ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជីវិត​នយោបាយ​របស់​លោក កឹ​ម សុខា ទៅ​ជា​យ៉ាងណា​នៅ​ឆ្នាំ​២០២០ ?

4 ឆ្នាំ មុន

ដោយ​ចាប់ផ្តើម​ជីវិត​នយោបាយ​ជាមួយ​គណបក្ស​ប្រជាធិបតេយ្យ​សេរីសេរីនិយម និង​ព្រះពុទ្ធ​សាសនា​របស់​លោកតា​សឺ​សាន កាលពី​ឆ្នាំ​១៩៩៣ លោក កឹ​ម សុខា អាច​ចាត់ទុកជា​អ្នកនយោបាយ​ឈរជើង​បាន​យូរ និង​ជោគជ័យ​គួរ​ឲ្យ​កត់សម្គាល់ ។ ប៉ុន្តែ​ទន្ទឹម​ពេល​ជាមួយ​គ្នា​នោះ​លោក​ក៏​ជា​អ្នកនយោបាយ​ជាន់ខ្ពស់…

ដោយ​ចាប់ផ្តើម​ជីវិត​នយោបាយ​ជាមួយ​គណបក្ស​ប្រជាធិបតេយ្យ​សេរីសេរីនិយម និង​ព្រះពុទ្ធ​សាសនា​របស់​លោកតា​សឺ​សាន កាលពី​ឆ្នាំ​១៩៩៣ លោក កឹ​ម សុខា អាច​ចាត់ទុកជា​អ្នកនយោបាយ​ឈរជើង​បាន​យូរ និង​ជោគជ័យ​គួរ​ឲ្យ​កត់សម្គាល់ ។ ប៉ុន្តែ​ទន្ទឹម​ពេល​ជាមួយ​គ្នា​នោះ​លោក​ក៏​ជា​អ្នកនយោបាយ​ជាន់ខ្ពស់ តែ​មួយ​រួប​ដែល​ប្រឈម​នឹង​ការ​ជាប់​ពន្ធនាគារ​ច្រើន​ជាងគេ​រហូត​ដល់​ទៅ​ពីរ​ដង ។

ឆ្នាំ​២០២០​នេះ អាច​ជា​ឆ្នាំ​ដ៏​សំខាន់​ដែល​ត្រូវ​យកចិត្តទុកដាក់​តាមដាន​ជីវិត​នយោបាយ របស់​លោក ។ លោក កឹ​ម សុខា នឹង​ត្រូវ​ឡើង​តុលាការ នៅ​ថ្ងៃ​ទី​១៥ ខែមករា ឆ្នាំ​២០២០ ខាង​មុខ​នេះ ។ ដំណើរការ​ជំនុំ​ជម្រះក្តី​នេះ​នឹង​ត្រូវ​ស្ថិត​នៅ​ក្នុង​ក្រសែភ្នែក​តាម ដាន​ទាំង​ក្នុង​ប្រទេស​កម្ពុជា និង​លើ​ឆាក​អន្តរជាតិ ដោយសារ​តែ​លទ្ធផល​នៃ​ការ​ជំនុំជម្រះ​នោះ​មិន​ត្រឹមតែ​ទាក់ទង​នឹង​អនាគត​នយោបាយ​របស់​លោក​ផ្ទាល់​នោះ​ទេវា​អាច​នឹង​មាន​ផល​ប៉ះពាល់​ដល់​លទ្ធិប្រជាធិបតេយ្យ​កម្ពុជា និង​គម្រោង​អ្វី​ៗ​ទាំងអស់​លើកលែង​អាវុធ ឬ EBA ដែល​អាច​ឲ្យ​កម្ពុជា​នាំ​ទំនិញ​មិនបាច់​បង់ពន្ធ​ចូល​ក្នុង​ទីផ្សារ​អឺរ៉ុប ។

បើសិនជា​សំណាងល្អ​នោះ​លោក​កឹ​ម សុខា នឹង​អាច​ត្រូវ​តុលាការ​ផ្តល់​សេរីភាព​ពេញ លេញ​ឡើង​វិញ​បើសិនជា​តុលាការ​រក​ឃើញ​ថា លោក​មិន​មាន​ធ្វើ​អ្វី​ខុស​ដូច​ការ​ចោទ ប្រកាន់​ពី​បទ​ក្បត់ជាតិ​ទេ​នោះ ។ ក្នុង​ករណី​ដែល​តុលាការ​រក​ឃើញ​ថា លោក​មាន ទោស​វិញ​នោះ​វា​ប្រហែលជា​តម្រូវ​ឲ្យ​មានការ​រក​ច្រកចេញ​តាម​រយៈ​ការ​លើកលែងទោស​ពី​ព្រះមហាក្សត្រ តាម​រយៈ​ការ​ស្នើ​សុំ​ពី​នាយក​រដ្ឋមន្ត្រី បើសិនជា​លោក​ចង់​មាន​សេរីភាព​ពេញលេញ និង​សិទ្ធិ​នយោបាយ​វិញ​មែន​នោះ ។

