ខេត្តបាត់ដំបង ៖ តើខេត្តបាត់ដំបងមានរោងភាពយន្តប៉ុន្មាន…នៅក្នុងអំឡុងដែលខ្សែភាពយន្តខ្មែរកំពុងល្បីល្បាញ និងរីកលូតលាស់ខ្លាំងនៅមុនឆ្មាំ១៩៧៥ ? តើកាកសំណល់សិល្បៈ ដែលបានឆ្លងកាត់ឧបសគ្គយ៉ាងត្រដាបត្រដួសស្ទើររលាយផុតពូជ នៅក្នុងខេត្តប្រវត្តិសាស្ត្រមួយនេះ បានបន្សល់ទុកអ្វីខ្លះនាបច្ចុប្បន្ននេះ…សម្រាប់ឲ្យកូនចៅខ្មែរជំនាន់ក្រោយៗបានឃើញ និងបានដឹង ដើម្បីសិក្សាស្រាវជ្រាវ…? ប្រហែលជានៅមានខ្លះ…! តែតឹកតាងទាំងនោះ ហាក់កំពុងដួលសន្លប់ឈឹង ឬ អាចងាប់ស្ដូកជារៀងរហូត ក៏អាចថាបាន ។ នេះបើតាមការរៀបរាប់របស់មន្ត្រី និងតាមការពិនិត្យជាក់ស្ដែង ។
គេមិនឃើញមានការចងក្រងទុកជាឯកសារឲ្យបានច្បាស់លាស់ តម្កល់នៅស្ថាប័នរដ្ឋណាមួយនោះទេ ។ ប៉ុន្តែតាមរយៈមន្ត្រីជំនាញ មន្ត្រីជើងចាស់ផ្នែកសិល្បៈ ឬអតីតអ្នកបម្រើការផ្នែកភាពយន្តនៅខេត្តដ៏ចំណាស់មួយនេះ នាសម័យនោះ គាត់អាចគាស់រំលើងយកមកពន្យល់បាន…បើទោះជាមិនគ្រប់ជ្រុងជ្រោយបាន១០០%ក្ដី ព្រោះជាការស្រាវជ្រាវដោយផ្ទាល់របស់កោះសន្តិភាព ។ អតីតអ្នកបម្រើការផ្នែកបញ្ចាំងខ្សែភាពយន្តមួយរូប គឺលោក ទេស សាឡន បាននិយាយថា កាលពីសម័យមុន (មុនឆ្នាំ១៩៧៥) ខេត្តបាត់ដំបង មានរោងភាពយន្តចំនួន៦កន្លែង ដែលសុទ្ធសឹងជារោងភាពយន្តរបស់ក្រុមហ៊ុនឯងជនគ្មានរដ្ឋគ្រប់គ្រង ។
លោក ទេស សាឡន បច្ចុប្បន្នជាមន្ត្រីមន្ទីរវប្បធម៌និងវិចិត្រសិល្បៈដែលចូលនិវត្តន៍ ។ លោកគឺជាអតីតអ្នកបម្រើការផ្នែកបញ្ជាំងភាពយន្តចល័ត ដែលជាសាខាមួយរបស់រោងភាពយន្ត«សង្កែ» នៅខេត្តបាត់ដំបង ក្នុងអំឡុងទសវត្សឆ្នាំ៦០ ។ នេះបើតាមដែលលោក បានផ្ដល់បទសម្ភាសន៍ជាមួយកោះសន្តិភាពកន្លងមក ដែលរៀបរាប់អំពីប្រវត្តិខ្លះៗ នៃការរីកលូតលាស់ផ្នែកវិស័យភាពយន្តខ្មែរ និងរោងភាពយន្តនានាដែលពេញនិយមបំផុត នៅក្នុងខេត្តបាត់ដំបងនាសម័យនោះ ។
អតីតអ្នកបញ្ជាំងខ្សែភាពយន្តជើងចាស់វ័យ៦៥ឆ្នាំរូបនេះ បានរាប់ឡើងវិញនូវចំនួនរោងភាពយន្តដែលមាននៅក្នុងខេត្តបាត់ដំបងយ៉ាងដូច្នេះថា «បើតាមខ្ញុំដឹង…! គិតត្រឹមមុនឆ្នាំ១៩៧៥ នៅក្នុងខេត្តបាត់ដំបង មានរោងភាពយន្តចំនួន៦» ។ គាត់បានរៀបរាប់ថា រោងភាពយន្តទាំង៦កន្លែងនោះរួមមាន៖
