ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មួយពាន់​សំណាង​​នៅ​ក្រោម​រថយន្ត​ក្រុង​រងរបួស​តែមិន​ស្លាប់

15 ឆ្នាំ មុន

ខេត្តកំពត​​ ៖ ហេតុការណ៍​​ស្មាន​​មិន​ដល់​​​មួយ​បាន​កើត​ឡើង​លើ​ស្ត្រី​ពីរ​នាក់​បងប្អូន​​ដែល​ជិះ​ម៉ូតូ​​វីវ៉ា​ ស៊េរី២០០៨​​ ពណ៌​ខ្មៅ​មួយ​គ្រឿង​ចេញ​ពី​ផ្សារ​ក្រុង​កំពត ឌុបគ្នា​ ។ ស្ត្រី​​ជាប្អូន​​មាន​ផ្ទៃពោះ​​ជិតគ្រប់​ខែ​​ ឯស្ត្រី​​ជា​បង​អ្នក​បើក​ម៉ូតូ​ ។ លុះ​​មក​ដល់​​រង្វង់​មូល​​​​នាគព័ន្ធ​ខាង​កើត​​ចំណត​រថយន្ត​​ក្រុង​កំពត​ចម្ងាយ​​២០០​ម៉ែត្រ​ ក៏ត្រូវ​បាន​កៀរ​​គ្នា​ជាមួយ​​រថយន្ត​ក្រុង​ដឹកអ្នក​ទេសចរ​​ បណ្តាល​ឱ្យ​ម៉ូតូ​​និង​ស្ត្រី​ជិះម៉ូតូ​ពីរ​នាក់​បងប្អូន​​ដួល​​​ចូល​ក្រោម​រថយន្ត​​ទាំងពីរ​នាក់​ តែជីវិត​ថ្លៃ​មិន​ស្លាប់គ្រាន់​តែ​របួស​ ។​ ហេតុការណ៍​នេះ​បាន​​កើតឡើង​នៅ​វេលា​ម៉ោង​​៥​និង​៣០នាទី​​ល្ងាច​ថ្ងៃទី​៧ មីនា ​។

តាម​សម្តី​អ្នក​ឃើញ​ហេតុការណ៍​​​បាន​ឱ្យ​ដឹងថា នៅ​វេលា​ម៉ោង​​​ខាង​លើ​គេ​ឃើញ​រថយន្ត​ក្រុង​​បើក​​​ចេញពី​ចំណត​​របស់​ក្រុម​ហ៊ុន​​​ឆ្ពោះ​​ទៅទិស​ខាង​កើត ​ដើម្បី​ទៅ​ចត​នៅ​ចំណត​រថយន្ត​ លុះ​មក​ដល់​ចំណុច​​​រង្វង់​​ចូល​នាគព័ន្ធ​​ក៏​បាន​កៀរ ម៉ូតូ​វីវ៉ា​មួយ​គ្រឿង​របស់​​ស្ត្រី​​ពីរ​នាក់​បងប្អូន ធ្វើ​​​​ឱ្យដួល​ចូល​ក្រោម​​រថយន្ត​​ទាំង​ម៉ូតូ​​​ទាំង​មនុស្ស​បណ្តាល​ឱ្យ​​ស្ត្រី​ម្នាក់​​ជា​អ្នក​បើក​ម៉ូតូ​​រងរបួស​បាក់​​​ក​ជើង​​ស្តាំ​ ​​និង​ស្ត្រី​​ជា​ប្អូន​ជិះពី​ក្រោយ​ដែល​មាន​ផ្ទៃពោះ​ជិត​គ្រប់ខែ​ផង​នោះ​​រង​របួស​​ស្រាល​ ។
ក្រោយ​​ពេល​កើត​ហេតុ​ ​ប្រជា​ពលរដ្ឋ​​និង​មន្ត្រី​រាជការ​ដែល​នៅទីនោះ​​បាន​​រត់​មកជួយគាស់​និង​យក​ឧបករណ៍​​មក​ដូយរថយន្ត​​​​ទើបយក​មនុស្ស​និង​ម៉ូតូ​ចេញ​ពីក្រោម​រថ​យន្ត​ធុនធំនេះបាន​​ហើយ​​បញ្ជូន​​ទៅ​គ្លីនិកឯកជន​​សម្ភព​បូកគោ​ដើម្បី​​សង្គ្រោះ​ ​។ ​

មន្ត្រី​​​ប៉ូលិស​​​ចរាចរ​ក្រុង​បាន​ឱ្យ​ដឹងថា ស្ត្រី​រងគ្រោះ​​ទាំង​ពីរ​​នាក់​​បងប្អូន​​១-ឈ្មោះ​​លឹម​ សុគន្ធា អាយុ​៣០ឆ្នាំ​ រងរបួស​បាក់​កជើង​ស្តាំ​ ២-ឈ្មោះ​លឹម ធារី អាយុ​២៩ឆ្នាំ រងរបួស​ស្រាល​ ​ទាំងពីរ​នាក់​​រស់​នៅភូមិ​ត្រពាំង​​ធំ ​ឃុំ​ត្រពាំង​​សង្កែ​ ស្រុក​ទឹកឈូ​ ខេត្ត​កំពត​ ។ រីឯរថយន្ត​បង្ក​​​ពាក់​ស្លាក​លេខ​ភ្នំពេញ​ 3A-1138 ​ជារថយន្ត​​ដឹក​ភ្ញៀវ​​ទេសចរ​។ ដោយ​​ឡែកអ្នក​បើកបរ​រថយន្ត​នេះ​​ក្រោយ​ពេល​កើត​​​ហេតុ​បាន​រត់​គេចខ្លួនបាត់​​៕