កណ្តុរជាង២០ក្បាលទៀតបានធ្វើដំណើរតាមយន្តហោះមកកាន់ប្រទេសកម្ពុជា ដើម្បីកម្ចាត់មីន បន្ទាប់ពីវាបានឆ្លងកាត់វគ្គបណ្តុះបណ្តាលនៅប្រទេសអាហ្វ្រិក ។ អង្គការអាប៉ូប៉ូ ( APOPO) ដែលបណ្តុះបណ្តាលកណ្តុរនេះបានឲ្យដឹងថា កណ្តុរចំនួន២៤ក្បាលបានធ្វើដំណើរតាមយន្តហោះពីប្រទេសតង់ហ្សានី កាលពីខែតុលា ហើយវាបានមកដល់កម្ពុជាហើយ ។
ប្រភពដដែលបានឲ្យដឹងទៀតថា មុនពេលឡើងយន្តហោះមកកម្ពុជា កណ្តុរទាំងនោះបានទទួលការបណ្តុះបណ្តាលយ៉ាងយកចិត្តទុកដាក់រយៈពេល៩ខែ ដើម្បីឲ្យមានជំនាញរកមីននៅកម្ពុជា ។
មុនពេលវាមកកម្ពុជា គេក៏បានធ្វើការពិនិត្យសុខភាពវាផងដែរ ដើម្បីអាចធ្វើដំណើរឆ្លងដែននិងបង្កការឆ្លងរោគបាន ។ សរុបទាំងកណ្តុរមកជើងនេះទៀត កម្ពុជាមានកណ្តុររកមីនចំនួន៥០ក្បាលហើយ ។ នេះពិតជាមិនធម្មតាមែន ដែលកណ្តុរត្រូវបានគេបង្ហាត់ឲ្យចេះរកមីន ហើយវាក៏បានរួមចំណែកជួយដល់កម្ពុជាដែលនៅមានមីនច្រើនបន្សល់ដោយសង្គ្រាម ៕
ចែករំលែកព័តមាននេះ