១-រោងភាពយន្ត «អេដែន»ស្ថិតនៅផ្លូវលេខ១ (បច្ចុប្បន្នសំណង់ផ្ទះល្វែង) ។
២-រោងភាពយន្ត «សង្កែ» ស្ថិតនៅផ្លូវលេខ១ (បច្ចុប្បន្នជាមន្ទីររ៉ែនិងថាមពល និងមន្ទីរឧស្សាហកម្មនិងសិប្បកម្មខេត្ត) ។
៣-រោងភាពយន្ត«ហាបប៊ី» ស្ថិតនៅខាងជើងផ្សារធំ(ផ្សារណាត់)ចន្លោះផ្លូវលេខ២កន្លះ និងផ្លូវលេខ៣ (បច្ចុប្បន្នជាសំណង់ផ្ទះល្វែង) ។
៤-រោងភាពយន្ត«ហាបឈុន» ស្ថិតនៅផ្លូវលេខ២ (បច្ចុប្បន្នជាភោជនីយដ្ឋាន បាត់ដំបង ថោន) ។
ដោយឡែក រោងភាពយន្តចំនួន២ទៀតគឺរោងភាពយន្ត «ប្រាសាទមាស» និងរោងភាពយន្ត «បាត់ដំបង» ដែលស្ថិតនៅជួរផ្លូវលេខ២ផងដែរនោះត្រូវលោក ទេស សាឡន បញ្ជាក់ប្រាប់ថា «រោងភាពយន្តទាំង២នេះ បច្ចុប្បន្នស្ថិតក្រោមការគ្រប់គ្រង របស់មន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្ត (របស់រដ្ឋ) ។ រោងភាពយន្តទាំង២នេះ នៅសល់រូបរាងដើមទាំងស្រុងបើមើលពីសម្បកក្រៅ តែផ្នែកខាងក្នុងរលេះរលួយវ៉ល់អស់ទៅហើយ និងបានបិទទ្វារទុកចោលងងិតឈឹង» ។
កោះសន្តិភាព បានព្យាយាមសាកសួរពលរដ្ឋមួយចំនួនចាប់ពីវ័យជំទង់ឡើងទៅអំពីចំនួន និង ប្រវត្តិនៃរោងភាពយន្តនានា នៅក្នុងខេត្តវ័យចំណាស់មួយនេះ គឺចម្លើយភាគច្រើនហាក់បាននិយាយព្រាវៗថា «ខ្លួនបានដឹង និងបានស្គាល់ខ្លះៗ តែមិនបានចាំពីចំនួនរោងភាពយន្តទេ» ។ មានការសម្គាល់ផងដែរអំពីចម្លើយនេះ គឺភាគច្រើនជាមនុស្សស្ថិតនៅក្នុងវ័យកណ្ដាល និងវ័យចំណាស់ ។ រីឯវ័យយុវជនវិញ មិនច្បាស់លាស់តែម្ដង ។ យុវជនខ្លះនិយាយថា «ខ្ញុំមិនបានដឹងថា កាលពីសម័យមុន នៅខេត្តបាត់ដំបង មានរោងភាពយន្តប៉ុន្មានទេ តែសព្វថ្ងៃខ្ញុំឃើញមានរោងភាពយន្តចាស់ៗចំនួន២ប៉ុណ្ណោះ គឺប្រាសាទមាស និងបាត់ដំបង ។ ក្រៅពីនេះមានរោងភាពយន្តដែលទើបបង្កើតថ្មី១ គឺរោងភាពយន្ត «ឯកភ្នំ»ដែលស្ថិតនៅក្នុងស្រុកឯកភ្នំ សព្វថ្ងៃនេះ» ។
