ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំណាយ​ស្រាវជ្រាវ​អំពី​រចនា​សម្ពន្ធ​ផ្លូវ​បុរាណ​ពី​អង្គរ​ទៅ​រលួស​ក្នុងស្រុក​ប្រាសាទបាគង

4 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា ផ្លូវ​បុរាណ​មួយ​ខ្សែ​ដែល​ត​ភ្ជាប់​រាជធានី​ពីរ​នៅ​សម័យ​អង្គរ គឺ​រាជធានី​សោ​ធរ (​អង្គរ​) និង​រាជធានី​ហរិ​ហ​រា​ល័យ (​រលួស​) ស្ថិត​នៅ​ភូមិ​ស្ពាន​ក្អែក ឃុំ​ក​ណ្តែ​ក…

ខេត្តសៀមរាប ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា ផ្លូវ​បុរាណ​មួយ​ខ្សែ​ដែល​ត​ភ្ជាប់​រាជធានី​ពីរ​នៅ​សម័យ​អង្គរ គឺ​រាជធានី​សោ​ធរ (​អង្គរ​) និង​រាជធានី​ហរិ​ហ​រា​ល័យ (​រលួស​) ស្ថិត​នៅ​ភូមិ​ស្ពាន​ក្អែក ឃុំ​ក​ណ្តែ​ក ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប ត្រូវ​បាន​អាជ្ញាធរ​ជាតិ​អប្សរា​ធ្វើ​កំណាយ​ស្រាវជ្រាវ​ចាប់ពី​ថ្ងៃ​ទី​២០ ខែវិច្ឆិកា ដល់​ថ្ងៃ​ទី​១៧ ខែធ្នូ ឆ្នាំ​២០១៩ ។

លោក​បណ្ឌិត ឈាន រ​ដ្ឋា ប្រធាន​ស្តីទី​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ​ក្រៅ​ឧទ្យាន​អង្គរ​បានឱ្យ​ដឹង​ថា ការ​ធ្វើ​កំណាយ​ស្រាវជ្រាវ​រចនា​សម្ពន្ធ​ផ្លូវ​បុរាណ​ពី​តំបន់​អង្គរ​ទៅ​តំបន់​រលួស គឺ​ក្នុង​គោលបំណង​ប្រៀបធៀប​ទៅ​នឹង​រចនា​សម្ពន្ធ​នៃ​ផ្លូវ​បុរាណ​ដទៃ​ទៀត ដែល​ស្ថិត​នៅ​ទីតាំង​ផ្សេង និង​ពិចារណា​ក្នុង​ការ​លើក​គម្រោង​អភិរក្ស និង​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព ដើម្បី​លើក​តម្លៃ​កំណាត់​ផ្លូវ​បុរាណ​នេះ​ឡើង​វិញ​ឱ្យ​ក្លាយជា​បេតិកភណ្ឌ​រស់ ។

លោក រ​ដ្ឋា បន្ត​ថា ក្នុង​ការ​ស្រាវជ្រាវ​ឱ្យ​បាន​ច្បាស់​អំពី​រចនា​សម្ពន្ធ​ផ្លូវ​បុរាណ​ក្រុមការងារ​បាន​ចុះ​សិក្សា​សម្រង់​ប្លង់​វាស់វែង និង​បើក​រណ្តៅ​កំណាយ​ចំនួន​៥ ដើម្បី​ដឹង​ពី​បច្ចេកទេស​នៃ​ការ​សាងសង់​ផ្លូវ​របស់​បុព្វបុរស​ខ្មែរ ។ ជា​លទ្ធផល​ស្រាវជ្រាវ​បង្ហាញ​ថា ផ្លូវ​បុរាណ​នេះ​កសាង​ឡើង​ដោយ​ការ​ចាក់​បង្ហាប់ដី​មាន​បី​ស្រទាប់ គឺ​ស្រទាប់​ក្រោម​ប្រើ​ល្បាយ​ដីខ្សាច់​ជាមួយ​ដីឥដ្ឋ​ស្រទាប់​កណ្តាល​ប្រើ​ល្បាយ​កម្ទេច​ថ្មបាយក្រៀម ដីខ្សាច់ និង​ដីឥដ្ឋ និង​ស្រទាប់​ខាងលើ​បង្អស់​ជា​ល្បាយ​ដីឥដ្ឋ​លាយ​ជាមួយ​ដី ខ្សាច់​ភាគច្រើន ។

