ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋ​នៅ​ភ្នំពេញ និង​ខេត្តកណ្ដាល អាច​​បង់​វិក្កយបត្រ​តាម​រយៈ​ប្រព័ន្ធ​ឌី​ជី​ថល​​ធនាគារ​ថ្មី​មួយ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ដើម្បី​ជំរុញ​ការ​អភិវឌ្ឍ​វិស័យ​ឌី​ជី​ថ​ល នៅ​ក្នុង​ប្រទេស​កម្ពុជា ជា​ពិសេស​ជំរុញ និង​លើកទឹកចិត្ត​ប្រជាជន​ក្នុង​ការ​ប្រើប្រាស់​ឌី​ជី​ថ​ល​ក្នុង​ប្រព័ន្ធ​ធនាគារ រដ្ឋ​ករ​ទឹក​ស្វយ័ត​ក្រុង​ភ្នំពេញ បាន​សម្រេច​សហការ​ជាមួយ​ធនាគារពាណិជ្ជ​ក្នុងស្រុក​ថ្មី​មួយទៀត ដើម្បី​ឱ្យ​ពលរដ្ឋ​អាច​បង់​វិ​ក្ក័​យ​ប​ត្រ​ទឹក​តាម​ប្រព័ន្ធ​ឌី​ជី​ថ​ល ។…

រាជធានី​ភ្នំពេញ ៖ ដើម្បី​ជំរុញ​ការ​អភិវឌ្ឍ​វិស័យ​ឌី​ជី​ថ​ល នៅ​ក្នុង​ប្រទេស​កម្ពុជា ជា​ពិសេស​ជំរុញ និង​លើកទឹកចិត្ត​ប្រជាជន​ក្នុង​ការ​ប្រើប្រាស់​ឌី​ជី​ថ​ល​ក្នុង​ប្រព័ន្ធ​ធនាគារ រដ្ឋ​ករ​ទឹក​ស្វយ័ត​ក្រុង​ភ្នំពេញ បាន​សម្រេច​សហការ​ជាមួយ​ធនាគារពាណិជ្ជ​ក្នុងស្រុក​ថ្មី​មួយទៀត ដើម្បី​ឱ្យ​ពលរដ្ឋ​អាច​បង់​វិ​ក្ក័​យ​ប​ត្រ​ទឹក​តាម​ប្រព័ន្ធ​ឌី​ជី​ថ​ល ។

ថ្លែង​នៅ​ក្នុង​ពិធី​ចុះហត្ថលេខា​លើ​អនុសា​រណៈ​យោគយល់​គ្នា​ជាមួយ​ធនាគារ ជីប ម៉ុង កាលពី​ព្រឹក​ថ្ងៃ​ទី​២៣ ខែធ្នូ ឆ្នាំ​២០១៩ កន្លង​ទៅ​នេះ លោក​បណ្ឌិត ស៊ឹ​ម ស៊ី​ថា អគ្គនាយក​នៃ​រដ្ឋ​ករ​ទឹក​ស្វយ័ត​ក្រុងភ្នំពេញ បាន​មាន​ប្រសាសន៍​ថា កិច្ចសហការ​នេះ គឺ​ដើម្បី​បង្ក​លក្ខណៈ​ងាយស្រួល​ដល់​ប្រជាពលរដ្ឋ​រស់នៅ​រាជធានី​ភ្នំពេញ និង​ខេត្តកណ្ដាល បង់ប្រាក់​តាម​រយៈ​ប្រព័ន្ធ​ឌី​ជី​ថ​ល​របស់​ធនាគារ ជីប ម៉ុង ។

លោក​បណ្ឌិត ស៊ឹ​ម ស៊ី​ថា បាន​បញ្ជាក់​ថា «​ការ​ប្រើប្រាស់​កម្មវិធី​ទូរស័ព្ទ​ដៃ​របស់​ធនាគារ​នឹង​ជួយ​ពលរដ្ឋ​បាន​ច្រើន ដោយ​ចំណេញ​ទាំង​ពេលវេលា និង​ថវិកា ជាក់ស្ដែង​ពលរដ្ឋ​មិន​ចាំបាច់​ធ្វើ​ដំណើរ​​ទៅ​កាន់​បញ្ជរ​បង់ប្រាក់​ដោយ​ផ្ទាល់​ដែល​អាច​ជៀសវាង​បាន​នូវ​បញ្ហា​កកស្ទះ​ចរាចរណ៍​នៅ​រាជធានី​ភ្នំពេញ​បាន​ផង​ដែរ ដោយ​គ្រាន់តែ​បង់​តាម​ទូរស័ព្ទ​បាន​២៤​លើ​២៤​ម៉ោង​ដោយ​មិនបាច់​ភ័យ​ព្រួយ​ឡើយ​» ។

