ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កីឡាករ​ប្រដាល់​​ឆ្លងដែន​​អ៊ីរ៉ង់​​ឈ្នះ​មួយ​និង​ចាញ់​មួយ

15 ឆ្នាំ មុន

រាជធានីភ្នំពេញ​ ៖ កីឡាករ​  Arturo ​អ្នក​ប្រដាល់​អេស្ប៉ាញ​ ​ប្រកួត​ចាញ់​នន់ ជំនិត មកពី​ក្លឹប​ស៊ីម៉ាក់​ ដោយពិន្ទុ ទាំង​មិនអស់​ចិត្ត ឯឃឹម ឌីម៉ា មកពីក្លឹប​រស្មី​ភូមិគាប​ ទោះខំ​ប្រឹង​​បញ្ចេញ​ស្នៀត​កែង​យ៉ាង​ណាក៏​ដោយ​ក៏​មិន​​អាច​យក​ឈ្នះ​​កីឡាករ​​ Cristian ​មកពី​​អេស្ប៉ាញ​​​ដូចគ្នា​​ គឺ​បាន​​​ត្រឹម​តែ​ស្មើពិន្ទុ​​ប៉ុណ្ណោះ​ ​ក្នុង​ការ​ប្រកួត​នៅ​លើ​សង្វៀន​​​ស្ថានីយ​ទូរទស្សន៍​ប៉ុស្តិ៍​លេខ​៣ កាលពី​​រសៀល​ថ្ងៃទី៥ មីនា កន្លង​មក​នេះ ។

ប្រវត្តិ​​ឈាន​ជើង​មកកម្ពុជា​​៤​លើក​ Arturo ​ធ្លាប់​​ឈ្នះ១​ ស្មើ​១ និង​ចាញ់​​២ ។ Arturo មាន​​ប្រៀប​ខាងកម្ពស់​​​ជាង​ជំនិត​​​ ហើយ​ល្បិច​ប្រកួត​របស់​​គេ​ក៏​អស្ចារ្យ​​​​ណាស់​ដែរ ប៉ុន្តែ​រាល់​ការ​វាយ​ចេញ​ដូចជា​​មិន​សូវ​​ទទួល​បាន​​ផល​ល្អ​ឡើយ ។  Arturo  បាន​​ព្យាយាម​​ដើរ​​ចូល​វាយ​សំរុក​​ទៅ​​លើ​ជំនិត​តាំងពី​ទឹក​ទី១​ម៉្លេះ​ ជាពិសេស​​​ស្នៀត​​​ជើង​​របស់គេ​បានទាត់​សំដៅ​កញ្ចឹង.ក​ជំនិត​​យ៉ាង​សាហាវ​​តែជំនិត​គេច​ផុត​រហូត ។ ជំនិត​​ទាប​ជាង​បន្តិច​មែន តែគេអាច​ដើរចូល​និង​វាយ​​សង​មក​វិញ​​​បាន​យ៉ាង​ល្អ​ ម្យ៉ាង​​ស្នៀត​​ជើង​របស់​គេ​​បាន​ចាក់​ចូល​មុខ​ Arturo ពេញៗ​ទៀត​ផង​ ។ ក្នុង​ទឹក​ទី​​៤ Arturo ​វាយ​បាន​យ៉ាង​ល្អ​បំផុត តែ​ក៏​ត្រូវ​ជំនិត​ធ្វើ​ឱ្យគេ​ចាញ់ទាំង​មិន​អស់​ចិត្ត​ឡើយ ។