ពិតមែនតែគ្មានឯកសារបញ្ជាក់អំពីប្រវត្តិជាក់លាក់នៃកំណើតរោងភាពយន្ត នៅក្នុងខេត្តបាត់ដំបង ប៉ុន្តែបើតាមលោក ទេស សាឡន បានលើកឡើងថា លោកនៅចាំបានខ្លះៗ រោងភាពយន្ត នៅក្នុងខេត្តបាត់ដំបងបានចាប់ផ្ដើមបង្កើតឡើង នៅក្នុងអំឡុងទសវត្សឆ្នាំ៥០ ហើយរោងភាពយន្តដែលកើតឡើងដំបូងគេ នាពេលនោះគឺរោងភាពយន្ត «អេដែន» ខណៈរោងភាពយន្តដទៃទៀតបានកើតឡើងជាបន្តបន្ទាប់ តែសុទ្ធសឹងជារបស់ក្រុមហ៊ុនឯកជន ។ ដោយឡែក រោងភាពយន្ត «ហាបប៊ី និង ហាមឈុន ឬប្រាសាទ»វិញ អតីតអ្នកបញ្ជាំងកុនជើងចាស់រូបនេះ បានបញ្ជាក់ថា ក្រោយសាងសង់រួច ដំបូងឡើយរោងភាពយន្តទាំង៣នេះ គឺជារោងសម្ដែងល្ខោន«ហ៊ី» របស់ចិននាសម័យនោះ ។ លុះក្រោយៗមកទើបប្រែក្លាយជារោងភាពយន្តវិញ ។ ប៉ុន្តែរោងភាពយន្ត«ហាបប៊ី» និង«ហាបឈុន» ចាប់បញ្ជាំងដំបូងគឺខ្សែភាពយន្ត«ខ្មែរនិងឥណ្ឌា» តែពេញនិយមបំផុតនៅពេលនោះ គឺរឿង«បុរាណឥណ្ឌា» ។
លោក ទេស សាឡន ក៏បានបញ្ជាក់ដែរថា កាលសម័យនោះស្ទើរគ្រប់រោងភាពយន្តទាំងអស់ សុទ្ធតែទទួលបានការគាំទ្រភ្លូកទឹកភ្លូកដីពីមហាជនខ្មែរ ។ ជាពិសេសរោងភាពយន្ត«សង្កែ» សូម្បីព្រះមហាក្សត្រក៏ធ្លាប់ចូលទតភាពយន្តនៅទីនោះដែរ ។ ខ្សែភាពយន្តខ្មែរ និងសិល្បៈខ្មែរនាសម័យនោះ ហាក់មានការរីកលូតលាស់ល្បីល្បាញខ្លាំងបំផុត ។ ប៉ុន្តែភាពល្បីល្បាញនេះ បានចាប់ផ្ដើមរលត់រលាយ ស្ទើរដល់កម្រិតសូន្យនៅអំឡុងដើមឆ្នាំ១៩៧៥ ដោយសាររបបអាវខ្មៅមួយបានចូលលុកលុយគ្រប់គ្រងអំណាច ។ប៉ុន្តែរបបដ៏ខ្មៅងងិតនេះ បានដួលរលំរលាយវិញនៅថ្ងៃ ៧មករា ឆ្នាំ១៩៧៩ ដោយសារកងទ័ពសាធារណរដ្ឋប្រជាមានិតកម្ពុជា ។ ចាប់ពីពេលនោះមកសាសនា វប្បធម៌ សិល្បៈ ការរស់រានមានជីវិតឡើងវិញ នៃប្រជាជនខ្មែរ និងអ្វីៗគ្រប់បែបយ៉ាងដែលរលាយរលត់បាត់នៅក្នុងរបបប៉ុល ពត នោះក៏បានចាប់ផ្ដើមរីកធំធាត់ឡើងវិញរហូតដល់បច្ចុប្បន្ននេះ ។
ជាមួយនឹងការងើបពីរណ្ដៅអវចីយ៍ឡើងវិញ នូវអ្វីៗសព្វបែបយ៉ាងនេះ បើតាមលោកស្រី ស្រាង នាង អនុប្រធានមន្ទីរវប្បធម៌និងវិចិត ្រសិល្បៈខេត្ត បាននិយាយថា ក្រោយថ្ងៃរំដោះ៧មករា រោងភាពយន្តនៅខេត្តបាត់ដំបង មួយចំនួនត្រូវបានបំផ្លាញដោយរបបអាវខ្មៅ តែរោងភាពយន្តខ្លះនៅសល់រូបរាង ។ លោកស្រីបានរំលឹកឡើងវិញថា ប៉ុន្មានឆ្នាំក្រោយពីថ្ងៃរំដោះ ៧មករា ១៩៧៩ រោងភាពយន្តមួយចំនួនត្រូវបានរៀបចំឲ្យមានដំណើការឡើងវិញជាបណ្ដើរៗ តែរោងភាពយន្តខ្លះក៏ត្រូវបានផ្លាស់ប្ដូរឈ្មោះដែរនាពេលនោះ ។ ដូចជារោងភាពយន្ត «ហាបប៊ី» ប្ដូរទៅជា រោងភាពយន្ត«៧មករា» រីឯរោងភាពយន្ត «ហាបឈុន» ប្ដូរទៅជារោងភាពយន្ត «១៣មករា» ខណៈរោងភាពយន្ត «ប្រាសាទមាស» ត្រូវរដ្ឋរៀបចំធ្វើជារោងមហោស្រព សម្រាប់សម្ដែងសិល្បៈ តែក្រៅពីនេះមិនមានការផ្លាស់ប្ដូរទេ ។ លោកស្រីថា កាលនោះលោកស្រី បម្រើការនៅរោងភាពយន្ត ៧មករានេះតែម្ដង ដោយកាន់ផ្នែកបេឡាធិការភាពយន្ត ។
លោកស្រី ស្រាង នាង បានថ្លែងថា រោងភាពយន្តចំនួន៤ ក្នុងចំណោម៦នេះ បានដំណើរឡើងវិញ គឺរោងភាពយន្ត ៧មករា (ហាបប៊ី) រោងភាពយន្ត១៣មករា (ហាបឈុន) រោងភាពយន្ត«ប្រាសាទមាស» និងរោងភាពយន្ត «បាត់ដំបង» ។ កាលនោះរោងភាពយន្តទាំង៤នេះ គ្រប់គ្រងដោយរដ្ឋ ។ ប៉ុន្តែអ្នកគាំទ្រហាក់ មានការថយចុះបន្តិចម្ដងៗ ចាប់តាំងពីពាក់កណ្ដាលទសវត្សឆ្នាំ៩០ រហូតមក ដោយសារតែពេលនោះ មានខ្សែវីដេអូកាស្សែតដាក់បញ្ជាំងតាមរោងឯកជន និងទិញប្រើប្រាស់នៅតាមលំនៅឋាន ដែលជាហេតុធ្វើឲ្យរោងភាពយន្តជាច្រើនត្រូវបានបិទទ្វារ ។ ប៉ុន្តែក៏នៅមានរោងភាពយន្តខ្លះ អាចនៅបន្តដំណើរការខ្លះៗរហូតមក ។ ដូចជារោងភាពយន្ត«ប្រាសាទមាស» និងរោងភាពយន្ត «បាត់ដំបង» តែសព្វថ្ងៃបានបិទទ្វារទាំងស្រុងហើយ ។
បើតាមការលើកឡើងរបស់លោកស្រីអនុប្រធានមន្ទីរវប្បធម៌និងវិចិត្រសិល្បៈ គឺដោយសារតែការធ្លាក់ស្រុត នៃភាពយន្តខ្មែរ បាត់បង់អ្នកគាំទ្រ និង ស្របពេលមន្ទីរវប្បធម៌ខេត្ត គ្មានអគារពិតប្រាកដសម្រាប់ធ្វើការងារ ទើបនៅអំឡុងឆ្នាំ១៩៩៨ ក្រសួងបានសម្រេចធ្វើការដោះដូររោងភាពយន្ត«៧មករា» ឲ្យទៅឯកជន ជាថ្នូរនិងអគារមួយកន្លែង ដែលមានទីតាំងនៅច្រមុះជ្រូក ស្ថិតនៅភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ដើម្បីធ្វើជាមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្ត នាសព្វថ្ងៃនេះ ។
ដោយឡែក រោងភាពយន្ត «ហាបឈុន» «១៣មករា» ដែលគេដឹងថា កាលពីដើម ស្ថិតនៅក្រោមការគ្រប់គ្រងរបស់រដ្ឋដែរនោះ ហើយពេលនេះក្លាយជាភោជនីយដ្ឋានដ៏ធំស្កឹមស្កៃរបស់ឯកជនគ្មានមន្ត្រីណា ឬពលរដ្ឋណាបានដឹងអំពីមូលហេតុ ដែលនាំឲ្យធ្លាក់ចូលក្នុងដៃឯកជននោះទេ ។ គេគ្រាន់តែដឹងថា រោងកុននេះ បានប្ដូរឈ្មោះយ៉ាងត្រឡប់ត្រឡិន