ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋ​ចាញ់បោក​មេ​តុងទីន​នៅ​ឃុំ​ស្នឹង ឡោម​​ព័ទ្ធ​ចាប់​ឡាន​កូនប្រសា​ប្រុស

4 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖​ យោង​តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា ក្រុម​ពលរដ្ឋ​ដែល​ចាញ់បោក​មេ​តុងទីន​នៅ​ឃុំ​ស្នឹងប្រមាណ​ជាង​១០០​នាក់ បាន​និង​កំពុង​នាំ​គ្នា​ឡោម​ព័ទ្ធ​រថយន្ត​របស់​កូនប្រសា​ប្រុស​មេ​តុងទីន ​ដែល​ជិះ​ក្នុង​រថយន្ត​នោះ ចាប់តាំងពី​វេលា​ម៉ោង​២​រសៀល​ថ្ងៃ​ទី​២៥ ធ្នូ បន្ទាប់​ពី​កូនប្រសារ​មេ​តុងទីន​កំហូច​នេះ បង្ហាញខ្លួន​ជាមួយ​រថយន្ត​ទំនើប…

ខេត្តបាត់ដំបង ៖​ យោង​តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា ក្រុម​ពលរដ្ឋ​ដែល​ចាញ់បោក​មេ​តុងទីន​នៅ​ឃុំ​ស្នឹងប្រមាណ​ជាង​១០០​នាក់ បាន​និង​កំពុង​នាំ​គ្នា​ឡោម​ព័ទ្ធ​រថយន្ត​របស់​កូនប្រសា​ប្រុស​មេ​តុងទីន ​ដែល​ជិះ​ក្នុង​រថយន្ត​នោះ ចាប់តាំងពី​វេលា​ម៉ោង​២​រសៀល​ថ្ងៃ​ទី​២៥ ធ្នូ បន្ទាប់​ពី​កូនប្រសារ​មេ​តុងទីន​កំហូច​នេះ បង្ហាញខ្លួន​ជាមួយ​រថយន្ត​ទំនើប នៅ​ក្នុង​បរិវេណ​សាលា​បឋម​សិក្សា​ស្នឹង ដែល​ស្ថិត​នៅ​ក្នុង​ឃុំ​ស្នឹង ស្រុក​បាណ​ន់ ហើយ​គិត​ត្រិ​ម​ម៉ោង​ជិត​៨​យប់​ទៅ​ហើយ ជន​នោះ​កំពុង​ស្ថិត​នៅ​ក្នុង​ការ​ឡោម​ព័ទ្ធ​នៅឡើយ​ដោយ​សារ​តែ​គ្មាន​ដំណោះស្រាយ បើ​ទោះជា​កម្លាំង​សមត្ថកិច្ច​កំពុង​ការពារ​និង​ព្យាយាម​ជួយ​រក​ដំណោះស្រាយ​ក្ដី​។

ពលរដ្ឋ​ម្នាក់​ដែល​កំពុង​ស្ថិត​នៅ​ទីនោះ​បាន​ប្រាប់​ថា ជន​ដែល​ពលរដ្ឋ​កំពុង​ឡោម​ព័ទ្ធ​ជាមួយនឹង​រថយន្ត​១​គ្រឿង​នោះ ​ឈ្មោះ​យៀង ចាន់ ភេទប្រុស​ អាយុ​៣២​ឆ្នាំ ជា​កូនប្រសារ​មេ​តុងទីន​ឈ្មោះ​ណែម ផល ស្រី​អាយុ​៤៨​ឆ្នាំ ស្វាមី​របស់​គាត់​ឈ្មោះ​រស់ បូ​រិ​ន មានមុខ​រប​ជា​គ្រូបង្រៀន និង​រស់នៅ​ភូមិ​ស្នឹង​កើត ឃុំ​ស្នឹង ស្រុក​បាណ​ន់ ​។

ប្រភព​ដដែល​បាន​និយាយ​ថា ក្រុម​គ្រួសារ​នេះ​ជា​មេ​តុងទីនដ៏ធំ​ប្រចាំ​ឃុំ​ស្នឹង ដែល​ម្ដាយ​ក្មេង​របស់​ជន​នេះ មានឈ្មោះ​ណែម ផល ជា​អ្នក​ឈរឈ្មោះ​លេង​មេ​តុងទីន​នេះ ជាមួយ​កូន​តុងទីន​សរុប​ប្រមាណ​ជាង​២០០​នាក់​។ ប៉ុន្តែ​សមាជិក​នៅ​ក្នុង​គ្រួសារ​នេះ​ទាំងអស់ រាប់​ទាំង​កូនប្រសារ​ឈ្មោះ​យៀង ចាន់ ដែល​ពលរដ្ឋ​កំពុង​ឡោម​ព័ទ្ធ​នេះ​ផង ​សុទ្ធតែ​ជា​អ្នក​ទ​ទួល​លុយ​ពី​កូន​ៗ​តុងទីន​រាល់​ខែ ​។

