ខេត្តមណ្ឌលគិរី ៖ ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តមណ្ឌលគិរីសម្រេចឃុំខ្លួនជនត្រូវចោទចំនួន៣នាក់ ដាក់ពន្ធនាគារបណ្ដោះអាសន្ន ពីបទកាប់គាស់ និងរុករានដីព្រៃដើម្បីយកដីធ្វើជាកម្មសិទ្ធិនៅក្នុងតំបន់ការពារធម្មជាតិនៃដែនជម្រកសត្វព្រៃកែវសីមា បទល្មើសដែលត្រូវផ្តន្ទាទោសតាមមាត្រា៦២ និងជាបទល្មើសធនធានធម្មជាតិថ្នាក់ទី៤ នៃច្បាប់ស្ដីពីតំបន់ការពារធម្មជាតិ។
សូមរំលឹកថា កាលពីព្រឹកថ្ងៃទី២ ខែមករា ឆ្នាំ២០២០ កម្លាំងអភិរក្សបរិស្ថាននៃដែនជម្រកសត្វព្រៃកែវសីមា សហការជាមួយក្រុមការងារលេខាធិការដ្ឋានគណៈបញ្ជាការឯកភាពស្រុកកែវសីមា បានចុះប្រតិបត្តិការល្បាត ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិនៅចំណុចអូរឬស្សី ស្ថិតក្នុងភូមិពូគង់ ឃុំស្រែព្រះ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ក្នុងដែនជម្រកសត្វព្រៃកែវសីមា ហើយបានប្រទះឃើញទីតាំងកាប់រុករានថ្មី និងចាស់ ដែលមានទំហំសរុបប្រមាណ១០ហិកតា ខណៈនោះសមត្ថកិច្ចបានចាប់ឃាត់ខ្លួនមនុស្ស៣នាក់ភ្លាមៗយកទៅសាកសួរនៅមន្ទីរបរិស្ថានខេត្តមណ្ឌលគិរីដើម្បីចាត់ការបន្តតាមនីតិវិធី។
ជនត្រូវចោទដែលត្រូវកម្លាំងអភិរក្សចាប់និងឃុំខ្លួនបណ្ដោះអាសន្នរួមមាន ១-ឈ្មោះ គា កែម ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅភូមិនាងនយ ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ២-ឈ្មោះ រីម សារី ភេទប្រុស អាយុ៤០ឆ្នាំ រស់នៅភូមិឡាប៉ាខេ ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី និង៣-ឈ្មោះ ឃន ប៉ូឡូ ភេទប្រុស អាយុ៤០ឆ្នាំ រស់នៅភូមិគីឡូម៉ែត្រ១១៦ ឃុំក្រញូងសែនជ័យ ស្រុកស្នូល ខេត្តក្រចេះ។
បច្ចុប្បន្នជនត្រូវចោទទាំង៣នាក់ខាងលើ ត្រូវបានចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តមណ្ឌលគិរីសម្រេចឃុំខ្លួនបណ្ដោះអាសន្ននៅក្នុងពន្ធនាគារពីបទកាប់រុករាន ឆ្ការ ដុតដីព្រៃ ដើម្បីយកដីធ្វើជាកម្មសិទ្ធិ៕ (កែសម្រួលដោយ ៖ ធីតា)
ចែករំលែកព័តមាននេះ