នាំ​យក​អំណោយ​សប្បុរសជន​ប្រគល់​ជូន​លោកតា​ដើរ​រើស​អេ​ត​ចាយ


ខេត្តកំពង់ស្ពឺ ៖ បន្ទាប់​ពី​កោះសន្តិភាព​ចេញផ្សាយ​អំពី​ជីវិត​កំសត់​របស់​លោកតា​រើស​អេ​ត​ចាយ​ម្នាក់ ធ្វើ​ឱ្យ​សប្បុរសជន​ដែល​មាន​មេត្តាធម៌​បាន​បរិច្ចាគ​ធនធាន​ផ្ទាល់ខ្លួន​ជូន​ដល់​លោកតា​ដើម្បី​ទុក​ដោះស្រាយ​ក្នុង​ជីវភាព​ប្រចាំ​ថ្ងៃ​។

សប្បុរសជន​ខាងលើ​រួម​មាន លោក​ឧត្តមសេនីយ៍ត្រី​ជូ សា​រុន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត ថវិកា​ចំនួន​៣០០.០០០​រៀល​, លោក​ឱម ណា​ហ្គា​រ៉ា និង​លោកស្រី​បូ​រ្យី កាន់​នី​កា ថវិកា​ចំនួន​១០០​ដុល្លារ​, អ្នក​នាង ណា​រ៉េ​ន បុគ្គលិក​កោះសន្តិភាព​ថវិកា​ចំនួន​១០​ដុល្លារ​, លោក​សុខ ប៊ុ​ន​វីរ​: មន្ត្រី​អធិការកិច្ច​ក្រសួង​ការងារ​ថវិកា​ចំ​នួ​៥០.០០០​រៀល​, កញ្ញា ស្រី នួន បុគ្គលិក​មជ្ឈមណ្ឌល​កំសាន្ត​ឌឹ​ឃ្វី​ន​ថវិកា​ចំនួន​២០.០០០​រៀល និង​យុវតី ត្រា សុ​ខេ​ធីតា រៀន​នៅ​សាលា​សុវណ្ណ​ភូមិ​ថវិកា​ចំនួន​៤០.០០០​រៀល​។

ជំនួស​មុខ​ឱ្យ​លោកតា​កែវ​ភឹ​ម លោក​ឈឹ​ម យៀង មេ​ភូមិ​ស្លែង បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ដល់​សប្បុរសជន​ទាំងអស់​ដែល​បាន​ចែករំលែក​នូវ​ថវិកា​ផ្ទាល់ខ្លួន​ជួយ​ឧបត្ថម្ភ​ដល់​លោកតា​កែវ​ភឹ​ម ដែល​ជួប​ការ​លំបាក​នា​ពេល​នេះ​។ លោក​មេ​ភូមិ​ក៏​បាន​ជូនពរ​ដល់​សប្បុរសជន​ទាំងអស់​សូម​ជួប​ប្រទះ​តែ​ពុ​ទ្ឋ​ពរ​ទាំង​៥​ប្រការ​កុំបី​ឃ្លៀងឃ្លៀត​ឡើយ​។

សូម​រំលឹក​ថា លោកតា​កែវ ភឹ​ម អាយុ​៦៩​ឆ្នាំ រស់នៅ​ភូមិ​ស្លែង ឃុំ​ស្វាយ​រំពារ ស្រុក​បរ​សេដ្ឋ​ខេត្តកំពង់ស្ពឺ បាន​រៀបរាប់​ថា លោកតា​រស់នៅ​ម្នាក់ឯង​អស់​រយៈពេល​១០​ឆ្នាំ​មក​ហើយ​បន្ទាប់​ពី​ប្រពន្ធ​របស់​គាត់​បាន​លាចាក​លោក​ទៅ ។ លោកតា​ក៏​មាន​កូនចៅ​នឹង​គេ​ដែរ ប៉ុន្តែ​កូនចៅ​បាន​បែក​ទីលំនៅ ក្រោយ​ពី​ពួក​គេ​រៀប​ការ​អស់​ទៅ រាល់ថ្ងៃ​លោកតា​រស់នៅ​ម្នាក់ឯង​ក្នុង​ខ្ទម​តូច​មួយ​នៅ​ភូមិ​ស្លែង ដោយ​ប្រកប​របរ​ចិញ្ចឹមជីវិត​គឺ​ដើរ​រើស​អេ​ត​ចាយ​។

លោកតា​រៀបរាប់​ទៀត​ថា ការ​ចេញ​ទៅ​រើស​អេ​ត​ចាយ​នោះ គឺ​គាត់​ត្រូវធ្វើ​ដំណើរ​ចេញពីផ្ទះ​តាំងពី​ព្រលឹម​ស្រាង​ៗ ដើរ​រើស​គ្រប់​ច្រកល្ហក លុះដល់​ពេលបាយ គាត់​ក៏​ទៅ​សុំ​បាយ​ព្រះសង្ឃ​នៅ​វត្ត​ស្លាប​លែង​ដើម្បី​ហូប​នៅ​ពេល​ថ្ងៃត្រង់ ដោយពេល​ល្ងាច​ត្រឡប់​មក​ពី​រើស​អេ​ត​ចាយ​វិញ​រហូត​ដល់​ម៉ោង​៧​ទៅ​៨​យប់ ទើប​គាត់​បាន​ហូប​បាយ​។

លោកតា​បាន​រៀបរាប់​បន្ត​ទៀត​ថា ការ​រើស​អេ​ត​ចាយ​មិន​បាន​ច្រើន​នោះ​ទេ ពីរ​បី​ថ្ងៃ​គាត់​លក់​សំបក​ដប​ម្ដង​បាន​លុយ​៣​ពាន់​រៀល ជីវភាព​របស់​គាត់​ពិតជា​លំបាក​ខ្លាំង​ណាស់ ជា​ពិសេស​នៅ​ពេល​គាត់​ឈឺ​ម្ដង​ៗ គ្មាន​ប្រាក់​សម្រាប់​ព្យាបាល​នោះ​ទេ ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

Facebook Google Twitter Email

ព្រឹត្តិការណ៍សង្គម

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