ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ល្បុក្កតោ​ឈាន​ឡើង​ក្នុង​ស្ថានភាព​បញ្ច្រាស​ទិស​គ្នា

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ យោង​តាម​ការ​បញ្ជាក់ របស់​កញ្ញា ពេជ្រ ចរណៃ ដែល​ជា​អ្នកជំនាញ ក្បាច់គុន​មួយ​រូប និង​ការ​បញ្ជាក់​របស់​លោក ឆ​ន…

រាជធានី​ភ្នំពេញ ៖ យោង​តាម​ការ​បញ្ជាក់ របស់​កញ្ញា ពេជ្រ ចរណៃ ដែល​ជា​អ្នកជំនាញ ក្បាច់គុន​មួយ​រូប និង​ការ​បញ្ជាក់​របស់​លោក ឆ​ន ច័ន្ទ​វិ​រៈ ជា​គ្រូបង្វឹក​កីឡា​នេះ​ប្រចាំ​សាលា វត្តថា​ន់ បាន​អះ​អាង​ថា តម្រូវការ​អ្នកចេះ ក្បាច់គុន​ល្បុក្កតោ​កាន់តែ​ច្រើន ប៉ុន្តែ​ធនធាន​ដើម្បី​បំពេញតម្រូវការ​មាន​មិន​គ្រប់គ្រាន់​នោះ​ទេ ។ អ្នក​ទាំង​ពីរ​ក៏​បាន​ប្រកាស​ឱ្យ​យុវវ័យ​ចូល​ហ្វឹក ហាត់​មិន​គិត​កម្រៃ​ផង​ដែរ ដើម្បី​បំពេញ​កង្វះ ខាត​។

កញ្ញា ពេជ្រ ចរណៃ និយាយ​ថា មក​ទល់​ពេល​នេះ កីឡាករ​ល្បុក្កតោ​កាន់តែ​មានការ​ទទួលស្គាល់​កាន់តែ​ខ្លាំង ដោយ​មាន​ទីផ្សារ​ទាំង​ក្នុង និង​ក្រៅ​ស្រុក អញ្ជើញ​ឱ្យ​សម្ដែង ឬ បង្ហាញ​ក្បាច់គុន​នោះ​ផង ។ ជាក់ស្ដែង​ក្នុង​កម្មវិធី​បុណ្យ​ទាន​ថ្នាក់​ជាតិ​ម្ដង​ៗ ការ​សម្ដែង​ល្បុក្កតោ​គឺជា​អ្វី​ដែល​គេ​មាន​តម្រូវការ ។ កញ្ញា​ថា នៅ​ឆ្នាំ​២០២០​ខាង​មុខ​នេះ ព្រឹត្តិការណ៍​ដ៏​អស្ចារ្យ​របស់​ល្ខោនខោល ដែល​គ្រោង​ធ្វើ​នៅ ចុងឆ្នាំ​នឹង​តម្រូវ​ឱ្យ​កីឡាករ​ល្បុក្កតោ​រាប់រយ​នាក់​សម្ដែង ខណៈ​ដែល​នាង​ប្រាប់​ថា សមាសភាព​ជាក់ស្ដែង គឺ​មិន​គ្រប់ ។ តាមតែ​ភាព​ល្បីល្បាញ នាង​ថា​កីឡា​មួយ​នេះ មិន​គួរ​ខ្វះ​ធនធាន​នោះ​ទេ គួរតែ​មាន​លើស​តម្រូវការ ។

យ៉ាងណាមិញ​នាង​ថា ហេតុផល​នៃ​កង្វះ គឺ​ដោយសារ​តែ​កីឡា​នេះ មាន​តម្រូវការ​ច្រើន​ក្នុង​កម្មវិធី​ធំ​ៗ​ម្ដង​ប៉ុណ្ណោះ ប៉ុន្តែ​បើ​កម្មវិធី​ធម្មតា គឺ​មិន​ខ្វះ​អ្នកជំនាញ​ៗ​នោះ ទេ ។ នាង​ទទូច​ឱ្យ​យុវវ័យ និង​អ្នក​ស្រឡាញ់​ល្បុក្កតោ​ទៅ​ហ្វឹកហាត់​កីឡា​នេះ​នៅ​វត្តថា​ន់ ដោយ​គ្រូ​របស់​នាង និង​ក្រុមការងារ​របស់​នាង​ផ្ទាល់ នឹង​បង្ហាត់​ជូន​ដោយ​ឥត​គិតថ្លៃ​។

