បាតុករជាច្រើនពាន់នាក់បានលើកគ្នាហែក្បួនទៀតកាលពីថ្ងៃទី២៤ មីនា នៅទីក្រុង DERAA ជាកន្លែងមានការតវ៉ានៅភាគខាងត្បូងស៊ីរីដែលនៅទីនោះការបង្ក្រាបរបស់កងកម្លាំងសន្តិសុខបណ្តាលឱ្យមនុស្សស្លាប់៣៧នាក់ គ្រាន់តែនៅថ្ងៃទី២៣ មីនា មួយ ។
ក្នុងទីក្រុងនេះស្ថិតនៅក្បែរព្រំដែនជាមួយហ្ស៊កដានី កងកម្លាំងសន្តិសុខបានបាញ់ទៅលើពួកយុវជនជាច្រើនរយនាក់ដែលបានដើរស្រែកថា «សេរីភាព!» ។ ភាពចលាចលបណ្តាលឱ្យមនុស្សស្លាប់យ៉ាងតិច៤៤នាក់ ចាប់តាំងពីផ្ទុះឡើងពីថ្ងៃទី១៨ មីនា ក្រោយពិធីសូត្រធម៌ធំមួយមក ។ បណ្តាអង្គការការពារសិទ្ធិមនុស្សនិយាយពីអ្នកស្លាប់ថា មានដល់រាប់រយនាក់ ។
ប្រឈមមុខនឹងការបះបោរប្រជាជននេះដែលពុំធ្លាប់មានចាប់តាំងពីជាង២០ឆ្នាំមកហើយ ប្រធានាធិបតីស៊ីរីលោកបាចារ អាល់ អាសាដ ឱ្យដឹងថា លោកពុំបានបញ្ជាឱ្យបាញ់លើហ្វូងមនុស្សនៅក្រុង DERAA ឡើយ ។ ទីប្រឹក្សារបស់លោក គឺលោកស្រីប៊ូ ថៃអ៊ីណាចា បានប្រកាសថា ប្រមុខរដ្ឋនឹងបង្កើតគណៈកម្មការមួយ ដើម្បីសិក្សាពីការលុបចោលការប្រកាសអាសន្នដែលមានជាធរមានចាប់តាំងពីឆ្នាំ១៩៦៣មក ។
ទីបំផុតលោកអាសាដបានសន្យាថា នឹងបង្កើតច្បាប់ស្តីពីសេរីភាពសារព័ត៌មាន ព្រមទាំងស្តីពីគណបក្សនយោបាយ ។
បាតុកម្មនៅក្រុង DERAA នោះក្រៅពីទាមទារសេរីភាព ក៏ទាមទារឱ្យដោះលែងពួកអ្នកទោសនយោបាយដែលជាប់ឃុំឃាំងផងដែរ ៕
ចែករំលែកព័តមាននេះ