ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញា​ធរ​ដក​ហូត​សំភារ​ដាក់​តាំង​លក់​តាម​វិថី​ឧក​ញ៉ា​ទេព​ផន

15 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ អាជ្ញា​ធរ​ខណ្ឌ​ទួល​គោក​ដឹក​នាំ​ដោយ​លោក​សាំង សុភៈ​វិចិត្រ​ អភិ​បាល​រង​ខណ្ឌ ​កាល​ពី​រសៀល​ថ្ងៃ​ទី​២១ មីនា បាន​ធ្វើ​សកម្ម​ភាព​រៀប​ចំ​សណ្តាប់​ធ្នាប់​តាម​ដង​វិថី​ឧក​ញ៉ា​ទេព​ផន​ ក្នុង​ភូមិ​សាស្ត្រ​ខណ្ឌ​ទួល​គោក​ ហើយ​ក៏បាន​ចាប់​ដក​ហូត​យក​សំភារ​ក្បាល​រថ​យន្ត និង​គោ​យន្ត​កាប់សាច់​ដែល​ដាក់​តាំង​លក់​លើ​ចិញ្ចើម​ផ្លូវ​​ធ្វើ​ឱ្យ​ប៉ះ​ពាល់​ដល់​សណ្តាប់​ធ្នាប់​សាធារណៈ និង​សោភ័ណ​ភាព​រាជ​ធានី​។

មន្ត្រី​នៃ​អាជ្ញាធរ​ខណ្ឌ​ទួល​គោក​និយាយ​ថា នេះ​ជា​ការ​ព្រ​មាន​មួយ​ បន្ទាប់​ពី​អាជ្ញា​ធរ​ធ្លាប់​ធ្វើ​ការ​ណែ​នាំ​ និង​ចុះ​រៀប​ចំ​សណ្តាប់​ធ្នាប់​ជា​ច្រើន​លើក​មក​ហើយ ​តែអាជីវ​ករ​ទាំង​នោះ​នៅ​តែ​រឹង​រូស​ហើយ​ដាក់​តាំង​លក់​របស់​របរ​ដោយ​ពុំ​ស្តាប់​ការ​ណែ​នាំ​របស់​អាជ្ញា​ធរ​។ លោក​សាំង​ សុភៈ​វិចិត្រ​ បាន​ឱ្យ​ដឹង​ថា តាម​ការ​ណែ​នាំ​របស់​លោក​សេង រតនៈ អភិ​បាល​ខណ្ឌ​ទួល​គោក បាន​ជំរុញ​​ឱ្យ​គណៈ​បញ្ជា​ការ​ឯក​ភាព​ខណ្ឌ​ សង្កាត់​ចុះ​ណែ​នាំ​ផ្សព្វ​ផ្សាយ​ដល់​ប្រជា​ពល​រដ្ឋ​លក់​ដូរ​តាម​ដង​ផ្លូវ​ឱ្យ​មាន​សណ្តាប់​ធ្នាប់​ ព្រម​ទាំង​ចុះ​រៀប​ចំ​សណ្តាប់​ធ្នាប់​ជា​ច្រើន​លើក​មក​ហើយ ។ ជាមួយ​នេះ បាន​បាញ់​ថ្នាំ​​កំណត់​ឱ្យ​ប្រជា​ពល​រដ្ឋ​លក់​ដូរ និង​ទុក​ចិញ្ចើម​ផ្លូវ​សំរាប់​ឱ្យ​ប្រជា​ពល​រដ្ឋ​ធ្វើ​ដំណើរ​​ តែ​​ពួកគាត់​មិន​ស្តាប់​ការ​ណែ​នាំ​របស់​អាជ្ញា​ធរ​ ហើយ​បាន​ដាក់​តាំង​លក់​ទំនិញ​ផ្សេង​ៗ ​រំលោភ​លើ​ការ​កំណត់​ធ្វើ​ឱ្យ​បាត់​បង់​សណ្តាប់​ធ្នាប់​ និង​សោភ័ណ​ភាព​តាម​ដង​ផ្លូវ​។

លោក​សាំង​ សុភៈ​វិចិត្រ​ ​បាន​ឱ្យ​ដឹង​ទៀត​ថា តាម​ការ​ណែ​នាំ​របស់​ក្រសួង​មហា​ផ្ទៃ​ គឺហាម​យក​ចិញ្ចើម​ផ្លូវ​ធ្វើ​អាជីវ​កម្ម​។ ដោយ​សារ​តែ​មាន​ការ​យោគ​យល់​ពី​អាជ្ញា​ធរ​ក៏​បាន​ធ្វើ​ការ​សម្រប​សម្រួល​​ និង​អនុ​គ្រោះ​ដល់​ប្រជា​ពល​រដ្ឋ​ ដោយ​កំណត់​យក​​​១​ភាគ​៣​នៃ​ចិញ្ចើម​ផ្លូវ​ទៅ​តាម​ស្ថាន​ភាព​ផ្លូវ​ជាក់​ស្តែង​ទុក​ឱ្យ​បង​ប្អូន​ប្រកប​​របរ​រកស៊ីតែ​ពួក​គាត់​​នៅ​តែ​មិន​ស្កប់​ស្កល់​ ហើយ​រំលោភ​យក​ចិញ្ចើម​ផ្លូវ​ស្ទើរ​តែ​ទាំង​អស់​ធ្វើ​អាជីវ​កម្ម​ទើប អាជ្ញា​ធរ​អនុវត្ត​ចាប់​រឹប​អូស​ជា​ការ​ព្រមាន។

លោក​សាំង​ សុភៈ​វិចិត្រ​ បាន​បន្ត​ទៀត​ថា ការ​ចុះ​រៀប​ចំ​សណ្តាប់​ធ្នាប់​ គឺ​ដើម្បី​សោភ័ណ​ភាព​​រាជ​ធានី​ភ្នំពេញ​ឱ្យ​កាន់​តែ​ប្រសើរ​ឡើង​ ដូច្នេះ​សុំ​បង​ប្អូន​មាន​ការ​យោគ​យល់​ និង​ចូល​រួម​ជាមួយ​អាជ្ញា​ធរ ​​ធ្វើ​យ៉ាង​ណា​ឱ្យ​ទី​ក្រុង​មាន​សោភ័ណ​ភាព និង​អនា​ម័យ​ល្អ ៕