ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បឹង​តូច​បឹង​ធំ​ស្រុក​កៀនស្វាយ​ក្លាយជា​សាច់​​បី​ជាន់ហើយ

4 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ បឹង​ធម្មជាតិ​ពី​ដូនតា​របស់​រដ្ឋ អ្នកស្រុក​ឱ្យឈ្មោះ​ថា​បឹង​តូច បឹង​ធំ មាន​ទំហំ​ធំ​មហាសាល​ដែល​តាម​រដ្ឋអំណាច​ឃុំប្រាប់​ថា​ មាន​រាប់​មុ​ឺ​ន​ហិ​កតា​នៅ​ក្នុងស្រុក​កៀនស្វាយ ខេត្តកណ្តាល​កំពុង​ក្លាយជា​សាច់​៣​ជាន់​អស់​ទៅ​ហើយ អត់​មាន​រដ្ឋអំណាច​ម្ចាស់​ស្រុក​រាំង​ខ្ទប់​នៅឡើយ​ទេ សង្ស័យ​បាន​សើម…

ខេត្តកណ្តាល ៖ បឹង​ធម្មជាតិ​ពី​ដូនតា​របស់​រដ្ឋ អ្នកស្រុក​ឱ្យឈ្មោះ​ថា​បឹង​តូច បឹង​ធំ មាន​ទំហំ​ធំ​មហាសាល​ដែល​តាម​រដ្ឋអំណាច​ឃុំប្រាប់​ថា​ មាន​រាប់​មុ​ឺ​ន​ហិ​កតា​នៅ​ក្នុងស្រុក​កៀនស្វាយ ខេត្តកណ្តាល​កំពុង​ក្លាយជា​សាច់​៣​ជាន់​អស់​ទៅ​ហើយ អត់​មាន​រដ្ឋអំណាច​ម្ចាស់​ស្រុក​រាំង​ខ្ទប់​នៅឡើយ​ទេ សង្ស័យ​បាន​សើម ។

ប្រធាន​ភូមិ​ម្នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ​ប្រាប់​ថា ជិត​មួយ​ឆ្នាំ​ហើយ ត្រូវ​បាន​អ្នកមាន​លុយ​មាន​អំណាច បោះ​បង្គោល​រំលោភ​បំពាន​យក​ធ្វើ​ជា​កម្មសិទ្ធិឯកជន​យ៉ាង​អនាធិបតេយ្យ​ចាក់​ដី ឈូស​ឆាយ ។ គាត់​ថា​បុណ្យ​សក្តិ​ត្រឹម​ភូមិ​ម្តេច​ហ៊ាន​និយាយ ? គាត់​និយាយ​ថា សង្ស័យ​មានការ​ឃុបឃិត​គ្នា​ជា​ប្រព័ន្ធ ទើប​គ្មាន​ការ​ទប់ស្កាត់​ឬ​បង្ក្រាប​ពី​សំណាក់​ថ្នាក់លើ​និង​មន្ត្រី​ជំនាញ គឺ​ស្ងាត់ឈឹង ។

ប្រភព​ព័ត៌មាន​បាន​ប្រាប់​ឱ្យ​ដឹង​ថា អាង​ស្តុក​ទឹក​បឹង​តូច បឹង​ធំ​នេះ គឺជា​បឹង​ធម្មជាតិ​ដែល​មាន​ជម្រៅ​ទឹក កន្លែង​ខ្លះ​(៣​ទៅ​៤​ម៉ែត្រ​)​ឯណោះ ដែល​កើត​មាន​ឡើង​តាំងពី​ដូនតា​មក​ម្ល៉េះ ។ បឹង​នេះ​ធំ​ល្វឹងល្វើយ​មាន​ផ្ទៃដី​រាប់​មុ​ឺ​ន​ហិ​កតា ក្រោម​ការ​គ្រប់គ្រង​ដែន​រដ្ឋបាល​នៃ​ឃុំ​ចំនួន​៤ ក្នុងស្រុក​កៀនស្វាយ គឺ​ឃុំ​ឈើទាល ឃុំ​ភូមិធំ ឃុំ​គគីរ និង​ឃុំ​ដីឥដ្ឋ ដែល​មាន​សារសំខាន់​ណាស់ សម្រាប់​ប្រជាជន​ប្រើប្រាស់​ទឹក​ស្រោចស្រព​ផលដំណាំ​ផ្សេង​ៗ ព្រមទាំង​មុជ ដាំ ស្ល យក​ទឹក​ប្រើប្រាស់ ។

