លោកសូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់សូមចូលរួមទាំងអស់គ្នា ក្នុងការរុះរើ ដំបូល ជញ្ជាំងពីលើបែចិញ្ចឹមត្រីរបស់ខ្លួន ដើម្បីឲ្យបានឆាប់រហ័ស តាមការណែនាំរបស់អាជ្ញាធរខេត្ត ។
បើតាមផែនការរបស់លោកមេឃុំ ក្រោយពីរុះរើដំបូល និងជញ្ជាំងបែត្រីអស់ហើយ បែត្រីទាំងអស់នឹងយកដាក់ប្រមូលផ្តុំឱ្យនៅជិតគ្នា ក្នុង១០បែដាក់មួយកន្លែង ដើម្បីដាក់ឱ្យមានរោងមួយ ងាយស្រួលពួកគាត់ដេកយាម ការពារ ត្រីក្នុងបែចិញ្ជឹមរបស់ខ្លួន និងម្យ៉ាងវិញទៀត ងាយស្រួលដល់ការងារការពាររបស់អាជ្ញាធរ និងសមត្ថកិច្ចផងដែរ ។
ទោះបីយ៉ាងនេះក្តី ក្នុងរយៈពេលនេះការរុះរើដំបូល និងជញ្ជាំងបែចិញ្ចឹមត្រីរបស់អាជ្ញាធរខាងលើ ហាក់មានភាពយឺតយ៉ាវ ព្រោះបើគិតរយៈពេល៥ថ្ងៃរុះរើបានត្រឹមតែ១៧បែប៉ុណ្ណោះ អាចថា មិនសូវមានការចូលរួមពីប្រជាពលរដ្ឋ អ្នកចិញ្ចឹមត្រីក្នុងបែនោះឡើយ ៕ (កែសម្រួលដោយ ៖ ធីតា)
ចែករំលែកព័តមាននេះ