លោក​បណ្ឌិត​បន្ត​ថា ការ​បន្ថែម​ការ​ទូទាត់​តាម​រយៈ​ប្រព័ន្ធ​ឌី​ជី​ថ​ល​ធនាគារ​នេះ ក៏​អាច​កាត់​បន្ថយ​នូវ​កម្លាំង​ពលកម្ម​របស់​រដ្ឋ​ករ​ស្វយ័ត​ក្រុង​រង់ចាំ​ទទួល​ប្រាក់​ពី​អតិថិជន​ផង​ដែរ ក៏​ប៉ុន្តែ​មិនមែន​យក​ពួក​គាត់​ទៅ​ទុក​ចោល ឬ​បញ្ឈប់​ពួក​គាត់​នោះ​ទេ តែ​យើង​នឹង​យក​ពួក​គាត់​ទៅ​ធ្វើ​ការងារ​ផ្សេង​ជំនួស​វិញ​។

បច្ចុប្បន្ន​នេះ រដ្ឋ​ករ​ទឹក​ស្វយ័ត​ក្រុងភ្នំពេញ មាន​បញ្ជរ​សរុប​ចំនួន​១៥ កន្លែង ដោយ​ក្នុង​មួយ​បញ្ជរ​មាន​សមត្ថភាព​ទទួល​បានការ​ទូទាត់​វិក្កយបត្រ​ជាង ១០០០ វិក្កយបត្រ​ក្នុង​មួយ​ថ្ងៃ ហើយ​នៅ​ពេល​ដែល​បង្កើន​ការ​ទូទាត់​តាម​ប្រព័ន្ធ​ឌី​ជី​ថ​ល​នឹង​អាច​កាត់​បន្ថយ​បាន​នូវ​ការ​ប្រើប្រាស់​បញ្ជរ​ដើម្បី​ទទួល​វិក្កយបត្រ ។

បើ​តាម​លោក​ឧកញ៉ា លាង ម៉េ​ង ប្រធាន​ក្រុមប្រឹក្សាភិបាល ធនាគារ ជីប ម៉ុង ខម​មើ​សល​ប៊ែ​ង បាន​មាន​ប្រសាសន៍​ថា តាម​រយៈ​កម្មវិធី​ទូទាត់​ទូរស័ព្ទ​ដៃ​ឈ្មោះ​ថា BANK BANK អតិថិជន​នឹង​ចំណេញ​ពេលវេលា និង​ថវិកា ដោយ​ពុំ​ចាំបាច់​ចំណាយ​ពេលវេលា​ដើម្បី​ធ្វើ​ដំណើរ ធ្វើ​ប្រតិបត្តិ​ការ​ក្នុង​ការ​ទូទាត់​ថ្លៃ​ទឹក​ផ្ទាល់ ដោយសារ​តែ​ប្រជាពលរដ្ឋ​កម្ពុជា​បច្ចុប្បន្ន​ភាគច្រើន​ជា​អ្នក​ធ្វើ​អាជីវ​កម្ម និង​មមាញឹក​ជាមួយ​មុខរបរ ។

លោក​ឧកញ៉ា​បន្ត​ថា ការ​ទូទាត់​តាម​រយៈ​កម្មវិធី​ទូរស័ព្ទ​ដៃ​នេះ អតិថិជន​នឹង​មិន​មានការ​ចំណាយ​អ្វី​ទាំងអស់​ដោយ​គ្រាន់តែ​មាន​គណនី​ធនាគារ ជីប ម៉ុង ហើយ​ទាញ​យក​កម្មវិធី​ទូរស័ព្ទ​ដៃ​របស់​ធនា​គារ ជីប ម៉ុង អតិថិជន​អាច​ទូទាត់​វិក្កយបត្រ​បង់ថ្លៃ​ទឹកបាន​គ្រប់ពេលវេលា និង​គ្រប់​ទីកន្លែង​។

លោក​ឧកញ៉ា​បញ្ជាក់​ថា ធនាគារ ជីប ម៉ុង ខម​មើ​សល ប៊ែ​ង បង្កើត​ឡើង​ដោយ​កូន​ខ្មែរ​សុទ្ធសាធ ហើយ​ក៏​ជា​មោទនភាព​មួយ​ផង​ដែរ ដែល​កូន​ខ្មែរ​អាច​បង្កើត​ធនាគារ​ធំ​ក្នុងស្រុក និង​កំពុង​ពង្រីក​សក្ដានុពល​ទៅ​កាន់​ទូ​ទាំង​ប្រទេស​កម្ពុជា​ផង​ដែរ ។ ជា​ពិសេស​នោះ ធនាគារ ជីប ម៉ុង ក៏​មាន​យុទ្ធ​សាស្ត្រ​អភិវឌ្ឍន៍​វិស័យ​ឌី​ជី​ថ​ល​នេះ​ឱ្យ​កាន់តែ​រីក​ចម្រើន​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ៕ ដោយ​​សហការ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