ជាមួយនឹង​ការ​ប្រមូល​លុយ​ពី​កូន​ៗ​តុងទីន​ម្នាក់​ៗ​រាប់​សិប​លាន​រៀល​ជា​រៀង​រាល់​ខែ មេ​តុងទីន​ទាំង​គ្រួសារ​នេះ​ បាន​ប្រើ​កលល្បិច​គ្រប់​បែប​យ៉ាង​មិន​ឲ្យ​កូន​ៗ​ដេញ​យក​លុយ​ទេ​។ លុះ​មួយ​រយៈចុង​ក្រោយ​ ស្រាប់តែ​គ្រួសារ​នេះ​បាន​ចាប់ផ្ដើម​ប្រើ​ល្បិច​ខូច លួច​ជន្លៀម​ក្រុម​គ្រួសារ​ចេញពីផ្ទះ ស្ពាយ​លុយរាប់​រយ​លាន​រៀល​រត់ចោលស្រុក​តែ​ម្ដង ​។ ប៉ុន្តែ​ក្រោយ​ពី​ដឹង​ល្បិច​កល​នេះ ពលរដ្ឋ​ដែល​ដឹងខ្លួន​ថា ចាញ់បោក​មេ​តុងទីន​នេះ ប្រមូលគ្នា​បាន​ប្រហែង​ជាង​១០០​នាក់​ផ្ដិត​មេដៃ​ប្ដឹង​សុំ​ឱ្យ​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ខេត្ត​ជួយ​អន្តរា​គម​ន៍ រហូត​ឈាន​ដល់​ការ​ជ៊​ឃាត់ខ្លួន​ប្ដី​មេ​តុងទីន​ឈ្មោះ​រស់ បូ​រិ​ន​ កាលពី​ប៉ុន្មាន​ស​ប្ដា​ហ៍​មុន​បញ្ជូន​ទៅ​តុលាការ តែ​ត្រូវ​តុលាការ​ដោះ​លេង​វិញ ទាំង​គ្មាន​ដំណោះស្រាយ​ដែល​ធ្វើ​ឱ្យ​អ្នក​ចាញ់បោក​រាប់រយ​នាក់​ឈឺចាប់​យ៉ាង​ខ្លាំង ​។

បើ​តាម​អ្នកលេង​តុងទីន​បាន​ប្រាប់​ថា ក្រុម​គ្រួសារ​មេ​តុងទីន​ឈ្មោះ​ណែម ផល នេះ​បាន​វេចលុយ​ជាង​៧០០​លាន​រៀល​រត់ចោលស្រុក​។ ហើយ​នេះ ​គ្រាន់តែ​ជា​ចំនួន​លុយ​របស់​កូន​ៗ​តុងទីន​ត្រឹមជាង​១០០​នាក់​ដែល​បាន​ផ្តិត​មេដៃ​ប្ដឹង​ទៅ​សមត្ថកិច្ច តែ​នៅ​មាន​លុយរាប់​រយ​លាន​រៀល​របស់​កូន​ៗ​រាប់​សិប​នាក់​ទៀត​ដែល​មិន​បាន​ប្ដឹង ព្រោះ​ពួក​គេ​មិន​បានដឹង​ពី​ល្បិច​បោកប្រាស​របស់​គ្រួសារ​មេ​តុងទីន​នេះ​។ អ្នក​ចាញ់បោក​ទាំងនោះ​បាន​បញ្ជាក់​ថា ក្រោយ​ពី​នាំ​គ្នា​ស្ពាយ​លុយ​រត់ចោលស្រុក ក្រុម​គ្រួសារ​នេះ​បាន​ទៅ​សម្ងំ​លាក់ខ្លួន​នៅ​ភ្នំពេញ​។ ប៉ុន្តែ​នៅ​រសៀល​ថ្ងៃ​ទី​២៥ ធ្នូ ស្រាប់តែ​គេ​ឃើញ​កូនប្រសារ​មេ​តុងទីន​នេះ ឈ្មោះ​យៀង ចាន់ ជិះ​រថយន្ត​ទំនើប​ចូល​ក្នុង​សាលា​បឋម​សិក្សា​ស្នឹង ទើប​អ្នកលេង​តុងទីន​រាប់រយ​នាក់​បាន​ទាក់ទង​គ្នា​ទៅ​ព័ទ្ធ​កូនប្រសារ​មេ​តុងទីន​ទាំង​មនុស្ស​ទាំង​រថយន្ត​តែ​ម្ដង ដើ​ម្ប​សួរនាំ​រឿង​បោក​លុយ​តុងទីន​រាប់រយ​លាន​រៀល​នេះ​ ។

