ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចក្ខុវិស័យ​របស់​ក្រសួង​មិន​ចង់ឲ្យ​កសិករ​ត្រឹមតែ​ជា​កសិករ​ទេ​នោះ តែ​ចង់ឲ្យ​កសិករ​ក្លាយជា​សហគ្រិន

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ដោយសារ​ថ្នាក់ដឹកនាំ​ប្រទេស​កម្ពុជា​ចាត់​ទុក​វិស័យ​កសិកម្មនៅ​តែ​ជា​ឆ្អឹងខ្នង​សេដ្ឋកិច្ច​របស់​ប្រទេស ហេតុ​ដូច្នេះ​ហើយ​ស្ថាប័ន​ពាក់ព័ន្ធ​បាន​បង្ហាញ​នូវ​មហិច្ឆតា​ធ្វើ​ទំនើប​កម្មវិស័យ​កសិកម្ម​ឲ្យ​កាន់តែ​ទំនើប ជា​ពិសេស​គឺ​ចង់​ប្រែក្លាយ​កសិករ​កម្ពុជា អោយ​ក្លាយទៅជា​សហគ្រិន​ឆ្នើម​និង​មានការ​ច្នៃប្រឌិត​ខ្ពស់​ក្នុង​ការងារ​កសិកម្ម ។ ​លោក​ចាន់ ចេស្ដា រដ្ឋលេខាធិការ​ក្រសួងកសិកម្ម​រុក្ខា​ប្រមាញ់​និង​នេសាទ…

រាជធានី​ភ្នំពេញ ៖ ដោយសារ​ថ្នាក់ដឹកនាំ​ប្រទេស​កម្ពុជា​ចាត់​ទុក​វិស័យ​កសិកម្មនៅ​តែ​ជា​ឆ្អឹងខ្នង​សេដ្ឋកិច្ច​របស់​ប្រទេស ហេតុ​ដូច្នេះ​ហើយ​ស្ថាប័ន​ពាក់ព័ន្ធ​បាន​បង្ហាញ​នូវ​មហិច្ឆតា​ធ្វើ​ទំនើប​កម្មវិស័យ​កសិកម្ម​ឲ្យ​កាន់តែ​ទំនើប ជា​ពិសេស​គឺ​ចង់​ប្រែក្លាយ​កសិករ​កម្ពុជា អោយ​ក្លាយទៅជា​សហគ្រិន​ឆ្នើម​និង​មានការ​ច្នៃប្រឌិត​ខ្ពស់​ក្នុង​ការងារ​កសិកម្ម ។

​លោក​ចាន់ ចេស្ដា រដ្ឋលេខាធិការ​ក្រសួងកសិកម្ម​រុក្ខា​ប្រមាញ់​និង​នេសាទ បាន​ថ្លែង​ក្នុង​ពិធី​បូក​សរុប​ការងារ​ប្រចាំឆ្នាំ​របស់​ក្រសួងពាណិជ្ជកម្ម​កាលពី​ពេល​ថ្មី​ៗ​នេះ​ថា «​ចក្ខុវិស័យ​របស់​ក្រសួង​មិន​ចង់អោយ​កសិករ​ត្រឹមតែ​ជា​កសិករ​ទេ​នោះ តែ​ចង់អោយ​កសិករ​ក្លាយជា​សហគ្រិន ដោយ​មានគំនិត​ច្នៃប្រឌិត​ខ្ពស់​ៗ​ក្នុង​ការ​ធ្វើ​កសិកម្ម ដើម្បី​ក្លាយជា​អ្នក​សហគ្រិន​ដ៏​ពូកែ​»​។ លោក​បាន​បន្ត​ថា សព្វ​ថ្ងៃនេះ​សក្ដានុពល​វិស័យ​កសិកម្ម​គឺ​នៅ​មាន​ទូលំទូលាយណាស់ ដែល «​កសិករ​អាច​ច្នៃប្រឌិត​កែប្រែ​ពិធី​ធ្វើ​កសិកម្ម​តាម​បែប​បុរាណ​មក​ជា​ការ​ធ្វើ​កសិកម្ម​បែប​ទំនើប​វិញ ដែល​អាច​ផ្ដល់​ចំណូល​ដល់​កសិករ​បាន​កាន់តែ​ច្រើន ហើយ​កសិករ​នឹង​អាច​ក្លាយជា​សហគ្រិន​ដោយ​ខ្លួនឯង​» ។

យ៉ាងណា​ក៏​ដោយ ក្នុង​មួយ​រយៈពេល​កន្លង​ទៅ​នេះ វិស័យ​កសិកម្ម​បាន​ជួប​បញ្ហា​មួយ​ចំនួន​ដែរ​ទាក់ទង​នឹង​ទីផ្សារ និង​តម្លៃ​កសិផល ក្នុង​នោះ​មានការ​ចុះ​ផ្សាយ​ជា​បន្តបន្ទាប់​ពី​ការ​ធ្លាក់​ចុះ​នៃ​តម្លៃ​កសិផល​និង​ការ​ខ្វះខាត​ទីផ្សារ ដូច​ជា​ស្រូវ​សែន​ក្រអូប​មាន​តម្លៃ​ថោក​ខ្លាំង បន្លែបង្កា​មួយ​ចំនួន​ទៀត​ក៏​មាន​តម្លៃ​មិនល្អ ធ្វើ​ឲ្យ​កសិកម្ម​ដាំ​ដុះ​នូវ​ដំណាំ​ខកចិត្ត និង​ស្នើ​ស្ថាប័ន​ពាក់ព័ន្ធ​ឲ្យ​ជួយ​រក​ទីផ្សារ​មាន​ស្ថេ​រ​ភាព​សម្រាប់​តម្លៃ​កសិផល​បាន​ល្អ ។ ទាក់ទង​នឹង​បញ្ហា​នេះ ក្រសួង​ក៏​ដូច​ជា​ភាគី​ពាក់ព័ន្ធ​ក៏​បាន​បកស្រាយ​ជា​បន្តបន្ទាប់​ដោយ​មាន​ហេតុផល​មួយ​ចំនួន​ដែល​បណ្តាល់​ឲ្យ​កសិផល​ខ្លះ​ធ្លាក់​តម្លៃ តែ​មិនមែន​ជា​ការ​ធ្លាក់​ថ្លៃ​ជ្រុល​ហួសហេតុ​នោះ​ទេ ។

