រាជធានីភ្នំពេញ ៖ ជ័យជម្នះក្នុងការទទួលបានមេដាយជាថ្មី នៅក្នុងព្រឹត្តិការណ៍ស៊ីហ្គេម ហាក់មិនធ្វើឱ្យកីឡាការិនី កញ្ញា ស៊ន សៀវម៉ី ទទួលបានការចាប់អារម្មណ៍នោះទេ ពោលគឺបើធៀបនឹងមេដាយដែលនាងបានទទួលកាលពីប៉ុន្មានឆ្នាំមុន គឺខុសគ្នាមេឃ និងដី ។ នាងនៅតែបន្តថា មេដាយចុងក្រោយ គឺជាមេដាយដែលធ្វើឱ្យនាងមិនសប្បាយចិត្ត ក្រោយពេលទទួលបាននោះផង។
ស៊ន សៀវម៉ី បានបង្ហាញអារម្មណ៍ជាមួយអ្នកសារព័ត៌មានក្នុងស្រុក និងលើបណ្ដាញសង្គមពីការអន់ចិត្តនេះនោះផង ប៉ុន្តែកីឡាការិនីវ័យ២៤ឆ្នាំរូបនេះ នៅតែប្រកាសជំហរតស៊ូជាមួយវិស័យកីឡាផងដែរ ។ ម្ចាស់មេដាយមាស កីឡាអាស៊ី Asian Games 2014 រូបនេះ និយាយថា នាងពិតជាមិនពេញចិត្តនោះទេចំពោះការលើកឡើងដដែលចោទមេដាយមាសកីឡាស៊ីហ្គេមដែលនាងទទួលគឺបានដោយសារសំណាង និង មានការអន្តរាគមន៍ពីអ្នកដទៃជាដើម ។
ក្នុងនោះសំឡេងអបអរសាទរ និងសារលើកទឹកចិត្តតាំងពីដណ្ដើមបានមេដាយភ្លាមៗ ក៏មិនសូវមាន ។ នាងថា អ្នកដែលលើកឡើងនូវពាក្យទាំងនេះគឺជាមន្ត្រីដែលបម្រើការងារនៅសហព័ន្ធកីឡាតេក្វាន់ដូWTFកម្ពុជា តែនាងបដិសេធមិនធ្វើការបង្ហាញឈ្មោះ ។ នាងបាន បន្ថែមថា វាមិនមែនជាលើកទី១នោះទេដែលមន្ត្រីរូបនេះលើកឡើងដូច្នេះពោលគឺតាំងពីនាងឈ្នះមេដាយមាសកីឡា Asian Games ឆ្នាំ ២០១៤ នៅសាធារណរដ្ឋកូរ៉េមកម្លេ៉ះតែនាងមិនយក អារម្មណ៍មកគិត ។
នាងថា នេះជាសម្ដីបំបាក់ ទឹកចិត្តកីឡាករ ជាពិសេសគឺរូបនាងយ៉ាងខ្លាំង ព្រោះរាល់ការដណ្ដើមមេដាយមាសបានម្ដងៗ គឺនាងយកជីវិតទៅប្ដូរ មិនមែនសុខៗ តំណាងប្រទេសដែលនាងជួបប្រកួត យល់ព្រមហុចមេដាយឱ្យទេ។
សៀវម៉ី បញ្ជាក់បន្ថែមថា កីឡាករគ្រប់រូបត្រូវការការលើកទឹកចិត្តពីថ្នាក់ដឹកនាំសហព័ន្ធ និងអ្នកគាំទ្រដើម្បីជាចលករក្នុងការជួយជំរុញការខិតខំប្រឹងប្រែងនិងអភិវឌ្ឍសមត្ថភាពរបស់ខ្លួន ឲ្យកាន់តែប្រសើរ ។ ពួកគេពិបាកនឹងទទួលយកខ្លាំងណាស់នៅពេលការខិតខំប្រឹងប្រែងរបស់ ខ្លួនដើម្បីមុខមាត់ប្រទេសជាតិទទួលបានផលត្រឡប់មកវិញនូវពាក្យរិះគន់ពីសំណាក់អ្នកណាម្នាក់។
