រាជធានីភ្នំពេញ ៖ ក្រុមហ៊ុន RVAC ខេត្តកៀងយ៉ាង ប្រទេសវៀតណាម ដែលជាក្រុមហ៊ុនផលិតជីគីមី និងផលិផលមានលក្ខណៈធម្មជាតិសម្រាប់បំប៉នដល់រុក្ខជាតិ តាមរយៈសមាគមគ្រួសារខ្មែរអភិវឌ្ឍន៍កាលពីថ្ងៃទី៨ មីនា ២០១១ បាននាំយកសារជាតិគីមីពិសេសសម្រាប់ថែបំប៉នដំណាំស្រូវ និងប្រើប្រាស់លើស្រូវសន្ទូងប្រគល់ដល់មន្ទីរកសិកម្មរាជធានីភ្នំពេញ ។
លោកត្រាន់ ថេអៀង ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន RVAC បានឱ្យដឹងថា សារជាតិពិសេសនេះបើប្រើប្រាស់ត្រឹមត្រូវតាមលក្ខណៈបច្ចេកទេសវាអាចជួយឱ្យកសិករទទួលទិន្នផល ខ្ពស់ ក្នុងមួយហិកតាគិតជាមធ្យមពី៧ទៅ៨តោន ស្រូវ ហើយសារជាតិនេះមិនធ្វើឱ្យប៉ះពាល់ដល់សុខភាពប្រជាកសិករ និងបរិស្ថានទេ។ លោកផេង សុខាំ ប្រធានមន្ទីរកសិកម្មរាជធានីភ្នំពេញ បានថ្លែងអំណរគុណដល់សមាគមគ្រួសារខ្មែរអភិវឌ្ឍន៍ ជាពិសេសក្រុមហ៊ុន RVAC ដែលបានឧបត្ថម្ភសារជាតិពិសេសនេះដល់មន្ទីរកសិកម្ម ក៏ដូចជាដល់ប្រជាកសិករដើម្បីធ្វើការពង្រីកការងារបង្កបង្កើនផលស្រូវឱ្យទទួលបានទិន្នផល
ខ្ពស់ ។ សារជាតិនេះមន្ទីរនឹងយកទៅជូនប្រជាកសិករនៅសង្កាត់ប្រទះឡាង ដើម្បីជាការដកបទពិសោធន៍ពីគុណភាព ។
តំណាងក្រុមហ៊ុនខាងលើបានសន្យាថា នៅក្នុងឆ្នាំ២០១១ និង២០១២ នេះ ក្រុមហ៊ុនគ្រោងរៀបចំស្រែបង្ហាញចំនួន៤កន្លែង ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ សម្រាប់ធ្វើស្រូវតាមលក្ខណៈប្រពៃណីផង និងលក្ខណៈទំនើបផង ។ ជាមួយនោះ ក្រុមហ៊ុននឹងបញ្ជូនអ្នកបច្ចេកទេសមកពីវៀតណាមប្រចាំការនៅទីស្រែនោះសម្រាប់ធ្វើការបង្ហាញដល់ប្រជាកសិករខ្មែរតែម្តង ជាពិសេសលើដំណាំស្រូវ, បន្លែ និងដើមឈើហូបផ្លែមួយទៀតផង ៕
ចែករំលែកព័តមាននេះ