ខេត្តបាត់ដំបង ៖ ស្ត្រីរងគ្រោះដែលគេប្រទះឃើញស្លាប់ក្នុងសភាពអាក្រាតកាយផ្កាប់មុខហើយត្រូវគេសង្ស័យថា ជាអំពើរំលោភរួចសម្លាប់នោះពេលនេះត្រូវគេស្គាល់អត្តសញ្ញាណហើយ ។ ប៉ុន្តែអ្វីដែលគួរឲ្យតក់ស្លុតបំផុត គឺនាងជាស្ត្រីរងគ្រោះម្នាក់ក្នុងចំណោមអ្នកឆ្លងមេរោគអេដស៍ជាង២០០នាក់ នៅឃុំរកា ស្រុកសង្កែ ដោយាសារគ្រូពេទ្យ យ៉ែម ជ្រិន ។ នេះបើតាមការអះ
អាងរបស់ក្រុមគ្រួសារ និងសមត្ថកិច្ចជំនាញ ដែលកំពុងមមាញឹកក្នុងការស៊ើបអង្កេតលើបទឧក្រិដ្ឋមួយនេះ ។
លោកឧត្តមសេនីយ៏ត្រី ជេត វណ្ណនី ស្នងការរងនគរបាលខេត្ត បានថ្លែងប្រាប់ កោះសន្តិភាព នាព្រឹកថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ ថា យើងបានស្វែងរកឃើញក្រុមគ្រូសារនិងស្គាល់អត្តសញ្ញាណស្ត្រីរងគ្រោះដែលស្លាប់ក្នុងសភាពអាក្រាតកាយនោះហើយ ។ ស្ត្រីរងគ្រោះឈ្មោះ ហង្ស ហន អាយុ៣៨ឆ្នាំ រស់នៅភូមិរកា ឃុំរកា ស្រុកសង្កែ ហើយត្រូវបានគេសន្និដ្ឋានជាបឋមថា នាងអាចត្រូវជនដៃដល់ចាប់រំលោភរួចសម្លាប់ ។
លោកស្នងការរងបញ្ជាក់ថា សពស្ត្រីរងគ្រោះត្រូវបានដឹកយកទៅតម្កល់ជាបណ្ដោះអាសន្ននៅវត្តពោធិវង្ស និងនៅព្រឹកថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ មន្ត្រីជំនាញបានធ្វើកំណត់ហេតុប្រគល់ជូនទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីហើយ ។
សូមបញ្ជាក់ថា ស្ត្រីរងគ្រោះរូបនេះត្រូវបានអ្នកដំណើរប្រទះឃើញស្លាប់ក្នុងសភាពអាក្រាតកាយ នៅក្បែរផ្លូវក្នុងតំបន់ដីឡូត៍មួយកន្លែង ខាងជើងផ្សារទំនើបភូពុយ កាលពីវេលាម៉ោងប្រមាណ១០និង៣០នាទីព្រឹកថ្ងៃទី៣០ ខែធ្នូ ស្ថិតក្នុងភូមិចំការសំរោង២ សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ។
មនុស្សរាប់រយនាក់បានភ្ញាក់ផ្អើលទៅចោមរោមមើលសពនាង តែគ្មានអ្នកណាម្នាក់បានស្គាល់ពីភិនភាគ ឬអត្តសញ្ញាណឡើយ រីឯនៅលើខ្លួនសពនៅមានសេសសល់សម្ភារ និងស្លាកស្នាមតិចតួចសម្រាប់សម្គាល់ដូចជា ចិញ្ចៀន១វង់ ខ្សែចង្កេះ ស្បែកជើង និងខោទ្រនាប់ដែលស្រាតនៅត្រឹមចុងជើង ។ ជាពិសេសចុងម្រាមមេដៃខាងឆ្វេងរបស់នាងមានស្នាមកំបុតបន្តិច ។
ក្រោយពេលមន្ត្រីបច្ចេកទេសនិងក្រុមគ្រូពេទ្យពិនិត្យរួច សពនាងត្រូវបានដឹកយកទៅតម្កល់ជាបណ្ដោះអាសន្ននៅវត្តពោធិវង្ស ដើម្បីរង់ចាំសាច់ញាតិទៅទទូលយកទៅធ្វើបុណ្យ ។ រហូតមកដល់យប់ថ្ងៃដដែលទើបមានការអះអាងថា គេបានរកឃើញសាច់ញាតិនិងស្គាល់អត្តសញ្ញាណស្ត្រីរងគ្រោះហើយ ។
នៅកន្លែងតម្កល់សពស្ត្រីម្នាក់ឈ្មោះ ហង្ស ថន អាយុ៣២ឆ្នាំ ដែលអះអាងថានាងជាប្អូនស្រីបង្កើតជនរងគ្រោះបានប្រាប់ កោះសន្តិភាព ថានាល្ងាចថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៩ នាងបានឌុបបងស្រីដែលរងគ្រោះនេះ ទៅផ្ទះបងស្រីម្នាក់ទៀតឈ្មោះ យិប គង់ នៅភូមិអន្លង់វិល ឃុំអន្លង់វិល ស្រុកសង្កែ ក្រោយពីជូនទៅដល់ នាងក៏ត្រឡប់មកផ្ទះនៅភូមិរកាវិញ ហើយបងស្រីដេកនៅទីនោះ រង់ចាំទៅព្យាបាលធ្មេញនៅមន្ទីរពេទ្យធំនៅថ្ងៃស្អែក ។
