ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិនិយោគិន​ក្នុងស្រុក​ស្នើ​សុំ​រាជរដ្ឋាភិបាល​ជួយ​កាត់​បន្ថយ​ចំណាយ​ក្រៅផ្លូវការ​សម្រាប់​ការ​នាំ​ចេញ​ម្សៅ​មី

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ ម្ចាស់​ក្រុមហ៊ុន​ក្នុងស្រុក​ថ្មី​ៗ​នេះ​បាន​ស្នើ​ដល់​ថ្នាក់ដឹកនាំ​រាជរ​ដ្ឋា​ភិល​បាល​ជួយ​អន្តរាគមន៍​ពាក់ព័ន្ធ​នឹង​បញ្ហា​ប្រឈម​របស់​ក្រុមហ៊ុន​ក្នុង​ការ​នាំ​ចេញ​ម្សៅ​មី ព្រោះ​ត្រូវ​ចំណាយ​ក្រៅផ្លូវការ និង​ស្នើ​សុំ​ឲ្យ​ធនាគារ​អភិវឌ្ឍន៍ជនបទ ឬ មួយ​ធនាគារ​ណា​ដែល​ផ្តោត​លើ សហគ្រាស​ធុន​តូច និង​មធ្យម (SME) ជួយ​ផ្តល់​ប្រាក់​កម្ចី​ធ្វើ​ជា​ទុន​សម្រាប់​ប្រមូល​ទិញ​ដំឡូង​មី​ដើម្បី​រក្សា​អាជីវកម្ម​ឲ្យ​មាន​និរន្តរភាព…

រាជធានី​ភ្នំពេញ​៖ ម្ចាស់​ក្រុមហ៊ុន​ក្នុងស្រុក​ថ្មី​ៗ​នេះ​បាន​ស្នើ​ដល់​ថ្នាក់ដឹកនាំ​រាជរ​ដ្ឋា​ភិល​បាល​ជួយ​អន្តរាគមន៍​ពាក់ព័ន្ធ​នឹង​បញ្ហា​ប្រឈម​របស់​ក្រុមហ៊ុន​ក្នុង​ការ​នាំ​ចេញ​ម្សៅ​មី ព្រោះ​ត្រូវ​ចំណាយ​ក្រៅផ្លូវការ និង​ស្នើ​សុំ​ឲ្យ​ធនាគារ​អភិវឌ្ឍន៍ជនបទ ឬ មួយ​ធនាគារ​ណា​ដែល​ផ្តោត​លើ សហគ្រាស​ធុន​តូច និង​មធ្យម (SME) ជួយ​ផ្តល់​ប្រាក់​កម្ចី​ធ្វើ​ជា​ទុន​សម្រាប់​ប្រមូល​ទិញ​ដំឡូង​មី​ដើម្បី​រក្សា​អាជីវកម្ម​ឲ្យ​មាន​និរន្តរភាព និង​ជួយ​ពិនិត្យ​តម្លៃ​អគ្គិសនី​សម្រាប់​អាជីវកម្ម​កៃ​ច្នៃ​កសិផល​។ នេះ​ជា​ការ​លើក​ឡើង​របស់​លោកស្រី​ជា តូច ម្ចាស់​ក្រុមហ៊ុន ជា ទូច Trading នៅ​ចំពោះ​មុខ​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​កាលពី​ពេល​ថ្មី​ៗ​នេះ ។

លោកស្រី​ជា តូច បាន​ថ្លែងប្រាប់​លោក​វេ​ង សា​ខុន នា​ឱកាស​ដែល​លោក​រដ្ឋមន្ត្រី​ចុះ​បេសកកម្ម​ទៅ​ខេត្ត​រតនគីរី​និង​បាន​ចុះ​ទៅ​ពិនិត្យ​រោងចក្រ​ម្សៅដំឡូង​មី​របស់​ក្រុមហ៊ុន ជា ទូច trading ដែល​មាន​ទីតាំង​ស្ថិត​នៅ​ភូមិ​សោម​គល់ ឃុំ​សោម​ធំ ស្រុក​អូ​យ៉ា​ដាវ ខេត្តរតនគិរី អំពី​បញ្ហា​ប្រឈម​មួយ​ចំនួន​ដល់​ដំណើរការ​ប្រមូល​ទិញ​គឺ «​ទុន​» ដែល​ត្រូវការ​ក្នុង​មួយ​ថ្ងៃ​ជាង ៤២០​លាន​រៀល​ប្រាក់សុទ្ធ​ក្នុង​មួយ​ថ្ងៃ និង​ជា ពិសេស​នៅ​រដូវ​ប្រមូល​ផល​។

