ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មូលហេតុ​ជុំវិញ​ការ​បញ្ចប់​តំណែង​ចៅអធិការ​វត្ត​គោក​បញ្ជាន់​យ៉ាង​ក្តៅ​គគុក

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ គណៈសង្ឃ​នាយក និងក្រសួង​ធម្មការ​និង​សាសនា បាន​សម្រេច​បញ្ចប់​មុខ​តំណែង​ភិក្ខុ សេង ថង ពី​ចៅអធិការ​វត្ត​គោកបញ្ជាន់ ព្រមទាំង​បណ្ដេញ​ឲ្យ​ចេញពី​ក្នុង​វត្ត​ខាងលើ​ទៅ​គង់នៅ​វត្ត​ជម្ពូ​វ័ន ជា​ភិក្ខុ​ធម្មតា​ដោយ​គ្មានតួនាទី​អ្វី​ទាំងអស់…

រាជធានី​ភ្នំពេញ ៖ គណៈសង្ឃ​នាយក និងក្រសួង​ធម្មការ​និង​សាសនា បាន​សម្រេច​បញ្ចប់​មុខ​តំណែង​ភិក្ខុ សេង ថង ពី​ចៅអធិការ​វត្ត​គោកបញ្ជាន់ ព្រមទាំង​បណ្ដេញ​ឲ្យ​ចេញពី​ក្នុង​វត្ត​ខាងលើ​ទៅ​គង់នៅ​វត្ត​ជម្ពូ​វ័ន ជា​ភិក្ខុ​ធម្មតា​ដោយ​គ្មានតួនាទី​អ្វី​ទាំងអស់ ។ ការ​បញ្ចប់​មុខ​តំណែង​ពី​ចៅអធិការ​នេះ គឺ​បន្ទាប់​ពី​ព្រះ​អង្គរង​ការ​ចោទប្រកាន់​ថា បាន​ឃុបឃិត​គ្នា​ជាមួយ​បុគ្គល​មួយ​ចំនួន​លក់​ដី​វត្ត​ទំហំ​៧​ម៉ែត្រ​គុណ​នឹង​១៥០​ម៉ែត្រ​ដោយ​ខុសច្បាប់ ។

មិនតែប៉ុណ្ណោះ នៅ​ក្នុង​សេចក្ដីសម្រេច​បញ្ចប់​មុខ​តំណែង​នេះ ក៏​បាន​រំសាយ​គណៈកម្មការ​អាចា​រ្យ​វត្ត​ចាស់ និង​ជ្រើសរើស​បង្កើត​គណៈកម្មការអាចារ្យវត្ត​ថ្មី តែងតាំង​ព្រះ​ចៅអធិការ​វត្ត​ថ្មី ជា​ពិ
សេស​បង្គាប់​ឲ្យ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ដោះស្រាយ និង​ចាត់ការ​ចំពោះ​អ្នក​ដទៃ​ទៀត​ដែល​មាន​ជាប់​ពាក់ព័ន្ធ​ទៅ​នឹង​ការ​លក់​ដី​វត្ត​ខាងលើ​នោះ​ផង​ដែរ ។

ទាក់ទង​ទៅ​នឹង​រឿងអាស្រូវ​លក់​ដី​វត្ត​នេះ​ដែរ បាន​ធ្វើ​ឲ្យ​ផ្ទុះ​ឡើង​នូវ​អធិករណ៍​ជា​បន្តបន្ទាប់ដោយ​ប្រជា​ពុទ្ធបរិស័ទ​ចំណុះ​ជើងវត្ត សម្ដែង​ការ​មិន​ពេញចិត្ត និង​នាំ​គ្នា​ធ្វើ​បាតុកម្ម​ប្រឆាំង​តវ៉ា ព្រមទាំង​ទាមទារ​ឲ្យ​មានការ​ដក​តំណែង​ភិក្ខុ សេង ថង ដែល​ជា​ចៅអធិការ និង​ផ្លាស់​ប្ដូរ​គណៈកម្មការ​អាចារ្យវត្ត​ខាងលើ​នោះ​ទៀត​ផង ។