ស្រង់សម្ដីដែលបាននិយាយ សៀវម៉ី និយាយ ថា៖«ពិបាកទទួលយកខ្លាំងណាស់បង ព្រោះថា បើអ្នកនៅក្រៅវិស័យកីឡា អាចគាត់មិនយល់ ពីកីឡាថាវាម៉េច តែពាក្យនេះឮចេញពីអ្នកកីឡា ដែលអាចនិយាយបានថាជាថ្នាក់ដឹកនាំម្នាក់ក្នុង វិស័យកីឡាតេក្វាន់ដូ ដោយគាត់តែងតែនិយាយ គ្រប់ការជោគជ័យរបស់ខ្ញុំ ។ គាត់ថាខ្ញុំ ជោគជ័យដោយសារសំណាង និងមានអ្នកនេះជួយ អ្នកនោះជួយជាដើម » ។
ទន្ទឹមនឹងស្នើឲ្យផ្លាស់ប្តូរពីពាក្យជោគជ័យ ដោយសារសំណាង និងមានអ្នកជួយទៅជា ពាក្យលើកទឹកចិត្ត ម្ចាស់មេដាយមាសកីឡា ស៊ីហ្គេមលើកទី២៩នៅហ្វីលីពីនរូបនេះ បានលើកឡើងពីកត្តាដែលជួយជំរុញឲ្យនាងអាចជម្នះពាក្យរិះគន់ដូច្នេះថា នាងចូលចិត្តតបស្នងអ្នកមើលអត់ឃើញពីការខិតខំ ។ នាងថា បើនាងជោគជ័យ នោះអ្នកដែលអត់ចូលចិត្តក៏កាន់តែអត់សប្បាយចិត្តផងដែរ ។ ប៉ុន្តែបើនាងធ្វើតាមអ្វីដែលគាត់ចង់បាន គាត់រឹតតែសប្បាយចិត្ត ។ អ៊ីចឹងហើយទើបនាងមិនអាចឲ្យគាត់ឃើញបរា ជ័យបានទេ ដើម្បីស្វែងរកជោគជ័យឱ្យបុគ្គលនោះឃើញ។
ស៊ន សៀវម៉ី បន្តថា នាងមិនបាក់ទឹកចិត្តនឹងសម្ដីមន្ត្រីរូបនោះលើកឡើងឡើយ ។ ផ្ទុយ ទៅវិញ នាងនឹងដាក់គោលដៅចង់ឈ្នះមេដាយមាសកីឡាស៊ីហ្គេមឲ្យបាន៥សម័យកាលតែម្ដង ខណៈដែលបច្ចុប្បន្ននាងឈ្នះមេដាយមាសកីឡាស៊ីហ្គេមបាន៣ហើយ គឺនៅឆ្នាំ២០១៣, ២០១៧ និងឆ្នាំ២០១៩ ។ គោលដៅបន្ទាប់ សៀវម៉ី ចង់ឈ្នះមេដាយមាសក្នុងការប្រកួតស៊ី ហ្គេម នៅវៀតណាម ឆ្នាំ២០២១ និងស៊ីហ្គេម លើកទី៣០ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជា ម្ចាស់ផ្ទះ ។
ស៊ន សៀវម៉ី បន្តថា រាល់សមិទ្ធផល ទាំងអស់ គឺកើតឡើងពីការខិតខំប្រឹងប្រែង មិនមែនបានមកដោយ ងាយៗ ដូចការលើកឡើងខាងលើនោះទេ ។ នាងនិយាយថា កន្លងមកនាងមានបញ្ហាបន្តិចបន្តួចនៅក្នុងសហព័ន្ធផ្ទាល់ ដោយសារតែមានមន្ត្រីម្នាក់រមែងនិយាយបន្តុះបង្អាប់ថា មេដាយដែលនាងទទួលបានជាមេដាយបានដោយសំណាង ឬដោយគូប្រកួតភ្លាត់ស្នៀត ។ នាងរំលឹកថា ពាក្យសម្តីមួយ ដែលធ្វើឲ្យនាងមិនសប្បាយចិត្តជាយូរមកហើយនោះ មិនមែនទើបតែឥឡូវហ្នឹងទេ ព្រោះគាត់ បាននិយាយពាក្យហ្នឹងជាច្រើនលើក រួចមកហើយ។
នេះជាការលើកឡើងរបស់ កីឡាការិនី ស៊ន សៀវម៉ី ពេលផ្តល់បទសម្ភាស ដល់អ្នកសារព័ត៌មាន ក្នុងពិធីទទួលប្រាក់រង្វាន់ លើកទឹកចិត្តពីណាហ្គា វើលដ៏ កន្លងទៅ ខណៈដែលនាងនៅតែបង្ហាញអារម្មណ៍អន់ចិត្តមកទល់នឹងពេលនេះ ៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