គឺពីរោងភាពយន្ត «ហាបឈុន» ទៅរោងភាពយន្ត«១៣មករា» ហើយបន្ទាប់មកទៀត គេប្ដូរឈ្មោះពី «១៣មករា» ទៅជាភោជនីយដ្ឋានវិញ ដែលមានយីហោ «ឋានសួគ៌» ។ ទីបំផុតភោជនីយដ្ឋាននេះ ត្រូវគេវាយកម្ទេចចោលទៀត ហើយសាងសង់ថ្មី ធ្វើជាភោជនីយដ្ឋានដដែល តែបានប្ដូរឈ្មោះថ្មីទៀត មិនទុករូបរាងទេ គឺឈ្មោះ «បាត់ដំបង ថោន» នាសព្វថ្ងៃ ។
ជុំវិញការវិវត្តន៍នៃអតីតរោងភាពយន្ត «ហាបឈុន ឬ ១៣មករា» រហូតមកដល់ពេលនេះនៅតែគ្មានមន្ត្រីទម្លាយឲ្យដឹងពីមូលហេតុដដែល ។ ប្រភពខ្លះបាននិយាយព្រាវៗថា រដ្ឋបានលក់អតីតរោងកុននេះឲ្យឯកជន ។ រីឯមន្ត្រីខ្លះថា ជាការដោះដូរទៅវិញ តែមិនបានចង្អុលបង្ហាញអ្វីដែលជាថ្នូរនោះទេ បើប្រើពាក្យថា «លក់» វាអាក្រក់ស្តាប់ពេក ។ ត្រង់ចំណុចនេះ លោកស្រី ស្រាង នាង អនុប្រធានមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្ត ក៏មិនបានលាតត្រដាងឲ្យដឹងពីប្រវត្តិនៃអតីតរោងកុនដែលគេប្ដូរយ៉ាងវក់វីមួយនេះដែរ ។ លោកស្រីគ្រាន់តែបញ្ជាក់យ៉ាងខ្លីថា «ខ្ញុំមិនបានដឹងពីការប្រែប្រូល នៃរោងកុន១៣មករានេះទេ ។ ខ្ញុំគ្រាន់តែដឹងថា សព្វថ្ងៃនេះ នៅសល់តែរោងភាពយន្តចំនួន២ប៉ុណ្ណោះ ដែលជាកម្មសិទ្ធរបស់រដ្ឋ ក្រោមការគ្រប់គ្រងរបស់ក្រសួង គឺរោងភាពយន្ត «ប្រាសាទមាស» និងរោងភាពយន្ត «បាត់ដំបង» ក្រៅពីនេះជាកម្មសិទ្ធឯកជនអស់ហើយ» ។
យ៉ាងនេះក្ដី លោកស្រី ស្រាង នាង បានមានប្រសាសន៍ថា ពេលនេះរោងភាពយន្ត «ប្រាសាទមាស» និងរោងភាពយន្ត «បាត់ដំបង» ដែលជារបស់រដ្ឋបានបិទទ្វារទាំងស្រុង តែក្រុមហ៊ុនឯកជនមួយបានបង្កើតរោងភាពយន្តថ្មីនៅស្រុកឯកភ្នំ ដែលរោងភាពយន្តថ្មីនេះបាននិងកំពុងដំណើរការប្រហែល២ឆ្នាំកន្លងមកហើយ ។ ប៉ុន្តែយ៉ាងណា លោកស្រី នៅតែទទូចសុំឲ្យក្រសួង មានផែនការជាក់លាក់ក្នុងការស្វែងរកដៃគូវិនិយោគផ្នែកភាពយន្ត ដើម្បីកែលម្អរោងភាពយន្ត ឬធ្វើយ៉ាងណា ឲ្យរោងភាពយន្តដ៏ចំណាស់ដែលសេសសល់ទាំង២នេះ មានជីវិតរស់រានឡើងវិញ ។ ព្រោះសព្វថ្ងៃនេះទាំងសម្បកក្រៅទាំងខាងក្នុងនៃរោងភាពយន្តនេះប្រេះស្រាំធ្លុះធ្លាយរលាយហិនហោចស្ទើរគ្រប់កន្លែងអស់ទៅហើយ ៕
អត្ថបទសរសេរ ដោយ
អត្ថបទសរសេរ ដោយ
ចែករំលែកព័តមាននេះ