ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មូល​ហេតុ​ដែល​​ដើម​កោង​កាង​ដុះ​​ក្បែរ​មាត់​​ព្រែក ឯដើម​ឈើ​ទាល​ដុះ​តែ​លើ​ភ្នំ

4 ឆ្នាំ មុន

តាម​បុរាណ​បាន​តំណាល ត​ៗ មក​ថា កាលពីដើម​ឡើយ​ដើម​កោង​កាង​ជា​ឈើ​មួយ​ពួក​ដុះ​នៅ​តែ​លើ​ភ្នំ និង​ជើងភ្នំ ។ ចំណែក​ដើមឈើ​ទាល​ទាំងឡាយ​ដុះ​នៅ​តែ​ក្បែរ​មាត់​ព្រែក មាត់​ស្ទឹង និង​មាត់​អូរ ម្ល៉ោះហើយ​តែ​ដល់​រដូវ​ទឹក​ជន់​កាលណា…

តាម​បុរាណ​បាន​តំណាល ត​ៗ មក​ថា កាលពីដើម​ឡើយ​ដើម​កោង​កាង​ជា​ឈើ​មួយ​ពួក​ដុះ​នៅ​តែ​លើ​ភ្នំ និង​ជើងភ្នំ ។ ចំណែក​ដើមឈើ​ទាល​ទាំងឡាយ​ដុះ​នៅ​តែ​ក្បែរ​មាត់​ព្រែក មាត់​ស្ទឹង និង​មាត់​អូរ ម្ល៉ោះហើយ​តែ​ដល់​រដូវ​ទឹក​ជន់​កាលណា គឺ​តែង​ហូរ​ច្រោះ​រលើង​រលំ​ដើមឈើ​ទាល​នោះ​​អន្ត​រាយ​​អស់ ។

ដើមឈើ​ទាល​ទាំងឡាយ កាលបើ​បាន​សេចក្ដី​លំបាក​វេទនា​សឹង​រាល់​ឆ្នាំ​យ៉ាងនេះ ក៏​ជំនុំ​គ្នា​ថា ៖ ពួក​យើង​នឹង​នៅ​ទ្រាំទ្រ​ដុះ​លើ​ដី​ទំនាប​យ៉ាងនេះ​តទៅ​ទៀត​ពុំ​បាន បើ​ដូច្នេះ​យើង​ត្រូវ​នាំ​គ្នា​ទៅ​និយាយ​នឹង​ដើម​កោង​កាង ឲ្យ​មក​ដុះ​នៅ​លើ​ដី​មាន​សភាព​ដូច្នេះ​វិញ​ម្ដង ដ្បិត​ដើម​កោង​កាង​មាន​ឫស​ច្រើន ប្រាកដជា​អាច​ទប់ទល់​នឹង​ទឹកដី​ដូច្នេះ​បាន ។ លុះ​ជំនុំ​គ្នា​ព្រមព្រៀង​ហើយ ពពួក​ដើម​ឈើ​ទាល​ទាំងឡាយ បាន​ចូល​ទៅ​និយាយ​នឹង​ដើម​កោង​កាង ដូច​បាន​ជំនុំ​គ្នា​មក ។ មុន​ដំបូង​​ដើម​កោង​កាង​ប្រកែក តែ​ដើម​ឈើទាល​អង្វរ​ថា ៖

បើ​អ្នក​ព្រម​ប្ដូរ​ទៅ​ដុះ​នៅ​កន្លែង​យើង​, យើង​រាល់គ្នា​នឹង​តប​ឧបការគុណ​អ្នក រាល់​ឆ្នាំ​ដរាប​ទៅ គឺ​ក្នុង មួយ​ឆ្នាំ​ៗ យើង​ទាំងអស់​គ្នា នឹង​កោរសក់​បួស​ជូន​ម្ដង ។