លោក ឆ​ន ច័ន្ទ​វិ​រៈ គ្រូបង្ហាត់​ប្រចាំ​វត្តថា​ន់ និយាយ​ថា រាល់ថ្ងៃ​លោក​បង្វឹក​សិស្ស​ដោយ​តម្រូវ​ឱ្យ​សិស្ស​​បង់​ប្រចាំខែ​តិចតួច ប៉ុន្តែ​ដើម្បី​ជំរុញ​ឱ្យ​វិស័យ​នេះ​មាន​អ្នក​ហ្វឹកហាត់​ច្រើន គឺ​លោក​នឹង​ទទួល​​ការ​បង្វឹក​ឥត​គិតថ្លៃ ។ លោក​ថា​កូនសិស្ស​របស់​លោក​មាន​ច្រើន ប៉ុន្តែ​រាល់ពេល​មាន​តម្រូវ​ការ​អ្នកចេះ​ក្បាច់គុន​ល្បុក្កតោ​ច្រើន​ៗ​ម្ដង​ៗ គឺ​នៅ​តែ​ខ្វះ ។ ជាក់ស្ដែង​នៅ​ក្នុង​ពេល​នេះ លោក​មាន​តម្រូវការ​អ្ន្ក​ក​ចេះ​ល្បុក្កតោ​រហូត​ដល់​២៥០​នាក់ ដើម្បី​ថត​រឿង​«​មិត្ត​ក្របី​»​ដែល​លោក​ប្រាប់​ថា​នៅ​តែ​ខ្វះ ។ លោក​ថា កូនសិស្ស​របស់​លោក​ទោះ​មាន​ប៉ុន្មាន​រយ​នាក់​ក៏​មិន​គ្រប់​ដែរ ដោយសារ​តែ​តម្រូវការ​ថតកុន និង​តម្រូវការ​ដឹកនាំ​សិស្ស​ឱ្យ​សម្ដែង​ក្បាច់គុន​ក្នុង​កម្មវិធី​ធំ​ៗ គឺ​ច្រើន​ៗ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា គុន​ល្បុក្កតោ​គឺជា​ក្បាច់គុន​ដ៏​ចំណាស់​មួយ​របស់​ខ្មែរ​ដែល​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ជនជាតិ​ខ្មែរ​នៅ​លើ​ទឹកដី​ខ្មែរ​តាំងពី​មុន​ការ​មក​ដល់​នៃ​អរិយធម៌​ឥណ្ឌា​កាលពី​ជាង​២​ពាន់​ឆ្នាំ​មុន​នោះ​ទៅ​ទៀត ។ « ល្បុក្កតោ​» គឺជា​បន្សំ​នៃ​ពាក្យ « ល្បុ​ក្ក » បូក​នឹង « តោ » មាន​​ន័យ​ថា សត្វ​តោ​មហា​កម្លាំង​ឬ​មហា​ថា​មពល ។ យោង​តាម​វចនានុក្រម​របស់​សម្តេច ព្រះ​សង្ឃរាជ ជួន ណាត ល្បុក្កតោ​ជា​អាវុធ ដំបង​ខ្លី​មួយ​ប្រភេទ​អប​ភ្ជាប់​នឹង​កំភួនដៃ​សម្រាប់ រង​នឹង​ដំបង​វែង ឬ​បុក​បុះ​ការពារ​ខ្លួន ។ ដូច្នេះ គុន​ល្បុក្កតោ គឺជា​ក្បាច់គុន​មហា​កម្លាំង ប្រើប្រាស់ នៅ​ក្នុង​ចម្បាំង​ប្រឆាំង​សត្រូវ​ឈ្លានពាន​ដើម្បី ការពារ​ប្រទេស ប្រាសាទ គ្រួសារ ស្រុកភូមិ ព្រមទាំង​ការពារ​សុ​វ​តិ្ថ​ភាព​ផ្ទាល់ខ្លួន​និង ទ្រព្យ សម្បត្តិ ទប់ទល់ នឹង​សត្វ​សាហាវ ។ ល ។

ក្បាច់គុន​នេះ​ទំនងជា​កើតឡើង​ដំណាលគ្នា​នឹង​ការ​កកើត​ទឹកដី​ខ្មែរ​ផង​ដែរ ។ រឿងរ៉ាវ​នេះ អាច​ត្រូវ​បាន​ស្វែង​យល់​តាម​រយៈ​រឿងព្រេង ខ្មែរ ។ តាម​ការ​ដំណាល ត​ៗ​គ្នា​របស់​ដូនតា ខ្មែរ ប្រវត្តិ​ដ៏​ចំណាស់​របស់​គុន​ល្បុក្កតោ​កើត​ចេញពី ពល​ទាហាន​ម្នាក់ ដែល​បាន​ប្រើប្រាស់​ដំបង រួម​​ជាមួយ​នឹង​ក្បាច់​ដៃ និង​ជង្គង់ ដើម្បី​វាយ សត្វ​តោ​មួយ​ក្បាល​ដែល​តែងតែ​មក​វាយប្រហារ យាយី និង​បំផ្លាញ​ទ្រព្យសម្បត្តិ​របស់ អ្នក​ភូមិ​ជា​ញឹកញាប់ ។

