ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្នុង​ឆ្នាំ ២០១៩ កម្ពុជា​ទទួល​បាន​គម្រោង​វិនិយោគ​វិស័យ​សំណង់​ពី​បរទេស២៩​គម្រោង​ក្នុង​ទឹកប្រាក់​២,៥​ពាន់​លាន​ដុល្លារ

4 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ ៖ ក្នុង​ឆ្នាំ​២០១៩​នេះ ការ​វិនិយោគ​ក្នុង​វិស័យ​សំណង់​កម្ពុជា នៅ​តែ​ទទួល​បាន​កំណើន​ខ្ពស់​ជា​វិជ្ជមាន ក្នុង​នោះ​គម្រោង​វិនិយោគ​មក​ពី​បរទេស ក្នុង​វិស័យ​សំណង់​ឆ្នាំ​២០១៩​នេះ ក៏​ទទួល​បាន​ផល​ល្អ​ប្រសើរ​ផង​ដែរ ជាក់ស្ដែង​ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស​ក្នុង​វិស័យ​មួយ​នេះ ក្នុង​ឆ្នាំ…

​រាជធានី​ភ្នំពេញ ៖ ក្នុង​ឆ្នាំ​២០១៩​នេះ ការ​វិនិយោគ​ក្នុង​វិស័យ​សំណង់​កម្ពុជា នៅ​តែ​ទទួល​បាន​កំណើន​ខ្ពស់​ជា​វិជ្ជមាន ក្នុង​នោះ​គម្រោង​វិនិយោគ​មក​ពី​បរទេស ក្នុង​វិស័យ​សំណង់​ឆ្នាំ​២០១៩​នេះ ក៏​ទទួល​បាន​ផល​ល្អ​ប្រសើរ​ផង​ដែរ ជាក់ស្ដែង​ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស​ក្នុង​វិស័យ​មួយ​នេះ ក្នុង​ឆ្នាំ ២០១៩ មាន​ចំនួន​២៩​គម្រោង ក្នុង​ទឹកប្រាក់​ជាង​២​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ។ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​ពី​រដ្ឋលេខាធិការ​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម​និង​សំណង់ លោក ឡៅ ទិព្វ​សីហា ។ ​

លោក​ឡៅ ទិព្វ​សីហា បាន​ថ្លែងប្រាប់​អ្នក​ព័ត៌មាន​ក្នុង​សន្និបាត​បូក​សរុប​ការងារ​ប្រចាំឆ្នាំ ២០១៩​របស់​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម​និង​សំណង់​កាលពី​ថ្ងៃ​ទី​២៥ ធ្នូ​២០១៩​នេះ​ថា ក្នុង​ឆ្នាំ​២០១៩​នេះ ទុន​វិនិយោគ​វិស័យ​សំណង់​ឯកជន​មក​ពី​បរទេស​មាន​ចំនួន​២៩​គម្រោង ដែល​មាន​ផ្ទៃក្រឡា​សំណង់​ជាង​៤​លាន​ម៉ែត្រការ៉េ និង​មាន​ទុន​វិនិយោគ​ចំនួន​ប្រមាណ​២.៥២២​លាន​ដុល្លារ​អា​មេ​រិ​កមក​ពី​១៤​ប្រទេស​ក្នុង​ពិភពលោក ក្នុង​នោះ​សង្កេត​ឃើញ​ថា​ទុន​វិនិយោគ​មក​ពី​ប្រទេស​ចិន​មាន​ច្រើន​ជាងគេ​បំផុត ដែល​វិនិយោគ​ក្នុង​ប្រទេស​កម្ពុជា ក្នុង​ឆ្នាំ​២០១៩​នេះ​។ ​លោក​បន្ត​ថា « ដោយសារ​តែ​វិស័យ​សំណង់​មាន​កំណើន​យ៉ាងនេះ ធ្វើ​អោយ​ក្រុមហ៊ុន​សិក្សា​គម្រោង​ប្លង់ និង​ក្រុមហ៊ុន​សាងសង់​មាន​កំណើន​ស្រប​ជាមួយ​គ្នា​ដែរ ជាក់ស្ដែង​គិត​ត្រឹម​បច្ចុប្បន្ន​នេះ ក្រុមហ៊ុន​សិក្សា​គម្រោង​ប្លង់ និង​ក្រុមហ៊ុន​សាងសង់​ដែល​បាន​ចុះបញ្ជី​ក្នុង​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម​និង​សំណង់​មាន​ចំនួន ១.០៨១​ក្រុមហ៊ុន » ។

