រាជធានីភ្នំពេញ ៖ សម្តេចតេជោនាយករដ្ឋមន្ត្រីហ៊ុន សែន បានអំពាវនាវឱ្យប្រជាពលរដ្ឋ ក្មួយៗយុវជនដែលប្រលងជាប់ការងាររដ្ឋ ឬចប់ថ្នាក់មហាវិទ្យាល័យ ព្រមទាំងពលករខ្មែរទាំងឡាយសូមកុំជឿតាមការឃោសនារបស់ជនខិលខូចមួយចំនួនចេញទៅធ្វើជាកម្មករនៅក្រៅប្រទេសឱ្យសោះ ព្រោះយើងទទួលការមាក់ងាយប្រមាថ ធ្វើបាបពីសំណាក់ថៅកែអស់នោះខ្លាំងណាស់…ដូច្នេះប្រសិនបើមានការលំបាកពេក គួរបញ្ឈប់ទៅ ពីព្រោះទីផ្សារការងារក្នុងប្រទេសកម្ពុជាកំពុងតែខ្វះខាតពលករ និងត្រូវការពលករផងដែរ ។
សម្តេចបានសង្កត់ធ្ងន់ថា មានកម្មករខ្មែរមួយចំនួនជួបនូវការលំបាក ការប្រមាថមើលងាយជិះជាន់ធ្វើបាបពីសំណាក់ថៅកែរបស់ខ្លួន ហើយក៏មានពលករខ្លះប្រថុយជីវិតថែមទៀត ។ ដូច្នេះគួរពិចារណា និងរកការងារក្នុងប្រទេសវិញ ប្រសើរជាងចំណាយពេលទៅឆ្ងាយ និងប្រថុយប្រថាន។ ប្រសាសន៍ថ្លែងរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន យ៉ាងដូច្នេះគឺធ្វើឡើងក្នុងឱកាសអញ្ជើញជាអធិបតីភាពនៃពិធីបូកសរុបការងារឆ្នាំ២០១០ និងទិសដៅសម្រាប់ឆ្នាំ២០១១ របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈកាលពីរសៀលថ្ងៃទី២៣ មីនា ២០១១ នៅសាលសន្និសីទចតុមុខរាជធានីភ្នំពេញ ។
សម្តេចបានមានប្រសាសន៍ថា ការងារនៅក្នុងប្រទេសយើងគឺកំពុងតែមានភាពល្អប្រសើរហើយ ជាពិសេសការងារលើវិស័យកសិកម្ម…បើបងប្អូនទៅធ្វើការនៅប្រទេសគេក៏គេមិនឱ្យធ្វើជាថៅកែដែរ យ៉ាងច្រើនដាំដំឡូង ដាំពោត កាប់អំពៅ…ប្រាក់កម្រៃលើកម្ពុជាបន្តិចបន្តួច ប៉ុន្តែបងប្អូនប្រឈមនឹងហានិភ័យខ្លាំងណាស់ ដូច្នេះគួរពិចារណាឡើងវិញកុំប្រថុយប្រថាន ។
សម្តេចតេជោហ៊ុន សែន បានបញ្ជាក់ថា បច្ចុប្បន្នរដ្ឋាភិបាលបានកែទម្រង់រដ្ឋបាលសាធារណៈស៊ីជម្រៅតម្រូវឱ្យមន្ត្រីដល់អាយុចូលនិវត្តន៍ទៀងទាត់ និងមានអ្នកបន្តវេនច្បាស់លាស់ ដូច្នេះ ប្អូនៗដែលរៀនចប់ថ្នាក់មហាវិទ្យាល័យ អនុបណ្ឌិត និងបណ្ឌិតមានឱកាសចូលរួមបំពេញការងារជាមួយរដ្ឋ និងដឹកនាំស្ថាប័នផងដែរ ។ ព័ត៌មានលម្អិតនឹងផ្សាយជូននៅពេលក្រោយ និងនៅលើទំព័រកាសែតកោះសន្តិភាព .
ចែករំលែកព័តមាននេះ