នាង ហង្ស ថន និយាយទៀតថា នៅយប់នោះនាងមិនបានដឹងថា បងស្រី ហន ចេញទៅណាទេ ព្រោះនាងដេកនៅផ្ទះបងស្រីឈ្មោះគង់ ។ គ្រានោះនាងបាត់ដំណឹងបងស្រី១យប់១ថ្ងៃ លុះនៅម៉ោងប្រហែល៩យប់ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៩ ស្រាប់តែមានគេទូរស័ព្ទប្រាប់ខ្លួនថា បងស្រីឈ្មោះ ហន ស្លាប់ហើយឃើញគេបង្ហោះពេញហ្វេសប៊ុក ។ នាងមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ហើយរួមជាមួយបងប្អូនក៏ទាក់ទងសួរនាំទៅសមត្ថកិច្ចទើបដឹងរឿននេះពិតប្រាកដ ។
ប្អូនស្រីជនរងគ្រោះរូបនេះបានរៀបរាប់ពីប្រវត្តិខ្លះៗរបស់បងស្រីថា បងស្រីនាងឈ្មោះហង្ស ហន មានផ្ទុក«មេរោគអេដស៍» ដែលចម្លងដោយគ្រូពេទ្យប្រចាំភូមិឈ្មោះ យ៉ែម ជ្រិន តាមរយៈការប្រើម្ជុលចាក់ថ្នាំរួមគ្នា កាលពីប៉ុន្មានឆ្នាំមុន ។ កាលពីខែមុន បងស្រីនាងធ្លាប់បានទៅស៊ីឈ្នូលលក់សណ្ដែកសៀងឲ្យគេនៅម្ដុំផ្សារទួលតាឯក ក្បែរផ្លូវរថភ្លើង ក្នុងក្រុងបាត់ដំបង និងទើបសម្រាកបានប្រហែល១សប្ដាហ៍ប៉ុណ្ណោះ ក៏មានរឿងដ៏សោកសៅនេះកើតឡើង ។
យ៉ាងណាក៏ដោយ នាងមិនបានដឹងថារឿងនេះកើតឡើងដោយសារអ្វីដែរ ? ហើយក៏កាន់តែមិនដឹងទៀតថា តើបងស្រីធ្លាប់មានរឿងរ៉ាវឬមានទំនាក់ទំនងអ្វីជាមួយអ្នកណាដែរ ? ស្រាប់តែសុខៗត្រូវគេនាំយកទៅសម្លាប់យ៉ាងរន្ធត់នៅកណ្ដាលដីឡូត៍បែបនេះ ។
ពាក់ព័ន្ធនឹងករណីនេះ មន្ត្រីជំនាញបានឲ្យដឹងជាបឋមថា បើតាមការពិនិត្យយ៉ាងហ្មត់ចត់ និង គ្រប់ជ្រុងជ្រោយ ស្ត្រីរងគ្រោះអាចត្រូវជនល្មើស «ចាប់បង្ខំរំលោភ រួចរឹតកសម្លាប់» ដើម្បីបំបិទមាត់ ព្រោះជនល្មើសនិងស្ត្រីរងគ្រោះអាចជាមនុស្សស្គាល់គ្នា ។ យ៉ាងណាក៏ដោយ លោកស្នងការរង ជេត វណ្ណនី បានបញ្ជាក់ថា ស្របពេលដែលក្រុមគ្រួសារមកទទូលយកសពស្ត្រីរងគ្រោះទៅធ្វើបុណ្យ នៅព្រឹកថ្ងៃដដែលនោះ មន្ត្រីការិយាល័យជំនាញក៏កំពុងមមាញឹកយ៉ាងខ្លាំងក្នុងការសាកសួរសាក្សីនានា និងមនុស្សមួយចំនួនដែលពាក់ព័ន្ធ ដើម្បីស្រាវជ្រាវស្វែងរកមុខជនដៃ
ដល់ក្នុងបទឧក្រិដ្ឋនេះ ។
ប៉ុន្តែអ្វីដែលមហាជនកំពុងជ្រូញចិញ្ចើមឆ្ងល់យ៉ាងអន្ទះសានោះ គឺចង់ឃើញមុខជនដៃដល់ឲ្យច្បាស់ តើមានប៉ុន្មាននាក់ដែលចាប់រំលោភស្ត្រីរងគ្រោះ រួចសម្លាប់បំបិទមាត់ ? តើជនឧក្រិដ្ឋនោះគិតយ៉ាងណា…និងមានអារម្មណ៍បែបណា…ក្រោយពេលដឹងថា ស្ត្រីដែលខ្លួនចាប់រំលោភនោះ ជាជនរងគ្រោះម្នាក់ក្នុងចំណោមជនរងគ្រោះជាង២០០នាក់ដែលមានផ្ទុកមេរោគអេដស៍នៅក្នុងឃុំរកា ស្រុកសង្កែ ? តាមការសន្និដ្ឋាន បើជាមនុស្សស្គាល់គ្នាពិតជាដឹងថានាងមានផ្ទុកមេរោគអេដស៍ ហើយប្រហែលមិនប្រថុយស្បែករំលោភនោះទេ ឬមួយក៏ប្រើស្រោម ? មានតែដេកគងថ្ងាសរង់ចាំជនរងគ្រោះអូសដៃទៅជាមួយតែប៉ុណ្ណោះ ។
យោងតាមព័ត៌មានចុងក្រោយ ដែលសមត្ថកិច្ចបានផ្ដល់មុននេះបន្តិចបានឲ្យដឹងថា ពេលនេះមន្ត្រីការិយាល័យជំនាញ មានតម្រុយពីមុខសញ្ញាជនដៃដល់ខ្លះៗហើយ ថែមទាំងកំពុងតាមចាប់ខ្លួនបញ្ជូនទៅកាន់ស្នងការដ្ឋានខេត្តទៀតផង ៕
កែសម្រួលដោយ ៖ សំណាង
ចែករំលែកព័តមាននេះ