ឃឹម ឌីម៉ា មិន​មាន​សំណាង​បាន​ឈ្នះ​កីឡា​ករ​ Cristianទេ ខណៈ​ពេល​ដែល​គេ​មាន​ឱកាស​គ្រប់គ្រង​​ស្ថានភាព​ប្រកួត​ស្ទើរ​តែ​ទាំង​ស្រុង​​តាំងពី​ទឹក​ទី១​ម៉្លេះ ។ ពួកអ្នក​លេង​ភ្នាល់​លុយ សុទ្ធតែ​បាន​ចាប់​យក​ខាងឌីម៉ា ​ដោយ​តសន្លប់​​ខាង​ Cristian  នៅ​ក្នុង​ទឹកទី៣​ ឬ​ទឹកទី៤​ប៉ុណ្ណោះ​ ម្យ៉ាង​ទៀត​​ក៏​មាន​អ្នក​រង់​ចាំ​​ឧបត្ថម្ភ​​ដល់​ឌីម៉ា​ជាច្រើន​ទៀត​ប្រសិន​​បើឌីម៉ា​វាយ​​គូប្រកួត​​ឱ្យ​សន្លប់ ។ ប៉ុន្តែ​ទីបំផុត​គឺមិន​បាន​សម​នឹង​បំណង​ឡើយ ព្រោះ​សមត្ថភាព​របស់​ឌីម៉ា​​មិនអាច​ទៅ​រួច ។ ក្នុងទឹកទី​១ ឌីម៉ា​មិន​បាន​​​​វាយ​បក​ភ្លាមៗ​ទេ បើទោះ​ជា​ Cristianវាយ​​​សំរុក​​យ៉ាង​ណា​ក៏ដោយ គឺគេ​គិតតែ​ពីការ​ពារ​មុខ​​​ហើយ​ដើរ​ចូល ព្រោះ​គេ​ចង់​បញ្ចេញ​ស្នៀត​កែង​វាយ​តែ​ម្តង​ឱ្យ​ស្រេច ប៉ុន្តែ​ស្នៀត​​កែង​របស់​គេ​​មិនអាច​ទម្លុះ​​​​បារ៉ាស់​របស់​ Cristian បាន​ឡើយ ។​​

 Cristian ​​វាយ​ផង​ដក​ថយផង ចំណែក​ឌីម៉ា​គិត​តែពី​រុល​ចូល​ទាត់​ចេញ​ម្តង​ម្កាល​ ប៉ុន្តែ​ស្នៀត​កែង​​​របស់គេ​​​បាន​វាយ​សន្ធាប់​ក្នុង​គោល​បំណង​​បំបាក់​​​អ្នក​ប្រដាល់​មកពី​អេស្ប៉ាញ​​ម្នាក់​នេះ​មិន​ឱ្យ​លើស​​ពីទឹក​ទី៣​បាន​ឡើយ ។ ប៉ុន្តែ​គេ​សង្កេត​ឃើញ​​កម្លាំង​របស់​ឌីម៉ា​ស្រុត​ចុះ​បន្តិច​​នៅ​ក្នុង​ទឹកទី​៤ ។ ក្នុង​ទឹក​ទី៤​និងទឹកទី៥ ឌីម៉ា​នៅសល់​តែ​កម្លាំង​ចិត្ត​ប៉ុណ្ណោះ​ ​ឯកម្លាំង​កាយ​របស់​គេ​នៅ​សេស​​សល់​បន្តិច​​បន្តួច​ប៉ុណ្ណោះ ។ ចលនា​​​វាយ​​លុក​​របស់​ Arturo ​​មើល​ទៅ​ដូចជា​​ដក​ថយ​​ច្រើន​បន្តិច​មែន  តែ​ការ​វាយ​ចេញ​របស់​គេ​បាន​​ផល​ល្អ​ច្រើន​ ។ លទ្ធផល​​ស្មើ​​ពិន្ទុ​គ្នា​ លើកនេះ​​ត្រូវ​បាន​គណៈកម្ម​ការ​​ប្រកាស​ឱ្យ​សង​សឹកនា​លើក​ក្រោយ​ម្តង​ទៀត​តែមិន​ដឹង​ថ្ងៃ​ណា​នោះទេ ។

ជិន រ៉ា មកពី​សមាគម​កីឡា​​​ក្រសួង​ការពារ​​ជាតិ យក​ឈ្នះបឿត រដ្ឋា មកពី​​ក្លឹប​សិង្ហកីឡា​ បាន​​ដោយពិន្ទុ ។ នួន វិចិត្រ​ ​មកពី​សមាគម​កីឡា​​​ក្រសួង​មហា​ផ្ទៃ​ ឈ្នះ​​សំ ចន្ថា មកពី​ក្លឹប​សាលវ័ន្ត​​​កីឡា ដោយពិន្ទុ​ ។ ផល ផាន មក​ពី​​ក្លឹប​​ឥន្ទ្រី​កីឡា ប្រកួត​ជា​សាកល​អាជីព​បាន​យកឈ្នះ​​ស្វាយ ចាន់ថន ​មកពី​ក្លឹប​កងរាជ​អាវុធ​ហត្ថ​​រាជធានីភ្នំពេញ​​បាន​ដោយ​ពិន្ទុ ៕​