រាជធានីភ្នំពេញ ៖ តុលាការកំពូល នៅថ្ងៃទី១ មីនា បានប្រកាសសាលដីកាដោយតម្កល់សាលដីកាសាលាឧទ្ធរណ៍ ដែលបានផ្តន្ទាទោស លោកសម រង្ស៊ី ដាក់ពន្ធនាគារពីរឆ្នាំ និងកសិករពីរនាក់ ដោយពិន័យជាប្រាក់រួមគ្នាសរុប៦៣លានរៀល តាមសាលក្រមសាលាដំបូងខេត្តស្វាយរៀង កាលពីថ្ងៃទី២៧ មករា ២០១០ កន្លងទៅ។ ការប្រកាសសាលដីកានេះធ្វើឡើងដោយប្រធានចៅក្រមជំនុំជម្រះនៃតុលាការកំពូល លោកខឹម ប៉ុន និងមានការចូលរួមពីអគ្គព្រះរាជអាជ្ញារង លោកឈួន ចន្ថា ក្រឡាបញ្ជី លោកឈាន វ៉ាន់ថា ដោយមានវត្តមានមេធាវីការពារក្តី ឱ្យលោកសម រង្ស៊ី អ្នកស្រីមាស ស្រី និងលោកព្រំ ជា គឺលោកមេធាវីជូ ជុងងឺ និងខាងរដ្ឋាភិបាល លោកចន្ទ័ សុខយៀង។
ប្រធានចៅក្រមជំនុំជម្រះលោកខឹម ប៉ុន បានមានប្រសាសន៍ថា បន្ទាប់ពីបានពិនិត្យសំណុំរឿង ព្រហ្មទណ្ឌករណីបំផ្លាញតម្រុយបង្គោលព្រំដែនកម្ពុជា-វៀតណាមលេខ១៨៥ របស់មេធាវីជនជាប់ចោទឈ្មោះសម រង្ស៊ី, ព្រំ ជា និងមាស ស្រីរួចមកតុលាការកំពូលសម្រេចទទួលពាក្យបណ្តឹងឧទ្ធរណ៍របស់មេធាវីជនជាប់ចោទស្របតាមគតិច្បាប់មកធ្វើការជំនុំជម្រះ ប៉ុន្តែបដិសេធនូវអ្វីដែលផ្ទុយនឹងគតិច្បាប់។ លោកប្រធានចៅក្រមបន្តថា តុលាការយល់ឃើញថាករណីនេះជារឿងព្រហ្មទណ្ឌស្តីពីបទបំផ្លាញតម្រុយបង្គោលព្រំដែនដែលច្បាប់បានផ្តល់សិទិ្ធដល់គណៈកម្មាធិការព្រំដែនធ្វើការបោះបង្គោលព្រំដែន និងពីបទញុះញង់ពូជសាសន៍ដែលប្រព្រឹត្តនៅភូមិកោះក្បានកណ្តាល ឃុំសំរោង ស្រុកចន្រ្ទា ខេត្តស្វាយរៀង។ តុលាការសម្រេចតម្កល់សាលដីការបស់សាលាឧទ្ធរណ៍ចាត់ទុកជាបានការដដែល តាមច្បាប់ព្រហ្មទណ្ឌអន្តរកាល។ លោកប្រធានចៅក្រមបន្តថា រាល់ការលើកឡើងរបស់លោកសម រង្ស៊ី មិនត្រឹមត្រូវនោះទេ ហើយតុលាការបានធ្វើការបដិសេធចំពោះការលើកឡើងទាំងនោះ ពីព្រោះការបោះបង្គោលព្រំដែននេះធ្វើឡើងតាមសន្ធិសញ្ញាដែលសភាបានអនុម័តជាច្បាប់បំពេញបន្ថែម ដោយមានឡាយព្រះហស្តលេខារបស់ព្រះមហាក្សត្រទៀតផង។
លោកចន្ទ័ សុខយៀង មេធាវីរដ្ឋាភិបាលបានថ្លែងថា ការសម្រេចរបស់តុលាការកំពូលជាការ ត្រឹមត្រូវនិងយុត្តិធម៌សំរាប់រដ្ឋាភិបាល ព្រោះលោកសម រង្ស៊ី ពិតជាបានបំផ្លាញតម្រុយបង្គោលលេខ១៨៥មែន។ គ្មាននរណាម្នាក់អាចរំលោភច្បាប់នោះទេ ទាំងអស់គ្នាត្រូវតែគោរពច្បាប់។ ប៉ុន្តែមេធាវីលោកសម រង្ស៊ី គឺលោកជូ ជុងងឺ ថ្លែងថា ការសម្រេចរបស់តុលាការកំពូលមិនយុត្តិធម៌ចំពោះលោកសម រង្ស៊ី និងកសិករជាកូនក្តីរបស់លោកទេ។
គួររំលឹកថា លោកសម រង្ស៊ី ត្រូវបានសាលាដំបូងខេត្តស្វាយរៀង ផ្តន្ទាទោសឱ្យជាប់ពន្ធនាគារ២ឆ្នាំ និងបង់ប្រាក់ពិន័យរួមគ្នាចំនួន៦៣លានរៀល កាលពីដើមឆ្នាំ២០១០ ពីបទដកតម្រុយបង្គោលព្រំដែនលេខ១៨៥ ក្នុងភូមិកោះក្បានកណ្តាល ឃុំសំរោង ស្រុកចន្ទ្រា ខេត្តស្វាយរៀង។ បន្ទាប់មកទោសនេះ ត្រូវបានតម្កល់ដោយសាលាឧទ្ធរណ៍។ ឥឡូវនេះ តុលាការកំពូលបាន តម្កល់ទោស នេះដដែលទាំងអស់។ ចំណែកឯកសិករពីរនាក់ គឺលោកព្រំ ជា និងអ្នកស្រីមាស ស្រី ដែលបានចូលរួមដកតម្រុយបង្គោលព្រំដែនជាមួយលោកសម រង្ស៊ី ត្រូវបានសាលាដំបូងខេត្តស្វាយរៀង កាត់ទោសឱ្យជាប់ពន្ធនាគារម្នាក់មួយឆ្នាំ តែត្រូវបានសាលាឧទ្ធរណ៍បន្ថយទោសមកត្រឹម៩ខែវិញ និងបានដោះលែងឱ្យរួចខ្លួន តែនៅតែត្រូវបង់ប្រាក់ពិន័យរួមគ្នាដដែល៕
ចែករំលែកព័តមាននេះ