ប្រភព​ដដែល​បាន​ប្រាប់​ថា កូនប្រសារ​មេ​តុងទីន ឈ្មោះ​យៀង ចាន់ នេះ​ជិះ​រថយន្ត​ម៉ាក​ឡិច​ស៊ី​ស​៤៧០ ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ បាត់ដំបង​2A-6979 ​។ បើ​តាម​ព័ត៌មាន​បឋម​ពី​សមត្ថកិច្ច​បានឱ្យ​ដឹង​ដែរ​ថា កូន​ប្រសារ​មេ​តុងទីន ឈ្មោះ​យៀង ចាន់ នេះ​បាន​ឆ្មក់​ចូល​ទៅ​ក្នុង​សាលា​បឋម​សិក្សា​ស្នឹង ក្នុង​គោលបំណង​ទៅ​ទំនាក់ទំនង​នាយក​សាលា ដើម្បី​សុំ​ប្ដូរ​ឈ្មោះ​ឪពុកក្មេក​ខ្លួន ឈ្មោះ​រស់ បូ​រិ​ន ចេញពី​បឋម​សិក្សា​ស្នឹង​នេះ​ទៅ​បង្រៀន​នៅ​កន្លែង​ផ្សេង​។ ប៉ុន្តែ​គ្រានោះ ​ត្រូវ​កូន​ៗ​តុងទីន​ដឹង​ថា ជន​នេះ​បង្ហាញមុខ​នៅ​សាលា​នោះ ក៏​ប្រ​គោក​ប្រកាស​ហៅ​គ្នា​ទៅ​ឡោម​ព័ទ្ធ​ទាំង​មនុស្ស​ទាំង​រថយន្ត​ជាប់​នៅ​ទីនោះ​តែ​ម្ដង​។

ពាក់ព័ន្ធ​នឹង​ករណី​អ្នក​ចាញ់បោក​មេ​តុងទីន ឃាត់ខ្លួន​កូនប្រសារ​មេ​តុង​ទី​នេះ​នេះ បើ​តាម​ក្រុម​អ្នក​ចាញ់​តុងទីន​បាន​បញ្ជាក់​ថា ដោយសារ​តែ​ឈ្មោះ​យៀង ចាន់ នេះ​ជា​មេគំនិត​រៀបចំ​ផែនការ​ឱ្យ​មានការ​បោក​ប្រាស​លុយ​នេះ ហើយ​ជន​នេះ​ក៏​ជា​អ្នក​ទ​ទូល​លុយ​ពី​កូន​ៗ​ឡើង​តុងទីន​រៀង​រាល់​ខែ​ដែរ​។ ដូច្នេះ​ជន​នេះ​ក៏​ត្រូវ​ទ​ទូល​ខុស​ត្រូវ​ដែរ​ ។

ទោះ​យ៉ាងណា បើ​តាម​ប្រភព​ចុង​ក្រោយ​បាន​ឲ្យ​ដឹង​ថា ពេល​នេះ​សមត្ថកិច្ច​កំពុង​ចុះ​ទៅ​អន្តរា​គម​ន៍នៅ​ទីនោះ ដើម្បី​ការពារ​ក្រែង​មាន​អំពើហិ​ង្សា​កើតឡើង ហើយ​ក៏​កំពុង​ព្យាយាម​ជួយ​រក​ដំណោះស្រាយ​ផង​ដែរ​។ ប៉ុន្តែ​ហាក់​មិន​ទាន់​រក​ច្រកចេញ​រួច​នៅឡើយ​ទេ ខណ​:​ក្រុម​អ្នក​ចាញ់បោក​តុងទីន​ប្រមូលគ្នា​កាន់តែ​ច្រើន​ទៅ​ឡោម​​ព័​ទ្ធ​​កូនប្រសារ​មេ​តុងទីន​ជាមួយនឹង​តថ​យន្ត​៕

អត្ថបទសរសេរ ដោយ