យោងតាមសាក្សីទាំងឡាយ និងទូរទស្សន៍រដ្ឋថា កងទាហាន និងកងប៉ូលិសប្រឆាំងកុបកម្មបានធ្វើអន្តរាគមន៍កាលពីថ្ងៃទី១៦ មីនា ជាមួយនឹងការប្រើឧស្ម័នបង្ហូរទឹកភ្នែក និងរថពាសដែកដើម្បីបំបែកពួកបាតុករប្រឆាំងរដ្ឋាភិបាលជាច្រើនរយនាក់ដែលបោះជំរំនៅឯទីលាន PERLE កណ្តាលក្រុងម៉ាណាម៉ា រាជធានីបារ៉ែន។ មនុស្សយ៉ាងតិច៥នាក់បានត្រូវស្លាប់។
ក្រោយការប្រកាសអាសន្នក្នុងព្រះរាជាណាចក្រដ៏តូចនោះកងកម្លាំងសន្តិសុខបានធ្វើការវាយលុកចូលទីលាន PERLE ។ ពពកផ្សែងឧស្ម័នបង្ហូរទឹកភ្នែកហុយពេញផ្លូវ ហើយផ្សែងខ្មៅហុយឡើងពីលើទីលាននោះដោយសារការដុតតង់កំទេចចោល។
យោងតាមសាក្សីទាំងឡាយថា បាតុករយ៉ាងតិច២នាក់ត្រូវស្លាប់ពេលមានការវាយលុក។ បណ្តាអ្នកទទួលខុសត្រូវមន្ទីរពេទ្យរាយការណ៍ពីបាតុករទី៣ស្លាប់ក្រោយពីត្រូវរបួស
ធ្ងន់។ ទូរទស្សន៍រដ្ឋរាយការណ៍ពីប៉ូលិស២នាក់ស្លាប់ក្រោយពីត្រូវរថយន្តមួយគ្រឿងបើកបុកពេលមនុស្សច្រើនរយនាក់ត្រូវបំបែកចេញ។
អាជ្ញាធរបារ៉ែនកាលពីថ្ងៃទី១៦ មីនា បានដាក់បំរាមគោចរពីម៉ោង១៦ដល់ម៉ោង៤ព្រឹកម៉ោងក្នុងស្រុក។ កងកម្លាំងសន្តិសុខបានដណ្តើមត្រួតត្រាទីលាន PERLE ៕
ចែករំលែកព័តមាននេះ