ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក Jack Ma និយាយ​ថា ឆ្នាំ​នេះ​ជា​ឆ្នាំ​មិនល្អ​ឡើយ​សម្រាប់​អាជីវករ

4 ឆ្នាំ មុន

លោក​មហាសេដ្ឋី ជេ​ក ម៉ា (Jack Ma) ដែល​ជា​ស្ថាបនិក​ក្រុមហ៊ុន Alibaba បាន​និយាយ​ក្នុង​ពេល​ថ្មី​ៗ​នេះ​ថា ឆ្នាំ​នេះ​ជា​ឆ្នាំ​មិនល្អ​ទេ​សម្រាប់​សហគ្រិន ឬ​អាជីវករ​ចិន…

លោក​មហាសេដ្ឋី ជេ​ក ម៉ា (Jack Ma) ដែល​ជា​ស្ថាបនិក​ក្រុមហ៊ុន Alibaba បាន​និយាយ​ក្នុង​ពេល​ថ្មី​ៗ​នេះ​ថា ឆ្នាំ​នេះ​ជា​ឆ្នាំ​មិនល្អ​ទេ​សម្រាប់​សហគ្រិន ឬ​អាជីវករ​ចិន ប៉ុន្តែ​ទុក្ខ​លំបាក​ដែល​ពួក​គេ​កំពុង​ជួប​ប្រទះ​នឹង​មិន​មា​នទី​បញ្ចប់​ក្នុង​ពេល​ឆាប់​ៗ​ឡើយ​។ ប៉ុន្តែ​លោក​បាន​ជំរុញ​ដល់​សហគ្រិន​ទាំងអស់​ឲ្យ​រក្សា​ភាព​ជឿជាក់ និង​សម្រប​ខ្លួន​ទៅ​តាម​ការ​ផ្លាស់​ប្តូរ​ផ្សេង​ៗ​ជុំវិញ​ពិភពលោក និង​ក្នុង​សេដ្ឋកិច្ច​ចិន​ផង​ដែរ​។

លោក​បាន​និយាយ​ថា «​វា​ដល់​ពេល​ចុងឆ្នាំ​ហើយ កាលពី​ម្សិលមិញ​ខ្ញុំ​បាន​ទទួល​ទូរស័ព្ទ​ពី​មិត្តភក្តិ​ជា​ច្រើន​ដែល​សុំ​ខ្ចី​លុយ​… ខ្ញុំ​ទទួល​ទូរស័ព្ទ​បែប​នេះ​ប្រមាណ ៥​ដង​ក្នុង​មួយ​ថ្ងៃ​ឯណោះ​។ កាលពី​ស​ប្តា​ហ៍​មុន​នេះ មិត្ត​ចំនួន ១០​នាក់​ព្យាយាម​លក់​អចលនទ្រព្យ​ពួក​គេ​ឲ្យ​មក​ខ្ញុំ ពួក​គេ​កំពុង​តែ​ជួប​ទុក្ខ​លំបាក​យ៉ាង​ខ្លាំង​»​។

លោក​ម៉ា​មិន​បាន​និយាយ​លម្អិត​បន្ថែម​ទេ ប៉ុន្តែ​ប្រសាសន៍ និង​ការ​ជំរុញ​របស់​លោក​បាន​បង្ហាញ​ពី​ភាព​ប្រុង​ប្រយ័ត្ន​ក្នុង​ចំណោម​អាជីវកម្ម​ចិន​ជា​ពិសេស​អាជីវកម្ម​ឯកជន​ទាក់ទិន​នឹង​ទស្សនៈវិស័យ និង​ការ​លូតលាស់​សេដ្ឋកិច្ច​ដែល​កំពុង​តែ​អន់​ថយ ព្រមទាំង​បំណុល និង​ភាព​តានតឹង​រវាង​ប្រទេស​ចិន​និង​ប្រទេស​ដទៃ​ជុំវិញ​ពិភពលោក​ជាដើម​។

អាជីវកម្ម​ចិន​កំពុង​តែ​ជួប​ប្រទះ​ទុក្ខ​លំបាក​ព្រោះតែ​បញ្ហា​ឥណទាន​ដែល​កាន់តែ​មាន​ភាព​ត្បិតត្បៀត​ក្នុង​ប្រទេស​។ សហគ្រិន ជូ សៀវ​គ័ង (Zhou Xiaoguang) ដែល​បាន​បង្កើត​ក្រុមហ៊ុន​លក់​គ្រឿងអលង្ការ​ធំ​ជាងគេ​លើ​លោក NeoGlory បាន​ប្រកាស​ក្ស័យធន​ក្នុងឆ្នាំនេះ​។ យិ​ន មីង​សាន (Yin Mingshan) របស់​ក្រុមហ៊ុន Lifan Group ក៏​កំពុង​ជាប់​ក្នុង​បំណុល​ដែរ​។

លោក ម៉ា បាន​ចែករំលែក​ទៀត​ថា គំរូ​ពាណិជ្ជកម្ម​ពិភពលោក​កំពុង​តែ​មានការ​ផ្លាស់​ប្តូរ ហើយ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ថ្មី​រវាង​ប្រទេស​ចិន​និង​សហរដ្ឋអាមេរិក​អាច​នឹង​បង្កើត​ជំនាញ​ថ្មី​សម្រាប់​ការ​ធ្វើ​ពាណិជ្ជកម្ម​អន្តរជាតិ​។ លោក​បាន​បន្ត​ថា កិច្ចព្រមព្រៀង​នេះ​មិន​ត្រឹមតែ​ជះ​ឥទ្ធិពល​ដល់​ប្រទេស​ចិន​និង​សហរដ្ឋអាមេរិក​ទេ តែ​ក៏​ដល់​ប្រទេស​ដទៃ​ដែរ​៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