លើស​ពី​នេះ​ទៅ​ទៀត ភស្តុ​តាង​ជាក់ស្តែង នៃ​ប្រវត្តិ​ក្បាច់គុន​នេះ ត្រូវ​បាន​ប្រវត្តិវិទូ​រក​ឃើញ​ថា មាន​ឆ្លាក់​នៅ​តាម ជញ្ជាំង​ប្រាសាទ​តាំងពី​សតវត្សរ៍​ទី​៩ ដូច​ជា ប្រាសាទ​ព្រះ​គោ បន្ទាយស្រី អង្គរវត្ត និង បាពួន ។ ក្បាច់គុន​នេះ​បាន​ចាក់​គ្រឹះ​យ៉ាង​រឹង​មាំ​នៅ​ក្នុង​ប្រពៃណី​ទំនៀមទម្លាប់ វប្ប​ធម៌ និង ជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃ​របស់​ប្រជាជន​កម្ពុជា ហើយ​បាន​ក្លាយទៅជា​និមិត្តរូប​នៃ អា​រិ​យ​ធម៌ ខ្មែរ​រហូត​មក​ដល់​បច្ចុប្បន្ន ។

ដូច​ក្បាច់គុន​ខ្មែរ​ផ្សេង​ទៀត​ដែរ គុន ល្បុក្កតោ​ប្រមូលផ្តុំ​នូវ​ក្បាច់​និង​ស្នៀត​យ៉ាងច្រើន​ ដែល​យក​តម្រាប់​តាម​តថភាព​ធម្មជាតិ​នៃ​ជីវភាព រស់នៅ​ប្រចាំ​ថ្ងៃ​របស់​មនុស្ស​នា​សម័យ​នោះ និង កាយ​វិការ​​របស់​សត្វ ដូច​ជា​សត្វ បក្សី សេះ ខ្លា ដំរី ពានរ កិន្នរ ក្រពើ ក្តាម ពស់ នាគ និង​ទា ។ ល ។ ជាង​នេះ​ទៅ​ទៀត ទម្រង់​នៃ​គុន​ល្បុក្កតោ បាន​បង្កប់ខ្លួន​នៅ​ក្នុង​សិល្បៈ​បុរាណ​របស់​ខ្មែរ ដូច​ជា របាំ​ប្រជាប្រិយ ល្បែង​ប្រជាប្រិយ និង​របាំបុរាណ ។ ចលនា​ស្នៀត ក្បាច់ និង​កាយវិការ នីមួយ​ៗ នៃ​ក្បាច់គុន​នេះ បាន​បង្កប់​នូវ​ភាព​ទន់ភ្លន់​ស្លូតបូត រស់​រវើក​រឹង​មាំ រហ័សរហួន និង ឥរិយាបថ​រស់​នៅ​របស់​មនុស្ស​នៅ​ក្នុង​សង្គម ។ ក្បាច់គុន​នេះ​តម្រូវ​ឲ្យ​វាយ​កៀក​នឹង​គូប្រយុទ្ធ​ដោយ​ប្រើ​កែងដៃ​និង​ជង្គង់​ជា​មូលដ្ឋាន ។

គុន​ល្បុក្កតោ​ចែក​ចេញ​ជា​១២​ទ្វារ​ដែល​ទ្វារ​ទី​១​ដល់ទី​៨​ប្រើប្រាស់​កាយសម្បទា​ហើយ​ទ្វារ​ទី​៩ ដល់​ទី​១២ ប្រើប្រាស់​អាវុធ​ដែល​រួម​មាន​អាវុធ​គ្រោះថ្នាក់ និង​អាវុធ​គ្មាន​គ្រោះថ្នាក់ ។ អាវុធ គ្រោះ​ថ្នាក់​រួម​មានកាំបិត ដាវ លំពែង​ព្រួញ និង​ស្នា ។ អាវុធ​គ្មាន​គ្រោះថ្នាក់​រួម​មាន តម្បៀត​បោក​ស្រូវ ដំបង​ខ្លី ដំបង​វែង ខែល និង​ដំបង​ផ្កាឈូក ។ ជាង​នេះ​ទៅ​ទៀត គុន ល្បុក្កតោ ក៏​អាច​ប្រើ​ក្រមា​ធ្វើ​ជា​អាវុធ​បាន​ដែរ ។ និយាយ​រួម​ទៅ ក្បាច់​នេះ​មាន​ភាព​បត់បែន អាច​ការពារ​ខ្លួន​ទប់ទល់​នឹង​ការ​វាយប្រហារ​ពី ទិស​ទាំង​៨ ហើយ​អ្វី​ៗ​ដែល​នៅ​ជុំវិញ​ខ្លួន​សុទ្ធតែ អាចយ​កមក​ប្រើ​ជា​អាវុធ​បាន​ទាំងអស់ ។