មិនតែប៉ុណ្ណោះ​ក៏​ជា​កន្លែង​ប្រជាជន​នេសាទ​ត្រី រក​ខ្ចៅខ្យង ដក​ព្រលិត ដក​ក្រអៅឈូក បេះ​ត្រកួន ដាំ​ឈូក ចិញ្ចឹមជីវិត ពេលទំនេរ​ពី​មុខរបរ​បង្កបង្កើន​ផល​ធ្វើស្រែ​ចំការ ។ បឹង​តូច បឹង​ធំ​នេះ ក៏​ជា​ប្រព័ន្ធ​រំដោះ​ទឹក​នា​ពេល​រដូវ​ទឹក​ដំឡើង ដើម្បី​បញ្ចៀស​កំ​ុ​ឱ្យ​កើត​មាន​ទឹកជំនន់​ជន់​លិច​ភូមិ ផ្ទះសម្បែង​និង​ប៉ះពាល់​ដល់​ផលដំណាំ​របស់​ប្រជាជន ។

ស្រាប់តែ​ខណៈ​ដី​មាន​ហាងឆេង ក៏​មាន​បុគ្គល​អ្នកមាន​លុយ​មាន​អំណាច​មក​ទំនាក់ទំនង​ជាមួយ​អាជ្ញាធរ​ភូមិ ឃុំ ស្រុក​ប្រមូល​ទិញ​ស្ងៀមស្ងាត់ ។ ការ​ប្រមូល​ទិញ​នេះ​គឺ​ទិញ​បាន​តែ​ដី អ្នកស្រុក​រុករាន​ធ្វើស្រែ​ចំការ​ខាង​លើ​ៗ​នៅ​ជុំវិញ​មាត់បឹង​តែ​ប៉ុណ្ណោះ មួយ​ម៉ែត្រការ៉េ​១​ដុល្លារ ។ ចំណែក​ផ្ទៃ​បឹង​គឺ​ឈ្មួញ​បាន​ឃុបឃិត​គ្នា​ជា​មួយ​អាជ្ញាធរ​ឈូស​ឆាយ​លុប​យក​តែ​ម្តង ព្រោះ​ទិញ​ដីគោក​ហើយ​ចាំ​អី​ទៀត​មិន​យក​ផ្ទៃ​ទឹកតែ​ម្តង​ទៅ គឺ​យក​ទាំងមូល ។

ប្រភព​បន្ត​ថា ការ​ឃុ​ប​ឃុ​ត​គ្នា​យក​ពលរដ្ឋ​ធ្វើ​ខែល​ក្រោម​រូបភាព​កែប្រែ​ដី​បឹង​សាធារណៈ​របស់​រដ្ឋ​ឱ្យ​ក្លាយទៅជា​ដី​កម្មសិទ្ធិ​របស់​បុគ្គល​អ្នកមាន​លុយ​មាន​អំណាច​នេះ​ហើយ ទើប​ធ្វើ​ឱ្យ​អ្នកស្រុក​បាន​ត្រឹមតែ​ហួសចិត្ត​សោកស្តាយ​បឹង មិន​ហ៊ាន​ចេញ​មុខ​តវ៉ា​ទេ ខ្លាច​គេ​ចោទ​លាប​ពណ៌​ថា​ជា​ក្រុម​បក្ស​ប្រឆាំង​ចាប់​ដាក់គុក​ច្រ​វ៉ា​ក់​ចោល​ប្រពន្ធ​កូនចៅ ។ អ្នកស្រុក​ថា មក​រំលោភ​យក​ដី​បឹង​នេះ​ភាគច្រើន គឺ​សុទ្ធតែ​អ្នកមាន​លុយ មាន​អំណាច​ធំ​ៗ​ណាស់ ម្នាក់​ៗ​រាប់រយ​ហិ​កតា ខ្លះ​រាប់​ពាន់​ហិ​កតា ហើយ​ឧកញ៉ា​ម្នាក់​នោះ​ជិត​មួយ​ម៉ឺន​ហិ​កតា​យ៉ាង​ស្ងៀមស្ងាត់​បោះបង្គោល​ថ្ម​ឈូស​លុប​បឹង​តាម​អំពើ​ចិត្ត ។

ភូមិ​ឈើទាល ឃុំ​ឈើទាល អ្នកស្រុក​និយាយ​ថា មាន​ឧកញ៉ា​ម្នាក់​បាន​លក់​អាចម៍ដី​ទៅ​ឱ្យឈ្មោះ ភិ​រម្យ កំពុង​ដាក់​គ្រឿងចក្រ​ដំណើរការ​លើក​ទំនប់​ព័ទ្ធ និង​ដឹក​ជញ្ជូន​អាចម៍ដី​លក់​ឱ្យ​ក្រុមហ៊ុន​ចិន បាន​ចាក់​ដី​លុប​បឹង​និង​ធ្វើ​ឃ្លាំង​រួចរាល់​ហើយ ។ ដី​ឧកញ៉ា​២​នាក់​ទៀត (​សុំ​មិន​បញ្ចេញ​ឈ្មោះ​)​ឈូស​ឆាយ​ធ្វើ​ទំនប់​បោះ​បង្គោល​រាប់​ពាន់​ហិ​កតា ឃើញ​បង្គោល​បេតុង​ពេញ​ផ្ទៃ​បឹង ។ ចំណែក​ឧកញ៉ា​ល្បីល្បាញ​ម្នាក់​ទៀត​វាតទី យក​បាន​ជិត​មួយ​ម៉ឺន​ហិ​កតា​យ៉ាង​ព្រងើយ ចំណែក​ឯកសារ​យើង​នឹង​ផ្សាយ​នៅ​ពេល​ក្រោយ​ទៀត ។