ដើម្បី​ឲ្យ​លោក​កឹ​ម សុខា អាច​ទទួល​បានការ​លើកលែងទោស​ពី​ព្រះមហាក្សត្រ​តាម​រយៈ​ការ​ស្នើ​សុំ​ពី​នាយក​រដ្ឋមន្ត្រី​នោះ លោក កឹ​ម សុខា ប្រហែលជា​ចាំបាច់​ត្រូវ​តែ​ឈប់ គិតដល់​ការ​រស់​ឡើង​វិញ នៃ​គណបក្ស​សង្គ្រោះ​ជាតិ​ដូច​អ្វី​ដែល​លោក សម រ​ង្ស៊ី កំពុង​តែ​សង្ឃឹម ។

ក្នុង​ន័យ​នេះ​លោក​នឹង​ត្រូវ​បង្កើត​គណបក្ស​ថ្មី​មួយ ដើម្បី​ចូលរួម​ការ​បោះ​ឆ្នោត​ឃុំ សង្កាត់ នៅ​ឆ្នាំ​២០២២ និង​ការ​បោះ​ឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ នៅ​ឆ្នាំ​២០២៣ ។ ប៉ុន្តែ​បើសិនជា​នយោបាយ​របស់​លោក​ធ្វើ​ដំណើរ​តាម​ផ្លូវ​នេះ​មែន​នោះ​វា​នឹង​ជា​សញ្ញា ដ៏​ប្រាកដ​មួយ​នៃ​ការ​ចែកផ្លូវ​គ្នា​រវាង​រូប​លោក និង​លោក សម រ​ង្ស៊ី ។ ពេល​នោះ​អ្នក​ដែល ខាតបង់​ជាងគេ គឺ​លោក សម រ​ង្ស៊ី ខណៈ​ដែល​លោក​មិន​អាច​មានសំណាង​ធ្វើ​នយោបាយ​ដូច​ដើម​វិញ​ដូច​លោក កឹ​ម សុខា ដោយសារ​តែ​លោក​មិន​បាន​ទទួល​ការ​លើកលែងទោស​ពី​ព្រះមហាក្សត្រ​ដូច​លោក កឹ​ម សុខា ។

ប៉ុន្តែ​បើសិនជា​គ្មាន​កា​រក​លើកលែងទោស​ពី​ព្រះមហាក្សត្រ​ទេ​នោះ ជីវិត​នយោបាយ របស់​លោក​កឹ​ម សុខា នឹង​មិន​អាច​វិល​ត្រឡប់​មក​ដូច​ដើម​បាន​វិញ​ឡើយ ។ លោក ប្រហែលជា​នឹង​ស្ថិត​នៅ​ដូច​ស្ថានភាព​បច្ចុប្បន្ន គឺ​មាន​សិទ្ធិ​ត្រឹម​ធ្វើ​ដំណើរ​ក្នុង​ប្រទេស​កម្ពុជា ឬ​ក៏​អាច​ផង​ដែរ​នឹង​ត្រូវ​បញ្ជូន​ទៅ​កាន់​មន្ទីរឃុំឃាំង​នៅ​ពេល​ដែល​សាលក្រម​ស្ថាពរ​មួយ​ប្រកាស​ថា លោក​មានទោស​ក្បត់ជាតិ​មែន​នោះ ។

ប៉ុន្តែ​បើសិនជា​រឿង​ក្តី​តុលាការ​របស់ លោក​កឹ​ម សុខា ធ្វើ​ដំណើរ​តាម​ផ្លូវ​នេះ​មែន​នោះ ជីវិត​នយោបាយ​របស់ លោក​កឹ​ម​សុខា ប្រហែលជា​នឹង​ត្រូវ​ងងឹតសូន្យ ឬ​ក៏​ពិបាក​នឹង វិល​ត្រឡប់​មក​រក​ភាព​ដើម​វិញ​ណាស់ ។ លោក កឹ​ម សុខា ប្រហែលជា​ដឹង​ច្បាស់​អំពី​បញ្ហា​នេះ​ហើយ​លោក ប្រហែលជា​អាច នឹង​ស្វះ​ស្វែងរក​ច្រកចេញ​នយោបាយ​មួយ​នៅ​ពេល​ដែល​តុលាការ​កាត់ក្តី​ឲ្យ​លោក​មានទោស​នោះ​៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