ខុស​ពី​ក្បាច់គុន​នៅ​ប្រទេស​ផ្សេង​ៗ ដូច​ជា កា​រ៉ា​តេ​ដូ យូ​ដូ ឬ​ហាប់​គី​ដូ កម្រិត​នៃ​គុន ល្បុក្កតោ ត្រូវ​បាន​បែងចែក​ជា​៧​កម្រិត ដែល កម្រិត​នីមួយ​ៗ ត្រូវ​បាន​សម្គាល់​ដោយ​ពណ៌ នៃ​ក្រមា​ដែល​រួម​មាន ក្រមា ស​, បៃតង​, ក្រហម​, ត្នោត​, ខៀវ​, និង ក្រមា​ខ្មៅ ហើយ កម្រិត​ចុង​ក្រោយ​គេ​បង្អស់ គឺ​កម្រិត​ក្រមា​មាស ។ ក្រមា ខ្មៅ​មាន​ចាប់ពី​កម្រិត​ទី​១​ជាន់ រហូត​ដល់​កម្រិត ១០​ជាន់ ដែល​សិស្ស​គុន​ទាំងអស់​ត្រូវ​ហាត់ យ៉ាងតិច​១០​ឆ្នាំ និង​ចេះ​យ៉ាង​ហោច​ណាស់​ចំនួន មួយ​ពាន់​ក្បាច់ ។ កម្រិត​ខ្ពស់​បង្អស់់​នៃ​គុន ល្បុក្កតោ គឺ​កម្រិត​ក្រមា​មាស ដែល​អ្នក​ទទួល បាន​កម្រិត​នេះ​ត្រូវ​ចេះ​គុន​ល្បុក្ក​តោ​ស្ទើរ​គ្រប់ សព្វ​ទាំងអស់ ។ អ្នក​ហាត់គុន​ល្បុក្កតោ​មាន ឯកសណ្ឋាន​ស្រ​ដៀង​នឹង​ទាហាន​ខ្មែរ​នា​សម័យ​បុរាណ ។ សិស្ស​គុន​ត្រូវ​យក​ក្រមា​មក​ចង ជុំវិញ ចង្កេះ ហើយ​យក​រង្វេល​សូត្រ​ពណ៌​ក្រហម « ថ្ងៃ សង្វារ » មក​ចង​ជុំវិញ​ក្បាល​ដែល​ជា និមិត្តរូប​នៃ​ព​លា​នុ​ភាព ។

នៅ​ក្នុង​រយៈកាល​នៃ​សម័យ​អង្គរ គុន ល្បុក្កតោ បាន​ផ្សារ​ភ្ជាប់​យ៉ាង​ជ្រៅ​ទៅ​ក្នុង​យុទ្ធ សាស្ត្រ​ការពារ និង​អភិវឌ្ឍន៍​ប្រទេស​ជាតិ ។

