ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សូម​មើលថែ​សត្វ​ក្នុងផ្ទះ​របស់​អ្នក​ឲ្យ​ល្អ​ចៀង​វាង​ពី​ជំងឺ​ផ្សេង​ៗ

4 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ ដើម្បី​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​ជំងឺឆ្លង​ផ្សេង​ៗ ពិសេស​ជំងឺផ្ដាសាយបក្សី​នៅ​ក្នុង​ចុងឆ្នាំ​២០១៩ នៅ​ដើមឆ្នាំ​២០២០ នេះ​ការិយាល័យ​ផលិតកម្ម និង​បសុព្យាបាល​នៃ​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្តកំពង់ឆ្នាំង នៅ​ព្រឹក​ថ្ងៃ​ទី​៣១ ខែធ្នូ…

ខេត្តកំពង់ឆ្នាំង ៖ ដើម្បី​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​ជំងឺឆ្លង​ផ្សេង​ៗ ពិសេស​ជំងឺផ្ដាសាយបក្សី​នៅ​ក្នុង​ចុងឆ្នាំ​២០១៩ នៅ​ដើមឆ្នាំ​២០២០ នេះ​ការិយាល័យ​ផលិតកម្ម និង​បសុព្យាបាល​នៃ​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្តកំពង់ឆ្នាំង នៅ​ព្រឹក​ថ្ងៃ​ទី​៣១ ខែធ្នូ ឆ្នាំ​២០១៩ បាន​ចុះ​បាញ់ថ្នាំ​វ៉ាក់សាំង​សម្លាប់​មេរោគ និង​ព្យាបាល​ជំងឺ​សត្វ​ជូន​ប្រជាពលរដ្ឋ​ក្នុងភូមិ​ចារ ឃុំ​គោក​បន្ទាយ​ស្រុក​រលាប្អៀរ ។

លោក ហ៊ុន លី អនុប្រធាន​ការិយាល័យ​ផលិតកម្ម និង​បសុព្យាបាល​នៃ​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ​បាន​ឲ្យ​ដឹង​ថា ដោយ​ទទួល​បាន​សេចក្តីណែនាំ​ពី​ក្រសួង​ក៏​ដូច​ជា លោក​ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ​ស្ដី​អំពី​ការ​បង្ការ និង​ទប់ស្កាត់​ជំងឺផ្ដាសាយបក្សី​តែងតែ​កើត​រៀង​រាល់​ចុងឆ្នាំ​និង​ដើមឆ្នាំ​ដែល​មាន​អាកាសធាតុ​ប្រែប្រួល ត្រជាក់​ខ្លាំង ឬ​ក្តៅ​ខ្លាំង ជូន​ត្រជាក់​ជូន​ក្តៅ ធ្វើ​ឲ្យ​មេរោគ មាន​សកម្មភាព​ជាមួយនឹង​ការ​ចុះ​ខ្សោយ​នៃ​ប្រព័ន្ធ​ការពារ​របស់​សត្វ ជា​ពិសេស​ជម្ងឺផ្ដាសាយបក្សី​ផង​នោះ ថ្ងៃនេះ​ក្រុម​របស់​លោក បាន​ចុះ​មក​បាញ់ថ្នាំ​សម្លាប់​មេរោគ​និង​ចាក់​ថ្នាំ​បង្ការ ដល់​ជំងឺ​សត្វ​ដល់​ប្រជាពលរដ្ឋ​ក្នុងភូមិ​ចារ ឃុំ​គោក​បន្ទាយ ស្រុក​រលាប្អៀរ ។

ជា​លទ្ធផល​នៅ​ព្រឹក​ថ្ងៃ​ទី​៣១ ខែធ្នូ​នេះ​ផង​ដែរ បាន​បាញ់ថ្នាំ​សម្លាប់​មេរោគ​តាម​ទ្រុង​សត្វ​ចិញ្ចឹម​របស់​ប្រជាពលរដ្ឋ​ចំនួន​៣០​ទ្រុង និង​ក្រោល​ព្យាបាល​ជំងឺ​សត្វ​គោ​ចំនួន​២៧​ក្បាល ដោយ​មាន​ប្រជាពលរដ្ឋ​ចូលរួម​ជា​ច្រើន​នាក់​ផង​ដែរ ។ ជាមួយ​គ្នា​នេះ​លោក​ក៏​សូម​អំពាវនាវ​ដែល​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​បាន​ចូលរួម​នៅ​ពេល​នេះ សូម​ថែរក្សា​ការពារ​សត្វ​របស់​ខ្លួន​ដោយ​ឱ្យ​ទ្រុង ឬ​ក្រោល​មាន​បរិស្ថាន​ល្អ មាន​កន្លែងដេក​ត្រឹមត្រូវ ដោយ​មិន​ត្រូវ​មាន​ភក់ជ្រាំ​នោះ​ឡើយ ពិសេស​បំប៉នចំណី និង​កុំ​លែង​សត្វ​ពាស​វាល​ពាស​កាល ។

ប្រសិនបើ​សង្ស័យ​ថា សត្វពាហនៈ​របស់ ខ្លួន​មាន​ជំងឺ សូម​ទំនាក់ទំនង​ជាមួយនឹង​ភ្នាក់ងារ​សុខភាព​សត្វ​សត្វ​ភូមិ​ជា​បន្ទាន់ ដើម្បី​ចុះ​មក​ព្យាបាល និង​ជួយ​សង្គ្រោះ​សត្វ​បងប្អូន​ឱ្យទាន់​ពេលវេលា ។ ជា​ចុង​ក្រោយ​មន្ត្រី​ការិយាល័យ​ពេទ្យសត្វ​បាន​ផ្តល់​ថ្នាំ​ការពារ ថ្នាំ​លាង​របួស និង​ចែក​ខិត​បណ្ណ​ដល់​ប្រជាពលរដ្ឋ​ដែល​បាន​ចូល​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