លោកស្រី​បាន​បន្ត​ទៀត​ថា «​ដោយឡែក​ការ​នាំ​ចេញ​មានការ​ជួប​ប្រទះ​នឹង​បញ្ហា​ប្រឈម​មួយ​ចំនួន​ដូច​ជា ការ​ដឹក​ជញ្ជូន​ផ្លូវ​ឆ្ងាយ និង​ចំណាយ​លើ​សេវា​ក្រៅផ្លូវការ​ចំនួន ៤០​ដុល្លារ​ក្នុង​តោន ហើយនឹង​ភ្លើង​នៅ មាន​តម្លៃ​ខ្ពស់​នៅឡើយ​» ។ ដូច្នេះ តាម​រយៈ​លោក រដ្ឋមន្ត្រី លោកស្រី​ជា តូច «​បាន​ស្នើ​សុំ​ឲ្យ​រាជរដ្ឋាភិបាល ជួយ​កាត់​បន្ថយ​ចំណាយ​ក្រៅផ្លូវការ និង​ស្នើ​សុំ​ឲ្យ​ធនាគារ​អភិវឌ្ឍន៍ជនបទ​ឬ មួយ​ធនាគារ SME ជួយ​ផ្តល់​ប្រាក់​កម្ចី​ធ្វើ​ជា​ទុន​សម្រាប់​ប្រមូល​ទិញ​ដំឡូង​មី​ដើម្បី​រក្សា​អាជីវកម្ម​ឲ្យ​មាន​និរន្តរភាព និង​ជួយ​ពិនិត្យ​តម្លៃ​អគ្គិសនី​សម្រាប់​អាជីវកម្ម​កៃ​ច្នៃ​កសិផល​» ។

ឆ្លើយ​តប​នឹង​ការ​លើក​ឡើង​របស់​លោកស្រី​នូវ​បញ្ហា​ប្រឈម​នានា​ជា​ពិសេស​រឿង​ការ​ចំណាយ​ក្រៅផ្លូវការ​លើ​ការ​នាំ​ចេញ​ម្សៅ​មីនោះ លោក​វេ​ង សា​ខុន បាន​បញ្ជាក់​ថា រាល់​បញ្ហា​ដែល​លោកស្រី​បាន​លើក​ឡើង​ចំពោះ​វិស័យ​កសិកម្ម រូប​លោក​បាន​ណែនាំ​ឲ្យ​នាយកដ្ឋាន​កសិឧស្សាហកម្ម​ចុះ​មក​ណែនាំ​ប្រជាពលរដ្ឋ និង​ក្រុមហ៊ុន​ឲ្យ​អនុវត្ត​ផលិតកម្ម​កសិកម្ម​តាម​កិច្ចសន្យា អគ្គនាយកដ្ឋាន​កសិកម្ម​ត្រូវ​សិក្សា​ស្រាវជ្រាវ​អំពី​ពូជ​ដំឡូង​មី​ធន់ជំងឺ និង​គ្មាន​ជំងឺ​ដែល​អាច​ផ្សព្វផ្សាយ​ជូន​បង ប្អូន​ប្រជាពលរដ្ឋ​ដាំ ទទួល​បាន​ទិន្នផល​ខ្ពស់ សិក្សា​ស្រា​ជ្រាវ​ដាំ​ដំណាំ​ឆ្លាស់​ដើម្បី​កែ​លម្អ​គុណភាព​ដី​សម្រាប់​ដំណាំ​ដំឡូង​មី​។ ដោយឡែក បញ្ហា​ដែល​ស្ថិត​នៅ​ក្រៅ​សមត្ថកិច្ច​របស់ ក្រសួង លោក​រដ្ឋមន្ត្រី​ថា «​នឹង​ធ្វើ​របាយការណ៍​ដាក់​ជូន​រាជរដ្ឋាភិបាល​ដើម្បី​ពិនិត្យ​ពិចារណា​ដោះស្រាយ​ជូន​ជា​បន្តបន្ទាប់​» ។