យោង​តាម​សេចក្តីសម្រេច​ស្ដី​ពី​ការ​បញ្ចប់​មុខ​តំណែង ដែល​ចេញ​ដោយ​គណៈសង្ឃ​នាយក និង​ក្រសួង​ធម្មការ​និង​សាសនា ចុះ​ថ្ងៃ​ទី​៤ ខែធ្នូ ឆ្នាំ​២០១៩ និង​ចុះ​ព្រះ​ហស្ដ​លេខា​ដោយ​សម្តេចព្រះ​ពោធិវ័ង្ស អំ លឹ​ម​ហេង ព្រះសង្ឃ​នាយករង នៃព្រះរាជាណាចក្រ​កម្ពុជា និង​លោក​ទេស​រដ្ឋមន្ត្រី ហ៊ឹ​ម ឆែម រដ្ឋមន្ត្រីក្រសួង​ធម្មការ និង​សាសនា មាន​៥​ប្រការ​គឺ ៖

ប្រការ​១-​ត្រូវ​បាន​បញ្ចប់​តំណែង​ភិក្ខុ សេង ថង ពី​ចៅអធិការ​វត្ត​គោត្តម​រង្សី ហៅ​វត្ត​គោក​បញ្ជាន់ និង​ពី​ធម្មធរ​អនុគណ​ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

ប្រការ​២-​ភិក្ខុ សេង ថង និមន្ត​ចេញពី​វត្ត​គោត្តម​រង្សី ហៅ​វត្ត​គោក​បញ្ជាន់ សង្កាត់​ចោម​ចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ ឲ្យ​ទៅ​គង់នៅ​វត្ត​ជម្ពូ​វ័ន​សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ ដែល​ជា​វត្ត​ព្រះ​អនុគណ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​វិញ ។​ចំពោះ​គណៈកម្មការ​អាចារ្យវត្ត​នេះ ត្រូវ​រៀបចំ​សមាសភាព​ថ្មី​ឡើង​វិញ បន្ទាប់​ពី​ការ​តែងតាំង​ព្រះ​ចៅអធិការ​ថ្មី​រួច ។

ប្រការ​៣-​មន្ត្រី​សង្ឃ​សាលា​គណ​រាជធានី​ភ្នំពេញ មន្ទី​ធម្មការ​និង​សាសនា​រាជធានី​ភ្នំពេញ មន្ត្រី
សាលា​អនុគណ​ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​អាជ្ញា​ធរមាន​សមត្ថកិច្ច ត្រូវ​ចុះ​ធ្វើ​បញ្ជីសារពើភ័ណ្ឌ​របស់​វត្ត​គោត្តម​រង្សី ហៅ​វត្ត​គោក​បញ្ជាន់​ឲ្យ​បានមុន​ថ្ងៃ​ដែល​ភិក្ខុ សេង ថង និមន្ត​ចេញពី​វត្ត​។

ប្រការ​៤-​អាជ្ញា​ធរមាន​សមត្ថកិច្ច ត្រូវ​ដោះស្រាយ​រឿង​បុគ្គល​ដទៃ​ទៀត​ដែល​ពាក់ព័ន្ធ​នឹង​ការ​លក់​ដី​វត្ត​គោត្តម​រង្សី​ហៅ​វត្ត​គោក​បញ្ជាន់ តាម​នីតិវិធី​ច្បាប់​ជា​ធរមាន ក្នុង​គោលបំណង​ថែរក្សា​ឲ្យ​បាន​នូវ​ដី​វត្ត​ដែល​ជា​សម្បត្តិ​គរុភណ្ឌ​សង្ឃ ។

ប្រការ​៥-​លេខាធិការដ្ឋាន​គណៈសង្ឃ​នាយក មន្ត្រី​សង្ឃ​សាលា​គណ​រាជធានី​ភ្នំពេញ អាជ្ញាធរ​ពាក់ព័ន្ធ មន្ទី​ធម្មការ​និង​សាសនា​រាជធានី​ភ្នំពេញ មន្ត្រី​សាលា​អនុគណ​ខណ្ឌ​ពោធិ៍​សែន​ជ័យ អាជ្ញាធរ​ពាក់ព័ន្ធ និង​សាមីខ្លួន​ខាងលើ ត្រូវ​ទទួល​បន្ទុក​អនុវត្ត​សេចក្ដីសម្រេច​នេះ ចាប់ពី​ពេល​ចុះហត្ថលេខា​តទៅ ។