ពាក់ព័ន្ធ​នឹង​មហិច្ឆតា​ធ្វើ​ទំនើប​កម្មវិស័យ​កសិកម្ម​ផង​ដែរ​នោះ បើ​តាម​ប្រសាសន៍​លោក​វេ​ង សា​ខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​ថ្លែង​ក្នុង​ពិធី​ប្រកាស​ផ្សព្វផ្សាយ​ពី​ផែនការ​យុទ្ធសាស្ត្រ អភិវឌ្ឍន៍​វិស័យ​កសិកម្ម​ឆ្នាំ ២០១៩-២០២៣ ថា «​រាជរដ្ឋាភិបាល​កម្ពុជា​មាន​មហិច្ឆតា​ក្នុង​ការ​ធ្វើ​ទំនើប​កម្មវិស័យ​កសិកម្ម​ឲ្យ​មាន​លក្ខណៈ​ប្រកួតប្រជែង បរិ​យា​ប័ន្ន ធន់​នឹង​ការ​ប្រែប្រួល​អាកាសធាតុ និរន្តរភាព និង​ជា​ពិសេស​ដើម្បី​ប្រែក្លាយ​វិស័យ​នេះ​ពី​កសិកម្ម​បែប​យ​ថា​ផល ឈាន​ទៅ​ធ្វើ​កសិកម្ម​តាម​ប្រពលវប្បកម្ម លើកកម្ពស់​ផលិតភាព ពិពិធ​ភាវូបនីយកម្ម​ដំណាំ​ដែល​មាន​សក្តានុពល និង​មាន​តម្រូវការ​ទីផ្សារ រួម​ទាំង​ការ​ចិញ្ចឹមសត្វ និង​វារីវប្បកម្ម​ជា​លក្ខណៈ​ក​សិ​-​ពាណិជ្ជកម្ម »​។

លោក​បាន​បន្ត​ថា ស្រប​ពេល​នេះ ក្រសួង​ក៏​កំពុង​ជំរុញ​បន្ថែម​ទៀត​ដល់​សហគមន៍ កសិករ​ខ្នាត​តូច និង​មធ្យម សហការ​ធ្វើការ​ដាំ​ដុះ​ជាមួយ​វិស័យ​ឯកជន «​តាម​រយៈ​ការ​ធ្វើ​កសិកម្ម​តាម​កិច្ចសន្យា ដើម្បី​ធានា​បាន​នូវ​បរិមាណ​ផ្គត់ផ្គង់ ទីផ្សារ និង​ស្ថិរភាព​តម្លៃ​» ។ ក្រៅពី​នេះ ក្រសួង​កំពុង​ជំរុញ គាំទ្រ និង​លើកទឹកចិត្ត​ដល់​វិស័យ​ឯកជន សហគ្រាស​ខ្នាត​តូច​មធ្យម និង​ដៃគូ​អភិវឌ្ឍន៍​នានា វិនិយោគ​លើ​វិស័យ​កែ​ច្នៃ ដើម្បី​ធានា​នូវ​និរន្តរ ភាព​នៃ​ការ​ផលិត​ក្នុងស្រុក ស្ថិរភាព​ទីផ្សារ បង្កើន​តម្លៃបន្ថែម លើកកម្ពស់​គុណភាព ស្តង់ដារ​អនាម័យ និង​សុវត្ថិភាព ឆ្លើយ​តប​តាម​តម្រូវការ​ទីផ្សារ​ទាំង​ក្នុង​តំបន់ និង​អន្តរជាតិ ។

យោង​តាម​របាយការណ៍​របស់​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​ឲ្យ​ដឹង​ដែរ​ថា ការ​នាំ​ចេញ​កសិផល​សរុប​ទាំង​ផ្លូវការ​និង​ក្រៅផ្លូវការ ក្នុង​រយៈពេល​ជាង​១១​ខែ ដើមឆ្នាំ ២០១៩​នេះ មាន​បរិមាណ​ជាង​៦,២​លាន​តោន ដោយ​កសិផល​នាំ​ចេញ ឆ្លងកាត់​ច្រក​ចេញចូល​តែ​មួយ​មាន​បរិមាណ ៤,១៦​លាន​តោន ទៅ​កាន់​ទីផ្សារ​អន្តរជាតិ ក្នុង​នោះ ប្រទេស​វៀតណាម​នាំ​ចូល​ច្រើន​ជាង គ្រាន់តែ​ស្រូវ​នាំ​ចេញពី​កម្ពុជា​ទៅ​កាន់​ប្រទេស​វៀតណាម​ក្រៅផ្លូវការ​មាន​ជាង​២​លាន​តោន​ទៅ​ហើយ ក្នុង​រយៈពេល​ជិត​១​ឆ្នាំ ២០១៩​នេះ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