​យ៉ាងណាមិញ​សម្រាប់​វិស័យ​សំណង់​កម្ពុជា​ជា​រួម​ដែល​ទទួល​បានការ​វិនិយោគ​ទាំង​ក្នុងស្រុក​និង​ពី​ក្រៅប្រទេស​នៅ​ក្នុង​ឆ្នាំ​២០១៩​នេះ​មាន​គម្រោង​សាងសង់​ប្រមាណ​៤​ពាន់​គម្រោង​គិត​ជា​ទុន​វិនិយោគ​ប្រមាណ​ជាង​៩​ពាន់​លាន​ដុល្លារ ហើយ​កើនឡើង​រហូត​ដល់​ប្រមាណ​៧៨%​បើ​ប្រ​ធៀប​និង​ឆ្នាំ​២០១៨ ។ នេះ​បើ​តាម​របាយការណ៍​។ យោង​តាម​របាយការណ៍​បូក​សរុប​លទ្ធផល​ការងារ​ឆ្នាំ​២០១៩​និង​ទិស​ដៅ​ការងារ​ឆ្នាំ​២០២០​របស់​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម​និង​សំណង់​នៅ​ថ្ងៃ​ទី​២៥​ធ្នូ​២០១៩​នេះ​បង្ហាញ​ថា ទិន្នន័យ​សណង់​ទូ​ទាំង​ប្រទេស​មាន​ចំនួន​៤.៤៤៦​គម្រោង​មាន​ផ្ទៃក្រឡា​សំណង់​សរុប​ជាង​១៨​លាន​ម៉ែត្រការ៉េ តម្លៃ​ប៉ា់ន់ស្មាន​ទុន​វិនិយោគ​ប្រមាណ​៩.៣៥៣.៦៩៧.៤៧៥​ដុល្លារ បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​ក្នុង​ឆ្នាំ​២០១៨​មាន​ចំនួន​៨៦៧​គម្រោង មាន​ផ្ទៃក្រឡា​សំណង់​ជាង​១១​លាន​ម៉ែត្រការ៉េ​ត ហើយ​មាន​តម្លៃ​ប៉ាន់ស្មាន​ទុន​វិនិយោគ​ប្រមាណ​៥.២២៨.៩៩២.៥២២​ដុល្លារ​អា​មេ​រិ​ក កើនឡើង​៧៨,៨៨%​។

លោក​រដ្ឋលេខាធិការ​ក្រសួង​រៀបចំ​ដែនដី​ន​គន​រូប​នី​យ​កម្ម​និង​សំណង់​មាន​ប្រសាសន៍​ថា «​មូលហេតុ​ដែល​ធ្វើ​ឱ្យ​វិស័យ​សំណង់​មាន​កំណើន​រហូត​ដល់​៧៨%​នេះ​គឺ​ដោយសារ​អ្នក​វិនិយោគិន​ក្នុងស្រុក​និង​ក្រៅ​ស្រុក​មាន​ជា​អាត អគារ​ពាណិជ្ជកម្ម សំណង់​សណ្ឋាគារ​, ភោជនីយដ្ឋាន​,​ផ្សារ​ទំនើប ក្លឹ​ប​កំសាន្ត អគារ​ស្នាក់​នៅ​រួម អគារ​ខ្ពស់​ៗ, ទីក្រុង​រណប​,​បុរី​លំនៅ​ឋាន​និង​រោងចក្រ​កាត់ដេរ​និង​សម្លៀក​បំពាក់ រួម​និង​សំណង់​មួយ​ចំនួន​ផ្សេង​ទៀត​ស្ថិត​នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​។ នេះ​គឺជា​កំណើន​ខ្ពស់​នៃ​វិស័យ​សំណង់​កម្ពុជា​យើង​»​។ លោក​បាន​បញ្ជាក់​ថា​ក្នុង​ឆ្នាំ​២០១៩​នេះ​ដែរ ការ​វិនិយោគ​លើ​លំនៅ​ឋាន​ក្នុង​ប្រទេស​កម្ពុជា​មាន​ប្រមាណ​៣៨​ម៉ឺន​ល្វែង​ខ្នង និង​មាន​ទុន​វិនិយោគ​ជិត​៤​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​គិត​ក្នុង​រយៈពេល​១១​ខែ ក្នុង​ឆ្នាំ ២០១៩​នេះ ។ សម្រាប់​អគារ​ស្នាក់​នៅ​ខ្ពស់​ៗ​ក្នុង​ប្រទេស​កម្ពុជា ចាប់ពី​៥​ជាន់ឡើង​ទៅ ក្នុង​ឆ្នាំ ២០១៩​នេះ មាន​៤៣២​អគារ ក្នុង​នោះ​ខេត្ត​ព្រះ​សីហ​នុ ចាប់ពី​៥​ជាន់ឡើង​ទៅ មាន​២៦០​អគារ ។ របាយការណ៍​ដដែល​នេះ​ក៏​បាន​បង្ហាញ​ផង​ដែរ​ថា ចាប់ពី​ឆ្នាំ ២០០០​ដល់​ឆ្នាំ ២០១៩​នេះ​ក្រសួង​បាន​ចេញ​លិខិតអនុញ្ញាត​សាងសង់​ទូ​ទាំង​ប្រទេស ចំនួន ៤៨.០០៤​គម្រោង ផ្ទៃក្រឡា​កម្រាល​សំណង់​សរុប​ជាង​១៣២​លាន​ម៉ែត្រការ៉េ និង​មាន​ទុន​ប៉ាន់ស្មាន​ប្រមាណ​៥១​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ។ ​