អ្នក​ចម្បាំង​សម័យ​អង្គរ គឺជា​ភស្តុ​តាង​ជាក់ស្តែង ដែល​បាន​ច្បាំង​ពង្រីក​ចក្រភព​ខ្មែរ​ឲ្យ​គ្របដណ្តប់ លើ​ទឹកដី​ច្រើន​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ ។ ចម្លាក់ នៅ​តាម​ជញ្ជាំង​ប្រាសាទ​ដែល​មាន​ចាប់​តាំង​ពី សតវត្សរ៍​ទី​៩ ដល់ទី​១២ បាន​បង្ហាញ​ឲ្យ​ឃើញ​ថា ព្រះមហាក្សត្រ និង​បុព្វបុរស​យើង​បាន យក​គុន​ល្បុក្កតោ​ធ្វើ​ជា​មូលដ្ឋាន​មួយ​យ៉ាង​សំខាន់​ក្នុង​ការ​ការពារ និង​កសាង​ប្រទេស​ក្នុង​សម័យ​មុន អង្គរ សម័យ​អង្គរ និង​សម័យ​ក្រោយ​អង្គរ ។ ជាង​នេះ​ទៅ​ទៀត គុន​ល្បុក្កតោ​បាន​ផ្សារ​ភ្ជាប់ នឹង​វប្បធម៌​ជាតិ ។ នៅ​ពេល​មាន​ពិធីបុណ្យ ផ្សេង​ៗ ដូច​ជា​បុណ្យចូលឆ្នាំ​ខ្មែរ ភ្ជុំបិណ្ឌ បុណ្យដារ​លាន ឬ​ពិធីបុណ្យ​ដទៃ​ទៀត អ្នក ហាត់គុន​ល្បុក្កតោ​តែងតែ​ណាត់ជួប​គ្នា​ដើម្បី ប្រកួត​ជា​ការ​កម្សាន្ត កំដរ​ពិធីបុណ្យ ។

នៅ​ក្នុង​សម័យ​អាណាព្យាបាល​បារាំង ពី​ឆ្នាំ ១៨៦៣ ដល់​ឆ្នាំ​១៩៥៣ គុន​ល្បុក្កតោ​បាន​ទៅ លាក់​ខ្លួន​នៅ​តាម​ទី​វត្ត អារាម និង​នៅ​តាម តំបន់​ដាច់​ស្រយាល ដោយ​មិន​មាន​ស្ថាប័ន ទ្រទ្រង់​ជា​លក្ខណៈ​​​ប្រព័ន្ធ​ឲ្យ​បាន​ត្រឹមត្រូវ​ទេ ។

ព្រះសង្ឃ និង​ចាស់ព្រឹទ្ធាចារ្យ​នៅ​តាម​ស្រុកភូមិ បាន​ដើរតួ​នាទី​ជា​អ្នក​ថែរក្សា​ក្បាច់គុន​នេះ ដោយ​បាន​ផ្ទេរ​ចំណេះដឹង​ក្បាច់គុន​ទៅ អ្នក​ជំនាន់​ក្រោយ​នៅ​ក្នុង​ន័យ​អភិរក្ស​ផង សម្រាប់​ការពារ ខ្លួន​ទប់​ទល់​នឹង​អំពើ​ឆក់ ប្លន់ ផង និង​ដើម្បី កសាង​កម្លាំង​ប្រឆាំង​នឹង​ការ​ត្រួតត្រា​របស់ បារាំង ផង ។
គុន​ល្បុក្កតោ បាន​ធ្លាក់​ចុះ​ធ្ងន់ធ្ងរ​បំផុត នៅ​ក្នុង​សម័យ​នៃ​របប​ខ្មែរក្រហម ដែល​គ្រប់គ្រង ប្រទេស​កម្ពុជា​ពី​ឆ្នាំ​១៩៧៥ ដល់​ឆ្នាំ​១៩៧៩ ។

ដូច​ប្រជាជន​កម្ពុជា​នៅ​ទូ​ទាំង​ប្រទេស​ដែរ អ្នក​ដែល​ចេះ​ក្បាច់គុន​ក្បុ​ក្ក​តោ​ជា​ច្រើន ត្រូវ​បានរង​គ្រោះ និង​ជម្លៀស​ឲ្យ​ទៅ​រស់នៅ​តំបន់​ដាច់​ស្រយាល និង​បង្ខំ​ឲ្យ​ធ្វើការ​ជា​ទម្ងន់ ។ គ្រូ​គុន ល្បុក្ក​តោ​ផ្សេង​ទៀត​បាន​លាក់​អត្តសញ្ញាណ​មិន​ហ៊ាន​បង្ហាញ ​ឬ​បង្ហាត់​ក្បាច់គុន​ល្បុក្កតោ​នេះ​ទេ ដោយ​សារ​តែ​ការ​ហាត់​ក្បាច់គុន និង​សកម្មភាព ទាំងឡាយ​ណា​មិន​ត្រូវ​បាន​អនុញ្ញាត​ដោយ​អង្គការ​ខ្មែរ​ក្រហម​នឹង​ហាមឃាត់​ជា​ដាច់ខាត ។

យ៉ាងណាមិញ ក្រោយ​របប​ប៉ុ​ល​ពត កីឡា​នេះ ត្រូវ​បាន​រៀបចំ​ឡើង​វិញ​ហើយ​កាន់តែ​ល្បី ក្រោយ​បង្កើត​ជា​សហព័ន្ធ​ផ្លូវការ​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