ផ្លូវ​នេះ​មាន​ទំហំ​សរុប​ចន្លោះ​ពី​៥៦ ទៅ​៦៦​ម៉ែត្រ ដោយ​ចែក​ជា​ទ្រូងផ្លូវ​ទំហំ​ពី​៣០ ទៅ​៤០​ម៉ែត្រ ជើងទេរ​៣​ម៉ែត្រ​សងខាង​ប្រឡាយ​ទឹក​ប្រវែង​ពី​៧​ទៅ ១០​ម៉ែត្រ​សងខាង និង​កម្ពស់​ផ្លូវ​ពី​១,២០​ទៅ​១,៥០​ម៉ែត្រ ។ ក្រៅពី​លទ្ធផល​បាន​ពី​កំណាយ​ខាងលើ​តាម​រយៈ​ការ​វាស់វែង​លើ​ទីតាំង​ផ្សេង​ៗ​គ្នា​នៅ​លើ​កំណាត់​ផ្លូវ​បុរាណ​នេះ​ឃើញ​ថា ជា​ទូទៅ​ផ្លូវ​មាន​ទំហំ​សរុប​ចន្លោះ​ពី​៧០ ទៅ ១០០​ម៉ែត្រ គិត​ទាំង​ប្រឡាយ​អម​ផ្លូវ​ផង ដោយឡែក​នៅ​ជិត​នឹង​គល់​ស្ពាន​តួ​ផ្លួ​វ​មាន​ទំហំ​រួម​តូច​ចន្លោះ​ពី​៥៦​ទៅ​៦៦​ម៉ែត្រ ។

ក្រៅពី​គំហើញ​នៃ​ការ​ធ្វើ​ផ្លូវ​នៅ​តាម​បណ្តោយ​ផ្លូវ​បុរាណ​នេះ​ក៏​មាន​ស្ពាន​បុរាណ​ចំនួន​មួយ បើ​តាម​ឯកសារ​បញ្ជី​សារពើ​ភណ្ឌ​របស់​ក្រសួង​វប្បធម៌ និង​វិច​ត្រ​សិល្បៈ (CISARK)​ហៅ​ថា «​ស្ពានថ្ម​» ។ ស្ពាន​នេះ​មិន​ធ្លាប់​ធ្វើ​កំណាយ​ស្រាវជ្រាវ ឬ​ជួសជុល​នោះ​ឡើយ មាន​តែ​ការ​ចុះបញ្ជី​ដោយ​លោក ETIENNE AYMONIER ឆ្នាំ​១៩០០ លោក LUNE de la JONG ERE ឆ្នាំ​១៩១១ លោក CHRI STOPH POTTER ឆ្នាំ​១៩៩៩ និង​ចុង​ក្រោយ​ចុះបញ្ជី​ដោយ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​សហការ​ជាមួយ​សាលា​បារាំង​ចុង​បូព៌ា​នៅ​ឆ្នាំ​១៩៩៥-២០០៧ ។

លោក សួ​ម សុភា បុគ្គលិក​បច្ចេក ទេស​នៃ​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ​ក្រៅ​ឧទ្យាន​អង្គរ​ក៏​បាន​បញ្ជាក់​ថា ចំពោះ​សម័យកាល​នៃ​ការ​សាងសង់​ស្ពាន គឺ​មិនដឹង​ច្បាស់​ទេ តែបើ​យោង​តាម​ព្រឹត្ដិ ការណ៍​ប្រវត្តិសាស្ត្រ ផ្លូវ​បុរាណ​មួយ​ខ្សែ​នេះ​អាច​ធ្វើ​ក្នុង​សម័យកាល​២ ។ ទី​១ សម័យ​ព្រះបាទ​យ​សោ​វរ្ម័ន​ទី​១ ដែល​ព្រះ​អង្គ​បាន​គ្រោង​រាជ្យ​នៅ​ឆ្នាំ​៨៨៩ ដល់​៩១០​នៃ​គ​.​ស​. ព្រះ​អង្គ​បាន​ប្តូរ​រាជធានី​ពីរ​លួស​ទៅ​កសាង​រាជធានី​ថ្មី​នៅ​តំបន់​អង្គរ​ហៅ​ថា «​យ​សោ​ធរ​» ដែល​មាន​ភ្នំ​បាខែង​ជា​ចំណុចកណ្តាល ។

ក្រោយ​ពី​កំណាយ​ស្រាវជ្រាវ​ឃើញ​រចនា​សម្ពន្ធ​ផ្លូវ​បុរាណ អាជ្ញាធរ​ជាតិ​អប្សរា​នឹង​ពិចារណា​ក្នុង​ការ​លើក​គម្រោង​អភិរក្ស​និង​អភិវឌ្ឍន៍​ប្រកបដោយ​ដោយ​ចីរភាព ដើម្បី​លើក​តម្លៃ​កំណាត់​ផ្លូវ​បុរាណ​នេះ​ឡើង​វិញ​ឱ្យ​ក្លាយជា​បេតិកភណ្ឌ​រស់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