ដោយឡែក​ប្រភព​ព័ត៌មាន​ពី​ពលរដ្ឋ​៣​នាក់ (​សុំ​មិន​បញ្ចេញ​ឈ្មោះ​)​បានឱ្យ​ដឹង​ថា កាលពីដើម​ឡើយ​ពលរដ្ឋ​ចង់​ដាំ​ឈូក​ក្នុង​បឹង​នេះ ទាល់តែ​ទៅ​ធ្វើ​លិខិតបញ្ជាក់​សុំ​ជួល​ពី​អាជ្ញាធរ​ភូមិ ឃុំ ក្នុង​១​ហិ​កតា​១០​ទៅ​១៥​ម៉ឺន​រៀល ក្នុង​មួយ​រដូវ​ទើប​ដាំ​បាន ។

ប្រភព​បញ្ជាក់​បន្ថែម​ថា បឹង​នេះ​សម្បូរ​ត្រី សត្វ​គ្រប់​ប្រភេទ និង​មាន​សោភ័ណ​ភាព ទេសភាព​ស្រស់បំព្រង ប្រសិនបើ​រដ្ឋ​កែ​លម្អ​ឱ្យ​បឹង​នេះ ក្លាយទៅជា​តំបន់​រមណីយដ្ឋាន​ទេសចរណ៍ សម្រាប់​ទាក់ទាញ​ភ្ញៀវ​ជាតិ​និង​អន្តរជាតិ មក​ទស្សនា​កម្សាន្ត​លេង ប្រាកដជា​ចំណេញ​ដល់​រដ្ឋ​ផង ចៀស​ជាង​ឱ្យ​ធ្លាក់​ទៅ​លើ​ដៃ​បុគ្គល​ឯក​ជន​មួយ​ក្តាប់​តូច ព្រោះ​នៅ​ចំ​កណ្តាល​បឹង​មាន​ទួល​បារមី​ជា​ច្រើន​កន្លែង ដូច​ជា​ទួល​លោកតា​កោះ​កំពង់​រទាស់ទួល​លោកតា​កោះ​លាស់ ទួល​លោកតា​កោះ​ពងអណ្តើក និង​ទួល​លោកតា​កោះអណ្តែត​មាន​ប្រាសាទ​នៅ​លើ​កោះ សម្រាប់​ប្រជាពលរដ្ឋ ដែល​តែងតែ​មក​ប្រារព្ធ​ធ្វើបុណ្យ​ឡើងអ្នកតា​សុំ​សេចក្តីសុខ​សប្បាយ​ជា​រៀង​រាល់​ឆ្នាំ​ផង​ដែរ ។

ឥឡូវ​ជិត​ដល់​ថ្ងៃ​ឆ្លង​ឆ្នាំ​ទៀត​ហើយ អ្នកស្រុក​ខ្លះ​ខំ​ទៅ​កែ​លម្អ​កន្លែង​ប្រាសាទ បែរជា​អាជ្ញាធរ​ឃុំ​ទៅ​ឃាត់​អត់ឱ្យ​ពលរដ្ឋ​ធ្វើ​ទេ ដោយ​ប្រាប់​ថា​បឹង​កោះ​នេះ​គេ​ទិញ​អស់ហើយ មិនបាច់​មក​ធ្វើ​អី​ទៀត​ទេ ប្រយ័ត្ន​មានរឿង​គ្មាន​អ្នក​ណា​ជួយ​បាន​ទេ ។

ពាក់ព័ន្ធ​បញ្ហា​ខាងលើ​នេះ លោក អ៊ូ ឈាង អភិបាលស្រុក​កៀនស្វាយ បាន​ប្រាប់​កោះសន្តិភាព​យ៉ាង​ខ្លី​ថា រូប​លោក​ជាប់រវល់​ប្រជុំ​រឿង​ដី​អាង​ស្តុក​ទឹក​បឹង​តូច​បឹង​ធំ​នេះ​ហើយ ។ លុះ​ក្រោយ​ៗ​មក​ទៀត​ទូរស័ព្ទ​ចូល អត់​មាន​អ្នក​លើក​ទេ ព្រោះ​ចង់​ដឹង​ថា​តើ​ការ​ប្រជុំ​រឿង​គេ​រំលោភ​យក​បឹង​នេះ​បាន​ដោះស្រាយ​បែប​ណា​ហើយ ៕

អត្ថបទសរសេរ ដោយ