ប្រភព​ដដែល​បាន​បញ្ជាក់​ថា ដី​វត្ត​ខាងលើ​ត្រូវ​ភិក្ខុ សេង ថង ដែល​ជា​ចៅអធិការ​វត្ត​កាត់​លក់​ទំហំ​ទទឹង​៧​ម៉ែត្រ បណ្តោយ​១៥០​ម៉ែត្រ កាលពី​ថ្ងៃ​ទី​២០ ខែតុលា ឆ្នាំ​២០១៥ ដោយ​មានឈ្មោះ ចក់ ឆុ​ន ដែល​ជា​សមាជិក​គណៈ​កម្មការ​វត្ត ជា​អ្នក​ផ្តិត​មេដៃ​ផ្ទេរកម្មសិទ្ធិ​ទៅ​ឲ្យ​ឈ្មោះ យ៉ង សម្បត្តិ ភេទ​ប្រុស មាន​ប្រពន្ធ​ឈ្មោះ ឃុន សុខ​អែម ។ នៅ​ក្នុង​អំឡុង​ឆ្នាំ​២០១៦ ភិក្ខុ សេង ថង ក៏​ស្នើ​សុំ​ដោះ​ដូរ​ដី​ស្រះ​ដែល​ជា​ដី​កម្មសិទ្ធិ​របស់​វត្ត​ទំហំ​ជិត​៤​ហិ​កតា ព្រមទាំង​ព្យាយាម​លក់​ដី​វត្ត​ផ្សេង​ទៀត​ផង ដែល​បង្ក​ឲ្យ​មានការ​តវ៉ា​យ៉ាង​ខ្លាំង​ពី​ប្រជាពលរដ្ឋ ។

ក្រោយមក ក៏​មានការ​ស្ងប់ស្ងាត់​ទៅ​វិញ​មួយ​រយៈពេល​វែង រហូត​មក​ដល់​វេលា​ម៉ោង​៨ និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១ ខែធ្នូ ឆ្នាំ​២០១៩ ប្រជាពលរដ្ឋ​ជិត​១​ពាន់​នាក់ បាន​កាន់​បដា​ក្នុង​ដៃ​ព្រោងព្រាត​លើកគ្នា​ទៅ​កាន់​វត្ត​គោ​បញ្ជាន់ ធ្វើការ​ទាមទារ​ឲ្យ​បណ្ដេញ​ចៅអធិការ​វត្ត​ខាងលើចេញពី​វត្ត​ជា​ថ្មី​ម្ដងទៀត ដោយ​ពួក​គាត់​ចោទ​ប្រកាន់​ព្រះ​ចៅអធិការ​អង្គ​នេះ​ថា បាន​កាត់​ដី​វត្ត​លក់​ទៅ​ឲ្យ​ឈ្មួញ​ស្រេច​តែ​ចិត្ត និង​អសមត្ថភាព​ក្នុង​ការ​ដឹកនាំ​វត្ត ប្រព្រឹត្ត​ផ្ទុយ​ពី​ករណីយកិច្ច​និង​ពុទ្ធ​វិន័យ​ជាដើម ។

បន្ទាប់​ពី​មាន​អធិករណ៍​ផ្ទុះ​ឡើងជា​បន្តបន្ទាប់​បែប​នេះ លោក ពេញ ហួរ អនុប្រធាន​ការិយាល័យ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​ភូមិបាល ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​បញ្ជាក់​នៅ​ក្នុង​កំណត់ហេតុ​ចុះ​វាស់វែង​ដីធ្លី​វត្ត​គោក​បញ្ជាន់ ចុះ​ថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ​២០១៩ សម្រេច​កាត់​ដី​ទំហំ​ទទឹង​៧​ម៉ែត្រ បណ្តោយ​១៥០​ម៉ែត្រ ពី​ដីកម្មសិទ្ធិ​វត្ត​ទំហំ​ជិត​៧​ហិ​កតា ដែល​មាន​ប្លង់​រឹង​ក្បាលដី​លេខ​៧២៩ ចុះ​ថ្ងៃ​ទី​៧ ខែវិច្ឆិកា ឆ្នាំ២០១៩ របស់​មន្ទីរ​រៀបចំ​ដែនដី រាជធានី​ភ្នំពេញ គឺ​ធ្វើ​ឡើង​ដោយ​មាន​លោក សុទ្ធ សាធ ចៅសង្កាត់​ចោម​ចៅ និង​លោក ហែម ដា​រិ​ទ្ធិ អភិបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ ដោយ​ពុំ​បាន​ឆ្លងកាត់​មន្ត្រី​ជំនាញ​ឡើយ ហើយ​អាជ្ញាធរ​ចុះ​ហត្ថលេខា​លើ​លិខិត​ផ្ទេរសិទ្ធិ​ដីធ្លី​ជា​ប្លង់​ទន់ កាត់​ចំណែ​ក​ដី​ប្លង់​រឹង​របស់​វត្ត​លក់​តែ​ម្តង ៕

កែសម្រួលដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