ជាមួយ​គ្នា​នោះ​ផង​ដែរ​លោក​រដ្ឋមន្ត្រី​ក៏​បាន​ដើរ​ពិនិត្យ​ខ្សែ​ច្រវាក់​ផលិតកម្ម​ក្នុង​រោងចក្រ​រួច​មក និង​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ការ​ខិតខំ​ប្រឹងប្រែង​របស់​លោកស្រី​ដើម្បី​បង្កើត​រោងចក្រ​កែ​ច្នៃ​ដំឡូង​មី​ដ៏​ធំ​មួយ​នេះ ដែល​ជា​ប្រយោជន៍​ស្រូប​យក​វត្ថុធាតុដើម​ក្នុងស្រុក​ធ្វើការ​កែ​ច្នៃ បង្កើន​តម្លៃបន្ថែម ជួយ​រក​ទីផ្សារ​ដំឡូង​មី និង​បង្កើត​ការងារ​ជូន​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន​។

សូម​បញ្ជាក់​ថា បើ​តាម​លោកស្រី​ជា តូច ក៏​បាន​ឲ្យ​ដឹង​ថា ក្រុមហ៊ុន​លោកស្រី​បាន​ដាក់​ទុន​វិនិយោគ​សាងសង់​រោងចក្រ​នេះ​អស់​ទឹកប្រាក់​ចំនួន​ជាង ៣០ លាន​ដុល្លារ​អា​មេ​រិ​ក លើ​ផ្ទៃដី​ជាង ៤០​ហ​.​ត ហើយ​បាន​សម្ភោ​ធ​ដាក់​ឲ្យ​ដំណើរការ​សកម្មភាព​នៅ​ថ្ងៃ​ទី​៧ ខែឧសភា ឆ្នាំ​២០១៨​។ រោងចក្រ​មាន​សមត្ថភាព​ផលិត​ម្សៅ​មី​បាន​ចំនួន ៣០០​តោន​/​ថ្ងៃ ត្រូវការ​ដំឡូង​ស្រស់​ប្រមាណ ១ ២០០​តោន​។ បច្ចុប្បន្ន​បាន​ស្រូប​យក​កំលាំង​ពលកម្ម​នៅ​មូលដ្ឋាន​នេះ​ផ្ទាល់​បាន​ចំនួន ៦០​នាក់​។ ផល​ដំឡូង​ស្រស់​ទាំងអស់​ត្រូវ​បាន​ប្រមូល​ទិញ​ពី​ប្រជា​កសិករ​ដែល​ភាគច្រើន​ជា​បងប្អូន​ជនជាតិ​ដើម​ភាគតិច ដាំ​ដុះ​ក្នុង​តំបន់​នេះ​ផ្ទាល់​តែ​ម្តង​ក្នុង​តម្លៃ ៣៥០​រៀល​/​គ​.​ក្រ ដែល​ត្រូវការ​ទុន​ប្រមូល​ទិញ ១ ២០០​តោន x ៣៥០​រៀល​/​គ​.​ក្រ = ៤២០​លាន​រៀល​/​ថ្ងៃ​។ លោកស្រី​បាន​បន្ត​ថា បច្ចុប្បន្ន​ទីផ្សារ​ម្សៅ​មី​ធំ​សម្រាប់​ការ​នាំ​ចេញ គឺ​ឥណ្ឌា មាន​តម្លៃ​៤៨០ ដុល្លារ​/​តោន និង​មហាអំណាច​ចិន ដែល​ទទួល​ទិញ​ក្នុង​តម្លៃ ៤០០​ដុល្លារ​/​តោន ៕ កែសម្រួលដោយ ៖ សុឃាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