លោក​ច្រឹ​ក សុខ​នី​ម​ប្រធាន​សមាគម​អ្នក​វាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា បាន​មាន​ប្រសាសន៍​ថា បច្ចុប្បន្ន​នេះ វិស័យ​សំណង់​និង​អចលនទ្រព្យ​បាន​ដើរតួ​នាទី​សំខាន់​ក្នុង​កំណើន​សេដ្ឋកិច្ចជាតិ ដែល​ធ្វើ​អោយ​កម្ពុជា​រក្សា​បាន​នូវ​កំណើនសេដ្ឋកិច្ច​ប្រមាណ​៧​ភាគរយ​ក្នុង​មួយ​ឆ្នាំ រយៈពេល​ជិត​២​ទសវត្សរ៍​មក​ហើយ ។ ដោយឡែក​ក្នុង​ឆ្នាំ​២០១៩​នេះ ស្ថានភាព​វិស័យ​អចលនទ្រព្យ​និង​សំណង់​នៅ​តែ​ល្អ​ប្រសើរ ដោយ​ក្នុង​នោះ​មិន​មាន​គម្រោង​ធំ​ណាមួយ​ត្រូវ​ជាប់​គាំង​នោះ​ឬ​មាន​បញ្ហា​ធំដុំ​នោះ​ឡើយ បើ​ទោះបីជា​ជនជាតិ​ចិន​ដែល​ជា​អ្នក​វិនិយោគ​ឈរ​លំដាប់​ទី​១​នៅ​កម្ពុជា បាន​ចាកចេញ​ច្រើន​ក៏​ដោយ ។

​លោក​គី​ម ហ៊ា​ង​ប្រធាន​ក្រុមហ៊ុន​អចលនទ្រព្យ​ខ្មែរ​រៀល​អ៊ី​ស្ទេ​ត ក៏​បានអោយ​ដឹង​ថា ក្នុង​ឆ្នាំ ២០២០​នេះ វិស័យ​អចលនទ្រព្យ​នៅ​តែ​ល្អ ដោយ​មាន​កត្តា​ជា​ច្រើន ក្នុង​នោះ​កត្តា​ស្ថេ​រ​ភាព​នយោបាយ សេដ្ឋកិច្ច និង​ទីតាំង​ភូមិសាស្ត្រ ធ្វើ​អោយ​វិនិយោគិន​ក្នុង​និង​ក្រៅប្រទេស​បន្ត​ដាក់​ទុន​វិនិយោគ​ក្នុង​វិស័យ​អចលនទ្រព្យ​ជា​ពិសេស​នៅ​តាម​បណ្ដា​ខេត្ត​ដែល​មាន​សក្ដានុពល ៕ កែសម្រួលដោយ ៖ សុឃាក់

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