រាជធានីភ្នំពេញ៖ ក្នុងឆ្នាំ២០១៩កន្លងទៅថ្មីៗនេះកម្ពុជាបាននាំចេញអង្កររបស់ខ្លួនទៅកាន់ទីផ្សារបរទេសបានជាង៦០ម៉ឺនតោន ហើយគេសង្កេតឃើញថាការនាំចេញអង្ករទៅកាន់ទីផ្សារប្រទេសចិននៅតែមានចំនួនច្រើនជាងបណ្តាទីផ្សារនៅតាមបណ្តាប្រទេសនានានៅលើពិភពលោក។
យោងតាមរបាយការណ៍លទ្ធផលនៃការនាំចេញកសិផលឆ្នាំ២០១៩ បានបង្ហាញថា «សម្រាប់ឆ្នាំ២០១៩ កម្ពុជាបាននាំចេញអង្ករសរុបទៅកាន់ទីផ្សារបរទេសមានចំនួន៦២០.១០៦តោន ក្នុងនោះនាំចេញទៅទីផ្សារប្រទេសចិនជាង២៤ម៉ឺនតោន កើនឡើង៤០%, នាំចេញទៅអឺរ៉ុបជាង២០ម៉ឺនតោនកើនឡើង៣១%,នាំចេញទៅអាស៊ានបានជាង៨,៣ម៉ឺនតោនកើនឡើង១៣%និងនាំចេញទៅកាន់ទីផ្សារដដៃទៀតមានប្រមាណជាង៨,៥ម៉ឺនតោនកើនឡើង១៣% បើប្រៀបនឹងឆ្នាំ២០១៨»។
លោកឧកញ៉ា សុងសារ៉េន ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជាមានប្រសាសន៍កន្លងទៅថ្មីៗនេះថា សហព័ន្ធបានដាក់ចេញគឺការបង្កើតទីផ្សារចំនួន៤ធំៗ៖ទី១)គឺរក្សាទីផ្សារសហគមន៍អឺរ៉ុបប្រហែល៣០%,ទី២)បង្កើតទីផ្សារនិងឱកាសថ្មីនៅប្រទេសចិនឱ្យបាន៣៥% ,ទី៣)ទីផ្សារតំបន់អាស៊ានមានកំណើន២០%និងទី៤)បង្កើតទីផ្សារផ្សេងទៀតដូចនៅមញ្ឈឹមបូរព៌ា អូស្ត្រាលី អាមេរិកនិងបណ្តាប្រទេសផ្សេងទៀតឱ្យបាន១៥%។
បើតាមប្រធានសហព័ន្ធបច្ចុប្បន្ននេះសហព័ន្ធមានសមាជិក៣១៨ ក្នុងនោះសមាជិករោងម៉ាស៊ីនកិនស្រូវ១៣៨, អ្នកនាំចេញចំនួន៨៨,សហគមន៍កសិកម្ម៥៥និងសេវាករគាំំទ្រចំនួន៣៧នេះ សហព័ន្ធបានកំណត់យកអង្ករឬស្រូវក្រអូបធ្វើជាយុទ្ធសាស្ត្រជំរុញការនាំចេញក៏ដូចជាសម្រាប់ធ្វើការប្រកួតប្រជែងនៅលើទីផ្សារពិភពលោក។ លោកបានឧកញ៉ាបញ្ជាក់ថា «សហព័ន្ធស្រូវអង្ករកម្ពុជាបានកំណត់យកអង្ករក្រអូបប្រណិតនិងស្រូវសែនក្រអូបជាអង្ករយុទ្ធសាស្ត្រដែលសហព័ន្ធធ្វើការជំរុញនិងធ្វើកាពង្រីកទៅកាន់ទីផ្សារនាំចេញ។ដោយហេតុថាអង្ករទាំងពីរប្រភេទនេះគឺជាអង្ករដែលមានលទ្ធភាពប្រកួតប្រជែងដែលអាចឈរជើងនៅលើទីផ្សារអន្តរជាតិបាន»។
សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីកម្ពុជាធ្លាប់បានមានប្រសាសន៍ថា កន្លងទៅយើងខ្វះឡសម្ងួត, ខ្វះម៉ាស៊ីនកិនស្រូវ, ខ្វះឃ្លាំង អីចឹងជម្រើសស្រូវដែលនៅសល់គឺលក់ទៅឱ្យប្រទេសជិតខាង។រឿងសំខាន់បើយើងមានចំណុចខាងលើនេះគ្រប់គ្រាន់ នៅក្នុងស្រុកគឺម្ខាងយើងមានការធ្វើនិងម្ខាងបានបង្កើនតម្លៃបន្ថែមនៅស្រុកយើងគឺល្អ។ ចុងកង្ករ អង្កាមនិងកន្ទុក៏នៅក្នុងស្រុកយើងដែលបង្កើតនៅអំណោយផលដល់ការចិញ្ចឹមសត្វនៅក្នុងស្រុកថែមទៀត។
សម្តេចបានសង្កត់ធ្ងន់ថា «យើងចង់ឱ្យមិត្តបរទេសទាំងឡាយមកធ្វើឧស្សាហកម្មកែច្នៃនៅក្នុងប្រទេសកម្ពុជា។គោលនយោបាយឧស្សាហកម្មរបស់យើងនៅបន្ត គឺយើងចង់ទាក់ទាញលើផ្នែកពីដែលសំខាន់។ឧស្សាហកម្មទីមួយគឺឧស្សាហកម្មកែច្នៃផលិតផលកសិកម្មដែលមានស្រាប់របស់កម្ពុជា។ចំណុចនេះគឺយើងចង់បានដែលក្នុងនោះវាមិនទាមទារការប្រើប្រាស់ទុនធំពេកនោះទេ ហើយសហគ្រាសធុនតូចនិងមធ្យមត្រូវដំណើរលើចំណុចនេះទាំងអ្នកនៅក្នុងស្រុកនិងអ្នកនៅក្រៅស្រុក។ ឯការចង់បានទី២ គឺការវិនិយោគទៅលើឧស្សាហកម្មបច្ចេកវិទ្យា។យើងនៅរក្សាឧស្សាហកម្មអតិពលកម្មគឺជាឧស្សាហកម្មប្រើកំលាំងច្រើនដូចជានៅក្នុងវិស័យកាត់ដេរ ប៉ុន្តែបើយើងនៅទ្រឹងប៉ុណ្ណឹងគឺទៅមិនរួចទេ ។
ដូចនេះត្រូវទាញឧស្សាហកម្មមានជំនាញខ្ពស់ ដូចជាជប៉ុនបានមកវិនិយោគនៅក្នុងប្រទេសបានតម្លើងទុនរួចអស់៤០០លានដុល្លារអាមេរិក មានកំលាំងកម្មការជំនាញដែលបានហ្វឹកហាត់និងកំពុងធ្វើការនៅក្នុងរោងចក្រ៧.០០០នាក់ ហើយគេនឹងពង្រីកទៅដល់២០.០០០នាក់»៕ កែសម្រួលដោយ ៖ សុឃាក់
ចែករំលែកព័តមាននេះ