ឯ​ដើម​កោង​កាង កាលបើ​ឮ​ដើម​ឈើទាល​អង្វរ​ដូច្នោះ​ហើយ ក៏​ព្រម​ប្ដូរ​ចុះ​មក​ដុះ​នៅ​តាម​មាត់​ព្រែក មាត់​ស្ទឹង មាត់​អូរ តាម​ដើមឈើ​ទាល​សុំ​រហូត​មក​។ ឯ​ដើមឈើ​ទាល ក៏​នាំ​គ្នា​ឡើង​ទៅ​លើ​កំពូលភ្នំ និង​ជើងភ្នំ​វិញ ។ ព្រោះ​ហេតុ​ដូច្នេះ​បានជា​សព្វ​ថ្ងៃនេះ នៅ​លើ​ភ្នំ និង​តាម​ជើងភ្នំ​នានា គេ​ឃើញ​មាន​ច្រើន​តែ​ដើមឈើ​ទាល​ដុះ​ទៅ​វិញ ។ ចំណែកឯ​ដើម​កោង​កាង គេ​ឃើញ​ដុះ​នៅ​តែ​តាម​មាត់​ព្រែក មាត់​ស្ទឹង មាត់​អូរ និង​មាត់សមុទ្រ​ជា​ដរាប​មក ។

ម្យ៉ាងទៀត​សព្វ​ថ្ងៃនេះ គេ​តែង​សង្កេត​ឃើញ​ដើមឈើ​ទាល​ជម្រុះ​ស្លឹក​អស់រលីង​ក្នុង​មួយ​ឆ្នាំ​ម្ដង គឺ​បួស​ជូន​ដើម​កោង​កាង​នោះ​ឯង ។

ចំណែក​ដើម​កោង​កាង កាលបើ​បាន​ដុះ​នៅ​តាម​មាត់​ព្រែក មាត់​ស្ទឹង និង​មាត់​អូរ មាត់សមុទ្រ​កាល​​ណា តែង​ទៅ​លប​ចែចង់​កូនក្រមុំ​ដើម​ក្លាំពាក់​រៀង​រាល់​យប់ បានជា​នាង​ក្លាំពាក់​ខឹង យក​ឈើ​​ទៅ​បោះ​ចម្រូង​ពាសពេញ គឺ​ដើម​ក្លាំពូ​នេះឯង ដើម្បី​មិន​ឲ្យ​កោង​កាង​ចូល​ទៅ លប​លួច​ចែចង់​កូនក្រមុំ​ខ្លួន​បាន ។

ឯ​ចំណែក​ដើម​កោង​កាង កាលបើ​ត្រូវ​ក្លាំពាក់​បោះ​ចម្រូង​មិន​ឲ្យ​ចូល​ចុះ​ដូច្នោះ ក៏​តាំង​បោះ​ស្ពាន​ឆ្លងកាត់​ចម្រូង​នោះ​ទៅ​ទៀត ។ ព្រោះហេតុនោះ​ឯង​បានជា​សព្វថ្ងៃ មាន​ដើម​កោង​កាង​ដុះ​នៅ​ទីណា គេ​តែង​ឃើញ​មាន​ដើម​ក្លាំពាក់ និង​ក្លាំពូ ដុះ​នៅ​ទីនោះ​ជា​ដរាប ហើយ​ដើម​ក្លាំពូ​ដែល​ដុះ​ឡើង​នោះ​បើ​ក្រឡេក​មើលទៅ ឃើញ​វិស័យ​ដូច​ជា​ចម្រូង​មែន ដោយហេតុ​នោះ​មូល ហើយ ស្រួច ៗ ច្រូងច្រាង​ជា​ជួរ​បីដូច​គេ​ដាំ ។

ចំណែកឯ​ដើម​កោង​កាង​សោត​ទៀត​ក៏​មាន​ឫស វែង​ៗ ធំ​ៗ ចាក់ស្រេះ​ទៅ​ក្នុង​ដី​ក្នុង​ទឹកជា​ច្រើន ច្រើន​ជាង​មែក​ទៅ​ទៀត តម្រៀប​គ្នា​ជា​ជួរ​មើលទៅ​វិស័យ​ដូច​ជា​ស្ពាន ពិត​ៗ ហើយ​បើ​ទោះជា​ទឹក​រលក ឬ​ជំនន់​ហូរ​ច្រោះ​ខ្លាំង យ៉ាងណា​ៗ ក៏​មិន​អាច​រលើង​រលំ​បាន​ឡើយ (​ស្រង់​ពី​សៀវភៅ​ប្រជុំរឿងព្រេង​ខ្មែរ​)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